សកម្ម​ជន​​ថា​ សហ​គមន៍​​ព្រៃ​ឈើ​​ចំនួន​២​នៅ​​ឧត្តរ​មានជ័យ​ បាន​​បាត់​បង់​​ក្រោយ​​ទាហាន​​បោះ​ទីតាំង​​នៅ​​តំបន់​​នោះ

បរិស្ថាន | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៨ តុលា ២០២០ |ម៉ោង ១០:៤៤
VOD

ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​តេជគុណ ប៊ុ​ន សា​លួត ថ្លែងក្នុង​សន្និ​សីទ​ថ្នាក់​ជាតិ​មួយស្តី​ពី «អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ» នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​តេជគុណ ប៊ុ​ន សា​លួត ថ្លែងក្នុង​សន្និ​សីទ​ថ្នាក់​ជាតិ​មួយស្តី​ពី «អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ» នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


​ព្រះសង្ឃ​មួយ​អង្គ​ដែល​សកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា សហគមន៍​ព្រៃឈើ​ចំនួន​ពីរស្ថិត​ក្នុង​ឃុំ​បេង ស្រុក​បន្ទាយអំពិល បច្ចុប្បន្ន​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​ហើយ ក្រោយពី​ក្រុមទាហាន​បាន​ទៅ​បោះទីតាំង​នៅ​តំបន់​នោះ។

ក្នុង​សន្និ​សីទ​ថ្នាក់​ជាតិ​មួយស្តី​ពី «អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ» នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ​ម្សិលមិញ ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ត ព្រះ​តេជគុណ ប៊ុ​ន សា​លួត មាន​សង្ឃដីកា​ថា ក្នុង​ខេត្ត​ឧត្តរមានជ័យ មាន​សហគមន៍​ព្រៃឈើ​ចំនួន១៤ ប៉ុន្តែ​បច្ចុប្បន្ន​មាន​សហគមន៍​ពីរ គឺ​សហគមន៍​ព្រៃឈើ​អណ្តូង​បរ និង​សហគមន៍​ព្រៃឈើ​អណ្តូង​បេង បាន​បាត់បង់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយសារ​ការ​កាប់​បំផ្លាញនិង​រុករាន​ដី​ព្រៃ​ពីសំណាក់​ក្រុមទាហាន។

ព្រះអង្គមាន​សង្ឃដីកា​បន្ត​ថា កន្លងមក ព្រះអង្គនិង​ប្រជា​សហគមន៍បាន​ចុះទៅ​ល្បាត​ព្រៃ​សហគមន៍​ទាំងពីរ​នេះ ប៉ុន្តែ​ត្រូវ​បាន​ហាមឃាត់និង​រង​ការ​គំរាមកំហែងពីសំណាក់​ក្រុមទាហាន​ដែល​បាន​បោះទីតាំង​នៅ​តំបន់​នោះ។

ព្រះតេជគុណ ប៊ុ​ន សា​លួត មាន​សង្ឃដីកា​ថា៖ «រហូតដល់​អស់​ព្រៃឈើ អាត្មា​នៅតែ​សង្ឃឹមថា ដី​នោះ​មិន​បាត់​ដូច​ឈើ អាត្មា​នឹង​ព្យាយាម​និយាយ​រឿង​នេះ។ ប្រសិនបើ​អាត្មា​បាន​ជួប​សម្តេច ហ៊ុន សែន អាត្មា​នឹង​និយាយ​រឿង​មួយ​ប្រាប់​សម្តេច ពាក់ព័ន្ធ​កន្លែង​ដែល​ទាហាន​ធ្វើ​លើ​ដី​សហគមន៍។ អាត្មា​នឹង​សំណូមពរ​ទៅ​សម្តេចឱ្យធ្វើ​អនុប្រយោគ​កាត់​ដី​ឱ្យ​ទាហាន​គ្រប់គ្រង​ឱ្យ​ច្បាស់ និង​កាត់​ឱ្យ​សហគមន៍​គ្រប់គ្រង​ឱ្យ​ច្បាស់»។

ប្រធាន​បណ្តាញ​សហគមន៍​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ លោក សា ថ្លៃ ឱ្យ​ដឹង​ថា សហគមន៍​ព្រៃឈើ​អណ្តូង​បរ មានផ្ទៃ​ដី​ជាង៦ពាន់​ហិ​កតា និង​សហគមន៍​ព្រៃឈើ​អណ្តូង​បេង មានផ្ទៃ​ដី​ជាង១៨០០ហិ​កតា ដោយ​សហគមន៍​ទាំងពីរ​នេះត្រូវ​បាន​ចងក្រង​បង្កើត​ជា​តំបន់​ការពារ​តាំងពី​ឆ្នាំ២០០៤។

លោក​បន្ត​ថា បច្ចុប្បន្ន ក្នុង​សហគមន៍​ទាំងពីរ​នោះពុំ​មាន​ព្រៃឈើ​ទៀត​ទេ គឺ​មានតែ​ដំ​ណាំ​ផ្សេង​ៗរបស់​ក្រុមទាហាន និង​ពលរដ្ឋ​មួយចំនួន។

