សហជីព៖ កម្ពុជា អាច​ពិបាក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អង់គ្លេស​ដោយសារ​រឿង​សិទ្ធិមនុស្ស

សេដ្ឋកិច្ច
20 វិច្ឆិកា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ ទង់ជាតិ​អង់គ្លេស ដោត​នៅ​មុខ​ការិយាល័យ​នាយក​រដ្ឋមន្រ្តី Downing Street ក្នុង​ទីក្រុងឡុងដ៍​នៃ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ទង់ជាតិ​អង់គ្លេស ដោត​នៅ​មុខ​ការិយាល័យ​នាយក​រដ្ឋមន្រ្តី Downing Street ក្នុង​ទីក្រុងឡុងដ៍​នៃ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ភ្នំពេញ —  ក្រុម​មេដឹកនាំ​សហជីព​នៅ​កម្ពុជាលើក​ឡើង​ថា ​ពួកគេ​មិន​សង្ឃឹម​ខ្លាំង​នោះ​ទេ ​ទៅលើ​ទីផ្សារ​របស់​ចក្រភព​អង់គ្លេស ក្នុង​ការប៉ះប៉ូវ​ការ​ខូចខាត​ផល​ចំណេញ​របស់​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ ដែល​បានបាត់​បង់មួយ​ផ្នែក​នៃ​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប ​ចាប់​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០២០។

ការ​លើក​ឡើង​នេះ​ ខណៈ​ចក្រភព​អង់គ្លេស​ដែល​ចាក​ចេញពី​សហភាព​អឺរ៉ុប ត្រូវ​ការ​ពេល​វេលា​ច្រើន ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ និងបញ្ហារនាំង​ពន្ធគយ​នានា ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ឬ​ហៅថា​ GMAC ​បាន​ចង្អុល​បង្ហាញ​សមាជិក​ខ្លួន​ ឲ្យងាក​ទៅ​ទាញ​ប្រយោជន៍​ពីសក្តានុពល​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូ​ទៅ​ (GSP) របស់​ចក្រភព​អង់​គ្លេស​ ដែល​កំពុង​ស្ថិត​ក្នុងអន្តរកាល​នៃការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​។ បើ​តាម GMAC ​ដំណាក់​កាល​អន្តរ​កាល​នៃ ​Brexit ​ឬការ​ចាកចេញពី​សហភាព​អឺរ៉ុប​នេះ ​នឹង​ត្រូវ​បញ្ចប់​នៅចុង​ឆ្នាំ​២០២០​នេះ។

លោក ​អាត់ ធន់​ ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា​ លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​របស់​ចក្រ​ភព​អង់​គ្លេស​ គឺមិន​ខុសគ្នា​ប៉ុន្មាន​ពីលក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​នោះ​ទេ។​ ក៏ប៉ុន្តែ​លោក​ថា​ រហូត​មក​ដល់​ពេល​នេះ​ គេមិន​ទាន់​ប្រាកដ​ថា​ចក្រភព​អង់គ្លេស​ ​នឹង​ត្រូវផ្តោត​លើ​កិច្ចការ​អ្វី​ជាអាទិភាព ​គ្រា​ដែល​ប្រទេស​នេះ ​ក៏កំពុង​សើរើ​កិច្ចព្រមព្រៀង​ផ្សេង​ៗ​ ដែលខ្លួន​បាន​ធ្វើ​ជាមួយ​សហភាព​អឺរ៉ុប​ ក្នុង​នោះ​មាន​ទាំង​បញ្ហា​ពាណិជ្ជ​កម្មផង​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ ​«ការ​រៀបចំ​ទំនាក់​ទំនង​ជាមួយ​នឹង ​EU [សហភាព​អឺរ៉ុប] មក UK [ចក្រភព​អង់គ្លេស]​ វិញ​ហ្នឹង​។ បើតាម​យើង​ដឹងហ្នឹង គឺ​ថាស្មុគស្មាញ​មែន​ទែន​ ព្រោះ​ផ្នែក​ខ្លះ​គេយក​ពន្ធ ផ្អែកខ្លះ​ត្រូវ​អត់​យក​ពន្ធ​ ផ្នែក​ខ្លះ​ត្រូវ​អនុញ្ញាត​ឲ្យចូល​ ខ្លះ​មិន​អនុញ្ញាត​ឲ្យ​ចូល​ ហើយ​ផ្នែក​ខ្លះគោល​ការណ៍​ នៅ​ក្នុង EU ត្រូវ​ដក​ចេញ​ទាំង​អស់​ហ្នឹង​ ហើយគេចាប់​ផ្តើមគិត​ឡើង​វិញ​ បើយើង​និយាយ​ទៅ​បច្ចេកទេស​នៅ​ក្នុង UK ​ខ្លួន​ឯង​ប្រហែលជា​ត្រូវ​ការ​ពេលវេលាច្រើន​ណាស់​»

