តើ​តំបន់​តារា​សាគរ និង​រាម អាច​ក្លាយ​ជា «​ផ្លូវលំ​ស៊ីជីន​ពីង​»​ របស់​ចិន ពេល​មាន​សង្គ្រាម​ដែរ​ឬ​ទេ?

ដោយ មាន ឫទ្ធិ
2020-10-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។

លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


អ្នក​ជំនាញ​យល់ឃើញ​ផ្សេងគ្នា​ជុំវិញ​បញ្ហា​ថា តំបន់​តារា​សាគរ និង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម អាច​នឹង​ត្រូវ​ចិន​ប្រែក្លាយ​ជា «​ផ្លូវលំ​ស៊ីជីនពីង​» ក្នុង​ករណី​ដែល​មាន​សង្គ្រាម​នា​ពេល​អនាគត ដើម្បី​បម្រើ​ឲ្យ​គោលដៅ​យុទ្ធសាស្ត្រ​យោធា​របស់​ប្រទេស​ចិន។ អ្នក​ជំនាញ​ខ្លះ​យល់ថា កម្ពុជា​កំពុងតែ​ក្លាយ​ជា​កូនអុក​ក្នុង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​មហាអំណាច​ចិន​។ រីឯ អ្នក​ខ្លះ​ទៀត ព្រមាន​ថា ដរាបណា​កម្ពុជា នៅតែ​គ្មាន​ឯកភាព​ជាតិ​ពិតប្រាកដ ហេតុការណ៍​នេះ ងាយ​នឹង​រុញច្រាន​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ជ្រៀតជ្រែក​ពី​មហាអំណាច។

អស់​រយៈពេល​ជាង ៣​ឆ្នាំ មក​ហើយ​ដែល​បញ្ហា​សង្ស័យ​ថា កម្ពុជា​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​នៅ​លើ​ទឹកដី​របស់​ខ្លួន នៅតែ​មិនទាន់​ជ្រះស្រឡះ និង​បិទ​បញ្ចប់​ទៅ​ដោយ​ងាយៗ​នោះ​ទេ​។ បញ្ហា​នេះ តម្រូវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៦ តុលា បាន​ចេញមុខ​ថ្លែង​សារ​ជា​ថ្មី​ម្តង​ទៀត​ថា លោក​ធុញទ្រាន់​នឹង​បរទេស និង​ខ្មែរ​មួយ​ចំនួន​ដែល​បន្ត​រុញ​សភាពការណ៍​នេះ ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​។ លោក​ចោទសួរ​អំពី​ចេតនា​ពិតប្រាកដ​នៅ​ពីក្រោយ​សកម្មភាព​នេះ ថា​តើ​អាច​នឹង​ត្រូវ​គេ​យក​មក​ប្រើ​ប្រាស់​ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​លោក​តាមរយៈ​រដ្ឋប្រហារ ដូច​កាល​ពី​សម័យ​សម្ដេច នរោត្តម​សីហនុ ដែរ​ឬទេ​៖ «​លោក​ឯង​មាន​ភស្តុតាង​ឯណា​បញ្ចេញ​មក​ថា កម្ពុជា​មាន​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​នឹង​ចិន​ប្រើប្រាស់​ផ្ដាច់មុខ​នូវ​កំពង់ផែ​រាម រយៈពេល​៣០​ឆ្នាំ​។ ចេញ​មក បញ្ចេញ​ភស្តុតាង​ហ្នឹង​មក​បើ​អ្នកឯង​មិន​បញ្ចេញ​ភស្តុតាង​ហ្នឹង មានន័យថា អ្នកឯង​ភូត​កុហក។ រឿង​នេះ នៅ​ក្នុង​ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី ខ្ញុំ​បាន​និយាយ​ថា កុំ​ភ្លេច​ណា ឆ្នាំ​១៩៧០ ទម្លាក់​ព្រះករុណា​បិតា​ដោយ​រដ្ឋប្រហារ​ឆ្នាំ​៧០ ក្រោម​ហេតុផល​ប្រឆាំង​យៀកកុង​នៅ​លើ​ទឹកដី​កម្ពុជា​។ ឥឡូវ អ្នកឯង​ប៉ុនប៉ង​ធ្វើ​អី​ចំពោះ​ខ្ញុំ បានជា​ម្ដង​ហើយ​ម្ដងទៀត វត្តមាន​ចិនៗ​ៗ​ហើយ​ពួក​អា​ក្រុម​ក្បត់ជាតិ​នេះ បំផុស​មនុស្ស…»។

បើ​ទោះ​ជា​លោក ហ៊ុន សែន មិន​និយាយ​ចំ​ឈ្មោះ​បរទេស​ណា​ក៏​ដោយ សហរដ្ឋអាមេរិក ទើប​បាន​ព្រមាន​កាល​ពី​ពេល​កន្លងទៅ​ថា ការអនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ហើយក៏​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​ផង​ដែរ។

ទាក់ទង​នឹង​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក លោក ឆាត រ៉ូដឺមៀ (Chad Roedemeir) មិន​បកស្រាយ​ច្រើន​ជុំវិញ​សារ​របស់​លោក ហ៊ុន សែន ចុងក្រោយ​នេះ​ទេ ពាក់ព័ន្ធ​នឹង​រឿង​វត្តមាន​យោធា​ចិន​នេះ​។ លោក​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅ​ធ្លាប់​បាន​និយាយ​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​ទ័ព​ចិន​ជា​អចិន្ត្រៃយ៍ ឬ​ផ្ដាច់មុខ​នៅ​តំបន់​កំពង់ផែ​រាម​នោះ​ទេ​។ ដូច្នេះ លោក​ថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បន្ត​គោរព​តាម​ជំហរ​នេះ។

យ៉ាងណា ភស្តុតាង​ដែល​លោក ហ៊ុន សែន ទាមទារ​ឲ្យ​បញ្ចេញ​នេះ លោក ហ៊ុន សែន មិន​បាន​និយាយ​ដល់​រឿងរ៉ាវ​ដែល​កម្ពុជា​ខ្លួនឯង​ទើបនឹង​វាយកម្ទេច​ចោល​ទាំងស្រុង​នូវ​អគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នោះ​ទេ ដែល​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក រឹតតែ​មានការ​សង្ស័យ​ខ្លាំង​ឡើងៗ ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​នៅ​ទីនោះ​។ សហរដ្ឋអាមេរិក​បាន​ដឹង​រឿងរ៉ាវ​នេះ​តាមរយៈ​រូបភាព​ថត​បាន​ពី​ផ្កាយរណប​វិទ្យាសាស្ត្រ​របស់​ខ្លួន។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា ទង្វើ​ដែល​កម្ពុជា​បាន​ធ្វើ​នេះ គឺ​អាច​ពន្យល់​ច្បាស់​ជាង​ពាក្យពេចន៍​ដែល​គេ​អាច​និយាយ​ទៅ​ទៀត​។ លោក​ថា រូបភាព​ថត​បាន​ពី​ផ្កាយរណប បង្កប់​នូវ​រាប់ពាន់​អត្ថន័យ​។ លោក​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា​ឆ្លើយតប​យ៉ាង​ណា​ដែរ​ទៅ​នឹង​រឿងរ៉ាវ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ និង​ចាក់​ដី​ចូល​សមុទ្រ​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ឆ្នេរ​នៅ​តំបន់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។ លោក​បន្ត​ថា នេះ​គេ​នៅ​មិនទាន់​គិត​ពី​ព្រលាន​យន្តហោះ​នៅ​តំបន់​តារា​សាគរ និង​កំពង់ផែ​ទឹក​ជ្រៅ​ខ្នាត​យក្ស​នៅ​ទីនោះ​ផង​។ លោក​ចោទសួរ​បន្ត​ថា ហេតុអ្វី​បានជា​កម្ពុជា​មិន​ពន្យល់​រឿង​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​របស់​ចិន​ដែល​បាន​ធ្លាក់​នៅ​ទីនោះ និង​ថា​តើ​ហេតុអ្វី បានជា​តំបន់​រមណីយដ្ឋាន​ដ៏​ប្រណិត​របស់​ចិន​នោះ បែរ​ជា​ប្រើប្រាស់​យន្តហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក ដែល​អាច​ជា​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ទៅ​វិញ។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល RFA


