សមាជិកសភា និងព្រឹទ្ធសភាអាមេរិកស្នើឲ្យរដ្ឋមន្ត្រីការបរទេសចាត់វិធានការបន្ថែមលើរដ្ឋាភិបាលកម្ពុជា

កម្ពុជា-សិទ្ធិមនុស្ស
18/11/2020 – 06:34
ដោយ៖ សឿង ភារៈ
RFI

ការតវ៉ាជុំវិញការស្នើឲ្យមានការដោះលែងលោក រ៉ុង ឈុន នាពេលកន្លងមក
ការតវ៉ាជុំវិញការស្នើឲ្យមានការដោះលែងលោក រ៉ុង ឈុន នាពេលកន្លងមក AP – Heng Sinith

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ សមាជិក​សភា​ និង​ព្រឹទ្ធសភា​អាមេរិក​៨​រូប​ តាម​រយៈ​លិខិត​មួយ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក ម៉ៃ ប៉ុមប៉េអូ​ ពិចារណា​ចាត់​វិធានការ​បន្ថែម​លើ​រដ្ឋាភិបាល​ និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​។ ជា​ការ​ស្នើ​បន្ទាប់​ពី​សមាជិក​សភា​ និង​ព្រឹទ្ធសភា​អាមេរិក​ មើល​ឃើញ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​បន្ត​បន្ទាប់​ លើ​សកម្មជន​នយោបាយ​ បរិស្ថាន​ រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ ក្នុង​ពេល​វិបត្តិ​កូវីដ១៩​នេះ។

តាមរយៈលិខិតចុះថ្ងៃទី១៦ ខែវិច្ឆិកា សមាជិកសភា និងព្រឹទ្ធសភាអាមេរិកទាំង៨រូប បានអំពាវនាវឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ដោះស្រាយនូវបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលកាន់តែយ៉ាប់យ៉ឺនទៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ២០១៧មក ស្ថានភាពនៅក្នុងប្រទេសកម្ពុជាកាន់តែអាក្រក់ទៅ។ មេដឹកនាំជំទាស់មួយចំនួន រួមនឹងអ្នករិះគន់រដ្ឋាភិបាល ត្រូវបានចោទប្រកាន់ដោយតុលាការ និងចាប់ខ្លួនជាបន្តបន្ទាប់ រហូតមកដល់ពេលវិបត្តិកូវីដ១៩បច្ចុប្បន្ននេះ។ នេះបើតាមលិខិតបីទំព័រ ផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលក្នុងនោះមានហត្ថលេខារបស់លោក Edward Markey, លោកស្រី Elizabeth Warren, លោកស្រី Dianne Feinstein, លោក Ted Yoho, លោកស្រី Lori Trahan, លោក Robert Casey, លោក Alan Lowenthal, និងលោក Seth Moulton។ អ្នកទាំង ៨ គឺជាសមាជិកសភា និងព្រឹទ្ធសភាអាមេរិក។

ក្នុងលិខិតដដែលនេះបញ្ជាក់ថា នៅខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានចាប់​ និងឃុំខ្លួន មនុស្សជាង៥៥នាក់ ដោយគ្រាន់តែពួកគេសម្តែងមតិ និងជួបជុំដោយសន្តិវិធី។ អ្នកទាំងនោះរួមមានសកម្មជនគណបក្សប្រឆាំង​, សកម្មជនបរិស្ថាន, យុវជន, អ្នកសារព័ត៌មាន, រួមទាំងមេដឹកនាំសហជីពលោក រ៉ុង ឈុនជាដើម។

តាមរយៈលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា សមាជិក សភា និងព្រឹទ្ធសភាអាមេរិកបានអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ផ្ញើសារទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាសកម្មភាព ដែលរដ្ឋាភិបាលកំពុងធ្វើគឺមិនអាចទទួលយកបាននោះទេ។

សមាជិក សភានិងព្រឹទ្ធសភាទាំង៨រូប ក៏បានស្នើឲ្យតំណាងពាណិជ្ជកម្មអាមេរិកធ្វើការពិនិត្យឡើងវិញជាបន្ទាន់លើការអនុគ្រោះពន្ធពិសេសសម្រាប់ប្រទេសកម្ពុជា។ ក្រៅពីនេះក៏បានអំពាវនាវ​ឲ្យរដ្ឋមន្ត្រីការបរទេសធ្វើការជាមួយរតនាគារជាតិដាក់ទណ្ឌកម្មបន្ថែម លើមន្ត្រីរដ្ឋាភិបាលកម្ពុជា តាមរយៈច្បាប់ Global Magitsky Act។​

លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃរាជ្យ​បណ្ឌិត​សភា​កម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៨ ខែវិច្ឆិកានេះ ថាលិខិតរបស់សមាជិកសភា និងព្រឹទ្ធសភាអាមេរិក នាពេលនេះ​ គឺជាលិខិតមួយ ដែលចេញពីតំបន់ ដែលមានសហគមន៍ខ្មែររស់នៅច្រើន ហើយលិខិតនេះ មិនទាន់ឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលអាមេរិកនោះទេ។

លោកបន្ថែមថាក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកមិនអាចយកអ្វី ដែលជាការអំពាវនាវរបស់សមាជិក សភា និងព្រឹទ្ធសភាអាមេរិកមកពីចារណាឡើយ ដោយសារការបោះឆ្នោតនៅសហរដ្ឋអាមេរិកមិនទាន់ដាច់ស្រាច់នៅឡើយ ពោលគឺសហរដ្ឋអាមេរិកកំពុងតែជាប់ដៃចំពោះបញ្ហាផ្ទៃក្នុងរបស់ខ្លួនច្រើន៕​

What Next?

Recent Articles

One Response to "សមាជិកសភា និងព្រឹទ្ធសភាអាមេរិកស្នើឲ្យរដ្ឋមន្ត្រីការបរទេសចាត់វិធានការបន្ថែមលើរដ្ឋាភិបាលកម្ពុជា"

  1. Anonymous says:

    I do not think HUN SEN can walk on air any more

Leave a Reply

Submit Comment