តារា​ចម្រៀង​ម្នាក់​រត់​ឆ្លងកាត់​២១​ខេត្ត​-​ក្រុង​ដើម្បី​កៀរគរ​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

ដោយ អាស៊ីសេរី
2020-11-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ពី​ការ​ស្ម័គ្រចិត្ត​របស់​តារា​ចម្រៀង​ដែល​ជា​ម្ចាស់​ស្នាដៃ​បទ​ថ្មី ឈ្មោះ សាយ រត់​ជុំវិញ​ប្រទេស​កម្ពុជា​រយៈពេល​៩៩​ថ្ងៃ ដើម្បី​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​សម្រាប់​ជួយ​ទ្រទ្រង់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀមរាប។

ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ពី​ការ​ស្ម័គ្រចិត្ត​របស់​តារា​ចម្រៀង​ដែល​ជា​ម្ចាស់​ស្នាដៃ​បទ​ថ្មី ឈ្មោះ សាយ រត់​ជុំវិញ​ប្រទេស​កម្ពុជា​រយៈពេល​៩៩​ថ្ងៃ ដើម្បី​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​សម្រាប់​ជួយ​ទ្រទ្រង់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀមរាប។

 រូប​ពី​ហ្វេសប៊ុក​ សាយ


តារា​ចម្រៀង​ដែល​ជា​ម្ចាស់​ស្នាដៃ​បទ​ថ្មី ឬ​អូរីជីណល​សង ​(Original Song) ​ម្នាក់ ស្ម័គ្រចិត្ត​រត់​ជុំវិញ​ប្រទេស​កម្ពុជា​រយៈពេល​៩៩​ថ្ងៃ ដើម្បី​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​សម្រាប់​ជួយ​ទ្រទ្រង់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​មន្ទីរពេទ្យ​ផ្ដល់​សេវា​ព្យាបាល​ដល់​កុមារ​ដោយ​មិន​គិត​ប្រាក់​។ តំណាង​មន្ទីរពេទ្យ​កុមារ​អង្គរ លើកឡើង​ថា កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​របស់​អ្នកចម្រៀង រូប​នេះ គឺជា​ការ​ចូលរួម​​​ចំណែក​ដ៏​សំខាន់​ជួយ​ដល់​មន្ទីរពេទ្យ​ដែល​កំពុង​ប្រឈមមុខ​ខ្វះ​ថវិកា​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩។

លោក អ៊ួន បឋម ហៅ​សាយ គឺជា​តារា​ចម្រៀង​អូរីជីណល​សង ​(Original Song)​ ម្នាក់ ដែល​បាន​ស្ម័គ្រចិត្ត​ចំណាយ​ធនធាន​ផ្ទាល់ខ្លួន និង​កម្លាំងកាយ​ចិត្ត​រត់​ជុំវិញ​ប្រទេស​កម្ពុជា​ដោយ​ឆ្លងកាត់​២១​ខេត្ត​-​ក្រុង​រយៈពេល​៩៩​ថ្ងៃ ក្រោម​កម្ដៅ​ថ្ងៃ និង​ភ្លៀង ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​។ កម្មវិធី​រត់​នេះ លោក​ដាក់​ឈ្មោះ​ថា រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​។

