អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​ជា​រឿង​អយុត្តិធម៌

ដោយ សុជីវី
2020-10-27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី នៅ​តុលាការ​កំពូល ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ២០២០។

លោក យាង សុធារិន្ទ (ឆ្វេង) និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី នៅ​តុលាការ​កំពូល ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ២០២០។

 រូប៖ គេឱ្យ


តុលាការ​កំពូល នៅថ្ងៃទី២៧ តុលា សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ ដែល​ស្នើសុំ​ឱ្យ​តុលាការ​ជាន់​ខ្ពស់​មួ​យ​នេះ​បដិសេធ​ការ​ស៊ើបអង្កេត​បន្ថែម​​សំណុំ​រឿង​ចារកម្ម​ប្រឆាំង​នឹង​ពួក​លោក​។ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌។

តុលាការ​កំពូល​​ច្រាន​ចោល​បណ្ដឹង​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ក្រោម​ហេតុ​ផល​ថា​ សាលក្រម​ចាត់​របៀប​របស់​ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ ​ត្រឹម​ត្រូវ​ស្រប​តាម​នីតិវិធី។ សេចក្ដី​សម្រេច​នេះ នឹង​បើក​ផ្លូវ​ឱ្យ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ អាច​បន្ត​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​របស់​អ្នក​ទាំងពីរ​បាន​ដោយ​គ្មាន​ពេល​កំណត់។

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​លោក យាង សុធារិន្ទ ថ្លែង​ថា សាលដីកា​តុលាការ​កំពូល​នេះ មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ជា​ធំ​ឡើយ ហើយ​ធ្វើ​ឱ្យ​ពួក​លោក​ត្រូវ​បន្ត​បាត់​បង់​សេរីភាព​តទៅទៀត។ លោក​បន្ត​ថា តុលាការ​បាន​ប្រើ​ពេល​ជាច្រើន​ឆ្នាំ ដើម្បី​ស៊ើបអង្កេត​រឿង​នេះ​រួច​ហើយ ដូច្នេះ​គ្មាន​ការ​ចាំបាច់​ដែល​ត្រូវ​ស៊ើប​អង្កេត​បន្ត​ទៀត​នោះ​ទេ៖ «ខ្ញុំ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ ជា​ការ​សម្រេច​មួយ​ដែល​តុលាការ​មិន​យក​ចិត្ត​ទុក​ដាក់​ទាល់​តែ​សោះ​ទៅ​លើ​ផល​ប្រយោជន៍​របស់​ជន​ជាប់​ចោទ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា។ នៅ​ពេល​ដែល​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ទៅលើ​ជន​ជាប់​ចោទ ជន​ជាប់​ចោទ​គួរ​តែ​ត្រូវ​បាន​​ផល​ប្រយោជន៍​ពី​ការ​សម្រេច​ហ្នឹង​វិញ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មិន​ទទួល​បាន​ផល​ប្រយោជន៍​ អ៊ីចឹង​គោល​ការណ៍​ដែល​មាន​ចែង​ហ្នឹង គឺ​តុលាការ​កំពូល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​មក​លើ​បញ្ហា​របស់​យើង​ខ្ញុំ​ទេ»

លោក យាង សុធារិន្ទ ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ លោក និង​លោក អ៊ួន ឈិន នឹង​ជជែក​ជាមួយ​មេធាវី​ ដើម្បី​ជំរុញ​ឱ្យ​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ ពន្លឿន​ការ​ស៊ើបអង្កេត​បន្ថែម​សំណុំ​រឿង​របស់​ពួក​លោក​។ លោក​អះអាង​ថា ពួក​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ ដូច្នេះ​លោក​​ចង់​ឱ្យ​រឿង​ក្តី​នេះ​ដឹង​ស​ខ្មៅ​ឱ្យ​បាន​ឆាប់ ដើម្បី​ទទួល​បាន​សេរីភាព​ពេញលេញ​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ចំនួន​ពីរ​បទ​ល្មើស គឺ​បទ “ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ” និង​បទ “ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស”។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រើ​ពេល​ប្រមាណ​ពីរ​ឆ្នាំ ដើម្បី​ស៊ើបអង្កេត និង​បើក​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​សម្រេច​ឱ្យ​ស៊ើប​អង្កេត​រឿង​ក្តី​នេះ​បន្ថែម​ទៀត បន្ទាប់​ពី​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​បាន​ប្ដឹង​ទាស់​ការ​សម្រេច​នេះ​ទៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ប៉ុន្តែ​តុលាការ​ជាន់ខ្ពស់​ទាំងពីរ សុទ្ធ​តែ​បាន​តម្កល់​ការ​សម្រេច​នោះ​ទុក​ជា​បាន​ការ​ដដែល។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សោក​ស្ដាយ​ចំពោះ​សាលដីកា​តុលាការ​កំពូល ព្រោះ​លោក​ថា ការ​សម្រេច​បែបនេះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​របស់​អ្នក​ទាំងពីរ។ លោក​ថា អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ដ្បិត​តែ​បាន​នៅ​ក្រៅ​ឃុំ​មែន តែ​សេរីភាព​ដើរ​ហើរ​ស្ថិត​ក្រោម​ការ​រឹតត្បិត ព្រោះ​តុលាការ​បន្ត​រក្សា​ទុក​លិខិត​ឆ្លងដែន​របស់​អ្នក​ទាំងពីរ​ ហើយ​ការ​ស្វែង​រក​មុខ​របរ​ទ្រទ្រង់​ជីវភាព​គ្រួសារ​កាន់​តែ​ពិបាក ព្រោះ​ពួក​គេ​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ៖ «យើង​មើល​ទៅ​ចៅក្រម​ស៊ើប​រយៈ​ពេល​យូរ​ហើយ វា​គួរ​តែ​ល្មម​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​នៅ​ពេល​ដែល​សវនាការ​រក​ទៅ​ដោយ​ខ្វះ​នូវ​ភស្តុតាង​ អ៊ីចឹង​ហើយ​បាន​ចាត់​របៀប​ឱ្យ​ស៊ើបអង្កេត​ទៀត។ អា​ហ្នឹង​វា​គ្រាន់​តែ​ជា​ចំណុច​មួយ​ក្នុង​ការ​ពន្យារពេល ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំងពីរ ពីព្រោះ​មិន​ដឹង​ថា រយៈពេល​ណា​ទើប​អាច​​បញ្ចប់​ការ​ស៊ើបអង្កេត​បន្ថែម​ទៅតាម​សាលក្រម​ចាត់​របៀប​ហ្នឹង»

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង សុទ្ធ​តែ​វាយ​តម្លៃ​ថា សំណុំរឿង​ព្រហ្មទណ្ឌ​​ប្រឆាំង​នឹង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ធ្វើ​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ និង​ផ្ទុយ​ពី​គោល​ការណ៍​ច្បាប់។ ចំណែក អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) វិញ បាន​វាយ​តម្លៃ​ថា លោក អួន ឈិន និង​លោក យាង សុធារិន្ទ គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​​វាយ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​របស់​លោក ហ៊ុន សែន លើ​សារ​ព័ត៌មាន​ឯករាជ្យ និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ​ស្នើសុំ​យ៉ាង​ទទូច​ដល់​តុលាការ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​អ្នក​ទាំង​ពីរ​វិញ ព្រម​ទាំង​បញ្ឈប់​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ថា ការ​សម្រេច​របស់​តុលាការ​កំពូល​ជា​រឿង​អយុត្តិធម៌"

  1. so socheath says:

    រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមកជាខែលការពារ
    ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង VOA និង RFA ផងដែរ
    2020-10-28 09:49am
    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
    លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
    ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
    បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
    ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
    វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
    គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕

Leave a Reply

Submit Comment