ស្ត្រី​ម្នាក់​​​​​​​​នៅ​ភ្នំពេញ​ប្រើ​ជីវិត​ចុង​ក្រោយ​​ដើម្បី​ចូល​រួម​សម្ដែង​ឱ្យ​មាន​យុត្តិធម៌​សង្គម

ដោយ វ៉ែន សុមេធ
2020-10-28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី សាត ផា កាន់មីក្រូ ស្រែកតវ៉ានៅ​មុខ​ស្ថានទូត​ចិន​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០ ប្រឆាំងមូលដ្ឋានយោធា​ចិននៅ​កម្ពុជា។

អ្នកស្រី សាត ផា កាន់មីក្រូ ស្រែកតវ៉ានៅ​មុខ​ស្ថានទូត​ចិន​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០ ប្រឆាំងមូលដ្ឋានយោធា​ចិននៅ​កម្ពុជា។

 រូប៖ ពលរដ្ឋ


ស្ត្រី​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ​​បាន​ប្រើ​ជីវិត​ចុង​ក្រោយ​​របស់​ខ្លួន​ចូល​រួម​តស៊ូ​មតិ​ ​សុំ​ឱ្យ​តុលា​ដោះលែង​សកម្មជន​សង្គម​ ​ព្រះសង្ឃ​ និង​សកម្មជន​នយោបាយ​  ជា​បន្តបន្ទាប់​។​ ​នៅ​​ឆ្នាំ​​២០២០​នេះ​ ស្ត្រី​​រូប​នេះ​តែងតែ​រង​ការ​វាយដំ​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​ចូលរួម​​តវ៉ា​បណ្ដាល​ឱ្យ​របួស​​ធ្ងន់ធ្ងរ​ជា​ច្រើន​លើក។ ​កាល​ពី​ថ្ងៃ​ទី២៣​ តុលា លោកស្រី​ត្រូវ​កង​សន្តិសុខ​បាន​វាយ​​ធ្វើ​បាប​ និង​​ចាប់​សែង​​ដូច​សត្វ​ជ្រូក​​ក្នុង​ពេល ​​​ដែល​លោក​ស្រី​ចូល​រួម​ដាក់​ញត្តិ​​ជា​មួយ​ក្រុម​ក្រុម​ស្ត្រី​​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​មុខ​ស្ថានទូត​ចិន​​​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​។ ​លោក​ស្រី​ សាត ផា​ ​ថ្លែង​ថា​ បើ​ទោះ​ជា​លោក​ស្រី​​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​ក្ដី​ ក៏​លោក​ស្រី​​នៅ​តែ​ប្រកាន់​ជំហរ​ចូល​រួម​តស៊ូ​មតិ​​​ត​ទៅ​មុខ​ទៀត​ដោយ​មិន​មាន​ការ​រាថយ​ឡើយ។

តើ​ហេតុ​អ្វី​បាន​ជា​ស្ត្រី​រូប​នេះ​ប្ដូរ​ជីវិត​ចូល​រួម​តស៊ូ​មតិ​​យ៉ាង​សកម្ម​បែប​នេះ?

លោក​ស្រី សាត ផា សម្បុរ​ជ្រះ និង​មាឌ​រាង​ដំបង មាន​ស្រុក​កំណើត​​​នៅ​ខេត្ត​កំពង់ចាម រៀប​រាប់​ឱ្យ​អាស៊ី​សេរី​ដឹង​ថា​ ​លោក​ស្រី​បាន​មក​រស់​នៅ​រាជធានី​ភ្នំពេញ​ជាង ២០​ឆ្នាំ​ហើយ​ ដោយ​ដំបូង​ឡើយ​​ជា​អ្នក​លក់​ចេក​ចៀន​តាម​ចិញ្ចើម​​ផ្លូវ​​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។ ស្ត្រី​វ័យ ​៤៧​ឆ្នាំ​រូប​នេះ​​បន្ថែម​ថា​ ​ក្រោយ​មក​​អំឡុង​ឆ្នាំ២០០៧ លោក​ស្រី​បាន​ក្លាយ​ជា​ពលរដ្ឋ​ម្នាក់​​​នៅ​ក្រុង​ភ្នំពេញ​ នៅ​តំបន់​បឹងកក់ ហើយ​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​​ ដើម្បី​​ការពារ​ដី​របស់​ខ្លួន។ លោក​​ស្រី​និយាយ​ទាំង​អួល​ដើម​ក​ទៀត​​​ថា ​​​​ដោយសារ​​មាន​ប្រវត្តិ​ឈឺ​ចាប់​ពី​មុន​មក​ ដែល​ជា​ប្រជាពលរដ្ឋ​រងគ្រោះ​​​ដីធ្លី​​តំបន់​បឹង​កក់​នោះ​ ​​​​​បាន​ជំរុញ​​ឱ្យ​លោក​ស្រី​​មាន​ចិត្ត​ស្រឡាញ់​​ប្រទេស​ជាតិ​កាន់​តែ​ខ្លាំង។ លោក​ស្រី​​ប្រាប់​ថា​ ការ​តស៊ូ​​របស់​លោក​ស្រី​​​​​អំឡុង​ពេល​នេះ​​ គឺ​​ចង់​ឱ្យ​​​ប្រទេស​កំណើត​​​ដ៏​តូច​មួយ​នេះ​មាន​យុត្តិធម៌​សង្គម​ និង​មាន​ប្រជាធិបតេយ្យ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​មាន​សុខ​សន្តិភាព​យ៉ាង​ពិតប្រាកដ ដោយ​មិន​មាន​ការ​ចាប់​មនុស្ស​តាម​អំពើ​ចិត្ត​ដូច​សព្វ​ថ្ងៃ​ទៀត៖ «ខ្ញុំ​ចង់​បាន​ប្រទេស​របស់​ខ្ញុំ​ឱ្យ​មាន​សន្តិភាព​ពិតប្រាកដ​​កុំ​ឱ្យ​ពលរដ្ឋ​យើង​ទៅ​នៅ​ប្រទេស​គេ​រង​ទុក្ខ​​លំបាក​ណាស់​ អ្នក​ខ្លះ​បាត់បង់​ជីវិត​ចោល​កូន​ ចោល​ក្រុម​គ្រួសារ​។​អីចឹង​ខ្ញុំ​ផ្ដាំ​ឱ្យ​ពុក ម៉ែ​បងប្អូន​​ហ៊ាន​ងើប​ឈរ​ឡើង​​ដូច​ខ្ញុំ​កុំ​ខ្លាច​ មុន​នឹង​ក្រោយ​គង់​តែ​គេ​សម្លាប់​យើង​ទេ​ ​ជំនាន់​អា​ពត​ ឆ្អែត​ហើយ​ ខ្ញុំ​កើត​មក​ទាន់​ក៥​ គេ​សម្លាប់​ឪពុក​ខ្ញុំ​ រស់​នៅ​វេទនា​ណាស់​។​ម៉ែ​ខ្ញុំ​ចិញ្ចឹម​ខ្ញុំ​វេទនា​ណាស់​គាត់​បាន​ប្រាប់​ខ្ញុំ​​ពី​ថ្ងៃ​មុន​គាត់​ថា​ គាត់​មិន​ដែល​ឱ្យ​ស្រមោច​ខាំ​កូន​​មួយ​ទេ​ ស្រណោះ​​ដែល​គេ​វាយ​កូន»