យុវជន សាយ ថ្លែងប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោក​បង្កើត​កម្មវិធី​នេះ​ក្នុង​ឱកាស​ខួប​អាយុ​៣០ឆ្នាំ របស់​លោក គឺ​ដោយសារ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ព្យាបាល​កុមារ​កម្ពុជា​ដោយ​មិន​យក​ប្រាក់​នោះ កំពុង​ប្រឈមមុខ​នឹង​កង្វះ​ថវិកា​ធ្ងន់ធ្ងរ ដោយសារ​ជំនួយ​ពី​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​។ ម្ចាស់​បទ​សារភាព​ស្នេហ៍​តាម​ខ្យល់​រូប​នេះ បញ្ជាក់​ថា កម្មវិធី​រត់​របស់​លោក​នេះ មាន​គោលដៅ​រៃអង្គាស​ថវិកា​ឲ្យ​បាន​១​ពាន់​លាន​រៀល ឬ​ស្មើនឹង​២៥​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​​​​​៖ «​ការ​ប្រារព្ធ​ខួប​កំណើ​របស់ខ្ញុំ​នេះ គឺ​ចង់​ធ្វើ​អ្វី​ដើម្បី​តបស្នង​សងគុណ​ដល់​ប្រទេសជាតិ​ដែល​ខ្ញុំ​បាន​រស់រាន​មានជីវិត​រស់នៅ​ប្រទេស​ខ្មែរ​យើង​រហូតដល់​អាយុ​៣០​ឆ្នាំ ហើយ​អ៊ីចឹ​ង​ទៅ​ខ្ញុំ​ចង់​ធ្វើ​កម្មវិធី​ជា​សប្បុរសធម៌​។ ខ្ញុំ​ជ្រើសរើស​ជួយ​ទៅកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយសារ​តែ​មាន​បងប្អូន​ខ្ញុំ​ដែល​នៅ​តាម​ស្រុក​តាម​ភូមិ​ឆ្ងាយៗ បាន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​កុមារ​អង្គ​រហើយ​ឃើញ​​​​​​​​​​​​​​​​​​​​ថា បានជា​សះស្បើយ​មែន ហើយ​មន្ទីរ​ពេទ្យ​នេះ អត់​បាន​​គិត​ប្រាក់កម្រៃ​ពី​បងប្អូន​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​កោតសរសើរ​ដល់​មន្ទីរ​ពេទ្យ​នេះ និង​ចង់​ជួយ​ដល់​មន្ទីរពេទ្យ ដោយសារ​ឃើញ​មួយ​រយៈ​នេះ មាន​កូវីដ ធ្វើ​ឲ្យ​ការ​រៃអង្គាស​ថវិកា​របស់​មន្ទីរ​ពេទ្យ​ពី​ក្រៅ​ប្រទេស​មាន​ការ​ធ្លាក់​ចុះ​»​។

សកម្មភាព​រត់​របស់​សាយ បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​​៦ ខែតុលា និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០២១​។ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា សាយ រត់​បាន​៤៦​ថ្ងៃ និង​បាន​ឆ្លងកាត់​ខេត្ត​ចំនួន​១១​រួចហើយ​។ សកម្មភាព​រត់​បាន​ផ្ដើម​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កំពង់ស្ពឺ និង​តាកែវ ចូល​ទៅ​ខេត្ត​កែប កំពត និង​ព្រះសីហនុ ហើយ​បត់​ទៅ​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និង​ព្រះវិហារ ហើយ​បន្ត​ទៅ​ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ក្រចេះ​។ បន្ទាប់មក លោក​នឹង​រត់​ឆ្ពោះ​ទៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និង​ចុងក្រោយ​ខេត្ត​កណ្តាល រួច​ចូល​ដល់​ក្រុងភ្នំពេញ​វិញ។

