លោក កាំង ម៉ូនីកា៖ កម្ពុជាទទួលបានប្រយោជន៍ពីការអនុគ្រោះពន្ធរបស់អង់គ្លេសស្មើគ្នានឹង EBA ដែរ

កម្ពុជា-សង្គម
20/11/2020 – 08:20
ដោយ៖ អោ ស្រីពេជ្រ
RFI

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង)
ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង) @Internet

តាម​គម្រោង​កម្ពុជា​នឹង​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (​G​S​P​) ​របស់​ប្រទេស​អង់គ្លេស​ ​នៅដើម​ឆ្នាំ​២​០​២​១​ខាងមុខនេះ​។​ ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (​G​S​P​)​ នេះ​ ​កម្ពុជា​នឹង​ទាញ​យក​នូវ​អត្ថប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ ​ដូចគ្នានឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​សេរី​ (​E​B​A​)​ ដែរ​ ​។​ ​ប៉ុន្តែ​ច្រើនលើស​លុប​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​G​S​P​ ​របស់​អាមេរិក​ទៅទៀត​។​ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ ​កាំ​ង​ ម៉ូ​នី​កា​ ​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២​០​វិច្ឆិកា​នេះ​។

តាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នៅថ្ងៃទី​១៩​ខែវិច្ឆិកា ម្សិលមិញ អះអាងថា ការទទួលបានការអនុគ្រោះ​ GSP ពីអង់គ្លេសនេះ ក្រោយពី​​អង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបនៅចុងឆ្នាំ២០២០នេះ។  ហើយមែនទែនទៅអង់គ្លេសគឺជាទីផ្សារធំជាងគេនៅក្នុងសហភាពអ៊ឺរ៉ុប ដែលមានទំហំពាណិជ្ជកម្មសរុបចន្លោះពី២៥ទៅ៣០ភាគរយនៃការនាំចេញទំនិញសរុបទៅកាន់សហភាពអ៊ឺរ៉ុប។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ប្រព័ន្ធអនុគ្រោះទូទៅ  (GSP) របស់អង់គ្លេស ដែលនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២១នេះ គឺមានលក្ខណៈល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា ដូចគ្នានឹងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម (EBA) ដែរ។

គួរជម្រាបជូនថា កាលពីខែសីហា ឆ្នាំ២០២០ សហភាពអ៊ឺរ៉ុបបានសម្រេចព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដែលប៉ះពាល់លើទំនិញ៤០មុខ រួមមានផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្លៀកបំពាក់ធ្វើដំណើរ និងស្ករសជាដើមពីកម្ពុជា នាំចូលទៅសហភាពអ៊ឺរ៉ុប ក្រោមហេតុផលថា កម្ពុជារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ។ 

ជំនួសមកវិញ តាមរយៈ​ប្រព័ន្ធ​ GSP របស់អង់គ្លេសនេះ​ កម្ពុជា​នឹង​ទទួលបានការ​នាំចេញទំនិញ​​​​ទាំងអស់​ដោយមិនជាប់ពន្ធ​​ និងមិនជាប់​ការកំរិតកូតា​​ ទៅកាន់ប្រទេសអង់គ្លេស​ ​ លើកលែងតែ​អាវុធ និងគ្រឿងផ្ទុះ​​។ បច្ចុប្បន្ន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្រសួងពាណិជ្ជកម្ម និងអង់គ្លេស កំពុងពិនិត្យមើលនូវនិតិវិធីរដ្ឋបាល ដូចជាការបញ្ជាក់ប្រភពដើមកំណើតទំនិញ និង​ការបរិច្ឆេទចូលជាធរមាននៃការអនុវត្តក្នុងការទទួលបាននូវប្រព័ន្ធ GSP របស់អង់គ្លេសមួយនេះ។

បន្ថែមលើនេះលោក កាំង ម៉ូនីកា គូសបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មឬGSP ពីអង់គ្លេសនេះ គឺមានវិសាលភាពគ្របដណ្តប់លើទំនិញនាំចេញរបស់កម្ពុជា​​ធំជាង​GSP ដែលកម្ពុជាទទួលបានពីអាមេរិក នាពេលកន្លងមកនេះ។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេភាគីកម្ពុជានិង អង់គ្លេសគិតក្នុងទំហំទឹកប្រាក់ប្រមាណ ១,០៥ ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញ​របស់កម្ពុជាទៅអង់គ្លេសគិតជាទឹកប្រាក់​ប្រមាណជា​ង​ ៩៧៨ លានដុល្លារ ដែលភាគច្រើនជា កង់ សម្លៀកបំពាក់ និងស្បែកជើង។

ក្នុងឆ្នាំដដែលនេះ ក្រោមការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) នេះ ដោយមិនបង់ពន្ធគយនូវទំនិញជាង ៥ ពាន់មុខ កម្ពុជាបាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកដែលគិតក្នុងទំហំទឹកប្រាក់ប្រមាណជា ៥,៦ពាន់លានដុល្លារ ខណៈការនាំចូលទំនិញមក​កម្ពុជាមានប្រមាណជា ៥០០លានដុល្លារ  នេះបើស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា៕

What Next?

Recent Articles

Leave a Reply

Submit Comment