មេដឹកនាំ​សហជីពរូបនោះ​ បាន​ព្យាករ​ណ៍ថា​ វា​នឹង​មិន​មែន​ជាការ​ងាយ​ស្រួល​សម្រាប់​កម្ពុជា​ ដើម្បី​ចរចា​សុំ​ការ​នាំ​ទំនិញ​ដោយ​រួច​ពន្ធ ​ចូល​ទៅ​ទីផ្សារ​ចក្រភព​អង់គ្លេសនោះ​ទេ​ ដោយសារអង់គ្លេស​នឹង​មិន​បោះបង់​ចោល​លក្ខខណ្ឌ​ពាក់​ព័ន្ធនឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នោះ​ដែរ។

លោក​បន្ថែម​ថា៖​ «នៅពេល​ដែល​យើង​ចុះ​កិច្ច​ព្រម​ព្រៀង ​GSP​ នៅ ​UK ជាពិសេស​ប្រទេស​លោក​ខាង​លិច​ គេ​តែង​តែ​មាន​លក្ខ​ខណ្ឌ​ហើយ​។ បើមិន​ប្តូរ​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​ អាច​នឹង​មាន​លក្ខខណ្ឌ​អី​ ឲ្យ​គោរព​អី​ សិទ្ធិមនុស្ស​ ឬក៏​ប្រជា​ធិប​តេយ្យ​ ខ្ញុំគិត​ថាមិន​ខុស​គ្នា​ពីអាមេរិក​ និង​សហគមន៍​អឺរ៉ុប​ទេ​។ ហើយ​មិន​ដឹង​ថា UK ហ្នឹង​ឲ្យ​ពន្ធ​ free [មិន​យក​ពន្ធ] ដូច EBA [ប្រព័ន្ធ​អនុគ្រោះពន្ធ​គ្រប់​មុខ​ទំនិញ​ លើក​លែង​សព្វាវុធ] ​ឬក៏​អត់​ទេ បើ​ឲ្យ​ពន្ធ​free វាចំណេញ​ ព្រោះ​ឥឡូវ EU​ គេយក​២០​ភាគរយ​នៃ​ពន្ធ នៃ​មុខ​ទំនិញ​មួយ​ចំនួន​ហើយ​»។​

លោក​លើកឡើង​ទៀត​ថា​ បើតាម​បទពិសោធន៍​នៃការ​ចុះកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​កន្លងមក​ កម្ពុជា​អាចត្រូវ​ការ​ពេល​ជាង​មួយ​ឆ្នាំ​ ដើម្បី​ចរចាសុំ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP ​ររបស់​ចក្រ​ភព​អង់គ្លេស។

បើតាម​ការ​ពន្យល់​របស់ ​GMAC ​ប្រព័ន្ធ​ GSP​ របស់​អង់គ្លេស​នេះ​ ដំបូង​នឹង​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​ប្រទេស​នានា​ដូចGSPរបស់​សហភាព​អឺរ៉ុប​ ដែល​ផ្តល់​ឲ្យកម្ពុជា ​តាម​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ EBA។

