ជន​រងគ្រោះ​នៅតែ​សោកស្ដាយ​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ កាល​​ពី​១០​ឆ្នាំ​មុន

ដោយ ហេង រស្មី
2020-11-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​សាច់ញាតិ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ឋ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ នា​ស្តូប​ជន​រងគ្រោះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ក្រុម​សាច់ញាតិ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ឋ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ នា​ស្តូប​ជន​រងគ្រោះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA


ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​១០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់ នៅ​លើ​ស្ពាន​ពេជ្រ ឬ​ហៅថា​ស្ពាន​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​បុណ្យ​អុំទូក​ចុងក្រោយ។

កាល​ណោះ មាន​មនុស្ស ៣៥០​នាក់ ស្លាប់ និង​រាប់​រយ​នាក់ ផ្សេង​ទៀត​រង​របួស។ រយៈពេល​១០​ឆ្នាំ មក​នេះ ជនរងគ្រោះ​ខ្លះ នៅតែ​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​សោកនាដកម្ម​នេះ​។ សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល បន្ត​ការស៊ើបអង្កេត រក​អ្នកទទួលខុសត្រូវ ក្នុង​ព្រឹត្តិការណ៍​នោះ។

ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត និង​អ្នក​ដែល​បាន​រួច​ពី​ស្លាប់​ក្នុង​ហេតុការណ៍​ជាន់​នៅ​លើ​ស្ពាន​ពេជ្រ តែងតែ​មាន​ភាព​ក្ដុកក្ដួល តក់ស្លុត ពេល​ដែល​នឹកឃើញ​រឿង​នោះ​ម្តងៗ និង​ធ្វើ​ឲ្យ​ពួកគេ​នឹក​ស្ដាយ​ស្រណោះ ដល់​មិត្តភ័ក្ដិ និង​សមាជិក​គ្រួសារ​របស់​ខ្លួន ដែល​ឃ្លាតឆ្ងាយ​ទៅ​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​មក​វិញ។

លោក រស់ គង់ គឺជា​ជនរងគ្រោះ​ម្នាក់ រួច​ពី​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់ នៅ​លើ​ស្ពាន​ពេជ្រ កាលពី​ឆ្នាំ​២០១០​បាន​ឲ្យ​ដឹង​ថា ទោះបីជា​រយៈពេល​បាន​កន្លង​ផុត​ទៅ ១០​ឆ្នាំ​ទៅ​ហើយ​ក្ដី ក៏​លោក នៅតែ​រន្ធត់ នៅ​ពេល​និយាយ​ដល់​ព្រឹត្តិការណ៍​កាលនោះ ព្រោះ វា​ហាក់​នៅតែ​ឃើញ​មនុស្ស​ស្លាប់ នៅ​នឹង​មុខ​ស្រស់ៗ និង​ហាក់​នៅ​លឺ​សំឡេង​ស្រែក​ដង្ហើយ​ហៅ​ល្វើយៗ​ឲ្យ​ជួយ ក្នុង​ស្ថានភាព​កំពុង​ត្រដរ​ខ្យល់​ហៀបនឹង​ស្លាប់​។ លោក​និយាយ​ថា ការតក់ស្លុត ដែល​មិន​អាច​បំភ្លេច​បាន គឺ​ការ​សម្លឹង មើល​យុវជន​ប្រុស​ស្រី ច្រើន​រយ​នាក់ ស្លាប់​គរ​លើ​គ្នា លើ​ស្ពាន​តូច​មួយ ក្នុង​ពេល​លោក ក៏​កំពុង​ប្រឈម នឹង​ស្ថានភាព​នេះ​ដូចគ្នា៖ «អារម្មណ៍​ខ្ញុំ​រហូត​មក​ដល់​ថ្ងៃ​ហ្នឹង ខ្ញុំ​គិត​ថា វា​ដូច​នៅ​ថ្មីៗ​។ ជាពិសេស​នៅ​ពេល​ដែល​ដល់​ខួប​ម្ដងៗ ​ទិដ្ឋភាព ដែល​យើង​ផុស​នៅ​លើ​ហ្វេសប៊ុក​ហ្នឹង វា​រំលឹក​ឲ្យ​យើង​តែម្ដង​។ ពេល​ខ្លះ ដោយ​ពេល​ណា ឃើញ​ហាក់​មាន​អារម្មណ៍​ក្ដុកក្ដួល​។ ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ស្រងេះស្រងោច​។ ពេលខ្លះ សឹងតែ​ស្រក់​ទឹកភ្នែក គ្រាន់តែ​ឃើញ​រូប ព្រោះ​​ទិដ្ឋភាព​អស់ហ្នឹង ព្រោះ​​ទិដ្ឋភាព​អស់ហ្នឹង វា​នៅ​ចំពោះ​មុខ​ខ្ញុំ តាំង​ពី​ដើម​ដំបូង​រហូត ដល់​ចប់​។ ដល់​ចប់​ខ្ញុំ នៅ​ជួយ​សែង​អ្នក​រងរបួស​សែង​អ្វី អ្នក​រងគ្រោះ​ហ្នឹង​ដាក់​ឡាន។ និយាយ​រួម​គឺ​ខ្ញុំ​នៅ​បាន​ពេញ​មួយ​ព្រឹត្តិការណ៍​ហ្នឹង​តែម្ដង​។ អ៊ីចឹង ទិដ្ឋភាព​ទាំងឡាយ គឺ​នៅ​ចំពោះ​មុខ​យើង​ច្រើន​។ អ៊ីចឹង ធ្វើ​ឲ្យ​ការ​ចងចាំ​វា​នៅ​ដិតដាម អារម្មណ៍​យើង​ឆួល មួយ​រំពេច​អ៊ីចឹង​ទៅ ចង់​ស្រក់​ទឹកភ្នែក ក្ដុកក្ដួល»។

លោក រស់ គង់ កាលណោះ ដើរលេង​តែម្នាក់​ឯង ក្នុង​ពិធីបុណ្យ​អុំទូក នៅ​យប់​ថ្ងៃ​ចុង​ក្រោយ។ លោក រំឭក​ថា នៅ​ពេល​ក្បាល​ព្រលប់ ក្រុម​ជំទង់​ប្រុស​ស្រី​នាំគ្នា ប្រជ្រៀត​គ្នា ហ៊ោកញ្ជ្រៀវ សើច​សប្បាយ​ក្អាកក្អាយ រុញច្រាន​គ្នា ពី​ចុង​ស្ពាន​ម្នាក់​ម្ខាង។

លោក រស់ គង់ ដែល​កំពុង​ដើរ​នៅ​លើ​ស្ពាន​ពេជ្រ​ពេលនោះ លែង​អាច​ដើរ​ទៅ​មុខ​ទៀត​បាន​ទេ ដោយសារ ការ​រុញច្រាន​គ្នា យូរ​ទៅ​បណ្ដាល​ឲ្យ​ផ្ទប់​ណែន នៅ​ចំ​កណ្ដាល​ស្ពាន រើខ្លួន​លែង​រួច​។ លោក​បាន​រុល​ចេញ ពី​ក្នុងចំណោម​មនុស្ស មក​តោង​បង្កាន់ដៃស្ពាន​វិញ ជាហេតុ​ធ្វើ​ឲ្យ​លោក រួច​ផុត​ពី​ការ​ស្លាប់​។ លោក​និយាយ​ថា ម្យ៉ាង​ដោយសារ លោក ដើរ​តែ​ម្នាក់​ឯង គ្មាន​កូន​តូច នៅ​ជាមួយ ទើប លោក​ងាយស្រួល​ដោះ​ខ្លួន​ចេញ។

លោក​អះអាង​ថា ព្រឹត្តិការណ៍​រុញច្រាន​គ្នា​ស្លាប់​កាលនោះ មិនមែន​ជា​ការ​ឆក់​ខ្សែភ្លើង​ទេ គឺ​ការ​រុញច្រាន​ផ្ទប់​គ្នា​ទៅវិញទៅមក របស់​ក្រុម​ក្មេង​ជំទង់ៗ​។ ការ​រុញ​បំបុក​ផ្ទប់​គ្នា ដល់​កម្រិត​រើ​លែង ក៏​ដួល​ជាន់គ្នា ជាហេតុ​នាំ​ឲ្យ​មាន​អ្នក​ស្លាប់ និង​ធ្វើ​ឲ្យ​មនុស្ស និង​សាកសព ស្អិត​ជាប់​គ្នា ពិបាក​ទាញ​ចេញ។

ទោះយ៉ាង​ណា លោក​ក៏​យល់​ថា អាជ្ញាធរ​រដ្ឋ​ពេល​នោះ មាន​ការ​ធ្វេសប្រហែស​ដែរ ដោយសារ មិន​បាន​ដាក់​កម្លាំង​ប្រចាំការ​នៅ​ស្ពាន​តូច​ចង្អៀត​នោះ​ទេ គឺ​មាន​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​តែ​ម្នាក់​គត់​។ លោក​រំឭក​ទៀត​ថា ក្រុម​ឃោសនា​លក់​ផលិតផល នៅ​តំបន់​ស្ពាន​ពេជ្រ​កាលនោះ នាំគ្នា​ស្រែក​ឃាត់​ក្រុម​យុវជន កុំ​ឲ្យ​រុញច្រាន​គ្នា​ដែរ តែ​ដោយ​សារ យុវជន​មិន​ស្ដាប់ និង​គ្មាន​កងកម្លាំង​អាជ្ញាធរ​រដ្ឋ នៅ​ប្រចាំ​ការ​ជួយ​ឃាត់។

លោក រស់ គង់ និយាយ​ថា ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់ កើតឡើង​តាំងពី​នៅ​ម៉ោង​ប្រហែល​៩​យប់ លុះ​ម៉ោង​១១​យប់ ទើប​លោក​ឃើញ​កងកម្លាំង​ជួយ​អន្តរាគមន៍​មក​ដល់​គ្រប់​ផ្លូវ ទាំងសង​ខាង​ស្ពាន និង​បាន​ជួយ​សង្គ្រោះ​យក​លោក​ចេញ​ពីលើ​ស្ពាន​កើតហេតុ៖ «ហើយ​អ្វី ដែល​ខ្ញុំ​ចាប់អារម្មណ៍​ទិដ្ឋភាព​កាល​ហ្នឹង ឃើញ​ភាគច្រើន​សឹងតែ​៨០៩០ស្ទាវៗ ជំទង់ យុវវ័យ ហ្នឹង គាត់​មាន​ប្រុស មាន​ស្រី រុញ​គ្នា​ទៅ។ មើល​ទៅ​ទិដ្ឋភាព​ហ្នឹង គាត់​គិត​ថា សប្បាយ​ណាស់​។ សប្បាយ គាត់​រុញ​គ្នា​ទៅ ប្រជ្រៀត​គ្នា​ទៅ គាត់​ស្រែក​ហ៊ោ​ទៅ​។ យើង​គិត​ទៅ​ក្មេងៗ ពេលខ្លះ គាត់​គិត​ថា ជា​រឿង​សប្បាយ អា​ប៉ះ​គ្នា ប៉ះ​អ្វីៗ ក៏​អ៊ីចឹង​ទៅ​។ យុវជន ក្មេងៗ​ខ្លះ វា​ខូច វា​ឆ្លៀតឱកាស ចេះតែ​លេង​អ៊ីចឹង​ណា​។ អ៊ីចឹង គេ​គិត​ថា ជា​រឿង​សប្បាយ​។ ខ្ញុំ​ចាប់​អារម្មណ៍​ជាងគេ គឺ​រឿង​ចង្អៀត​ហ្នឹង​ហ្មង​។ វា​មាន​អ្នក​រុញ ពី​ខាង​កោះ​ពេជ្រ ក៏​រុញ​មក ពី​ខាង​ណាហ្គា ក៏​រុញ​ទៅ​។ អ៊ីចឹង អ្នក​នៅ​កណ្ដាល​វា​ទល់មុខ​គ្នា​ហ្នឹង ទៅ​ជា​អា​កម្លាំង​រុញ​ពីក្រោយ កាន់តែ​ខ្លាំង​ទៅៗ វា​ជា​រឿង​គ្រោះថ្នាក់»។