សាយ ឲ្យ​ដឹង​ថា ដំបូង​ឡើយ​កម្មវិធី​រត់​របស់​​​លោក​នេះ ហាក់​មិនសូវ​​​​មាន​ការចាប់អារម្មណ៍​ពី​សាធារណជន​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ ប៉ុន្តែ​បន្ទាប់ពី​លោក​បង្កើត​យុទ្ធនាការ​”​តោះ​លែង​ហ្គេម​១​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា​” នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ទើប​មានការ​ចាប់អារម្មណ៍ និង​ចូលរួម​បរិច្ចាគ​ថវិកា​ពី​សប្បុរសជន​ជាច្រើន​។​លោក អះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថវិកា បាន​កើន​ឡើង​ដល់​ជិត ៤០​ម៉ឺន​ដុល្លារ លើស​ពី​ការ​រំពឹង​ទុក​។ តារា​ចម្រៀង​រូប​នេះ បញ្ជាក់​ថា ថវិកា​ដែល​សប្បុរសជន​បរិច្ចាគ​ទាំងអស់ គឺ​បាន​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​របស់​មន្ទីរពេទ្យ​ផ្ទាល់​តែម្ដង ដោយ​លោក​មិន​ប៉ះពាល់​ថវិកា​ទាំងនោះ មួយ​កាក់​មួយ​សេន​ឡើយ​។​ចំពោះ​ការ​ចំណាយ​សម្រាប់​ហូបចុក និង​ការ​ស្នាក់នៅ​វិញ គឺ​លោក​ចំណាយ​ថវិកា​ដោយ​ខ្លួនឯង ឬ​ទទួល​បាន​ការឧបត្ថម្ភ​ពី​ម្ចាស់​ពី​ភោជនីយដ្ឋាន ឬ​ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន៖ «ការ​រៃអង្គាស​នេះ តាម​ការ​រំពឹង​ទុក​របស់​យើ​ថា​ចង់បាន​ត្រឹម​១​ពាន់​លាន​រៀល ឬ​ស្មើនឹង​២៥​ម៉ឺន​ដុល្លារ តែ​ឥឡូវនេះ យើង​រៃ​បាន​ជិត​៤០​ម៉ឺន​ដុល្លារ​ហើយ។ សម្រាប់​ឆ្នាំ ២០២០​នេះ មន្ទីរពេទ្យ​នៅ​ខ្វះ​កញ្ចប់​ថវិកា​៥០​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០២០ ដូច្នេះ​យើង​សង្ឃឹមថា នឹង​អាច​រក​បាន​បង្គ្រប់​៥០​ម៉ឺន ដើម្បី​ឲ្យ​ដំណើរ​ក្នុង​ឆ្នាំ​ដោយ​រលូត ហើយ​សង្ឃឹមថា នឹង​អាច​បរិច្ចាគ​បន្ថែម​ពីលើ​៥០​ម៉ឺន​នេះ​ទៀត ដើម្បី​ឲ្យ​សល់​លុយ​សម្រាប់​មន្ទីរពេទ្យ​ចំណាយ​ឆ្នាំ​ថ្មី​២០២១»។

នៅ​ក្នុង​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​នេះ គឺ​សាយ ដាក់​ផែន​ការ​រត់​តែម្នាក់​ឯង​នៅ​លើ​ដង​ផ្លូវ​ជាតិ ប៉ុន្តែ​នៅ​កន្លែង​ខ្លះ ក៏​មាន​ប្រជាពលរដ្ឋ ឬ​អ្នកគាំទ្រ​លោក​មួយ​ចំនួន បាន​ចូលរួម​រត់​ជាមួយ​លោក​ក្នុង​រយៈពេល​ខ្លី​ផង​ដែរ​។ ទោះ​យ៉ាងណា សាយ ត្អូញត្អែរ​ថា សកម្មភាព​រត់​របស់​លោក ជួប​ឧបសគ្គ​មួយ​ចំនួន​ដែរ ជាពិសេស​បញ្ហា​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ និង​បញ្ហា​អាកាសធាតុ​៖ «ឡាន​ធំៗ​ខ្លះ គាត់​មើល​យើង​អត់​ឃើញ ហើយ​ទោះបីជា​ពេលខ្លះ​ប៉ូលិស​ចរាចរណ៍ ជួយ​សម្រួល​លើ​ដង​ផ្លូវ​ហើយ​គាត់​នៅតែ​មិនសូវ​យោគយល់ ដែល​នេះ​គឺជា​ឧបសគ្គ​ទី​១ ហើយ​ទី​២​រឿង​អាកាសធាតុ​ដោយសារ​ខ្ញុំ​រត់​ចាប់ផ្ដើម​ពី​ខែ​១០​មក កង់​ខ្លះ​ខ្ញុំ​ត្រូវ​រត់​ទាំង​ភ្លៀង​ទាំង​ព្យុះ​ខ្លាំង​អ៊ីចឹ​ង​ទៅ​ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ដែរ​ដោយសារ​យើង​រត់​ជាប់​រហូត​គឺ​សុខភាព​យើង ក៏​រៀង​ទ្រុឌទ្រោម តែ​ដូច​មិន​អី​ដែរ នៅតែ​បន្ត​ទៅមុខ​រួច»។