ចាប់​តាំង​ពី​​​ដើម​ឆ្នាំ​២០២០​មក​​លោក​ស្រី​​សាត ផា តែង​ចូល​រួម​យ៉ាង​សកម្ម​​ជាមួយក្រុម​ស្ត្រី ​​ដែល​ជា​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ ​តវ៉ា​ទាមទារ​ឱ្យ​​តុលាការ​ដោះលែង​​សកម្មជន​នយោបាយ​ទាំង​នោះ​វិញ​។ លោក​ស្រី​​​ចាត់​ទុក​ការ​ចាប់​ខ្លួន​ ​សកម្ម​ជន​នយោបាយ​ ព្រះសង្ឃ​ សកម្មជន​សង្គម​ និង​អ្នក​ចំរៀង​រែប​​សរុប​ជិត​៤០​នាក់​​កន្លង​មក​នេះ​ គឺ​​ជា​រឿង​អយុត្តិធម៌​​បំផុត​ ពីព្រោះ​​លោក​ស្រី​ជឿជាក់​ថា ពួកគាត់​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ​។ កន្លង​មក​លោក​ស្រី​​​តែង​តែ​ចូល​រួម​សម្ដែង​មតិ​​ជា​មួយ​ប្រពន្ធ​​សកម្មជន​​គណបក្ស​ប្រឆាំង​ យុវជន​​ខ្មែរ​ថាវរៈ​ និង​ព្រះសង្ឃ​​ដើម្បី​​​ឱ្យ​មាន​យុត្តិធម៌​សង្គម​ ជា​បន្តបន្ទាប់​។ ការ​តវ៉ា​កន្លង​​ទៅ​​លោក​ស្រី​តែង​តែ​រង​ការ​វាយ​ដំ​ពី​សំណាក់​​កង​សន្តិសុខ​ ខណ្ឌ​៧​មករា ខណ្ឌ​ដូន​ពេញ​ និង​សន្តិសុខ​ខណ្ឌ​ចំការ​មន​ម្ដង​ហើយ​ម្ដង​ទៀត បណ្ដាល​ឱ្យ​លោក​ស្រី​របួស​ធ្ងន់​ចំនួន​៣លើក​រួច​​មក​ហើយ៖ «នៅ​ស្ថានទូត​ចិន​ដាក់​រាប់រាយ​​មក​បង្ក្រាប​ពួក​នាង​ខ្ញុំ​ ហើយ​ចាប់​ពួក​ខ្ញុំ​៣នាក់​ឡើង​លើ​ឡាន រហូត​គេ​ចាប់​ខ្ញុំ​បោក​​គេ​រុញ​ខ្ញុំ​ប្រតាយប្រតប់​ខ្ញុំ​ ឱ្យ​ខ្ញុំ​ដោល​ហើយ​គេ​ជាន់​ខ្ញុំ គេ​សែង​ខ្ញុំ​បោះ​ដូច​​ជា​ខ្ញុំ​អ្នក​ទោស​ឧក្រិដ្ឋ។​និយាយ​ទៅ​ពួកគាត់​​សាហាវ​ចំពោះ​ខ្ញុំ​ណាស់​ខាង​រដ្ឋាភិបាល​ហ្នឹង​សាហាវ​មែនទែន​។​និយាយ​ទៅ​របប​គាត់​ផ្ដាច់​ការ​យក​មែនទែន​​គាត់​ធ្វើ​បាប​ប្រជាពលរដ្ឋ​គ្រាន់​តែ​មាន​ម្រាមដៃ​១០​អត់​មាន​​អាវុធ​នៅ​លើ​ដៃ​ទេ​ គឺ​សាហាវ​មែនទែន​គាត់​ធ្វើ​បាប​ពួក​ខ្ញុំ​នេះ»

លោក​ស្រី​​ សាត ផា មាន​កូន​​ស្រី​​ម្នាក់​ប្រុស​ម្នាក់​​ ប៉ុន្តែ​​ពួកគេ​មាន​គ្រួសារ​​​ ហើយ​បាន​បែក​ផ្ទះ​ទៅ​រស់​នៅ​តាម​ខេត្ត​អស់​ហើយ​​ ។​សព្វ​ថ្ងៃ​លោក​ស្រី​គឺ​ជា​ស្ត្រី​មេម៉ាយ​​រស់​នៅ​រាជធានី​ភ្នំពេញ​​ម្នាក់​ឯង​។ ​ស្ត្រី​រូប​នេះ​​​សង្ឃឹម​ថា ​​ការ​តវ៉ា​របស់​លោក​ស្រី​ នៅ​ថ្ងៃ​ខាង​មុខ​ ​​កម្ពុជា​នឹង​​ទទួល​បាន​យុត្តិធម៌​ពេញលេញ​។