ភ្លាមៗ​នៃ​ហេតុការណ៍​ដ៏​គួរ​រន្ធត់​នោះ តំបន់​ជិត​ស្ពាន​ពេជ្រ ពេលនោះ ជះ​ក្លិន​ឆ្អាប​ឈាម និង​មាន​គំនរ​ស្បែកជើង ខោអាវ នៃ​អ្នក​ស្លាប់ រាយប៉ាយ​ពេញ​ស្ពាន និង​ផ្ទៃ​ច្រាំងទន្លេ​បាសាក់​។ សាច់ញាតិ អ្នករងគ្រោះ​ពេល​នោះ នាំគ្នា អុជ​ធូប ទៀន បង្ក​ជា​ផ្សែង ហុយ​ទ្រលោម ហើរ​ឡើង​ពេញ​ផ្ទៃមេឃ ចំ​កន្លែង ដែល​មនុស្ស​ជាន់គ្នា​ស្លាប់​។ ចំណែក​រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មការ​ដោះ​ស្រាយ​ការងារ​បន្ទាន់ លើ​ករណី​ឧបទ្ទវ​ហេតុនេះ ដោយ​រក​ឃើញ​មាន​អ្នក​ស្លាប់​៣៥០នាក់​។ អ្នក​រង​របួស​ធ្ងន់ ដែល​តម្រូវ​យក​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ មាន​ជិត​បួន​រយ (៣៩៥) នាក់។

រដ្ឋាភិបាល បាន​ចាត់ចែង​បញ្ជូន​សាកសព ទៅតាម​លំនៅឋាន​តាម​ស្រុកកំណើត និង​ឧបត្ថម្ភ​ថវិកា ខ្ទង់​ម៉ឺន​ដុល្លារ ដល់​គ្រួសារ​សព​នីមួយៗ​។ ប៉ុន្តែ​រដ្ឋាភិបាល មិន​បាន​ចាប់​អ្នក​ទទួលខុសត្រូវ​ណា​ម្នាក់ ក្នុង​ព្រឹត្តិការណ៍​នេះ មក​ដាក់ទោស ឬ​ទទួល​កំហុស​ឡើយ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលនោះ បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា ជា​សេនាកម្ម​របស់​ខ្មែរ បន្ទាប់ពី​របប​ខ្មែរក្រហម និង​បាន​សម្រក់​ទឹកភ្នែក ហើយ​និយាយ វា​ជាហេតុ​ការណ៍​អាក្រក់ ដែល​គ្មាន​អ្នកណាម្នាក់​ចង់​ឲ្យ​កើតឡើង​ទេ។

រៀងរាល់​ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​ខួប​២២ វិច្ឆិកា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​និមន្ត​ព្រះសង្ឃ​រៀបចំ​ពិធី​បុណ្យ​បង្សុកូល សូត្រ​មន្ត​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ និង​បាន​អញ្ជើញ​សាច់ញាតិ មក​ចូលរួម​ពិធីបុណ្យ​។ ឪពុក​ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ដទៃ​ទៀត លោក កែវ សុវណ្ណ ធ្លាប់​មាន​ប្រសាសន៍ កាល​ឆ្នាំ​២០១៨ ក្នុង​ខួប​៨​ឆ្នាំ ថា កូនប្រុស​ម្នាក់ អាយុ​ជាង​២០​ឆ្នាំ និង​កូនស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​នៅតែ​នឹក​ស្រមៃ អំពី​ព្រឹត្តិការណ៍ ដែល​មិន​នឹកស្មាន​ដល់ ថា​កូន​ទាំងពីរ​របស់​លោក ត្រូវ​ស្លាប់​ក្នុង​មួយ​ពព្រិច​ភ្នែក​សោះ។