រីឯ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី ថា ក្រៅពី​ភស្តុតាង​ទាំងអស់​នេះ បញ្ហា​កម្ពុជា​លុបចោល​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក ហើយ​នៅតែ​បន្ត​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន​ជា​រៀងរាល់​ឆ្នាំ ក៏​សុទ្ធសឹងតែ​ជា​រឿងរ៉ាវ​ចូលរួម​ដុត​កម្ដៅ និង​មិន​អាច​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ស្ងប់ចិត្ត​បាន​ឡើយ​។ លោក​ពន្យល់​ថា បើ​ទោះ​ជា​ពេលនេះ នៅ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​អំពី​រឿង​សង្ស័យ​ថា ចិន​អាច​ដាក់​មូលដ្ឋានទ័ព​នៅ​កម្ពុជា​នេះ​ក៏ដោយ ចិន​អាច​នឹង​ត្រៀម​ហេតុការណ៍​នេះ សម្រាប់​ពេល​អនាគត​៖ «​យើង​បាន​ត្រឹម​តែ​មើល​គេ​ថា គេ​ជា​អ្នក​ជួយ​ដែល​ងាយស្រួល​នឹង​រក​ជំនួយ ងាយស្រួល​នឹង​ខ្ចី​អ៊ីចឹង​ទៅ​។ ក៏ប៉ុន្តែ សម្រាប់​គេ គេ​មើល​ឃើញ​ថា បើសិនជា​គេ​បាន​មក​តំបន់​ហ្នឹង ទោះបី​ខាតបង់​ប៉ុន្មាន ក៏​គេ​ត្រូវតែ​ចំណាយ​ដែរ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​គេ​ឈរជើង​នៅ​ក្នុង​ភូមិសាស្ត្រ​មួយ​នេះ ឬក៏​ប្រទេស​មួយ​នេះ សម្រាប់​ជា​ការ​ឈរជើង​របស់​កង​ទ័ព​គេ​នៅ​ពេល​ណា​ត្រូវការ​ចំ​បាច់​។ នៅ​ពេល​ខ្លះ វា​មិនមែន​ទាន់​មាន​វត្តមាន​កងទ័ព​ចិន​អី​នៅ​ក្នុង​ពេល​ហ្នឹង​ទេ ប៉ុន្តែ ជួនកាល​ការរៀបចំ​អ្វី​ដែល​គេ​ធ្វើ​មក គេ​ធ្វើ​សម្រាប់​ត្រៀមលក្ខណៈ​ទាំងពីរ អាច​ជា​សម្រាប់​កិច្ចការ​ស៊ីវិល​ផង ហើយ​បើ​មាន​កិច្ចការ​អាសន្ន​ផ្នែក​យោធា​មក គឺ​កន្លែង​អស់​ហ្នឹង​បាន​ត្រៀមខ្លួន​រួចស្រេច នេះ​ក៏​អាច​ថា​បាន​ដែរ»។

រូបភាព​ពី​លើ​អាកាស បង្ហាញ​ពី​ទីតាំង​អគារ​ជំនួយ​របស់​អាមេរិក​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម មុន និង​ក្រោយ​វាយ​កម្ទេច​ចោល។ រូប៖ គេហទំព័រamti.csis

រូបភាព​ពី​លើ​អាកាស បង្ហាញ​ពី​ទីតាំង​អគារ​ជំនួយ​របស់​អាមេរិក​នៅ​ឯ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម មុន និង​ក្រោយ​វាយ​កម្ទេច​ចោល។ រូប៖ គេហទំព័រ amti.csis


បណ្ឌិត មាស នី ព្រមាន​ថា ដរាបណា​កម្ពុជា​នៅតែ​គ្មាន​ឯកភាព​ជាតិ នោះ​បញ្ហា​នេះ ងាយស្រួល​នឹង​រុញ​កម្ពុជា​ឲ្យ​ធ្លាក់​ផុង​ចូល​ក្នុង​អន្ទាក់​របស់​មហាអំណាច ហើយ​ដែល​ចង់ ឬ​មិន​ចង់​ជំរុញ​ឲ្យ​រឿងរ៉ាវ​មូលដ្ឋានទ័ព​ចិន​នេះ ឲ្យ​អាច​ក្លាយ​ជា​ការពិត​បាន​៖ «​ពេលខ្លះ កុំ​ឲ្យ​មាន​ថា យើង​ធ្វើ​នេះ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ម្ខាង​ទៀត​សប្បាយចិត្ត ឲ្យ​មើល​ឃើញ​ថា នេះ​ជា​មិត្ត​ម៉ឺន​ឆ្នាំ ហើយ​ដល់ពេល​ដៃ​ម្ខាង​ទៀត​យើង​ជួនកាល​ផ្លែផ្កា ឬ​រិះគន់​អ្នក​ម្ខាង​ទៀត​ជាដើម នេះ​វា​សុទ្ធ​តែ​ជា​កត្តា ដែល​នាំ​ឲ្យ​យើង​រុញ​កាន់តែ​ជ្រៅ​ទៅៗ ហើយ​ពិសេស​នៅ​ពេល​ណា​ដែល​យើង​មិន​មាន​ឯកភាព​ជាតិ ដូច​សព្វថ្ងៃ​នេះ ពេល​ដែល​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន វា​នឹង​អាច​ធ្វើ​ឲ្យ​គូរ​បដិបក្ខ នៅ​ក្នុង​នយោបាយ​ខ្មែរ គឺ​ម្នាក់​ទទួលរង​គ្រោះ ម្នាក់ទៀត​បាន​ផល​ចំណេញ​ពី​ហ្នឹង ដោយសារតែ​យើង​វា​អត់​ទាន់​មាន​ឯកភាព​ជាតិ​។ ដូច្នេះ នៅ​ក្នុង​ប្រទេស​ដែល​យើង​អត់​ទាន់​មាន​ឯកភាព​ជាតិ គឺ​ការ​ជ្រៀតជ្រែក​ពី​មហាអំណាច​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ​នយោបាយ គឺ​វា​ងាយ​នឹង​រុញ​ចូល​ទៅ​រក​ការពិត​ណាស់ ទោះបីជា​ពេលខ្លះ​យើង​បដិសេធៗ ក៏ប៉ុន្តែ​បើសិនជា​យើង​នៅតែ​ទាស់​គ្នា គេ​ក៏​នៅ​តែ​មាន​ឧកាស​ដើម្បី​លូកដៃ​ចូល​មក ឬ​ឆ្លៀត​ឧកាស​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​គេ​ដែរ»។

ប្រវត្តិសាស្ត្រ​បង្ហាញ​ថា រដ្ឋាភិបាល​សម្ដេច នរោត្តម សីហនុ បាន​ដួល​រលំ​ទៅ​ដោយសារតែ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ ក្រោយ​ព្រះអង្គ​បាន​អនុវត្ត​គោលនយោបាយ​អព្យាក្រឹត្យ​មិន​ច្បាស់លាស់ ដោយ​បាន​លួច​អនុញ្ញាត​ឲ្យ​កងទ័ព​កុម្មុយនិស្ត​យៀកកុង ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​ឈ្នាន់​សង្គ្រាម​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​។ ជុំវិញ​បញ្ហា​ថា តើ​កម្ពុជា​អាច​នឹង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ស្រដៀង​គ្នា​នេះ​ដែរ​យ៉ាងណា អ្នក​ជំនាញ​បណ្ឌិត អៀ សុផល ថា ប្រាកដ​ណាស់​ថា នឹង​មាន​«​ផ្លូវលំ​ស៊ីជីនពីង​» នៅ​កម្ពុជា​ក្នុង​ពេល​ដែល​មាន​សង្គ្រាម​នា​ពេល​អនាគត ដែល​ផ្លូវលំ​នេះ ត្រូវ​ចិន​យក​ទៅ​បម្រើ​គោលដៅ​យោធា​របស់​ខ្លួន​។ លោក​ថា កម្ពុជា​ជាថ្មី​ម្តង​ទៀត ត្រូវ​បាន​ប្រើប្រាស់​ដោយ​មេដឹកនាំ​ខ្លួនឯង ធ្វើជា​កូនអុក​ក្នុង​ភូមិ​សាស្ត្រ​នយោបាយ​។ លោក​ពន្យល់​ថា កាលពី​សម័យ​មុន សម្តេច សីហនុ ជឿជាក់​ថា វៀតណាម​ខាងជើង​នឹង​ឈ្នះ​សង្គ្រាម ទើប​បានជា​ព្រះអង្គ​សម្រេច​ព្រះទ័យ​អនុញ្ញាត​ឲ្យ​មាន​ផ្លូវ​លំ​ហូជីមិញ​។ រីឯ ឥឡូវនេះ លោក​ថា របប​ក្រុងភ្នំពេញ កំពុង​ជឿជាក់​ថា ចិន​នឹង​ឈ្នះ ដូច្នេះ​ហើយ​បាន​ជា​របប​នេះ សម្រេច​«​លក់​»​កម្ពុជា​ទៅ​ឲ្យ​ចិន​តែម្ដង។

ចំណែក​ឯ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ​ម្នាក់ទៀត គឺ​បណ្ឌិត សេង សារី លើកឡើង​ថា អ្នកប្រវត្តិសាស្ត្រ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា កម្ពុជា​អាច​នឹង​វិល​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ជុំវិញ​បញ្ហា​នេះ ប្រសិនបើ​គ្មាន​ការ​ប្រយ័ត្ន​ប្រយែង៖ «​បើសិនជា​ក្នុង​ករណី យើង​មិន​មាន​ការ​ប្រយ័ត្នប្រយែង​… នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក យើង​ឃើញ​ថា កម្ពុជា ឡាវ និង​ថៃ ហាក់​ដូចជា​ល្អូកល្អិន​ជាមួយ​នឹង​ខាង​ចិន​ជាងគេ ដែល​ធ្វើ​ឲ្យ​កើតមាន​មន្ទិល​រវាង​ទំនាក់ទំនង​ជា​ពិសេស​រវាង​ចិន​និង​កម្ពុជា ចិន​និង​ថៃ ចិន​និង​ឡាវ​។ ក៏ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ​គឺ បើសិនជា​ទំនាក់ទំនង​នេះ វា​ពិត​ដូច​អ្វី​ដែល​មហាជន​សង្ស័យ​មែន ខ្ញុំ​បារម្ភ​ក្រែងលោ កម្ពុជា​ក្លាយទៅជា​សង្វៀន​នៃ​មហាអំណាច​ទាំងពីរ​ទៀត»។

បណ្ឌិត សេង សារី ផ្តល់​អនុសាសន៍​ថា យន្តការ​ជា​ដំណោះស្រាយ​តែមួយគត់​ដែល​អាច​ឲ្យ​កម្ពុជា​ជៀស​ផុត​ពី​អន្ទាក់​របស់​មហាអំណាច​ចិន​បាន​នោះ គឺ​តាមរយៈ​ការប្រើប្រាស់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​លោក​ហៅថា ជា «​យ័ន្ត​ដ៏​សាក​សិទ្ធិ​» សម្រាប់​ការពារ​អធិបតេយ្យ ឯករាជ្យ និង​ភាព​មិន​អាច​រំលោភបំពាន​បាន​ពី​សំណាក់​បរទេស​មក​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "តើ​តំបន់​តារា​សាគរ និង​រាម អាច​ក្លាយ​ជា «​ផ្លូវលំ​ស៊ីជីន​ពីង​»​ របស់​ចិន ពេល​មាន​សង្គ្រាម​ដែរ​ឬ​ទេ?"

  1. Anonymous says:

    of cause it will be another China base as every one knew HUN SEN if you do not know him that mean you are not Cambodian. I can not believe that this animal can become a responsible person for the future of this nation . we knew when he was young he just a rough killer after he is getting older this animal becoming a very dangerous that every one hated the most. if we are talking about lying this animal is the one that you should recommend to every world leader . a dump animal like HUN SEN should be gone in a long time ago . please getup take this dump animal out of our nation