សប្បុរសជន ដែល​ចង់​បរិច្ចាគ​ថវិកា​ក្នុង​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ អាច​ចូល​ទៅ​មើល​គេហទំព័រ​ហ្វេសប៊ុក​របស់​សាយ (Sai) ឬ​គេហទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ (Angkor hospital for children) ​ដើម្បី​ដឹង​អំពី​លេខ​គណនី​ធនាគារ​សម្រាប់​ផ្ញើ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ក្នុង​ខេត្ត​សៀមរាប លោក តុង ហាន ថ្លែង​កោត​សរសើ​ដល់​យុវជន សាយ ដែល​បាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន និង​កម្លាំងកាយ​ចិត្ត រត់​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ឲ្យ​បន្ត​បេសកកម្ម​ជួយសង្គ្រោះ​កុមារ​កម្ពុជា​បន្ត​ទៀត​។ លោក មើល​ឃើញ​ថា មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ស្តង់ដារ​ខ្ពស់​ក្នុង​ការ​ព្យាបាល​កុមារ ហើយ​ក្រុម​គ្រូពេទ្យ មាន​ក្រមសីលធម៌​ល្អ ខុស​ឆ្ងាយ​ពី​មន្ទីរពេទ្យ​មួយ​ចំនួន​របស់​រដ្ឋ។ លោក​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល ជួយ​ពង្រឹង​គុណភាព និង​សេវា​សុខាភិបាល​ទាំង​មន្ទីរពេទ្យ​ឯកជន និង​រដ្ឋ ព្រមទាំង​មណ្ឌល​សុខភាព​តាម​ភូមិ​-​ឃុំ ឲ្យ​ល្អ​ដូច​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឆ្ងាយៗ លំបាក​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នេះ៖ «​បើ​យើង​មាន​មណ្ឌល​សុខភាព​ដូចជា​ប្រទេស​ថៃ គឺ​យើង​ជឿជាក់​គ្រូពេទ្យ​គេ ព្រោះ​នៅ​ថៃ គេ​មិន​ចាំបាច់​ទៅ​មន្ទីរពេទ្យ​ធំ​ទេ គេ​ទៅ​ត្រឹម​តែ​មណ្ឌល​សុខភាព​ក៏បាន ដែរ លើកលែងតែ​ជំងឺ​វះកាត់​ធំៗ ។ សំណូមពរ បើ​អាច​ធ្វើ​បាន​រដ្ឋាភិបាល គួរតែ​ឲ្យ​មាន​គ្រូពេទ្យ​នៅ​តាម​​មណ្ឌល​សុខភាព​ហើយ​ផលិត​ធនធាន​គ្រូពេទ្យ​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​មាន​សីលធម៌ និង​វិជ្ជាជីវៈ​ល្អ»។

ជា​រៀងរាល់ថ្ងៃ​មន្ទីរពេទ្យ​កុមារ​អង្គរ មិន​ត្រឹមតែ​ជួយ​ពិនិត្យ​និង​ព្យាបាល​កុមារ​នៅ​ក្នុង​ខេត្ត​សៀមរាប​ប៉ុណ្ណោះ​ទេ គឺ​មន្ទីរពេទ្យ​នេះ ក៏​ទទួល​ព្យាបាល​កុមារ​មកពី​ខេត្ត​ជាច្រើន​ទៀត​ជាពិសេស​បណ្ដា​ខេត្ត​នៅ​ជុំវិញ​ដូចជា​ខេត្ត​កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង​ជាដើម​។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី ស៊ិនកេត អរុណ មាន​ប្រសាសន៍​ថា អ្នកចម្រៀង សាយ ពិតជា​រត់​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ កុមារ​អង្គរ ហើយ​មន្ទីរពេទ្យ និង​អាណាព្យាបាល​កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល ពិតជា​ស្ងើចសរសើរ​ចំពោះ​ទឹកចិត្ត​សប្បុរស​និង​សេចក្តី​ក្លាហាន​របស់​យុវជន​រូប​នេះ​។ អ្នកស្រី​បន្ត​ថា សាយ មិន​ត្រឹមតែ​មានគុណ​បំណាច់​ជួយ​ដល់​មន្ទីរពេទ្យ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​គំរូ​ល្អ​ដល់​យុវជន​ដទៃ​ទៀត​ផង​ដែរ​។ អ្នកស្រី ស៊ិនកេត អរុណ បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ កំពុង​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ថវិកា ដោយសារតែ​មូលនិធិ​ពី​ក្រៅ​ប្រទេស ដែល​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ៖ «​អំពាវនាវ​ដល់​បងប្អូន​សប្បុរសជន​ទាំងអស់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សូម​បន្ត​ជួយ​ផ្តល់​ការ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​មាន​ទីតាំង​ក្នុង​ខេត្ត​សៀមរាប ព្រោះ​យើង​ត្រូវការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត អត់​ឈប់​ទេ ហើយ​យើង​ក៏​មិន​អាច​ទុក​កុមារ​ណា​ម្នាក់​ចោល​បាន​ដែរ ដូច្នេះ​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន លុះត្រាតែ​មានការ​ឧបត្ថម្ភ គាំទ្រ​។ ទោះបីជា​១​ដុល្លារ ឬ​ច្រើនជាង​នេះ ក៏​មាន​អត្ថប្រយោជន៍ និង​មាន​អត្ថន័យ​ណាស់​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ»។