លោក​បាន​គូសបញ្ជាក់​ថា៖ «សហគមន៍​ទាំងពីរ ឥលូវ​វា​អស់ទាំង​ស្រុង​ហើយ​ព្រៃឈើ​នោះ។ វា​មានតែ​ដំណាំ​ដំឡូង​មី​[របស់]ទាហាន​ទេ ប៉ុន្តែ​ខាង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ គេ​មិនទាន់​លុបចោល​សហគមន៍​នោះ​ពី​បញ្ជី​ទេ។ ក្រសួង​គេ​នៅ​ដាក់​ស្ថិត​ក្រោម​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​នៅឡើយ»។

នាយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ លោក អ៊ឹម សៅរិ​ទ្ធ ទទួលស្គាល់​ថា សហគមន៍​ព្រៃឈើ​ទាំងពីរ​នោះ ពិតជា​បាន​បាត់បង់​មែន។ លោក​ថា តំបន់​នោះត្រូវ​បាន​រដ្ឋាភិបាល​បោះទីតាំង​មូលដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ដែល​រដ្ឋបាល​ព្រៃឈើនិង​ប្រជា​សហគមន៍មិន​អាច​ចូល​ទៅ​ល្បាត​បាន​ឡើយ។

លោក​បន្ថែម​ថា៖ «សហគមន៍​នោះ កន្លងមក ត្រូវ​បាន​បោះទីតាំង​សម្រាប់​ដាក់​កងទ័ព​ការពារ​ព្រំដែន។ អ៊ីចឹង​តំបន់​ដែល​មាន​កងទ័ព យើង​មិន​អាច​ចេញចូល​បានទេ»។

វី​អូ​ឌី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​ក្រុមទាហាន​ទាំងនោះ​បានទេនៅ​ថ្ងៃពុធ​នេះ។

បើ​តាម​ព្រះ​តេជគុណ ប៊ុ​ន សា​លួត និង​តំណាង​សហគមន៍ក្នុង​ខេត្ត​ឧត្តរ​មានជ័យ មាន​សហគមន៍​ព្រៃឈើ​ចំនួន១៤ ក្នុង​នោះ​មាន​សហគមន៍​ព្រៃឈើ​ «សង្ឃ​រុក្ខ​វ័ន្ត​» មួយ​ប៉ុណ្ណោះ ដែល​នៅសល់​ព្រៃឈើនិង​សត្វព្រៃ​ច្រើនជាង​គេ។

កាលពី​ខែឧសភាឆ្នាំមុន ក្រសួងបរិស្ថានបាន​ចេញ​សេចក្តី​ជូនដំណឹង​មួយប្រាប់​ទៅ​ពលរដ្ឋ​កុំឱ្យ​ចូល​ទន្រ្ទាន​យក​ដី​ព្រៃ​សហគមន៍និង​ដី​ក្នុង​តំបន់ការពារធម្មជាតិ មកធ្វើជា​កម្មសិទ្ធិដោយ​យកលេស​ថា ខ្វះ​ដី​អាស្រ័យផលនិង​បង្កបង្កើនផល​តទៅទៀត។

ក្រសួងក៏បាន​ទាមទារ​ទៅ​ពលរដ្ឋ​មួយចំនួន​ដែល​បាន​ទន្រ្ទាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​ពេល​កន្លងមក ត្រូវ​ប្រគល់​ដី​នោះ​ឱ្យ​ក្រសួង​វិញ​ដោយស្ម័គ្រចិត្តនិង​ឥត​លក្ខខណ្ឌ ហើយ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​មិនព្រម​ឱ្យ​រដ្ឋ​វិញ​ផង​ដែរ។

ក្នុង​សេចក្តី​ជូនដំណឹង​ដដែល​នេះ ក្រសួងបរិស្ថានបាន​បញ្ជា​ទៅ​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន​ដែល​ប្រចាំការ​តាម​តំបន់​ការពារ​នី​មួយ​ៗ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​លិខិត​បទដ្ឋាន​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅដល់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ អំពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ហើយ​ត្រូវ​ចុះ​ទប់ស្កាត់និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស​ឱ្យ​ខាន​តែ​បាន​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "សកម្ម​ជន​​ថា​ សហ​គមន៍​​ព្រៃ​ឈើ​​ចំនួន​២​នៅ​​ឧត្តរ​មានជ័យ​ បាន​​បាត់​បង់​​ក្រោយ​​ទាហាន​​បោះ​ទីតាំង​​នៅ​​តំបន់​​នោះ"

  1. so socheath says:

    រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមកជាខែលការពារ
    ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង VOA និង RFA ផងដែរ
    2020-10-28 09:49am
    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
    លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
    ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
    បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
    ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
    វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
    គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕

Leave a Reply

Submit Comment