អាជ្ញាធរ​បង្ខំ​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឱ្យ​ចុះ​ចូល​បក្ស​កាន់អំណាច​ជា​ថ្នូរ​ដោះលែង​ប្ដី

ដោយ ទីន ហ្សាការីយ៉ា
2020-11-11
RFA

ប្រពន្ធ និង​កូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ប្រមាណ ២០នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០២០ ទាមទារ​តុលាការ​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង ១០នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​ឥត​លក្ខខ័ណ្ឌ។

ប្រពន្ធ និង​កូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ប្រមាណ ២០នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មិថុនា ឆ្នាំ២០២០ ទាមទារ​តុលាការ​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង ១០នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ និង​ដោយ​ឥត​លក្ខខ័ណ្ឌ។

 រូប៖ ពលរដ្ឋ


«ខ្ញុំ​សុខ​ចិត្ដ​លែងលះ​ប្ដី ប្រសិន​ជា​គាត់​ចូលរួម​នឹង​បក្ស​កាន់​អំណាច»


ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា អះអាង​ថា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ឃ្លាំមើល​លោកស្រី​ជាប្រចាំ និង​បាន​បង្ខំ​ឱ្យ​លោកស្រី ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង​ប្ដី​ពី​ពន្ធនាគារ​ព្រៃស។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​រឿង​នេះ​ថា ជា​ការ​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

ប្រពន្ធ​របស់​លោក កាក់ កុម្ភា ដែល​កំពុង​ជាប់ពន្ធនាគារ​រឿង​នយោបាយ គឺ​លោកស្រី ព្រុំ ចាន់ថា ប្រាប់​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​បញ្ជូន​មនុស្ស​ប្រុស​ស្លៀកពាក់​ស៊ីវិល ចំនួន​៥​នាក់ ឲ្យ​តាមដាន​សកម្មភាព​លោកស្រី​រាល់ថ្ងៃ ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៩​វិច្ឆិកា ពួកគេ​បាន​បង្ខំ​ឱ្យ​លោកស្រី​ឈប់​តវ៉ា​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម ហើយ​ងាក​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង​ប្ដី​របស់​លោក​ស្រី​មាន​សេរីភាព​វិញ។

លោកស្រី​អះអាង​ថា មនុស្ស​ទាំង​៥​នាក់​នោះ មាន​២​នាក់​ធ្វើការ​នៅ​សាលា​ខណ្ឌ​ដូនពេញ ហើយ​តែងតែ​ដឹកនាំ​កង​សន្តិសុខ​ចុះ​រារាំង​ការ​តវ៉ា​របស់​ពួក​លោក​ស្រី​ប្រចាំ​។ លោកស្រី​បន្ត​ថា ពួកគេ​បាន​ជិះ​ម៉ូតូ​តាមដាន​លោកស្រី​ជាច្រើន​ថ្ងៃ​មក​ហើយ ក៏ប៉ុន្តែ​លោកស្រី​មិន​ចាប់អារម្មណ៍ ។ លោកស្រី បញ្ជាក់​ជំហរ​ថា នឹង​មិន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច តាម​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​ទាំងនោះ​ឡើយ ពីព្រោះ​លោកស្រី​យល់ថា ការ​ធ្វើ​បែបនេះ គឺជា​ចំណាត់​ខ្មាំង​នយោបាយ៖ «​ខ្ញុំ​ថាបើ​ខ្ញុំ​ចុះចូល​ស្មើនឹង​ប្ដី​ខ្ញុំ​ខុស សួរ​ថា​ប្ដី​ខ្ញុំ​ខុស​អី លក់​ដី​អី​បាន​មួយ​ដុំ​នៅ។ មក​យ៉ាងម៉េច​មក​តាម​ឃ្លាំមើល ហើយ​ចាប់​ប្ដី​ខ្ញុំ​ដាក់គុក​អត់​មាន​កំហុស​សោះ​នេះ​។​មាន​សិទ្ធិ​អី​ប្ដី​ខ្ញុំ​ខុស​អី​បាន​ឱ្យ​ខ្ញុំ​ចុះ​ចូល​ដោះលែង​ប្ដី​ខ្ញុំ​ហ្នឹង ខ្ញុំ​សុខចិត្ត​ដាច់​ក្បាល​ចោល​ណា អត់​មាន​កំហុស​សោះ សូម្បីតែ​ប្ដី​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង​គេ​ឱ្យ​ធ្វើ​លិខិត​សុំទោស ខ្ញុំ​ថាបើ​ហ៊ាន​សុំទោស​ខ្ញុំ​លែង​ប៉ា​ឯង​ចោល​ភ្លាម ព្រោះ​គ្មាន​ខុស​ទេ បើ​សុំ​ទោស​ស្មើ​នឹង​មាន​កំហុស»

លោកស្រី ព្រុំ ចាន់ថា អំពាវនាវ​ឱ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ជួយ​តាមដាន​រឿង​នេះ ហើយ​ប្រសិនបើ​លោកស្រី​ជួប​គ្រោះថ្នាក់​ចរាចរ ឬ​មាន​បញ្ហា​អ្វីមួយ​នៅ​ពេល​ខាងមុខ គឺជា​ស្នាដៃ​របស់​អាជ្ញាធរ។

កាល​ពី​ថ្ងៃ​ទី​៣ វិច្ឆិកា ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់ឃុំ​ម្នាក់​ទៀត គឺ​លោកស្រី សុខ បូលីម៉ា ដែល​តែងតែ​ចេញ​តវ៉ា​រាល់ថ្ងៃ​សុក្រ​ជាមួយ​លោកស្រី ព្រុំ ចាន់ថា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្តី​នោះ ត្រូវ​ជន​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​បណ្ដាល​ឱ្យ​របួស​ជើង​ធ្ងន់ធ្ងរ​ម្ដង​រួច​មក​ហើយ​ដែរ​។ លោកស្រី ព្រុំ ចាន់ថា ឱ្យដឹង​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​បញ្ជូន​មនុស្ស​មក​បំភិតបំភ័យ​ពួក​លោក​ស្រី​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ​ក្ដី ក៏​លោកស្រី​នៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ប្តី និង​សង្គម​ជា​រៀង​ថ្ងៃ​សុក្រ ដោយ​មិន​រាយ​ឡើយ។

អាស៊ីសេរី​មិន​ទាន់​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដើម្បី​ឆ្លើយតប​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០​វិច្ឆិកា ដោយ​លោក​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​ពេល​ប្រាប់​ថា អ្នក​យកព័ត៌មាន​វិទ្យុ​អាស៊ីសេរី។

ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការចោទប្រកាន់​របស់​ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​ឡើយ៖ «​បើ​គាត់​យល់​ឃើញ​ថា មាន​អ្នកណា​រំលោភ​លើ​សិទ្ធិ​គាត់ គាត់​ប្ដឹង​ទៅ​តុលាការ ឬ​ប្ដឹង​ទៅ​អង្គការ​ណាមួយ​ទៅ ដើម្បី​ឱ្យ​គេ​រក​យុត្តិធម៌​ជូន​គាត់ ហើយ​បើ​គ្រាន់តែ​តាម​បណ្ដាញ​សារព័ត៌មាន​ខ្ញុំ​អត់​ឆ្លើយ​ទេ។ ពីព្រោះ​រឿង​ហ្នឹង​មិន​ដឹង​ពិត ឬ​មិន​ពិត ហើយ​ខ្ញុំ​ក៏​អត់​មាន​ដែន​សមត្ថកិច្ច​ណា​សម្រាប់​ត្រូវ​ឆ្លើយ​តប​គាត់»

ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា ការ​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋ​ឱ្យ​ចុះចូល​គណបក្ស​នយោបាយ​ណាមួយ គឺ​ជា​ទង្វើ​សុខ​ច្បាប់​។ លោក​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ដោយសារ​លោកស្រី ព្រុំ ចាន់ថា តែង​ចូលរួម​សម្ដែង​មតិ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​លោកស្រី៖ «សកម្មជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន យក​ទៅ​ឱ្យ​ធ្វើ​កិច្ចសន្យា​ផ្សេងៗ​យល់​ព្រម​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​តវ៉ា ឬក៏​មានការ​ចុះចូល​អី​ជាដើម​យើង​តែង​គាត់​សំគាល់​ថា អត់​មានការ​ឃុំខ្លួន ឬក៏​ចោទប្រកាន់​អ្វី​ទេ។ អ៊ីចឹង​យើង​កាន់តែ​បញ្ជាក់​ច្បាប់​ថា ក្នុង​ការ​ចោទប្រកាន់ ការ​ចាប់ខ្លួន​ឃុំខ្លួន ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ទៅលើ​សកម្មជន​គណបក្ស​ប្រឆាំង​ហ្នឹង​គឺជា​រឿង​នយោបាយ​សុទ្ធសាធ មិនមែន​ជា​រឿង​ការអនុវត្ត​ច្បាប់​ទេ»

ប្ដី​របស់​លោកស្រី ព្រុំ ចាន់ថា គឺ​លោក កាក់ កុម្ភារ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ ឧសភា​ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​កុំ​ឱ្យ​យោធិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ គិត​ត្រឹម​ថ្ងៃ​ទី​១០​វិច្ឆិកា លោក​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជាង​៥​ខែ​មក​ហើយ​។ ចំណែក​កូនប្រុស​របស់​លោកស្រី គឺ​កុមារា កាក់ សុវណ្ណច្ឆ័យ អាយុ​១៥​ឆ្នាំ ក៏​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ ចាប់​ឃុំ​ខ្លួន​២​ថ្ងៃ ហើយ​អះអាង​ថា អាជ្ញាធរ​ទាំងនោះ បាន​ប្រើ​ហិង្សា​លើ​រាងកាយ ដើម្បី​សួរចម្លើយ​ទៀត​ផង កាលពីដើម​ខែ​តុលា។

ចាប់​តាំង​ពី​អាជ្ញាធរ​ចាប់​ប្ដី​របស់​គាត់​ដាក់​ពន្ធនាគារ​មក លោក​ស្រី​បាន​ចូលរួម​តស៊ូ​មតិ​ជាមួយ​ក្រុម​ស្ត្រី​ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង តវ៉ា​ជិត​២០​លើក​រួច​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​ពួក​លោក​ស្រី។

នៅ​ក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​ប្រឆាំង ព្រះសង្ឃ ខ្មែរ​ថាវរៈ និង យុវជន​ប្រមាណ​៤០​នាក់​ហើយ​ដាក់​ពន្ធនាគារ​ព្រៃស។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់ ឬ​ប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ជាដើម។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អាជ្ញាធរ​បង្ខំ​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឱ្យ​ចុះ​ចូល​បក្ស​កាន់អំណាច​ជា​ថ្នូរ​ដោះលែង​ប្ដី"

  1. Sosocheath says:

    ចុះប្រដាប់ង៉ែង អីក៏មានតម្លៃម្លេះហង
    បានជាត្រូវ តែគេបង្ខំឲ្យចុះចូល ?

  2. Anonymous says:

    go and try it right now AH…CHHKOUTH

Leave a Reply

Submit Comment