​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​មាន​ស្ថាបនិក​ជា​ជនជាតិ​ជប៉ុន គឺ​លោក ខេនរ៉ូ អីហ្ស៊ូ (Kenro Isu) ត្រូវ​បាន​ដំណើរ​ការ​ចាប់​តាំងពី​ឆ្នាំ​១៩៩៩ ហើយ​ទទួល​ព្យាបាល​ជំងឺ​កុមារ​អាយុ​ក្រោម​១៦​ឆ្នាំ ដោយ​ឥតគិតថ្លៃ​។ ជា​រៀងរាល់​ឆ្នាំ​មន្ទីរពេទ្យ​នេះ ត្រូវ​ចំណាយ​យ៉ាងហោចណាស់ ៦លាន ៥​សែន​ដុល្លារ​អាមេរិក​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រតិបត្តិការ​មន្ទីរពេទ្យ​ទាំងមូល។

អ្នកស្រី ស៊ិនកេត អរុណ ឲ្យ​ដឹង​ថា ជា​មធ្យម ក្នុង​មួយថ្ងៃ មាន​កុមារ​ជាង​៤០០​នាក់ បាន​ចូល​ទៅ​ព្យាបាល និង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ហើយ​កុមារ​ភាគច្រើន​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម រាគ​រូស កង្វះ​អាហារូបត្ថម្ភ និង​ជំងឺគ្រុនឈាម​ជាដើម​។ ទោះជា​យ៉ាងណា មន្ទីរពេទ្យ​កុមារ​អង្គរ ក៏​មាន​ឯកទេស​ព្យាបាល​ទារក​អាយុ​ក្រោម​១​ខែ និង​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​រាំ​រ៉ៃ ដូចជា​ជំងឺ​មហារីក​បាត​ភ្នែក មហារីក​គ្រាប់​ឈាម ជំងឺ​តម្រង់​នោម ជំងឺ​បេះដូង និង​ជំងឺ​ប្រព័ន្ធ​ប្រសាទ។ លើស​ពី​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ក៏​មាន​សេវា​ថែទាំ ព្យាបាល និង​វេះ​កាត់​បញ្ហា​ភ្នែក និង​មាត់​ធ្មេញ​ហើយក៏​ជា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វេជ្ជសាស្ត្រ​របស់​សិស្ស និស្សិត និង​មន្ត្រី សុខាភិបាល​ផ្សេងទៀត​ផង​ដែរ។

ងាក​មក​តារា​ចម្រៀង សាយ វិញ គឺ​លោក នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស បន្ត​ចូលរួម​បរិច្ចាគ​ថវិកា ទោះ​តិច​ក្តី ច្រើន​ក្តី ឬ​បន្ត​លែង​ហ្គេម​’’១​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា​” ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​មន្ទីរ​កុមារ​អង្គរ ឲ្យ​បន្ត​បេសកកម្ម​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​គ្រប់រូប​បន្ត​ទៀត ព្រោះ​ម្នាក់ៗ​ជៀស​មិន​ផុត​ពី​មាន​សាច់ញាតិ ឬ​កូនក្មួយ​ឈឺ​នោះ​ទេ ហើយ ក៏​មិន​អាច​ចេញទៅ​ក្រៅ​ប្រទេស ដើម្បី​ព្យាបាល​ជំងឺ​នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment