គ្រួសារ​ចាត់​ទុក​ការ​ចោទប្រកាន់​ «អយុត្តិធម៌» ក្នុង​ករណី​សកម្មជន​បក្ស​ប្រឆាំង​ត្រូវចាប់​ខ្លួន​មិន​ឲ្យ​តវ៉ា​មុខ​ស្ថានទូត​ចិន

សិទ្ធិ​មនុស្ស
28 តុលា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

លោក ស៊ូ យាន អតីតអនុប្រតិបត្តិរបស់បក្សប្រឆាំងប្រចាំខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មុនពេល​លោកត្រៀម​ខ្លួន​ចូលរួម​ការតវ៉ានៅមុខស្ថានទូតចិន នៅរាជធានីភ្នំពេញ​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ២០២០ ។ (រូបថតហ្វេសប៊ុក Su Yean)
លោក ស៊ូ យាន អតីតអនុប្រតិបត្តិរបស់បក្សប្រឆាំងប្រចាំខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មុនពេល​លោកត្រៀម​ខ្លួន​ចូលរួម​ការតវ៉ានៅមុខស្ថានទូតចិន នៅរាជធានីភ្នំពេញ​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ២០២០ ។ (រូបថតហ្វេសប៊ុក Su Yean)

ភ្នំពេញ —  តុលាការ​ខេត្ត​ត្បូងឃ្មុំ​បាន​ចោទ​ប្រកាន់​អតីត​សមាជិក​ម្នាក់​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ លោក ​ស៊ូ យាន ​ដែល​មាន​បំណង​មក​តវ៉ា​នៅ​ភ្នំពេញ​នៅ​ខាង​មុខ​ស្ថានទូត​ចិន ​កាល​ពី​សប្តាហ៍​មុន។​

លោក​ ស៊ូ យាន ​អតីត​អនុប្រធាន​ប្រតិបត្តិ​របស់​បក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​ត្បូង​ឃ្មុំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា ​មួយ​ថ្ងៃ​មុន​ខួប​២៩​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​ខែ​តុលា។ ​ លោក​មាន​បំណង​ឡើង​មក​ភ្នំពេញ​ដើម្បី​តវ៉ា​នៅ​ថ្ងៃ​នោះ ​ប៉ុន្តែ​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។​

លោក ​សំ សុគង់ ​មេធាវី​របស់​លោក​មាន​ប្រសាសន៍​ថា​ លោក​ ស៊ូ យាន​ អាយុ​៤៥​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ក្នុង​សង្គម»​ ដែល​ជា​បទ​ចោទ​មួយ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា​ដើម្បី​បំបិទ​សំឡេង​ក្រុម​ជំទាស់។ ​ លោក​បន្ត​ថា​ការ​ចាប់​ខ្លួន​កូនក្តី​របស់​លោក​មាន​អង្គ​ហេតុ​ពាក់ព័ន្ធ​នឹង​ការ​ចែក​អាវ​យឺត​ដល់​ប្រជា​ពលរដ្ឋ​ដើម្បី​ចូល​រួម​បាតុកម្ម​នៅ​ថ្ងៃ​២៣​ តុលាការ​ ​ទទួល​បាន​លុយ​ដែល​គេ​ផ្ញើ​ឲ្យ​តាម​ប្រព័ន្ធ​វេលុយ​វីង ​និង​ការ​ប្រមូល​មនុស្ស​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​២៣​ ខែ​តុលា ​ដែល​ជា​ខួប​២៩ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​

លោក​មាន​ប្រសាសន៍​ថា៖​ «ទីមួយ​គាត់​មាន​អាវ​យឺត​អរគុណ​សន្តិភាព​ហ្នឹង ​ ហើយ​គាត់​បាន​យក​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​ត្បូង​ឃ្មុំ​ហ្នឹង​ពាក់។​ហើយ​ទីពីរ​ទាក់ទង​នឹង​វិក្ក័យ​បត្រ​វីង​ហ្នឹង​ មិន​ដឹង​គេ​បាន​មក​ពី​ណា ​គេ​យក​មក​បង្ហាញ​គាត់»។​

ភរិយា​របស់​លោក​ស៊ូ យាន​គឺ​អ្នកស្រី​ ស្រី ស៊ាត​ អាយុ​៣៣​ឆ្នាំ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​ និង​ការ​ចោទ​ប្រកាន់​ស្វាមី ​ជា​រឿង​អយុត្តិធម៌។​អ្នកស្រី​ដែល​មាន​កូន​៣​នាក់​មាន​ប្រសាសន៍​ថា​ ស្វាមី​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ជាមួយ​អ្នកស្រី​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា ​ហើយ​លោក​ត្រូវ​បាន​នគរបាល​ទះ​មួយ​ដៃ ​ចំ​សៀតផ្កា​ផង​ដែរ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«ចាប់​ប្តី​ខ្ញុំ​ ​ ប្តី​ខ្ញុំ​ក្រាញ​អត់​ចូល​ឡាន។ ​ ដល់​ពេល​អត់​ចូល​ឡាន​អ៊ីចឹង​ទៅ ​ ​គេ​ទះ​គាត់​មួយ​ដៃ ​ទះ​គាត់​មួយ​ដៃ​ចំ​សៀតផ្កា»។​

អ្នកស្រី​បន្ត​ថា​ ស្វាមី​ធ្លាប់​ជាប់​ពន្ធនាគារ​ប្រមាណ​មួយ​ឆ្នាំ​រួច​មក​ហើយ​ ហើយ​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២០។​

អ្នកស្រី​បញ្ជាក់​ថា៖ ​«ខ្ញុំ​យល់​ថា​អយុត្តិធម៌​សម្រាប់​ប្តី​ខ្ញុំ​ណាស់។ ​ ចង់​បញ្ចេញ​មតិ​អី​តាម​ដាន​រហូត»។​

អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ​ លោក​ ថេង ជាង ​មាន​ប្រសាសន៍​ថា ​ លោក​ចាំ​សួរ​នាំ​ចៅក្រម​ជា​មុន​សិន ​មុន​នឹង​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា​ ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​នៅ​ក្រៅ​ប្រទេស​បាន​បញ្ជា​ឲ្យ​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​ ដោយ​មាន​ការ​ផ្ញើ​ប្រាក់​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ខេត្ត​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ។​

ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ កាល​ពី​សប្តាហ៍​មុន​ ក៏​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​៣​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​តុលាការ​រាជធានី​ភ្នំពេញ​ក៏​បាន​សម្រេច​ឃុំ​ខ្លួន​ ដោយ​ចោទ​ពួកគេ​ពី​បទ ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​ ពួកគេ​ទាំង​៣​នាក់​នោះ​មាន​ឈ្មោះ ​លោក តុន និមល ​ អតីត​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ​អ្នកស្រី​ លឹម សាន ​អតីត​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​កំពង់ស្វាយ ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ និង​អ្នកស្រី​ យ៉យ ស្រីមុំ ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ស្រុក​កោះធំ ​ខេត្ត​កណ្តាល។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ (Human Rights Watch) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​បាន​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​បាន​គំរាម​យាយី ​និង​ចាប់​ចង​សកម្មជន​ ដែល​មាន​បំណង​ចូល​រួម​តវ៉ា​នៅ​ថ្ងៃ​ទី​២៣ ​ខែ​តុលា។ ​ អង្គការ​នេះ​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ ​សកម្មជន​បក្ស​ប្រឆាំង​ជាង​៣០​នាក់ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ដោយ​សារ​ការ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ។

គួរ​បញ្ជាក់​ថា​នៅ​មុន​ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​អ្នក​មាន​គម្រោង​តវ៉ា​រួច​ជាស្រេច​ ដោយ​លោក​អះអាង​ថា​ «កុំ​មក​រញ៉េរញ៉ៃ» ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ ​និង​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ​១៩៕​

What Next?

Recent Articles