វៀត​ណាម​ថា​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ| ២០ វិច្ឆិកា ២០២០ |ម៉ោង ១៨:១០
VOD

លោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម(ស្តាំ) និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ជួបគ្នានៅវិមានសន្តិភាពក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋវៀតណាម(ស្តាំ) និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ជួបគ្នានៅវិមានសន្តិភាពក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)


មន្រ្តីក្រសួងការបរទេសវៀតណាម បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិង​វៀតណាម នៅតែល្អូកល្អិនរវាងគ្នានឹងគ្នា​ ហើយបានច្រានចោលការចុះផ្សាយទាំងឡាយណាដែលថា ទំនាក់​ទំនងរវាងប្រទេស​ទាំងពីរមានផលប៉ះពាល់ដោយសារតែកម្ពុជា​ងាកទៅជិតស្និទ្ធជាមួយ​​ចិន។​

សារព័ត៌មាន Viet Nam News បានចុះផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី​ Lê Thị Thu Hằng បានថ្លែងក្នុងសន្និសីទសារព័ត៌មាន​កាលពីម្សិលមិញថា ​វៀតណាម​តែងតែការពារ ថែទាំ ក៏ដូចជាផ្តល់អាទិភាពខ្ពស់​​នូវមិត្តភាពជាប្រពៃណី និងជាអ្នកជិតខាង​ជាមួយកម្ពុជា ហើយប្រាថ្នាឱ្យទំនាក់ទំនងទ្វេភាគីនេះកាន់តែមាននិរន្តរភាពនិងគ្រប់ជ្រុងជ្រោយ ដើម្បី​ជាប្រយោជន៍សម្រាប់ប្រជាជន​នៃប្រទេសទាំងពីរ។

អ្នកស្រីបានបញ្ជាក់ក្នុងសន្និសីទដដែលនោះថា ​រយៈពេលថ្មីៗនេះ ទំនាក់ទំនងវៀតណាមជាមួយកម្ពុជា ក៏កាន់តែមានភាពរីកចម្រើន​ជាវិជ្ជមានលើគ្រប់វិស័យ។ អ្នកស្រីបាន​រំឭកកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីវៀតណាម លោក Nguyễn Phú Trọng បានដឹកនាំគណៈប្រតិ​ភូ​ជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយ​កាលពីខែធ្នូ ឆ្នាំ២០១៨ និងខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានដឹកនាំមន្រ្តីរបស់ខ្លួនទៅ​ធ្វើទស្សនកិច្ចនៅវៀតណាមផងដែរ។

អ្នកស្រីបានបន្ថែមថា ​ក្រៅពីនេះ ​មេដឹកនាំប្រទេសទាំងពីរ ក៏បានជជែកគ្នាពី​ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងការ​រក្សាការដោះដូរទំនិញ ​ក៏ដូចជាសកម្មភាព​ពាណិជ្ជកម្ម​តាមព្រំដែនផងដែរ។

វីអូឌី ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង បានទេ នៅថ្ងៃសុក្រនេះ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត យល់ស្របចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Lê Thị Thu Hằng។ លោកថា ចំណង​មិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជា-វៀតណាម មានតាំងពីយូរណាស់មកហើយ និងនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន ចំណងមិត្តភាពរវាងកម្ពុជាវៀតណាមនៅតែបន្តដោយមិនអាចបាត់ភាគីណាមួយឡើយ។

លោកបន្ថែមថា៖ «មិនអាចបាត់មួយមានមួយបានទេ យើងមិនអាចលើកទឹកដីវៀតណាមឬទឹកដីកម្ពុជាឱ្យ​ឆ្ងាយពីគ្នាបានទេ។ នេះជាកត្តាសត្យានុម័តដែលរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា មាននយោបាយកសាងមិត្តភាព សាមគ្គីភាពជាមួយប្រទេសជិតខាង ដែលមិនមែនតែជាមួយ​ប្រទេសវៀតណាមទេ គឺមានប្រទេសឡាវ ថៃ គឺយើងមានគោលនយោបាយការបរទេស​ត្រឹមត្រូវល្អ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋជាមួយប្រទេសជិតខាង»។

អ្នកនាំពាក្យរូបនេះបន្តថា ការដែលលើកឡើងថា ទំនាក់ទំនងវៀតណាម-កម្ពុជាមានផលប៉ះពាល់ ដោយសារតែកម្ពុជាងាកទៅជិតស្និទ្ធជាមួយចិននោះ គឺជាល្បិច​កលរបស់ក្រុមប្រឆាំងដែលលោកថា តែងតែបំបែកបំបាក់សាមគ្គី​​ភាពកម្ពុជាវៀតណាមតែប៉ុណ្ណោះ។

សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត និង​កិច្ចការ​ពិភពលោក​នៃ​សាកល​វិទ្យាល័យ Occidental នៅ​សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល បានលើកឡើងថា ​កម្ពុជាប្រហែល​ជាអាចខិតជិតចិន​ជាង​មែន ដោយលោកបានលើកឡើងពីបញ្ហាសមុទ្រចិនខាងត្បូងថា កម្ពុជាហាក់នៅខាង​ចិនជាជាងវៀតណាម។

​​ទោះជាយ៉ាងណា លោកថា ប្រទេស​​វៀតណាមមិនរិះគន់​ជាសាធារណៈដែរ ហើយទាំងវៀតណាមនិងកម្ពុជា ក៏មិនបែរខ្នងដាក់គ្នា និងនិយាយមិនល្អពីគ្នាដែរ។​ លោកបន្តថា​ វៀតណាមនឹងជជែក​ជាលក្ខណៈឯកជនជាមួយកម្ពុជា ហើយលោកថា​ ការប្រើប្រាស់បណ្តាញសង្គមឬសេចក្តីប្រកាសព័ត៌មានដោយបង្ហោះលើអ៊ិនធឺណិត មិនមែនជាមធ្យោបាយការទូតល្អនោះទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "វៀត​ណាម​ថា​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​"

  1. Anonymous says:

    Veitcong boss and veitcong dogs will go to hell soon’

Leave a Reply

Submit Comment