HRW ថា ការ​បន្ត​ចាប់ខ្លួន និង​បំភ័យ​គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ដោយ មាន ឫទ្ធិ
2020-10-28
RFA

ស្ដាប់ ឬទាញ​យ​ក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​ AFP


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោស​ការ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង និង​ការ​ថត​សំឡេង​សន្ទនា​ឯកជន​មក​ផ្សព្វផ្សាយ ប្រព្រឹត្ត​ដោយ​របប​លោក ហ៊ុន សែន​។ អង្គការ​អន្តរជាតិ​មួយ​នេះ​អះអាង​ថា ទង្វើ​ទាំងអស់​នេះ​សុទ្ធ​សឹង​ជា​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ពលរដ្ឋ ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ចាប់ខ្លួន​តាម​អំពើ​ចិត្ត ការ​យាយី និង​ការ​គំរាមកំហែង​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ចូលរួម និង​រៀបចំ​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ថ្ងៃ​ខួប​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​។ ការ​ទាមទារ​បែបនេះ គឺ​បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជា​បន្តបន្ទាប់ ហើយ​លោក ហ៊ុន សែន ផ្ទាល់ បាន​គំរាម​ធ្វើបាប​ក្រុម​គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​ថែម​ទៀត។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍ថា របប​ក្រុងភ្នំពេញ និង​លោក ហ៊ុន សែន ផ្ទាល់ កំពុង​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នោះ វា​អាក្រក់​ណាស់​ទៅ​ហើយ ប៉ុន្តែ​កាន់តែ​អាក្រក់​ហួស​ថ្លែង​ទៀត​នោះ គឺ​លោក ហ៊ុន សែន បាន​រំលោភ​លើ​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស តាមរយៈ​ការ​គំរាមកំហែង​លើ​គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង៖ «​វា​ពិតជា​គួរ​ឱ្យ​រន្ធត់​ខ្លាំង​ណាស់​ដែល​លោក ហ៊ុន សែន ធ្វើ​រឿង​ដ៏​អាប់​អោន ដោយ​បំភិតបំភ័យ​ប្រពន្ធ​កូន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ​។ គ្រប់គ្នា​ធ្លាប់​បាន​ដឹង​ហើយ​អំពី​ឥរិយាបថ​រំលោភ​សិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន ប៉ុន្តែ​លើក​នេះ​គាត់​ធ្លាក់​ដល់​កម្រិត​អន់​ហួស​។ ការ​គំរាមកំហែង​ជា​សាធារណៈ​បែបនេះ គួរតែ​ទទួល​បានការ​ថ្កោលទោស​ពី​ក្រុម​មេដឹកនាំ​លើ​ពិភពលោក​។ វា​ជា​រឿង​គួរ​ឱ្យ​រន្ធត់ និង​មិន​អាច​ទទួលយក​បានទេ ហើយ​នេះ​ក៏​បង្ហាញ​អំពី​កម្រិត​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ»។

កាលពី​ថ្ងៃ​ទី​២៣ តុលា ដែល​ជា​ខួប​២៩ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​៣ នាក់ ដែល​ជួបជុំគ្នា​តវ៉ា​ដោយ​សន្តិវិធី​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។ ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​តាម​ការ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​រឿយៗ​ចេញមុខ​ការពារ​ផលប្រយោជន៍ និង​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​។ អំឡុង​ការ​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​នេះ អាជ្ញាធរ​ក៏​បាន​គំរាមកំហែង ព្រមទាំង​ដកហូត​ទូរស័ព្ទ​ដៃ និង​ម៉ាស៊ីនថតរូប​របស់​អ្នកសារព័ត៌មាន​ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទីនោះ​ផង​ដែរ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​នេះ​ថា ជា​ការ​បំផុស​ចលនា​ប្រឆាំង​ចិន ដើម្បី​ឈាន​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​។ លោក​បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​របស់​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ អំពី​ការរៀបចំ​គម្រោង​តវ៉ា​នោះ​ទៀត​ផង​។ លោក ហ៊ុន សែន បាន​សម្ដែង​ការ​ខឹង​សម្បារ និង​ហៅ​លោក ហូរ វ៉ាន់ ដែល​មាន​វ័យ​ចាស់​ជាង​លោក ដោយ​ប្រើ​ភាសា​អាមឹង​។ លើស​ពី​នេះ លោក​បាន​គំរាម​ធ្វើបាប​ក្រុម​គ្រួសារ​លោក ហូរ វ៉ាន់ និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បើ​ពួកគេ​នៅតែ​បន្ត​សកម្មភាព​ប្រឆាំង​នឹង​របប​របស់​លោក៖ «​អាវ៉ាន់ ថា ហូ​ប៉ូលិស​៣០ នាក់​ហ្នឹង​ដាក់​នៅ​ម្ខាង​ហ្នឹង កុំ​ទៅ​ខ្លាច ព្រោះ​អាហ្នឹង​ធម្មតា​គេ​ការពារ​ទូត​។ ដល់ពេល​ចូល​អត់​បាន វា​ថា ហូ​ទៅ​ទូត​អាមេរិក​វិញ ហើយ​ទូត​អាមេរិក អានោះ​បញ្ជា​មក​ទៀត កុំអាល​ប្រគល់​ញត្តិ អាន​ញត្តិ​ហ្នឹង​សិន ទុក​ឱ្យ​គេ​ថត​។ អាវ៉ាន់​អើយ អាវ៉ា​ន់ ល្មម​បាន​ហើយ​ហ្អែ​ង​ស្រែក​បញ្ជា​យ៉ាងម៉េច អ្វី​យ៉ាងម៉េច នៅ​ផ្លូវ​វ៉េង​ស្រេង​កាលពី​ឆ្នាំ​២០១៣ ហ្អែង​អត់​រួចខ្លួន​ទេ​។ ហ្អែង​កុំ​រុញ​កូន​ហ្អែ​ង ប្រពន្ធ​ហ្អែ​ង ឱ្យ​ចូល​គុក​ថែម»។

ទោះជា​ហេតុការណ៍​ចាប់ចង​ពលរដ្ឋ​នៅមុខ​ស្ថានទូត​ចិន បាន​កន្លង​ផុត​ទៅ​ជាច្រើន​ថ្ងៃ​ទៅ​ហើយ​ក្តី ក៏​អាជ្ញាធរ​មិន​បាន​បញ្ឈប់​ការ​ចាប់ខ្លួន​ក្រុម​អ្នក​តវ៉ា​ត្រឹម​នេះ​ឡើយ​។ នៅ​ថ្ងៃ​ទី​២៧ តុលា អាជ្ញាធរ​បាន​បន្ត​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់ទៀត​គឺ​លោកស្រី សាត ផា និង​តាម​ចាប់ខ្លួន​សកម្មជន​មួយ​ចំនួន​ទៀត ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​ដោយ​សន្តិវិធី​នោះ។

សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន បកស្រាយ​ថា ការ​ចាប់ខ្លួន​សកម្មជន​ទាំងនេះ គឺជា​ការអនុវត្ត​ច្បាប់​ដើម្បី​ធានា​សណ្ដាប់ធ្នាប់​សាធារណៈ​។ លោក​ទទួលស្គាល់​ថា រដ្ឋធម្មនុញ្ញ​ធានា​នូវ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ប៉ុន្តែ​លោក​ថា ការប្រើប្រាស់​សិទ្ធិ​ទាំងនោះ​ត្រូវ​កំណត់​ក្នុង​ច្បាប់​ដោយឡែក​ផ្សេង​ទៀត។

ទាក់ទង​នឹង​ការ​លប​ស្តាប់​កិច្ច​សន្ទនា​ឯកជន​វិញ លោក កត្តា អ៊ន អះអាងថា រដ្ឋាភិបាល​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​លប​ស្ដាប់​កិច្ច​សន្ទនា​ឯកជន បើ​សង្ស័យ​ថា កិច្ច​សន្ទនា​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​សន្តិសុខ​ជាតិ​៖ «បើ​មាន​ភស្តុតាង​ថា ក្រុម​គ្រួសារ​លោក ហូរ វ៉ាន់ ពាក់ព័ន្ធ​នឹង​សកម្មភាព​លោក ហូរ វ៉ាន់ នោះ​ក្រុម​គ្រួសារ​ក៏​ជា​ជន​សមគំនិត​នៅ​ក្នុង​សកម្មភាព​ហ្នឹង​ដែរ​។ អ៊ីចឹង ប្រសាសន៍​សម្តេច​នាយក​រដ្ឋមន្ត្រី ជា​ប្រសាសន៍​ក្នុងនាម​ជា​អ្នកនយោបាយ ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេសជាតិ ដើម្បី​ឱ្យ​បងប្អូន​ទាំងអស់​នោះ​ពិចារណា​នូវ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ ហើយ​បញ្ឈប់​សកម្មភាព​ខុសឆ្គង​នេះ ជាជាង​ការ​ប្រឈម​មុខ​នឹង​ច្បាប់»។

ការ​បកស្រាយ​បែបនេះ​របស់​មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល ត្រូវ​បាន​ច្រានចោល​ដោយ​អ្នក​ជំនាញ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន។

លោក ហ្វីល រ៉ូបឺតសុន ពន្យល់​ថា រដ្ឋាភិបាល​អាច​ស្ដាប់​កិច្ច​សន្ទនា​ឯកជន​បាន​ទាល់​តែ​មាន​ដីកា​ពី​តុលាការ ឬក៏​ភស្តុតាង​រឹងមាំ​បង្ហាញ​ពី​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​។ លោក​ថា ករណី​នៅ​កម្ពុជា អាជ្ញាធរ​ស្ដាប់​កិច្ច​សន្ទនា​ឯកជន​ស្រេច​តែ​អំពើ​ចិត្ត ដូចជា​កិច្ច​សន្ទនា​របស់​មន្ត្រី​បក្ស​ប្រឆាំង សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល ជាដើម​។ ចំណែក​ប្រព័ន្ធ​តុលាការ​វិញ លោក​ថា គ្រាន់តែ​ជា​ឧបករណ៍​លេង​សើច​របស់​ក្រុម​លោក ហ៊ុន សែន ប៉ុណ្ណោះ មិនមែន​ជា​ស្ថាប័ន​រក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​នោះ​ទេ៖ «​នេះ​គឺជា​ការ​រំលោភ​សិទ្ធិ​ឯកជន​យ៉ាង​ច្បាស់ក្រឡែត​។ នេះ​ជា​តឹង​តាង​មួយទៀត​ដែល​បង្ហាញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​រដ្ឋ​គ្រប់គ្រង​ដោយ​ពួក​កងឈ្លប ដែល​មិន​ខ្វល់​ទាល់តែសោះ​ពី​រឿង​សិទ្ធិ​ពលរដ្ឋ​។ យើង​មើល​ឃើញ​ទាំងអស់​គ្នា​ហើយ​ថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​គ្រប់គ្រង​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ នេះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ ហើយ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ជាក់ស្ដែង ដែល​ត្រូវតែ​ថ្កោលទោស»។

ចាប់​តាំង​ពី​ខែ​មករា រហូតដល់​ខែ​ចុងខែ​តុលា​នេះ របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អ្នកនយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យ៉ាងហោចណាស់​ក៏​ជាង ៣០​នាក់​ដែរ​។ ពួកគេ​ភាគច្រើន​ត្រូវ​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ​ញុះញង់ ហើយ​សកម្ម​បក្ស​សង្គ្រោះ​ជាតិ​ច្រើន​ជាប់ចោទ​មួយ​ករណី​ទៀត គឺ​បទ​រួមគំនិត​ក្បត់ ដោយសារ​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​រដ្ឋាភិបាល​ទាំងឡាយ​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចេញមុខ​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រង​ការវាយប្រហារ​ឥត​ស្រាកស្រាន្ត​ពី​របប​លោក ហ៊ុន សែន​។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ស្នើ​ដល់​សហគមន៍​អន្តរជាតិ ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ស្រប​តាម​កាតព្វកិច្ច​របស់​ខ្លួន​ផង​ដែរ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "HRW ថា ការ​បន្ត​ចាប់ខ្លួន និង​បំភ័យ​គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ"

  1. Anonymous says:

    no one getting better educate then HUN SEN this animal was educated in MARKY forest