ដោយ យន់ សាមៀន
2020-11-14
RFA
គ្រូពេទ្យកំពុងបូមឈាមអ្នកជំងឺយកទៅធ្វើតេស្តរកមេរោគវីរុសកូរ៉ូណា ដែលបង្កជំងឺកូវីដ-១៩ (Covid-19)។
រូប៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃទី១៤ វិច្ឆិកាថា លោក និងក្រុមគ្រួសារ ធ្វើតេស្តលើកទី៣ ប៉ុន្តែក្រុមគ្រូពេទ្យរកមិនឃើញ លោកមានជំងឺកូវីដ-១៩ (Covid-19) នោះទេ។ លោកថា ទោះបីជាលោក និងភរិយា រួមទាំងអ្នកនៅជុំវិញលោកគ្មានជំងឺ កូវីដ១៩ នៅពេលនេះក្តី ប៉ុន្តែ លោកនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ ជាថ្ងៃដែលលោកត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដើម្បីបញ្ជាក់ថា លោកមាន ឬគ្មានជំងឺកូវីដ-១៩។ ស្របពេលដែលលោក ហ៊ុន សែន អះអាងដូច្នោះ ក្រសួងសុខាភិបាលក៏អះអាងថា មនុស្សជិត ១.១៩៥នាក់ ក៏បានធ្វើតេស្តលើកទី៣ ហើយក៏រកមិនឃើញមានជំងឺកូវីដ-១៩ ដែរ។ ក្រសួងនឹងបន្តពិនិត្យសំណាកនៅសល់ចំនួន ១០៥ទៀត ថ្ងៃនៅអាទិត្យទី១៥ ខែវិច្ឆិកានេះ។
ចាប់តាំងពី រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Péter Szijjártó) មកទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ វិច្ឆិកាមក មានមន្ត្រី តំណាងរាស្ត្រ និងអង្គរក្ស ចំនួន ៤នាក់ ដែលប៉ះពាល់ផ្ទាល់នឹង លោក ភីធើស៊ីចាតូ បានកើតជំងឺកូវីដ-១៩។ ពលរដ្ឋ និងគណបក្សប្រឆាំង បានរិះគន់របបលោក ហ៊ុន សែន ដែលបានស្នើគណៈប្រតិភូបរទេស កុំពាក់ម៉ាស់ ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា ទើបបណ្ដាលឲ្យ កើតជំងឺនេះនៅកម្ពុជា។ ទោះបីជាយ៉ាងណា ក្រសួងការបរទេសហុងគ្រីថា គ្មាននរណាអាចបញ្ជាក់បានថា អ្នកណាចម្លងជំងឺកូវីដ១៩ នេះ ពីអ្នកណាឲ្យប្រាកដនោះទេ។
នៅថ្ងៃទី១៤ វិច្ឆិកា ក្រសួងសុខាភិបាល ក៏បានធ្វើតេស្តរកឃើញ បុរសជនជាតិអាមេរិក ម្នាក់អាយុ ៦៩ឆ្នាំ ផ្ទុកជំងឺកូវីដ-១៩ ហើយកំពុងដាក់ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរុស្ស៊ី។ បុរសរូបនេះ គឺជាអ្នកដំណើរមកពីអាមេរិក ហើយមកដល់កម្ពុជាថ្ងៃទី១៣ វិច្ឆិកា។ ចំណែកអ្នករួមដំណើរចំនួន ៧០នាក់ផ្សេងទៀត ធ្វើតេស្តមិនមានជំងឺកូវីដ១៩ ទេ ហើយក្រសួងកំពុងដាក់ពួកគេ ឲ្យធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារ ២៣កន្លែង និងនៅមណ្ឌលទ័ពអាកាស។
គិតត្រឹមថ្ងៃទី១៤ វិច្ឆិកានេះ កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ១៩កើនដល់ ៣០២នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយចំនួន២៨៩នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំនួន ១៣នាក់ ហើយមិនទាន់មានករណីស្លាប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីការបរទេសហុងគ្រី ថារឿងមិនពាក់ម៉ាស់ គឺនាំអាទិ៍មកពីខាងភាគីកម្ពុជា
- ពលរដ្ឋនិងសកម្មជនថ្កោលទោសរដ្ឋាភិបាលធ្វេសប្រហែសក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩
- មន្ត្រីសុខាភិបាលថា បានធ្វើតេស្តលើមនុស្សជាង ១.៦០០នាក់ដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយគណៈប្រតិតភូ ហុងគ្រី
- ស្ថាប័នពាក់ព័ន្ធប្រកាសវិធានការបន្ទាន់នៅគ្រាដែលអង្គរក្សម្នាក់របស់លោក ហ៊ុន សែន ឆ្លងកូវីដ១៩
- អាជ្ញាធរបន្តតាមដានសុខភាពអ្នកពាក់ព័ន្ធនឹងមន្ត្រី ហុងគ្រី បន្ថែមទៀត ក្រោយពីអង្គរក្សលោក ហ៊ុន សែន ម្នាក់ធ្វើតេស្តឃើញមេរោគនៃជំងឺកូវីដ-១៩
- លោក ហ៊ុន សែន ព្រមានពីការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ បើធ្វេសប្រហែសក្នុងពេលធ្វើចត្តាឡឺស័ក
- ក្រសួងសុខាភិបាលសង់អគារចត្តាឡីស័កចំនួន ៤ សម្រាប់ពលរដ្ឋខ្មែរមកពីក្រៅប្រទេស
- មនុស្សជាង ៦០០នាក់ ដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី អវិជ្ជមានកូវីដ-១៩
- ក្រុមមេដឹកនាំរបបលោក ហ៊ុន សែន ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោយប្រមុខការទូតហុងគ្រីដែលមកទស្សនកិច្ចនៅកម្ពុជា កើតជំងឺកូវីដ-១៩
- ឯកអគ្គរដ្ឋទូតរុស្ស៊ីអះអាងពីកិច្ចសហការ ដើម្បីសិក្សាពីការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្ពុជា