ជនជាតិ​ថៃ​ពីរ​នាក់​ស្លាប់​ដោយ​សារ​គ្រាប់​មីន​នៅ​ក្បែរ​ព្រំ​ដែន​កម្ពុជា

ហេង រស្មី
2020-10-28
RFA

ត្រាក់ទ័រកសិករថៃផ្ទុះខូចខាតកាលពីថ្ងៃទី២៧តុលាឆ្នាំ២០២នៅក្បែរបង្គោលព្រំដែនលេខ៤៣។

ត្រាក់ទ័រកសិករថៃផ្ទុះខូចខាតកាលពីថ្ងៃទី២៧តុលាឆ្នាំ២០២នៅក្បែរបង្គោលព្រំដែនលេខ៤៣។

 រូប៖អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន


គេហទំព័រ​របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ កាល​ពី​ថ្ងៃទី​២៩​តុលា​ បាន​ផ្សាយ​​ថា​ ជនជាតិ​ថៃ​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ជន​រង​គ្រោះ​បាន​បើក​ត្រាក់​ទ័រ​ ច្រូត​ស្មៅ​ លើ​មីន​តោន ដែល​កប់​ក្នុង​ដី​ជា​យូរ​មក​ហើយ​បណ្តាល​អោយ​ផ្ទុះ​ស្លាប់​តែ​ម្តង។​

មេបញ្ជាការ​វេរ សេនា​តូច​ការពារ​ព្រំ​ដែន​លេខ​៩១១​ លោក​ សូ សុវណ្ណារី​ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​ថា​ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧​ តុលា​ នៅ​ក្នុង​ប្រទេស​ថៃ​ ត្រង់​ចំណុច​បង្គោល​ព្រំ​ដែន​លេខ​ ៤៣​ ស្ថិត​នៅ​ក្នុង​ស្រុក​គោកធ្យូង​ ខេត្ត​ស្រះ​កែវ​ ទល់​នឹង​ភូមិ​សាស្ត្រ​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​ប្រទេស​កម្ពុជា។​

លោក​ថា​ ជនរង​គ្រោះ​ជា​ឪពុក​ និង​កូន​ បាន​បើក​ត្រាក់​ទ័រ​មក​ច្រូត​ស្មៅ​ នៅ​តាម​ព្រំ​ដែន​នៃ​ប្រទេស​ថៃ​ និង​កម្ពុជា​ ដែល​​ជា​អតីត​ តំបន់​ប្រទាញ​ប្រទង់​គ្នា​ សម័យ​សង្គ្រាម​ ស៊ីវិល រវាង​កង​ទ័ព​រដ្ឋកម្ពុជា​ និង​កង​ទ័ព​ខ្មែរ​ក្រហម​​ មិន​ទាន់​បាន​បោស​សម្អាត​គ្រាប់​មីន​នៅ​ឡើយ។​

រូប​ភាព​នៅ​កន្លែង​កើត​ហេតុ​ បាន​បង្ហាញ​ថា​ ត្រាក់ទ័រ​ បានផ្ទុះ​ខូច​ខ្ទេចខ្ទី​អស់​ ​ហើយ​បាន​រអិល​ធ្លាក់​ទឹក​អូរ​ដែល​នៅ​ក្បែរ​នោះ​ ចំណែក​សាកសព​ជន​រង​គ្រោះ បាន​ដាច់​ជា​បំណែក​ៗ។

ជនជាតិ​ថៃ​ពីរ​នាក់​ស្លាប់​ដោយ​សារ​គ្រាប់​មីន​នៅ​ក្បែរ​ព្រំ​ដែន​កម្ពុជា

រូបភាពបង្ហាញពីកន្ទុយរ៉ម៉កត្រាក់ទ័រខូចខាតក្រោយពីផ្ទុះមីនតោនកាលពីថ្ងៃទី២៧តុលាឆ្នាំ២០២០នៅក្បែរបង្គោលព្រំដែនកម្ពុជា-ថៃក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ រូប៖អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន


អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន​ កាល​ពី​ថ្ងៃ​ទី​៩​ តុលា បាន​ចេញ​សេចក្តី​ណែ​នាំ​ដល់​ពលរដ្ឋ​កម្ពុជា​ថា​ ក្នុង​ពេល​ និង​ក្រោយ​ពេល​ទឹក​ជំនន់​ មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មួយ​ចំនួន​ត្រូវ​ប្រទះ​ឃើញ​ ដោយ​សារ​ការ​ហូរ​ច្រោះ​ដី​ នៅ​តំបន់​ដែល​មាន​មីន​ ប្រឆាំង​នឹង​មនុស្ស​ មីន​ប្រឆាំង​នឹង​រថក្រោះ​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​ច្រើន​ប្រភេទ​ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ ជា​យថាហេតុ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​ភាគ​ពាយព្យ​របស់​ប្រទេស​កម្ពុជា។​

​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា​ ស៊ីម៉ាក់​(CMAC) បាន​ចេញ​របាយការណ៍​ថា​ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ​ ស៊ីម៉ាក់​(CMAC) បាន​បោស​សំអាតផ្ទៃ​ដី​បាន​ចំនួន​ជាង​៤១​លាន​ម៉ែត្រ​ការ៉េ​ រក​ឃើញ​គ្រាប់​មីន​ មិន​ទាន់​ផ្ទុះ​ បាន​ចំនួន​ជាង​២​ម៉ឺន​គ្រាប់​(២០០៤៦គ្រាប់​)​។​ប៉ុន្តែ​មិន​មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​បាន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​ នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles