អ្នក​ជំនាញ​ថា អាមេរិក​គួរ​ពិចារណា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​កម្ពុជា ដោយសារ​ការ​កម្ទេច​ចោល​អគារ​ជំនួយ​នៅ​រាម

ដោយ មាន ​​ឫទ្ធិ
2020-11-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (ឆ្វេង) (និងរូបភាពស្ដាំ) អគាររបស់សហរដ្ខអាមេរិកដែលបាន​សាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩ នៅកំពង់ផែរាម។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (ឆ្វេង) (និងរូបភាពស្ដាំ) អគាររបស់សហរដ្ខអាមេរិកដែលបាន​សាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩ នៅកំពង់ផែរាម។

 រូបភាព​ពី​ហ្វេសប៊ុក NAVFAC Pacific


អ្នកជំនាញ​ថា សហរដ្ឋអាមេរិក​គួរ​ពិចារណា​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​កម្ពុជា


អ្នក​ជំនាញ​លើកឡើង​ថា សហរដ្ឋអាមេរិក​គួរតែ​ពិចារណា​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយ​ចំនួន​ទៀត ដោយ​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម Global Magnitsky Act​។ ការ​លើក​ឡើង​នេះ កើត​មានឡើង​បន្ទាប់ពី​អាជ្ញាធរ​យោធា​កម្ពុជា ទើបបាន​វាយកម្ទេច​ចោល​អគារ​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក មួយ​ផ្សេងទៀត នៅ​កំពង់ផែ​កងទ័ពជើងទឹក​រាម​។ សហរដ្ឋអាមេរិក បាន​សម្ដែង​ការ​ខកចិត្ត​ជាថ្មី​ម្តង​ទៀត​ជុំវិញ​ហេតុការណ៍​នេះ​។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ថា ការ​វាយកម្ទេច​នេះ គ្មាន​អ្វី​ចម្លែក​នោះ​ទេ ដោយសារតែ​មានការ​ផ្លាស់ប្ដូរ​ទីតាំង​អគារ​ទី​បញ្ជា​ការដ្ឋាន​សន្តិសុខ​លម្ហ​សមុទ្រ។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ លើកឡើង​ថា ការ​វាយកម្ទេច​ចោល​អគារ​មួយ​ផ្សេងទៀត​ដែល​ជា​ជំនួយ​របស់​អាមេរិក​នេះ គឺជា​ឧទាហរណ៍​មួយទៀត​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ មាន​ចេតនា​លុប​បំបាត់ចោល​រាល់​កេរដំណែល​ជំនួយ​របស់​សហរដ្ឋអាមេរិក​ទាំងអស់​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដោយ​ពុំ​ខ្វល់​ពី​ផលវិបាក​នានា​ដែល​អាច​កើតមានឡើង។ បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ថា គោលដៅ​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ គឺ​ដើម្បី​សាងសង់​អ្វីមួយ ឬ​សំណង់​មួយ​ចំនួន​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​នៅ​ក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​។ លោក​យល់ថា ដោយសារតែ​ចិន​ជា​ម្ចាស់​ជំនួយ ចិន​គឺជា​អ្នក​នៅ​ពីក្រោយ​ការ​បញ្ជា​ឲ្យ​កម្ពុជា​វាយកម្ទេច​ចោល​អគារ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ទាំងនេះ។

រីឯ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី មើលឃើញ​ថា ពេលវេលា​នេះ រដ្ឋាភិបាល​គួរតែ​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដោយ​មិន​ត្រូវ​បង្កើន​ភាព​តានតឹង​នោះ​ទេ​។ លោក​ព្រមាន​ថា បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​ធ្លាក់​ផុង​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ជម្លោះ​រវាង​មហាអំណាច​៖ «​កន្លងមក គឺ​ក្នុងចំណោម​អ្នក​សិក្សា​ស្រាវជ្រាវ​នយោបាយ រហូត​មក​ដល់​ពេលនេះ នៅតែ​បន្ត​មើល​ឃើញ​ថា អ្វី​ដែល​កម្ពុជា​សម្រេចចិត្ត​ធ្វើ​នេះ គឺជា​ការ​ផុងខ្លួន​ជ្រៅ​ទៅ​ក្នុង​ជម្លោះ​រវាង​មហាអំណាច ហើយ​កម្ពុជា​នឹង​អាច​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ឡើងវិញ​ដោយ​យក​កម្ពុជា​ធ្វើជា​ទីលាន​នៃ​ជម្លោះ​របស់​មហាអំណាច»


