តុលាការ​ក្រុង​ភ្នំពេញ​កំពុង​សាក​សួរ​ជនជាតិ​ចិន​២​នាក់​ ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​ ចំនួន​​១​ គីឡូក្រាម

ហេង រស្មី
2020-11-20
RFA

តុលាការ​ក្រុង​ភ្នំពេញ​ កំពុង​សាក​សួរ​ជនជាតិ​ចិន​​ពីរ​នាក់​ ក្រោយ​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ កន្លង​ទៅ​នៅ​ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ ពី​បទ​ជួញ​ដូរ​ថ្នាំ​ ញៀន​ចំនួន​១​គីឡូក្រាម។​

អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក​ គុជ គឹមឡុង​ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២០​ វិច្ឆិកា​ថា​ សំណុំ​រឿង​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នេះ​កំពុង​ស្ថិត​​ក្នុង​ដៃ​ចៅ​ក្រម​ស៊ើប​អង្កេត​នៅ​ឡើយ​។ ​នៅ​ថ្ងៃ​ទី​២១​នេះ​ តុលាការ​នឹង​សម្រេច​បន្ត​នីតិវិធី​ទៀត។​

គេហទំព័រ​ របស់​អគ្គស្នងការ​ នគរ​បាល​ជាតិ​ ឱ្យ​ដឹង​ថា​ ជនជាតិ​ចិន​ទាំង​ពីរ​នាក់​មាន​អាយុ​២៦​ ឆ្នាំ​​ រហូត​ដល់​៣២ ឆ្នាំ​ ត្រូវ​​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន​ បាន​ភ្លាមៗ​ បន្ទាប់​ពី​ជន​សង្ស័យ​បាន​យក​ថ្នាំ​ញៀន​ចំនួន​ ជាង​១​ គីឡូក្រាម​(១,០៦៦គក្រ)​​ ប្រភេទ​មេតំហ្វេតាមីន ដាក់​នៅ​ក្នុង​ថង់​ប្លាស្ទិក​ មួយ​ យក​មក​លក់​​នៅ​ក្នុង​សង្កាត់​ទន្លេ​ បាសាក់​ ខណ្ឌ​ចំការមន។

​​​​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ឲ្យ​ដឹងថា​ នៅក្នុង​ឆមាសទី១ ​ឆ្នាំ​២០២០ ​នេះ​ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​​ចំនួន​ជាង ​៥​ពាន់​ករណី (​៥៤៦៣​ករណី)​ គឺ​កើន​ឡើង​​ចំនួន​ជាង​ ១​ពាន់​ករណី (១២៨៨​ករណី)​ ស្មើ​នឹង​ជាង​ ៣០​ភាគរយ ​(៣០,៨ភាគរយ)​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment