ក្រុម​យុវជន​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល គ្មាន​វិធានការ​ច្បាស់លាស់​ជំរុញ​ឱ្យ​វៀតណាម រុះរើ​តង់​និង​សំណង់​រឹង​ចេញពី​ព្រំដែន

ដោយ វ៉ែន សុមេធ
2020-10-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។

 រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល


ក្រុម​យុវជន ពលរដ្ឋ និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​ថា គ្មាន​វិធានការ​ច្បាស់លាស់ ជំរុញ​ឱ្យ​វៀតណាម រុះរើ​តង់ និង​សំណង់​រឹង​ចេញពី​តំបន់​ព្រំដែន មិនទាន់​ឯកភាព​គ្នា​កំណត់​បង្គោល​ព្រំដែន​នៅឡើយ​ទេ​។ ពួកគេ​ចោទ​ថា រដ្ឋាភិបាល​បាន​មើល​រំលង​ក្តី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កង្វល់​របស់​ពលរដ្ឋ និង​ព្យាយាម​លាក់លៀម​ព័ត៌មាន​ស្ដីពី​បញ្ហា​នេះ។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន កម្ពុជា​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ លោក ជា វីរៈ ប្រាប់​ស៊ី​សេរី​នៅ​ថ្ងៃ​ទី ២៨ តុលា វៀតណាម​បោះតង់​ជិត ១០​កន្លែង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុង​នោះ​មាន​តង់​មួយ​ចំនួន បាន​ប្រែក្លាយ​ជា​សំណង់​រឹងមាំ មិន​ទាន់​ឃើញ​អាជ្ញាធរ​ចុះ​ទប់ស្កាត់​នៅឡើយ​ទេ​។ លោក​ថា អាជ្ញាធរ​ខេត្ត​នេះ មិន​ត្រឹមតែ​ព្យាយាម​លាក់បាំង​ព័ត៌មាន​នេះ​ទេ ថែមទាំង​រឹតត្បិត​មិន​ឱ្យ​ពលរដ្ឋ និង​ក្រុម​យុវជន ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ទៀត​ផង៖ «មិន​ក្រោម ១០ តង់​ទេ ដែល​ខ្ញុំ​បាន​ឃើញ ហើយ​កន្លែង​មួយ​ចំនួន បាន​កែ​ទៅជា​សំណង់ បាត់​ទៅ​ហើយ​បាត់​ទៅ​ហើយ អាជ្ញាធរ​យើង​មិន​ជម្រាប ឬក៏​ថ្នាក់លើ​មិន​ដឹង ហើយ​គេ​ត្រូវ​គ្នា​គេ​របៀប​ម៉េច​ខ្ញុំ​មិន​ដឹង​គ្រាន់តែ​តែ​ថា យើង​ពលរដ្ឋ​យើង​បាន​ដឹង​ថា តំបន់​កន្លែង​នេះ ជា​របស់​យើង ដែល​យើង​ធ្លាប់​ប្រមូល​ផល ធ្លាប់​ធ្វើ​តាំងពី​យូរ​យារ​មក​ហើយ»។

ចំណែក សមាជិក​ក្រុម​ការងារ ១០០​រាត្រី លោក ឃឹម សុខខុម សង្កេត​ឃើញ​ថា ក្រោយពី​រដ្ឋាភិបាល ចាប់ខ្លួន​អ្នក​រិះគន់​បញ្ហា​ព្រំដែន​មក ពលរដ្ឋ​ហាក់​ខ្លាច​ញញើត​មិន​ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំដែន​នោះ​ទេ​។ ក្រៅ​ពី​នេះ​ទៀត ពលរដ្ឋ​មិន​ទាន់​ទទួល​ព័ត៌មាន ស្ដីពី​បញ្ហា​ព្រំដែន ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​នៅតែ​ព្យាយាម​លាក់លៀម និង​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ភាគី​វៀតណាម ដោយ​ស្ងាត់ៗ​។ លោក​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​ហាក់​មិន​ផ្ដល់​តម្លៃ និង លើកទឹកចិត្ត ចំពោះ​ពលរដ្ឋ​ណា ដែល​ឈឺឆ្អាល​រឿង​បញ្ហា​ព្រំដែន និង​សង្គមជាតិ​នោះ​ឡើយ៖ «ខ្ញុំ​សម្ដែង​ការ​ព្រួយបារម្ភ និង​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​យើង ដែល​គាត់​អត់​មាន​វិធានការ ដោះស្រាយ​ជាមួយ​វៀតណាម ឱ្យ​សមស្រប ឬ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទាំង​ប្រទេស គាត់​បាន​ស្ងប់​អារម្មណ៍ ចំពោះ​បញ្ហា​ព្រំដែន​។ ជា​រឿង​មួយ ដែល​សំខាន់ បំផុត​សម្រាប់​ប្រទេស​។ ខ្ញុំ​ចង់​ឱ្យ​ថ្នាក់ដឹកនាំ គាត់​គិតគូរ​បញ្ហា​ហ្នឹង​ឱ្យ​បាន​ខ្លាំង ជាពិសេស​រក​ដំណោះស្រាយ​លក្ខណៈ​អន្តរជាតិ»។

ការ​លើកឡើង​របស់​ពលរដ្ឋ និង​យុវជន​នេះ គឺ​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​ស្ងៀមស្ងាត់​ចំពោះ​ករណី​វៀតណាម​បោះតង់ និង​សង់​សំណង់​រឹង​ក្បែរ​ព្រំដែន​មិនទាន់​ឯកភាព​គ្នា។

អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី កាល​ពី​ចុងខែ​កក្កដា​ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧​កន្លែង​នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល ខេត្ត​តាកែវ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពត ត្បូងឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី​។ ក្រោយ​មក វៀតណាម​បាន​ប្រែក្លាយ​តង់​យ៉ាងហោចណាស់​១២ កន្លែង​ទៅជា​សំណង់​រឹង ក្នុង​នោះ​១០ កន្លែង​ស្ថិតនៅ​ខេត្ត​កណ្ដាល មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ និង​មួយ​កន្លែង​ទៀត​នៅ​ខេត្ត​កំពត។

ទោះ​យ៉ាង​ណា អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បដិសេធ​មិន​អធិប្បាយ​លម្អិត​ថា វៀតណាម​បាន​ប្រែក្លាយ​តង់ ទៅ​ជា​សំណង់​រឹង មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ មក​ទល់​ពេល​នេះ​? លោក​អះអាង​ថា តង់​ដែល​វៀតណាម​បោះ​នោះ​ស្ថិត​ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា កំណត់​បង្គោល​ព្រំដែន មិន​ឋិត​ក្នុង​ទឹកដី​កម្ពុជា​ទេ។ លោក​ថ្លែង​ទៀត​ថា សមត្ថកិច្ច​គ្រប់​តំបន់ កំពុង​បង្កើន ការ​យក​ចិត្ត​ទុកដាក់ ចុះ​ល្បាត និង​ការពារ​សន្តិសុខ​នៅ​តាម​ព្រំដែន​យ៉ាង​ប្រុងប្រយ័ត្ន៖ «កងកម្លាំង​របស់​យើង នៅតែ​មាន​ឆន្ទៈ នៅតែ​ពង្រឹង​ស្មារតី​ការពារ​បូរណភាព​ទឹកដី​ទាំងអស់ ២៤ ម៉ោង មិន​ធ្វេសប្រហែស​ទេ​។ មាន​ការ​អី​រាយការណ៍​ភ្លាម មាន​ការ​អី ត្រូវ​ដោះស្រាយ គឺ​ដោះស្រាយ​ភ្លាម»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង និង អ្នកស្រី កុយ ពិសី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរ​សព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី២៨ តុលា។ ចំណែក អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ និង អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គ​ង ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​ព្យាយាម​សម្រាល​បញ្ហា​នេះ​ឱ្យ​រួម​តួច និង​បណ្ដោយ​ឱ្យ​វៀតណាម​បោះតង់ និង​សង់​សំណង់​រឹង​តាម​អំពើ​ចិត្ត តាម​បណ្ដោយ​ព្រំដែន​មិនទាន់​ឯកភាព​គ្នា រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា​។ លោក​ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​ពិចារណា​ដោះស្រាយ​រឿង​នេះ​ឡើងវិញ ដើម្បី​ស្ដារ​កិត្តិយស​ខ្លះៗ ក្នុង​ប្រវត្តិសាស្ត្រ៖ «សកម្មជន​ព្រំដែន ចុះទៅ​មើល​ព្រំដែន​គេ​ចាប់​ដាក់គុក វា​អត់​មាន​តម្លាភាព​អ្វី​ទាំងអស់ ទាំង​ច្បាប់​ក៏​ធ្វើ​ដោយ​ស្ងាត់ៗ ការ​បោះ​បង្គោល​ព្រំដែន ក៏​ធ្វើ​គ្មាន​តម្លាភាព បោះតង់​នៅ​តាម​បណ្ដោយ​ព្រំដែន ក៏​ធ្វើឡើង​ដោយ​លាក់លៀម មិន​ឱ្យ​សកម្មជន មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​មើល​។ ដូច្នេះ​ទាំងអស់​ហ្នឹងហើយ​សុទ្ធតែ​ជា ចេតនា​លាក់លៀម និង​ឃុបឃិត​ជាមួយ​ប្រទេស​វៀតណាម តាមរយៈ​ការ​ធ្វើ​សម្បទាន​ថ្មី​ឱ្យ​វៀតណាម»។

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៩ របប​លោក ហ៊ុន សែន សម្រេច​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ភាគី​វៀតណាម​បាន​៣១៥ បង្គោល ស្មើនឹង​៨៤% នៃ​បង្គោល​ព្រំដែន​សរុប ៣៧៥ បង្គោល។ របប​លោក ហ៊ុន សែន បាន​ផ្ដល់​សច្ចាប័ន​លើ​បង្គោល​ព្រំដែន​ដែល​បោះ​រួច​ទាំងនេះ​កាលពី​ចុង​ឆ្នាំ​២០១៩។ ក្រុម​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​មួយ​ចំនួន នៅតែ​រិះគន់​ថា កម្ពុជា​ចាញ់​ប្រៀប​វៀតណាម ឬ​ខាតបង់​ទឹកដី​ទៅ​ខាង​ភាគី​វៀតណាម ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​កន្លងមក ធ្វើឡើង​ដោយ​ខ្វះ​តម្លាភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ក្រុម​យុវជន​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល គ្មាន​វិធានការ​ច្បាស់លាស់​ជំរុញ​ឱ្យ​វៀតណាម រុះរើ​តង់​និង​សំណង់​រឹង​ចេញពី​ព្រំដែន"

  1. Anonymous says:

    no wonder HUN SEN can gave CAMBODIAN’s land to VIETCONG he also can give land to his high ragging officer’s daughter CHEA SOPHARA . my question is was this nation belonging to HUN families ??

  2. There are no law, no regulations, no policy in Cambodia, everything is run by Hin Sen’s mouth. To the people that has been effected by Hun Sen’s actions, when are you going to wake up stop crying and do something about it?? You don’t need to be scared! This land does not being to Hun Sen. What rights does he has to give land to his inner group? If we keep allowing Hun Sen to do this soon he will take everything from us. The people of Cambodian need and must stand up to Hun Sen. Don’t wait for other international groups to help out. We must know and desired to take back our rights, our properties, out freedom from Hun Sen. He’s been doing this far too long, enough is enough!