កាលពី​ថ្ងៃ​ទី៩ វិច្ឆិកា ស្ថាប័ន​ស្រាវជ្រាវ​មួយ​របស់​អាមេរិក គឺ​មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) តាមរយៈ​ គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហ​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative, AMTI) បាន​លាតត្រដាង​ការ​រកឃើញ​ចុងក្រោយ​របស់​ខ្លួន​តាម​រយៈ​រូបភាព​ថត​បាន​ពី​ផ្កាយរណប​ថា អាជ្ញាធរ​យោធា​កម្ពុជា​ទើប​បាន​វាយកម្ទេច​ចោល​អគារ​ជា​ជំនួយ​របស់​អាមេរិក មួយ​ផ្សេងទៀត នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។ អគារ​នោះ​គឺជា​រោង​ជាង​សម្រាប់​ចត និង​ជួសជុល​អូប័រ​របស់​ទីបញ្ជា​ការដ្ឋាន​ជួរមុខ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ​។ ការ​វាយកម្ទេច​នេះ បាន​កើតមានឡើង​ក្នុង​អំឡុង​ចុងខែ​តុលា ហើយ​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ទី​០២ វិច្ឆិកា​។ នៅ​មិន​ដល់​មួយ​ខែ​មុន​នេះ ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​ដដែល​នេះ ធ្លាប់​បាន​រក​ឃើញ​ថា កម្ពុជា​បាន​វាយកម្ទេច​ចោល​អគារ​ជំនួយ​អាមេរិក ដំបូង​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ។

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ទទួលស្គាល់​ថា ពិតជា​មានការ​វាយកម្ទេច​ចោល​អគារ​ជំនួយ​របស់​សហរដ្ឋអាមេរិក​នោះ​មែន​។ ក៏ប៉ុន្តែ មិន​ខុស​ពី​លើក​មុន លោក​បញ្ជាក់​ដដែល​ថា ការ​វាយកម្ទេច​នោះ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ ពីព្រោះ​ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​បញ្ជា​ការដ្ឋាន​ជួរមុខ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ​ទៅ​ឯ​ទីតាំង​ថ្មី​នៅ​លើ​កោះ​ព្រាប ដែល​មាន​លក្ខណៈ​ទំនើប និង​ធំ​ជាង​មុន ដើម្បី​ការពារ​ដែនសមុទ្រ​របស់​កម្ពុជា​។ យ៉ាងណា លោក​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ថា តើ​មហាអំណាច​ចិន​គឺជា​អ្នក​នៅ​ពីក្រោយ​គម្រោងការ​សាងសង់​ថ្មី​នោះ ឬ​យ៉ាងណា​៖ «អាហ្នុង ខ្ញុំ​មិន​ដឹង​ជា​ទៅ​រៀបរាប់​របៀប​ម៉េច​ទេ​។ គ្រាន់តែ​ប្រាប់​ហើយ​ប្រាប់​ទៀត​ថា ធ្វើ​ឲ្យ​វា​ល្អ​ជាង​មុន ធំ​ជាង​មុន ឆ្លើយ​តប​តាម​តម្រូវការ​ជាង​មុន ឲ្យ​វា​រីកចម្រើន​ជាង​មុន​។ តែ​ប៉ុណ្ណឹង​ឯង ដូច្នេះ គឺ​ធ្វើ​អស់​ប៉ុន្មាន ធ្វើ​អី​ប៉ុន្មាន​នោះ គឺថា ហាក់​ដូច​ជា​ខ្ញុំ​មិន​ទៅ​រៀបរាប់​បរិយាយ​បញ្ជាក់​ឲ្យ​អស់លោក​ទាំងអស់​នោះ​បាន​ទេ​។ ខ្ញុំ​មិន​មាន​ពេលវេលា​ទៅ​ធ្វើ​របៀប​នោះ​ទៀត​ទេ»

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី​១០ វិច្ឆិកា ថា សហរដ្ឋអាមេរិក​មាន​ការ​ខកចិត្ត​ដែល​អាជ្ញាធរ​យោធា​កម្ពុជា បាន​វាយកម្ទេច​ចោល​អគារ​សន្តិសុខ​លម្ហ​សមុទ្រ​មួយ​ផ្សេងទៀត​ដែល​សហរដ្ឋអាមេរិក​បាន​ផ្ទល់​មូលនិធិ​ឲ្យ ដោយ​គ្មាន​ការ​ជូនដំណឹង ឬ​ការ​ពន្យល់​។ លោក​រំឮក​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ផ្ដាច់មុខ ឬ​អចិន្ត្រៃយ៍​នៅ​តំបន់​ណាមួយ​ក្នុង​ទឹកដី​កម្ពុជា​ឡើយ ហើយ​ថា កម្ពុជា​ស្វាគមន៍​នាវា​មកពី​គ្រប់​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ដែល​ចង់​ចូល​ចត​នៅ​កំពង់ផែ​រាម​។ អ្នកនាំពាក្យ​រូប​នេះ គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បន្ត​គោរព​តាម​គោលជំហរ​មួយ​នេះ។