​​​ចំណែក​ប្រពន្ធ​​សមាជិក​ក្រុម​ប្រឹក្សា​ជាប់ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ​​រាជធានី​ភ្នំពេញ​លោក​ កាក់​ កុម្ភារ​ គឺលោក​ស្រី​ ព្រុំ ចាន់ថា​ ថ្លែង​ថា ​​​​លោក​ស្រី​ សាត ផា ​គឺ​ជា​ស្ត្រី​ខ្មែរ​ម្នាក់​​ដែល​មាន​មនសិការ​ជាតិ​​ និង​ស្រលាញ់​យុត្តិធម៌​ដែល​​​ពិបាក​រក​​។​លោក​ស្រី​ឱ្យ​ដឹង​ថា ​ក្នុង​ពេល​ចូល​រួម​តវ៉ា​ជា​មួយ​ពួក​លោក​ស្រី​ម្ដងៗ ​​លោក​ស្រី​ជា​មនុស្ស​​ក្លាហាន​​ជាង​គេ​ និង​និយាយ​តមាត់​ជាមួយ​​អាជ្ញាធរ​មិន​​ភ័យ​ខ្លាច​ការ​ចាប់​ខ្លួន​នោះ​ឡើយ៖ «ខ្ញុំ​បាន​ទៅ​ពេទ្យ​ទៅ​មើល​គាត់​ខ្ញុំ​សួរ​គាត់​ថា​ បង​ចុះ​បើ​ជើង​បង​ពិការ​ត្រូវ​វះ​យ៉ាង​ម៉េច​ទៅ​ គាត់​ថា​គាត់​ប្ដូរ​ជីវិត​ហើយ​​ បាក់ជើង​អី​គាត់​ហ្នឹង​ទៅ​ គាត់​ថា​ប្រសិន​បើ​ដល់​ដំណាក់​ហ្នឹង​មែន​ គាត់​ឈឺ​ចាប់​គាត់​ទិញ​សាំង​ដុត​ខ្លួន​ឯង។ ខ្ញុំ​ថា​បង​កុំ​ដល់​ថ្នាក់​ហ្នឹង​ពេក​ ខ្ញុំ​ស្ងើចសរសើរ​គាត់​ព្រោះ​ខ្ញុំ​​​​ធ្វើ​អត់​បាន​ដូច​គាត់​ទេ​ ព្រោះ​ខ្ញុំ​អត់​ដែល​ធ្លាប់​​ទើប​តែ​លើក​ទី​មួយ​របស់​ខ្ញុំ​ ហើយ​ខ្លួន​គាត់​តែ​មួយ​គាត់​អត់​ខ្វល់​ទេ​ហើយ​ខ្ញុំ​មិន​ដែល​បាន​ហៅ​គាត់​ទេ​ គាត់​មក​ជួយ​តវ៉ា​ដោយ​ខ្លួន​ឯង»

កាល​ពី​ថ្ងៃ​ទី​២៣​តុលា​ លោក​ស្រី​សាត ផា ​​ត្រូវ​បាន​ប៉ូលិស​និង​កង​សន្តិសុខ​​នៅ​ខណ្ឌ​ចំការ​មន​ វាយ​ដោយ​​ដៃ​ផង​ អុក​នឹង​ក្បាល​ជង្គង់​​ផង​​រហូត​​លោក​ស្រី​ដួល​សន្លប់ ។ បន្ថែម​ពី​នេះ​ អាជ្ញាធរ​​បាន​ចាប់​ដៃ​ចាប់​ជើង​​លោក​ស្រី​សែង​​​ក្នុង​ពេល​ដែល​លោក​ស្រី​​ចូល​រួម​ដាក់​ញត្តិ​​ជាមួយក្រុម​ស្ត្រី​​​ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ​ ២០​នាក់​នៅ​មុខ​ស្ថានទូត​ចិន​​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​ ទាមទារ​ឲ្យ​​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ និង​ប្រទេស​ហត្ថលេខី​ទាំងអស់ ​គោរព​និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឲ្យបាន​ត្រឹមត្រូវ។

