អាជ្ញាធរ​​កម្ពុជា​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​​ឡើង​​ដល់​១៦​ទីតាំង​​តាម​​ព្រំដែន​​មិន​ទាន់​​ឯកភាព​​គ្នា​​

ជម្លោះព្រំដែន | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ២៩ តុលា ២០២០ |ម៉ោង ១៤:៣៧
VOD

ប៉ុស្តិ៍​ប្រចាំការ​វៀតណាម​ដែល​ជា​សំណង់​រឹង (ធ្វើពីឈើ សសរថ្ម​) នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ត្រង់​ចំណុច​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ (ហេង វិចិត្រ​)

ប៉ុស្តិ៍​ប្រចាំការ​វៀតណាម​ដែល​ជា​សំណង់​រឹង (ធ្វើពីឈើ សសរថ្ម​) នៅ​ក្បែរ​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា ត្រង់​ចំណុច​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។ (ហេង វិចិត្រ​)


អភិបាលខេត្ត​កណ្ដាល អះអាង​ថា ភាគី​វៀតណាម​បាន​សង់​សំណង់​រឹង​ឡើង​ដល់១៦ទីតាំង នៅ​តាម​បណ្ដោយ​ព្រំដែន​មិនទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំងពីរ ខណៈ​ចំនួន១១ទីតាំង​ទៀត​នៅជា​តង់​កៅស៊ូ​នៅឡើយ។

កាលពី​ចុងខែ​សីហា ឆ្នាំ២០២០ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​រាយការណ៍​ថា វៀតណាម បាន​សាងសង់​ជម្រក​រឹងមាំ​ធ្វើពីឈើ​សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ​គុណ​នឹង៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ស្ថិតនៅ​ចម្ងាយ​ប្រមាណ១២០ម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-វៀតណាម​ដែល​មិនទាន់​ឯកភាព​គ្នា។

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ភាគី​វៀតណាម​បាន​ប្ដូរ​ពីជ​ម្រ​កតង់​កៅស៊ូ មក​ជា​សំណង់​រឹង​មាន​ចំនួន១៦ទីតាំង ដោយ​ចំនួន១១ទីតាំង​ផ្សេងទៀតនៅជា​តង់​កៅស៊ូ​នៅឡើយ។

លោក​បន្ត​ថា សំណង់​រឹង​ទាំង១៦ទីតាំង​នេះ ភាគី​វៀតណាម​សង់​នៅ​តាម​បណ្ដាយ​ព្រំដែននៃ​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ទល់មុខ​នឹង​ស្រុកលើ​កដែក និង​ស្រុក​កោះធំ ខេត្តកណ្តាល ប្រទេស​កម្ពុជា។

លោក គង់ សោភ័ណ្ឌ បាន​ថ្លែង​ថា៖ «វៀតណាម​សង់​សំណង់​រឹងនិង​តង់​កៅស៊ូ សរុប២៧ទីតាំង ហើយ​សំណង់​រឹង១៦ សង់​នៅក្នុង​ស្រុក​ពីរ​ [ស្រុកលើ​កដែក និង​ស្រុក​កោះធំ​]។ យើង​បាន​ជជែកគ្នា​ហើយ ថា​ក្រោយពី​កូ​វីដ​ គេ​នឹង​រុះរើ»។

ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង ប្រាប់​ថា គណៈកម្មាធិការ​មិនទាន់​សម្រេច​ថា នឹង​ចុះទៅ​ពិនិត្យមើល​ទីតាំង​ដែល​ភាគី​វៀតណាម​សង់​សំណង់​រឹង​នោះ​នៅឡើយ ដោយសារ គណៈកម្មាធិការ​រង់ចាំ​របាយការណ៍​ពី​អាជ្ញាធរ​ខេត្តកណ្តាល​សិន។

លោក​ថា៖ «ទាល់[តែ]​ខ្ញុំ​ជួយ​មើល​ហើយ ពិចារណា​ហើយ បាន​យើង​សម្រេច​ថា យើង​បញ្ជូន​ទៅ​ធ្វើការ​តវ៉ា​ជាមួយ​ក្រសួង​ការបរទេស [ចាំ​មើល​] លទ្ធផល​ដែល​យើង​រក​ឃើញ លទ្ធផល​ដែល​យើង​វិភាគ​នូវ​របាយការណ៍​ដែល​យើង​ទទួល​បាន​ពី​អាជ្ញាធរ​ដែនដី»។

លោក វ៉ា គឹ​មហុង បញ្ជាក់​ទៀត​ថា កម្ពុជាសម្រេច​ជ្រើសរើស​យក​វិធីសាស្ត្រ​ចរចា​ជាមួយ​ភាគី​វៀតណាម ដោយ​យល់ថា រឿង​សង់​សំណង់​រឹង​នេះមិនធំ​ដូច​ករណី​រឿង​ប្រាសាទព្រះវិហារ​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ប្ដឹងទៅតុលាការ​អន្តរជាតិ​នោះ​ទេ។

លោក​ថា៖ «អ្នក​ដែល​និយាយ​ស្នើ​ទៅ​ប្ដឹង​តុលាការ​អន្តរជាតិ វា​ទាល់តែ​កិច្ចការ​ហ្នឹងវា​ធំដុំ​ណាស់ វា​គ្រាន់តែ​តង់​មួយ ប្ដឹងទៅតុលាការ​អន្តរជាតិ ឬក៏​សំណង់​ផុត​ទឹក ប្ដឹងទៅតុលាការ​អន្តរជាតិ​ទេ។ បើ​អ៊ីចឹង តុលាការ​អន្តរជាតិងាប់ហើយ គ្មាន​ពេលសម្រាក​ទេ គ្រប់តែ​ប្រទេស​គ្រាន់តែ​ធ្វើ​តង់​មួយ​ប្ដឹងទៅតុលាការ​អន្តរជាតិ។ ប្រទេស​ទាល់តែ​បញ្ហា​ធំ ដូច​នៅ​ប្រាសាទព្រះវិហារ អាហ្នឹង [រឿង​បោះតង់​] រឿង​កំប៉ិក​កំប៉ុក យើង​យក​ទៅ​បឹ្តង​តុលាការ​អន្តរជាតិ។ ខ្ញុំ​ថា កំប៉ិក​កំប៉ុក អា​អ្នកវិភាគ​ថា ខ្ញុំ​មិន​យកចិត្ត​ទុកដាក់​ទៀត ប៉ុន្តែ​មិនមែនទេ រឿង​តុលាការ​អន្តរជាតិ​ទាល់តែ​បញ្ហា​ហ្នឹង​វា​ធំ»។

វី​អូ​ឌី បាន​ព្យាយាម​សុំ​ការ​អត្ថា​ធិប្បាយពី​អ្ន​កនំា​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ពាក់ព័ន្ធ​នឹង​ការ​សង់​សំណង់​រឹងនៅ​ទីតាំង​មិនទាន់​ឯកភាព​គ្នា ប៉ុន្តែ​គិត​មកដល់ពេលនេះ លោក​មិន​នៅ​ទាន់​ឆ្លើយតប​នៅឡើយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស លោក ម៉ែ​ន ណាត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​មាន​វិធានការ​ច្បាស់លាស់ បើ​ទោះបីជា​វៀតណាម នៅតែ​បន្ត​សង់​សំណង់​រឹង​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា។ 

លោក​ចាត់ទុក​ការ​បន្ត​សង់​សំណង់​រឹង​របស់​វៀតណាម​នៅ​តាម​បណ្ដោយព្រំដែន​ថា កំពុង​បំពាន​មក​លើ​ប្រទេស​កម្ពុជា និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជាប្តឹង​ករណីនេះទៅ​ភាគី​ទីបីនិង​សហប្រធាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​ការពារ​បូរណភាពទឹកដី​កម្ពុជា​ឱ្យ​មានប្រសិទ្ធភាព។

លោក​ថា៖ «យើង​ជំរុញឱ្យ​មានការ​អនុវត្ត​ការ​ពារបូរណភាពទឹកដី​កម្ពុជាជាមួយ​ប្រទេស​វៀតណាម​ ស្របតាម​រដ្ឋាភិបាល​ធ្វើជា​មួយ​ឡាវ ជាមួយ​ថៃ គឺ​ក្នុង​ន័យ​ថា យើង​ប្រតិបត្តិ​តាម​គោលការណ៍​ច្បាប់អន្តរជាតិនិង​ច្បាប់​ជាតិ ព្រោះ​ច្បាប់​អត់​មាន​ស្ដ​ង់​ដារ​ពីរបី​ទេ ច្បាប់​តែ​ស្ដ​ង់​ដារ​តែមួយ​ទេ។ អ៊ីចឹង​បើសិនជា​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើជា​មួយ​ថៃ​ឆ្នាំ២០០៨បាន ហើយ​ធ្វើជា​មួយ​ឡាវ​ឆ្នាំ២០១៧បាន​ រឿង​អីហេតុអ្វីបានជា​មិន​ហ៊ាន​យក​ករណី​ហ្នឹង​ទៅ​ធ្វើជា​មួយ​វៀតណាម​ដែរ។ អាហ្នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ស្វែងយល់​រឿង​ឱ្យ​បាន​ច្បាស់ ហើយ​ត្រូវ​នាំគ្នា​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​លើ​គោលការណ៍​ច្បាប់​ជាតិ​និង​អន្តរជាតិ»។

គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​បញ្ជាក់​កាលពី​ខែមិថុនា ឆ្នាំ២០២០ ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩មក ភាគី​វៀតណាម​បាន​បោះតង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ទាំង​តំបន់​មិនទាន់​ឯកភាពនិង​តំបន់​ឯកភាព​គ្នា​រួច មាន​ចំនួន២៥៦ទីតាំង។

កម្ពុជា​-វៀតណាម មាន​ព្រំប្រទល់​ជាប់គ្នា​ប្រវែង១ ២៧០គីឡូម៉ែត្រ ដែល​បច្ចុប្បន្ន​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​ព្រំដែន ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​បាន៨៤ភាគរយ​ហើយ នៅសល់១៦ភាគរយ​ទៀត នៅ​មិនទាន់​ឯកភាព​គ្នា​នៅឡើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អាជ្ញាធរ​​កម្ពុជា​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​​ឡើង​​ដល់​១៦​ទីតាំង​​តាម​​ព្រំដែន​​មិន​ទាន់​​ឯកភាព​​គ្នា​​"

  1. បេី​យួន​ហ៊ានមកបោះ​សំណង់រឹង​នៅទីកន្លែង​ដែលមិន​ទាន់​ឯកភាព​ រវាង​ប្រទេស​ទាំង​ពីរ​ ហេតុអ្វី​ក៏​កម្ពុជា​មិន​ទៅ​បោះ​សំណង់រឹង​នៅទី​កន្លែង​នោះ​ដែរ​ទៅ? ឬមួយ​ក៏ដេក​ចាំ​ទម្រាំ​ដល់​ទៅ​យួន​សង់បាន​ជាទីក្រុងមួយ​ហេីយ​ទេីបដឹងខ្លួន? ពាក្យថា:​ កុំ​ទុក​ចិត្ត​មេឃ​កុំ​ទុក​ចិត្ត​យួន​ ក្បាលខ្មែរ​មុម​បួន​យួនដាំតែ​អុង!​សូម​ខ្មែរ​កុំអាល​ភ្លេច​ខ្លួន​អោយ​សោះ​!