GMAC ​ប្រាប់​សមាជិក​ខ្លួន​ក្នុង​សេចក្តី​ណែ​នាំមួយ​ចុះ​ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា​ថា៖​ «កម្ពុជា​ ដែល​ត្រូវ​បាន​ចាត់​ថា្នក់​ដោយ​អង្គការ​សហប្រជាជាតិ​ថា ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត ​គឺ​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍន៍តិចតួច​បំផុត​។ ហេតុដូច្នេះ​ កម្ពុជា​នឹង​ទទួលបាន​ការ​នាំចេញ​ដោយ​មិន​ជាប់ពន្ធ​ និង​មិន​ជាប់​ការកម្រិតកូតាទៅកាន់​ប្រទេស​អង់​គ្លេស​ សម្រាប់​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ ​និង​គ្រឿង​ផ្ទុះ»

លោក ​ខេន លូ អគ្គលេខាធិការ​របស់ GMAC មាន​ប្រសាសន៍ថា​ចក្រភព​អង់គ្លេស​ គឺ​ជាទីផ្សារ​សំខាន់មួយ​ដែល​មាន​ចំណែកប្រមាណ​១២​ភាគរយ​នៃ​ទីផ្សារ​របស់សហភាព​អឺរ៉ុប​ទាំងមូល ដូច្នេះ​លោក​ថា​ការ​សិក្សា​បន្ថែម ​នឹង​ត្រូវធ្វើ​ឡើង​ជា​មួយ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ ​«ព័ត៌មាន​លម្អិត​ មាន​ន័យថា ត្រូវការ​ឯកសារ​អីខ្លះ​ ត្រូវការ​អី​ជា​ភស្តុតាង​ ​យើង​អត់​ទាន់​ដឹង​ច្បាស់​ទេ​។ អ៊ីចឹង​យើង​បាន​សរសេរ​ច្បាស់​ហើយ​ថា ​ចាំយើង​ពិភាក្សា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​ជាមួយ​ទូត​អង់គ្លេស​នៅ​ប្រទេស​កម្ពុជា​ ហើយ​ពេល​ក្រោយ​ ដែល​យើង​មាន​ព័ត៌មានច្បាស់​លាស់​ ចាំយើង​ផ្សព្វផ្សាយ​ឲ្យសមាជិក​បាន(ដឹង)​តទៅ​ទៀត»

​ឆ្លើយតប​ទៅនឹង​សំណួរ​ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិមនុស្ស​នោះ​ លោក ​ខេន លូ ​និយាយ​ថាខាង​ភាគី​អង់គ្លេស​ នឹង​ពិចារណា​ថា​ខ្លួន​នឹងដាក់​លក្ខខណ្ឌ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ​ឬយ៉ាង​ណា។​ ក៏ប៉ុន្តែ​លោកអះអាងថា អង់គ្លេស​បាន​ប្រកាស​រួចហើយ​ថា​កម្ពុជា​ គឺស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​អាច​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

លោក​បញ្ជាក់​ថា៖ «ចាប់​ពី​ឆ្នាំ​២០២១​ គាត់​បែក​ចេញ​ពី​ EU មិន​អ៊ីចឹង? ​ហើយ​គាត់​បែក​ចេញ ​ហើយ​ដំបូង​យើង​អាច​ច្បាស់​លាស់​ទេ​ថា​គាត់​ធ្វើ​តាម​ EU​ ឬក៏គាត់​មាន​ប្រសាសន៍​ខ្លួនឯង​។ អ៊ីចឹង​ឥឡូវ​គាត់​ចេញ​សេចក្តី​ជូន​ដំណឹង​ថា​ មាន​ប្រសាសន៍ថា​ គាត់ផ្តល់​អនុគ្រោះ​រួចពន្ធ​អីវ៉ាន់​ទាំង​អស់​។ អីវ៉ាន់​ទាំង​អស់​ឲ្យ​ស្រុក​ខ្មែរ​ អាហ្នឹង​ជាព័ត៌មានល្អដែរ»។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក ​ស៊ាង ថៃ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ទេ​នៅថ្ងៃ​សុក្រនេះ។ ចំណែក​ស្ថានទូត​អង់​គ្លេស​នៅ​ទីក្រុង​ភ្នំពេញ​ ក៏​មិន​ទាន់​ឆ្លើយ​តប​សំណួរ​ដែលបាន​ផ្ញើ​តាម​សារ​អ៊ីម៉េលផងដែរ​។

រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
រូបឯកសារ៖ កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

រដ្ឋាភិបាល​ចក្រភព​អង់​គ្លេស ​បាន ​ប្រកាស​ឈ្មោះ​ប្រទេស​ ដែល​មាន​ការអភិវឌ្ឍ​តិចតួច​ និង​ដែល​សម្រិត​សម្រាំង ​ដោយ​អង្គការ​សហប្រជាជាតិ ​ដើម្បី​ស្នើសុំ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​ខ្លួន​ ចាប់ពី​ថ្ងៃទី​១ ​ខែមករា ​ឆ្នាំ​២០២១។ ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​របស់​ចក្រភព​អង់គ្លេស​នេះ​ នឹង​ផ្តួចផ្តើម​ឲ្យមាន​ការ​ផ្តល់ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ ដូច​នឹង​ប្រទេស​ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។ នេះ​បើតាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស។ ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធEBA ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​បំផុត​ ដែល​គោរព​ស្តង់ដារ​អន្តរជាតិ​សម្រាប់​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

កាល​ពី​ខែ​សីហា​ សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA មួយ​ផ្នែក​ គឺ​២០%​ពី​កម្ពុជា​ ​ដោយ​សាររក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ជាដើម។

លោក ​មឿន តុលា​ ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់ត្រាល់ យល់​ថា​វា​ជា​ការណ៍ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ប្រសិនបើ​អង់គ្លេស​ព្រមផ្តល់​ការ​អនុគ្រោះពន្ធ​ ដូច​អ្វីដែល​កម្ពុជា​បាន​ទទួល​ក្រោម​កម្មវិធីឋានៈ​អនុគ្រោះ​ពន្ធ​ EBA។

ទោះ​យ៉ាង​ណា ​លោក​ថា​កម្ពុជា​នឹង​ពិបាក​យកចិត្ត​អ្នកទិញ​ទំនិញ​ដែល​ជា​ពលរដ្ឋ​អឺរ៉ុប ​ព្រោះ​ពលរដ្ឋ​អឺរ៉ុប​ភាគច្រើន​ផ្តល់​តម្លៃ​ខ្លាំង​លើការ​គោរពសិទ្ធិមនុស្ស​ ហើយ​ថា​អង់គ្លេស ​ក៏នឹង​មិន​រំលង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​សម្រាប់​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធរបស់​ខ្លួននោះដែរ​។

លោក​មាន​ប្រសាសន៍​ថា៖​ «ទាំង​ទីផ្សារ​អឺរ៉ុប​ ទីផ្សារ​អាមេរិក​ ហើយនិង​ទីផ្សារ​អង់​គ្លេសនេះ​ សុទ្ធតែ​ជា​ប្រទេស​ដែល​ប៉ូល​ប្រជាធិបតេយ្យ​។ អ៊ីចឹង​បើ​សិន​ជា​កម្ពុជា​យើង​ មិន​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ​ មិនងាក​មក​ការ​ស្តារ​ការ​គោរព​សិទ្ធិមនុស្ស​ ការ​គោរព​សិទ្ធិ​ការងារ​ទេ​ ខ្ញុំខ្លាច​តែ​ទីផ្សារទាំង​អឺរ៉ុប​ ហើយ​និង​ទីផ្សារ​ទៅ​អាមេរិក​ ក៏ដូច​ជា​ទីផ្សារ​អង់គ្លេស​ហ្នឹង​ កម្ពុជា​ពិបាកនឹងរក្សា។ អាហ្នឹង​គឹ​ជាចំណុច​ដែល​សំខាន់​»។ ​

មួយ​វិញ​ទៀត ​លោក​ មឿន តុលា ​លើក​ឡើង​ថា​ ពលរដ្ឋ​អឺរ៉ុប​ក៏នឹង​ពិចារណា​លើ​ការ​ចំណាយ​របស់ខ្លួន​ សម្រាប់​ទំនិញ​ប្រើ​ប្រាស់ នៅក្រោយ​វិបត្តិជំងឺ​ឆ្លង​កូវីដ១៩​ ដែល​ការណ៍​នេះ​ អាច​ជាសម្ពាធ​មកលើទំនិញ​កាត់ដេរ​ពីប្រទេស​កម្ពុជា។

បើតាម​ទិន្នន័យ​របស់​ GMAC ​កម្ពុជា​បាននាំ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ​២០១៩​ ដោយ​ក្នុងនោះ​ មាន​ទំនិញ​ប្រមាណ​៤១ភាគរយ ​ត្រូវបាន​នាំទៅ​កាន់​សហភាព​អឺរ៉ុប​។ សម្រាប់​ចក្រភព​អង់គ្លេស​ ទំនិញ​ដែល​នាំចូ​លពីកម្ពុជា ​គឺប្រមាណ​១២% ​ឬស្មើនឹង​ទឹកប្រាក់​ប្រមាណ​១២០០លាន​ដុល្លារ​អាមេរិក៕

What Next?

Recent Articles

2 Responses to "សហជីព៖ កម្ពុជា អាច​ពិបាក​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អង់គ្លេស​ដោយសារ​រឿង​សិទ្ធិមនុស្ស"

  1. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    ***
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយបដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្សសង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីគេចវេសពីខាងផ្លូវច្បាប់ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហើយដែលត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហើយដែលការចាកចេញពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត
    ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យើងសុំធ្វើការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហកបោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ ម៉ឺនដុល្លារពេលណាឃុំសង្កាត់នោះបោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជារឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពីរឿងដែលកឹម សុខាបានប្រើពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិកដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយនៃការធ្វើបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡើយ ដែលនេះហើយដែលជាមូលហេតុ ដែលត្រូវរំលាយចោលគណ:បក្ស
    សង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួកប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួនជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ ម៉ឺនដុល្លារក្នុងមួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចលធ្វើវិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀននឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញជាប់មាត់ ។
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វើនយោបាយរយះពេល៥ឆ្នាំ ហើយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់
    ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ ម៉ឺនដុល្លារត្រូវបានដកចេញពីតំណែងផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់
    ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដើម្បីបង្កើតនូវចលនាឧទ្ទាមកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅ
    បង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលើរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡើងខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដើមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដើម្បីបង្កើតមូលដ្ឋានក្រុមភេរវករ ដើម្បីធ្វើសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែ
    សង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តើមឡើងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំង
    ការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡើង ដោយពួកជ្រកក្រោមស្លាកអង្គការ
    សិទ្ធិមនុស្សក៏បានងើបឡើងព្រមគ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វើចលនាកម្មករ ឲ្យងើបឡើងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វើសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលើ បានធ្វើយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងើបឡើងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    និយាយពីបញ្ហាEBA សកម្មភាពដើម្បីលុបបំបាត់ចោលនូវប្រព័ន្ធអនុគ្រោះពន្ធ ដែលស្តែងឡើងតាមមធ្យោបាយភូតកុហកបោកប្រាសពីរឿងសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សម រង្ស៊ី និងគូកនជំនឹតគឺរ៉ុង ឈុនវាកាន់តែបង្ហាញច្បាស់ថាក្រុមអង្គការសង្គមស៊ីវិលទទួលបន្ទុកខាងផ្នែកសិទ្ធិមនុស្ស ក្រុមសហជីព សមាគម បណ្តារអ្នកវិភាគសង្គមដែលលើកបណ្តុបឈ្មោះ ដោយប្រព័ន្ធផ្សព្វផ្សាយដែលមិនប្រកបដោយវិជ្ជាជីវ:វិទ្យុអាស៊ីសេរី រួមទាំងក្រុមអ្នកសារព័ត៍មានឡូកាល់មួយចំនួនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយដែលត្រូវគាំពារសកម្មភាពដោយសមាគមអ្នកសារព័ត៍មាន ហាក់ទុកខ្លួនឆ្ងាយពីការគ្រប់គ្រងដោយច្បាប់មួយក្រុមនោះ បានចាត់ការបន្ទរសកម្មភាពដើម្បីបណ្តុះបង្អាប់ ប្រមាថលើការដឹកនាំរបស់រាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណា បំរើឲ្យនយោបាយភូតកុហក បោកប្រាសរបស់មេឧទ្ទាមក្បត់ជាតិសមរង្សី ស្តីពីសេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ កាន់តែមានប្រសិទ្ធិភាព សំដៅការកាត់ផ្តាច់បានទាំងស្រុង ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដែលហៅកាត់ថាEBAជាស្ថាពរ ដោយពួកគេគិតថា នោះមានងាយស្រួលក្នុងការបង្ករនូវភាពវឹកវរចលាចលក្នុងចំណោមកម្មករ កម្មការិនី ពីបញ្ហាអត់កាងារធ្វើ ពីអាណាព្យាបាល ក្នុងការជាប់ជំពាក់នូវបំណុលធនាគារ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ដែលខ្ចីមក
    ដើម្បីធ្វើកិច្ចអភិវឌ្ឍន៍គ្រួសារ ទោះបីពួកគេដឹងថា រឿងរ៉ាវទាក់ទងនិងEBAនេះ មិនមែនជាកាតព្វកិច្ចពួកគេដែលត្រូវដោះស្រាយក្តី។ដោយឡែកចំពោះEBAវិញទៀតសោត វានឹងត្រូវបាត់បង់ជាស្វ័យប្រវត្តិ ក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាមកដល់ឆ្នាំ២០៣០នេះមានការរ៏ក
    ចម្រើន ដោយក្នុងម្នាក់ៗមានចំណូលថវិកាជាង១ ៧០០ ដុល្លារក្នុងមួយឆ្នាំ ។
    ដើម្បីសម្រេចបំណងរបស់ពួកគេ ក្នុងការផ្តួលរលំរំលំរដ្ឋាភិបាល តាមរយះរឿងរ៉ាវEBA ជានិច្ចកាល ពួកគេបានប្រើព័ត៍មានទំលាក់កំហុសលើរដ្ឋាភិបាល ថាមិនបានយកចិត្តទុកដាក់ការពារប្រព័ន្ធអនុគ្រោះពន្ធនេះ តាមអ្វីដែលសហភាពអឺរ៉ុបចង់បាន ទាក់ទងសេរីភាព សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ដោយពួកគេបានជម្រុញឲ្យរដ្ឋាភិបាល ធ្វើការ
    ចរចាសម្រុះស្រួលជាមួយមេដឹកនាំខ្មោចនៃអតីតបក្សប្រឆាំងសង្គ្រោះជាតិ ដើម្បីស្តារបក្សក្បត់ជាតិនេះឲ្យឡើងវិញ ដោយពួកគេថា នោះទើបជាការអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ
    EBAនេះបាន ។ជាមួយការដែល រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់នូវជំហរ
    ដ៏ម៉ឺងម៉ាត់ ក្នុងការមិនយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយពិសពុលដែលប្រកបដោយឧបាយកលពួកនេះបានប្រែក្រឡាស់យុទ្ធវិធីផ្តួលរំលំ ដោយយកឧបាយកលចាស់ មកប្រើប្រាស់ជាថ្មីវិញម្តង ។
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការពារសិទ្ធិនយោបាយ និងជា
    ពួកអ្នកវិភាគដែលបំរើឲ្យនយោបាយក្បត់ជាតិរបស់សមរង្ស៊ី បាន និយាយដោយពាក្យ
    ដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីព និងក្រុមអ្នកសារព័ត៍មានដែលមិនប្រកបដោយវិជ្ជាជីវះ ដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិត សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះជាតិនោះឡើយ៕

  2. Anonymous says:

    dream on if you are among AH ..CHESSTU ..HUN NAL

Leave a Reply

Submit Comment