​លោកស្រី​​សាត ផា ​ត្រូវ​បាន​ក្រុម​ស្ត្រី​អ្នក​ចូល​រួម​តវ៉ា​​​ជា​មួយ​លោក​ស្រី​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅ​ក្រុង​ភ្នំពេញ​​​តាំង​ពី​រសៀល​ថ្ងៃ​ទី២៣ តុលា មក​មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ។ ​លោក​ស្រី​ឱ្យ​ដឹង​ថា ​​​​​គិត​ត្រឹម​ថ្ងៃ​ទី២៥ តុលា​លោក​ស្រី​​ឈឺ​ចុក​ចាប់​ពេញ​ខ្លួន​ ជា​ពិសេស​​របួស​ចាស់​ត្រង់​ក្បាល​ជង្គង់​ដែល​កង​សន្តិសុខ​​ខណ្ឌ​ ៧មករា ​ចាប់​រុញ​បញ្ចូល​ឡាន​​ក្នុង​ពេល​តវ៉ា​​កាល​ពី​ខែសីហា​កន្លង​ទៅ។​​​​​​

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​លោក​ សាន​ សុខ​សីហា ​មាន​ប្រសាសន៍​ថា ​​ការ​បង្ក្រាប​ពលរដ្ឋ​ទាំង​នោះ​ ដោយសារ​ពួកគាត់​តវ៉ា​ដោយ​គ្មាន​ការ​ជូន​ណឹង​ ឬ​ការ​អនុញ្ញាត​ពីអាជ្ញាធរ​ក្រុង​ភ្នំពេញឡើយ។ លោក បន្ថែម​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវតែ​ចាត់វិធានការ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ជូន ស្ថានទូត​បរទេស​នៅ​កម្ពុជា។

ចំណែក​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក​ នី សុខា​ កត់​សំគាល់​ថា ​ការ​តវ៉ា​របស់​​​ក្រុម​ស្ត្រី​ប្រពន្ធ​​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​នោះ​ ជា​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។​លោក​ចាត់​ទុក​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​​កង​សន្តិសុខ​​​ក្រុង​ភ្នំពេញ​នោះ គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់​ និង​ជា​ការ​ដើរ​ចាក​ឆ្ងាយ​ពី​​គន្លង​ប្រជាធិបតេយ្យ៖ «ខ្ញុំ​គិត​ថា​មិន​មែន​ជា​គោល​ការណ៍​ប្រជាធិបតេយ្យ​ទេ​ ពីព្រោះ​គោលការណ៍​ប្រជាធិបតេយ្យ​មិន​មាន​សុទ្ធតែ​មតិ​ស្រប​ទេ​​ គឺ​វា​មាន​មតិ​ស្រប​និង​មតិ​ផ្ទុយ​។​ហើយ​មតិ​ផ្ទុយ​មិន​មែន​សុទ្ធតែ​ជា​ខ្មាំង​សត្រូវ​​របស់​អាជ្ញាធរ​នោះ​ទេ​ មតិ​ផ្ទុយ​ហ្នឹង​​ក៏​ត្រូវ​អាជ្ញាធរ​យក​ទៅ​ពិចារណា​ទៅ​ ត្រង់​ថា​ដោះស្រាយ​យ៉ាង​ម៉េច​ត្រូវ​តែ​មាន​ការ​ពន្យល់​ ត្រូវ​តែ​មាន​ហេតុ​ផល​សម​សម្រប​ ត្រូវ​តែ​មាន​ការ​ដោះស្រាយ​​បញ្ហា​ឱ្យ​បាន​សមស្រប​​ដូច​រដ្ឋធម្មនុញ្ញ​បាន​និយាយ​ហើយ​ និយាយ​អំពី​សំណើ​និយាយ​អំពី​កង្វល់​របស់​​ប្រជាពលរដ្ឋ​ត្រូវ​តែ​បាន​ទទួល​យក​ទៅ​ដោះ​ស្រាយ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​សំណាក់​អង្គការ​រដ្ឋ»

​​កន្លង​ទៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ​បាន​​ថ្កោលទោស​ចំពោះ​ក្រុម​ប៉ូលិស និង​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដែល​ចាប់​អូស​ស្ត្រី អ្នក​តវ៉ា​តាម​ដង​ផ្លូវ និង​ចាប់​បោះ​ពួកគេ​ចូល​ក្នុង​ឡាន ថា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​។ អង្គការ​នេះ​​ទទូច​​ឱ្យ​អាជ្ញាធរ​កម្ពុជា​​បញ្ឈប់​ទង្វើ​ហិង្សា​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជាបន្ទាន់ និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព បញ្ចេញមតិ និង​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ស្រី សាត ផា ឱ្យ​ដឹង​ថា ​​លោក​ស្រី​បាន​បូជា​ជីវិត​ចុង​ក្រោយ​របស់​ខ្លួន​​ដែល​នៅ​សេស​​សល់ ដើម្បី​​​បំពេញ​ប្រយោជន៍​ជាតិ។ លោកស្រី​ថា ​នៅ​ពេល​ដែល​​ព្យាបាល​ជំងឺ​ជា​សះ​ស្បើយ​​លោកស្រី​នឹង​បន្ត​ចូល​រួម​​សម្ដែង​មតិ​​ជា​មួយ​​ក្រុម​ស្ត្រី​​​​ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​ទៀត​ ដើម្បី​ទាមទារ​ឱ្យ​រក​យុត្តិធម៌ ​​​​រហូត​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ស្ត្រី​ម្នាក់​​​​​​​​នៅ​ភ្នំពេញ​ប្រើ​ជីវិត​ចុង​ក្រោយ​​ដើម្បី​ចូល​រួម​សម្ដែង​ឱ្យ​មាន​យុត្តិធម៌​សង្គម"

  1. so socheath says:

    រដ្ឋបាល ដូណាល់ ត្រាំ រំលាយចោលបទប្បញ្ញត្តិមួយ ដែលកន្លងមក
    ជាខែលការពារ ក្រុមសារព័ត៌មានឯករាជ្យ ក្នុងនោះមានទាំង
    VOA និង RFA ផងដែរ
    2020-10-28 09:49am
    (វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបបទប្បញ្ញត្តិសហព័ន្ធមួយ ដែលត្រូវបានតាក់តែងឡើងដើម្បីការពារឯករាជ្យភាពនៃសារព័ត៌មាន ក្នុងនោះមាន VOA, RFA និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិក បើទោះបីជាមន្ត្រីរូបនោះត្រូវរងការចោទប្រកាន់ថា កំពុងតែធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព នៃបណ្តាសារព័ត៌មានទាំងនោះក៏ដោយ នេះបើយោងតាមសារព័ត៌មាន NBC និង Yahoo News ។
    លោក ម៉ៃខឺល ភែក (Michael Pack) នាយកប្រតិបត្តិ (CEO) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់សារព័ត៌មានសកល (USAGM) បានលុបចោលបទប្បញ្ញត្តិសហព័ន្ធ ដែលមានឈ្មោះថា «Firewall» នៅយប់ថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកបានបកស្រាយថា បទប្បញ្ញត្តិទាំងនេះបានរំលោភលើ សិទ្ធិប្រធានាធិបតីអាមេរិក នៅក្នុងការអនុវត្តគោលនយោបាយការបរទេស ហើយកន្លងមកច្បាប់ទាំងនោះ «មិនបានការអ្វីឡើយ»។
    ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មានមួយរូបរបស់ទូរទស្សន៍អាមេរិក NBC ដែលស្ថិតនៅក្នុងចង្កោមសារព័ត៌មានឯករាជ្យ និងទទួលបានការការពារពីច្បាប់ ហ្វៃអឺ- វ៉ល firewall ផងដែរនោះបានលើកឡើងថា «គាត់ (មន្ត្រីអាមេរិក) បានបំផ្លាញច្បាប់ firewall ហើយ»។ អ្នករាយការណ៍ព័ត៌មានមួយរូបទៀត ដោយសុំមិនបញ្ចេញឈ្មោះដូចគ្នា បានបញ្ជាក់ថា «យើងទាំងអស់គ្នា ពិតជាភ័យខ្លាចខ្លាំងណាស់»។
    បទប្បញ្ញត្តិសហព័ន្ធដែលមានឈ្មោះពេញថាជញ្ជាំងភ្លើងនិងស្តង់ដារខ្ពស់បំផុតនៃវិជ្ជាជីវៈសារព័ត៌មាន «Firewall and Highest Standards of Professional Journalism» ដែលផ្តល់ឯករាជ្យភាព ដល់អ្នកសរសេរព័ត៌មាន ដោយការពារពួកគេមិនឲ្យទទួលរងការបង្គាប់បញ្ជា, គំរាមកំហែង, គាបសង្កត់, ជះឥទ្ធិពល និងលូកលាន់ពីមន្ត្រីរដ្ឋាភិបាល ឬចៅហ្វាយនាយ ត្រូវបានដាក់ឲ្យអនុវត្តកាលពីខែមិថុនា ដោយក្រុមប្រឹក្សាអភិបាលរដ្ឋ ដែលមានតួនាទីត្រួតពិនិត្យលើបណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអាមេរិក។
    ក្រុមប្រឹក្សានេះត្រួតពិនិត្យខាងលើនេះ បានរំលាយចោលនៅពេលដែលលោក Pack ត្រូវបានព្រឹទ្ធសភាអនុម័តទទួលស្គាល់ជា CEO នៃ USAGM ដែលមានសិទ្ធិទទួលបន្ទុកគ្រប់គ្រងលើបណ្តាញសារព័ត៌មាន VOA, RFA (Radio Free Asia) និង RFE (Radio Free Europe) ព្រមទាំង
    វិទ្យុសេរីភាព (Radio Liberty) និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធ។
    គួរបញ្ជាក់ថា ក្រុមអ្នកការពារសេរីភាពសារព័ត៌មានឯករាជ្យនានា នៅសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធផ្សព្វផ្សាយអាមេរិកនានា ដែលទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ បានចេញមុខជំទាស់ភ្លាមៗទៅនឹងការសម្រេចចិត្តរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ គឺលោក Michael Pack ខាងលើនេះ ដោយពួកគេបានចាត់ទុកថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបំផ្លាញមុខមាត់សហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសដែលតែងតែកាន់ «ពានសេរីភាពនៃសារព័ត៌មាន» នៅលើឆាកអន្តរជាតិ៕

  2. Anonymous says:

    I’m understanding why KAMPOUCHEA still have KAM until this day and it will never ending. most of this people are poor and did not have enough education please do not getting angry whit me what I’m speaking is right . I knew who I have to blame every thing cam from leader that make their nation strong famous every one living in peace but so sad Cambodia never had leader like what we human being can expecting. talking about HUN SEN regime this monster animal leader is a uneducated evil on art he has been touching our young Cambodian to be gangster just like him HUN SEN himself doing every thing again GOD willing . I have no hope if HUN SEN still in powers unless he gone from this sad land then this nation will see a better future.