នាយក​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​លម្ហ​សមុទ្រ​អាស៊ី (AMTI) នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) លោក ក្រិកហ្គោរី ផលីង (Gregory Poling) ប្រាប់​អាស៊ីសេរី​ថា ការ​វាយកម្ទេច​ចោល​អគារ​ទីពីរ​ដែល​សហរដ្ឋអាមេរិក​បាន​ផ្ដល់​មូលនិធិ​ឲ្យ ហើយ​ដែល​អគារ​នោះ​ស្ថិត​នៅ​ក្បែរ​អគារ​ដែល​កម្ពុជា​ទើបបាន​វាយកម្ទេច​ចោល​កាលពី​ខែ​កញ្ញា​កន្លងទៅ នឹង​រឹតតែ​ប​ញ្ជេះ​ឲ្យ​មានការ​មន្ទិលសង្ស័យ​កាន់តែ​ខ្លាំង ជុំវិញ​រឿងរ៉ាវ​ដែល​ថា មាន​ហេតុការណ៍​មួយ​ចំនួន​កំពុងតែ​កើតមានឡើង​នៅ​កំពង់ផែ​រាម​៖ «​យើង​មាន​ភស្តុតាង​បន្តិច​ម្តងៗ មាន​រឿងរ៉ាវ​បែក​ធ្លាយ ទទួល​បាន​មកពី​អាជ្ញាធរ​កម្ពុជា​ដែល​បាន​កែប្រែ​សាច់រឿង ជុំវិញ​ការ​សង្ស័យ​ថា នឹង​មាន​ការអនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​កំពង់ផែ​នេះ​។ ហើយ​កាន់តែ​ច្បាស់​ទៅៗ វា​ហាក់បីដូចជា​ថា នេះ​គឺជា​អ្វី​ដែល​កំពុងតែ​នឹង​កើត​មានឡើង​។ មានការ​ពន្យល់​ឲ្យ​បាន​សម​ហេតុផល​តិចតួច​ណាស់​ជុំវិញ​ថា​តើ ហេតុអ្វី​បានជា​អគារ​ទាំងនេះ​ត្រូវ​បាន​គេ​បំផ្លាញ​ចោល​។ ដំបូង​ឡើយ យើង​បាន​ឮ​អំពី​ការ​បដិសេធ តែ​ពេល​បន្ទាប់មក​កម្ពុជា​អះអាង​ថា ជា​ការ​ផ្លាស់ប្ដូរ​ទីតាំង​។ តាម​ការ​ពិត​ទៅ គឺថា កម្ពុជា​ទើបតែ​នឹង​ស្នើសុំ​ឲ្យ​មន្ត្រី​សហរដ្ឋអាមេរិក ជួយ​កែ​លម្អ​ទីតាំង​អគារ​ដែល​ត្រូវ​បាន​គេ​វាយកម្ទេច​ចោល​កាលពី​ខែ​មុន​នេះ ដែល​ការ​ស្នើសុំ​នេះ បាន​កើតឡើង​កាលពី​ឆ្នាំ​កន្លង​ទៅ​តែប៉ុណ្ណោះ​ឯង​។ ហើយ​ឥឡូវ​នេះ បែរជា​អគារ​ទាំងនេះ ត្រូវ​កម្ពុជា​វាយកម្ទេច​ចោល​ទាំងស្រុង​ទៅវិញ»

អ្នក​ជំនាញ​រូប​នេះ វាយ​តម្លៃ​ថា អ្វីៗ​ទាំងអស់​ហាក់បីដូចជា​កំពុង​ចង្អុលបង្ហាញ​ចំ​ទិស​ដៅ​តែមួយ ដែល​នោះ​គឺ ប្រទេស​ចិន​កំពុង​ទទួល​បាន​នូវ​លទ្ធភាព​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​កំពង់ផែ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​នេះ​។ យ៉ាងណា លោក​ថា ស្ថាប័ន​លោក​នៅ​មិនទាន់​ដឹង​ថា តើ​លទ្ធភាព​ឲ្យ​ចិន​ប្រើប្រាស់​កំពង់ផែ​នេះ នឹង​កើតមាន​ឡើងជា​អចិន្ត្រៃយ៍ ជា​ការ​ផ្លាស់​វេន ឬក៏​ជា​ការ​អនុគ្រោះ​កម្រិត​ណាមួយ​ពី​កម្ពុជា​នោះ​ទេ ទើប​បានជា​កម្ពុជា​លែង​ត្រូវការ​កិច្ច​គាំទ្រ ឬ​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ទីកន្លែង​នោះ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ សារព័ត៌មាន​ល្បីឈ្មោះ​របស់​អាមេរិក ឌឹ វ៉លស្រ៊ីត ជរណល (The Wall Street Journal) ធ្លាប់​រាយការណ៍​ឲ្យ​ដឹង​ថា កម្ពុជា​បាន​លួច​ចុះ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​រយៈពេល​៣០​ឆ្នាំ ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ហើយ​ដែល​កិច្ចព្រមព្រៀង​នេះ អាច​បន្ត​រៀងរាល់​១០​ឆ្នាំ​ម្តង​។ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ជុំវិញ​ព័ត៌មាន​នេះ ដោយ​ចាត់ទុកថា ជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​នៅ​លើ​ទឹកដី​ខ្លួន​ឡើយ។

ឆ្លើយតប​នឹង​ក្ដី​មន្ទិលសង្ស័យ​កាន់តែ​ខ្លាំង​ថា កម្ពុជា​អាច​នឹង​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋានទ័ព​នេះ សហរដ្ឋអាមេរិក កាលពី​ពាក់​កណ្ដាល​ខែ​កញ្ញា បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​របស់​រដ្ឋអំណាច​ចិន ឈ្មោះ UDG ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ព្រលាន​យន្តហោះ និង​កំពង់ផែ​ខ្នាត​យក្ស​អាច​បម្រើ​ឲ្យ​វិស័យ​យោធា​បាន​នៅ​តំបន់​តារាសាគរ ខេត្ត​កោះកុង។

ជុំវិញ​ការ​ឆ្លើយតប​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​រឿង​សង្ស័យ​អំពី​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា សហរដ្ឋអាមេរិក គួរតែ​មាន​ភាព​ប្រយ័ត្នប្រយែង​ក្នុង​ការ​ផ្តល់​ជំនួយ​ទៅ​ឲ្យ​កម្ពុជា ដោយសារតែ​កម្ពុជា​អាច​កម្ទេច​ចោល​នា​ពេល​អនាគត​។ លោក​ថា សហរដ្ឋអាមេរិក គួរតែ​បន្ត​ដាក់​បញ្ចូល​ឈ្មោះ​មន្ត្រី​ពាក់ព័ន្ធ​កម្ពុជា​បន្ថែម​ទៅ​ក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​របស់​ខ្លួន ដោយ​ប្រើ​ច្បាប់ Global Magnitsky Act ឬ​ពិចារណា​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត ដោយសារតែ​របប​ក្រុងភ្នំពេញ​បាន​រម្លាយ​ប្រជាធិបតេយ្យ បំផ្លាញ​សិទ្ធិមនុស្ស និង​សេរីភាព ដែល​មិនមែន​ជា​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​កម្ពុជា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នក​ជំនាញ​ថា អាមេរិក​គួរ​ពិចារណា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​កម្ពុជា ដោយសារ​ការ​កម្ទេច​ចោល​អគារ​ជំនួយ​នៅ​រាម"

  1. Sosocheath says:

    អាអ្នកវិភាគវ៉ល់ទឹកកាដួយនេះ បែបវាគឹតថា
    រដ្ឋាភិបាលអាមេរិកល្ងងខ្លៅដូចវាហេីយមេីលទៅ។

  2. Anonymous says:

    the analysis that drinking SO SOCHEATH’s mother KADOUY water is so drunk because they stay whit the US witch is HUN SEN ‘s former boss . I’m sorry HUN SEN your enemy CHAK CRORPOTH AMERICKANG will punishing you soon . one thing I knew you HUN SEN asking so many time bagging to them just to offer you those old war ship that your enemy just about to throve away do you know what?? right now your CHAK CRORPOTH AMERICKANG give to your former boss a lot of the for free plus selling the new one for cheap . HASSSSSSSSSSS that what your old enemy is hatting you right now