សាច់ញាតិ​របស់​ជន​រងគ្រោះ​រូប​នេះ ធ្លាប់​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ជួយ​ស្វែង រក​ការពិត និង​រកមុខ​អ្នកទទួលខុសត្រូវ​ក្នុង​ព្រឹត្តិការណ៍​នោះ ដើម្បី​ផ្សះផ្សា ការ​ឈឺចាប់​ផ្លូវចិត្ត​ក្នុង​គ្រួសារ​លោក​។ ម្យ៉ាង​លោក ចង់​ឲ្យ​ស៊ើប​អង្កេត​ឲ្យ​ត្រឹមត្រូវ ដើម្បី​បំបាត់​មន្ទិលសង្ស័យ ព្រោះ​មជ្ឈដ្ឋាន​មួយ​ចំនួន នៅតែ​គិត​ថា វា​មិនមែន​ជា​ឧបទ្ទវហេតុ​ទេ គឺជា​កំហុស​បច្ចេកទេស របស់​អាជ្ញាធរ​កាលនោះ៖ «ខ្ញុំ​នៅតែ​ចង់​ទាមទារ​រហូត​ហ្នឹង​។ ក៏ប៉ុន្តែ​គ្រាន់តែ​មិន​ដឹង​គិត​ថា​ម្ដេច ព្រោះ​មិន​ចេះ​ច្បាប់ ចេះ​អ្វី​អ៊ីចឹង​។ បើ​ដឹង​ការពិត​ក៏​វា​អស់ចិត្ត​បន្តិច​ដែរ​។ ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល​សព្វថ្ងៃ គាត់​ជា​អ្នកទទួលខុសត្រូវ ព្រោះ​គាត់​នៅ​កាន់​អំណាច ដល់​សព្វថ្ងៃ​អ៊ីចឹង​ណា»។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ថា រដ្ឋាភិបាល​បាន​ទទួល​ខុសត្រូវ ជា​សាធារណៈ​រួចរាល់​អស់​ហើយ និង​បាន​ផ្លាស់ប្ដូរ​ការគ្រប់គ្រង នៅ​តំបន់​នោះ ដោយ​ធ្វើ​ស្ពាន​ថ្មី​ចំនួន​២ នៅ​ក្បែរ​នោះ ដើម្បី​បង្វែរ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​វិញ​។ លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​បាន​បង្កើន​ការ​គ្រប់គ្រង​ក្នុង​ពិធី​បុណ្យជាតិ​ធំៗ ទាំង​ចរាចរណ៍ និង​បញ្ហា​ការ​កកស្ទះ​មនុស្ស ឲ្យ​មាន​ភាព​ប្រសើរ៖ «ដូច្នេះ អ្វី​ដែល​កើតឡើង កាល​ជំនាន់​រត់​ជាន់គ្នា នៅ​កោះ​ពេជ្រ​ហ្នឹង គឺ​យើង​បាន​ដោះស្រាយ​មួយ ដែល​ជា​ការ​ពេញចិត្ត​ហើយ គឺ​នៅ​ពេល​ដែល​រៀបចំ​បុណ្យអុំទូក​ម្ដងៗ មានការ​កែប្រែ​ច្រើន ទាំង​ការ​ដោះស្រាយ រួម​ទាំង​អ្នកទទួលខុសត្រូវ»។

នាយករង ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា រយៈពេល​១០​ឆ្នាំ ក្រោយ​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់ អាជ្ញាធរ​ពិតជា​បាន​បង្កើន​ការ គ្រប់គ្រង​ក្នុង​ពិធីបុណ្យ​អុំទូក​មែន​។ លោក​បន្ត​ថា ឆ្នាំ​ខ្លះ រដ្ឋាភិបាល បាន​ផ្អាក​ពិធីបុណ្យ​អុំទូក ក៏​មាន​។ ទន្ទឹម​នឹង​នេះ លោក​យល់​ថា ពលរដ្ឋ​ក៏មាន​ភាព​ខ្លាចរអា​ខ្លាំង និង​ប្រុងប្រយ័ត្ន​ជាង​មុន​ដែរ​។ តែ​យ៉ាងណា តំណាង​សង្គម​ស៊ីវិល​រូប​នេះ ក៏​ចង់​ឲ្យ​អាជ្ញាធរ ស៊ើបអង្កេត និង​រក​អ្នកទទួលខុសត្រូវ ដើម្បី​ធ្វើជា​គំរូ​ក្នុង​រឿង​នេះ​ដែរ៖ «តួនាទី ដែល​ទទួលខុសត្រូវ​នេះ យើង​មិន​ហ៊ាន​កំណត់​ទេ​។ ប៉ុន្តែ​អា​ហ្នឹង​ហើយ ដែល​យើង​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​កំណត់​អំពី​អ្នក​ណា​ខ្លះ ដែល​ត្រូវ​ទទួលខុសត្រូវ ក្នុង​កិច្ចការ​ហ្នឹង​។ នេះ​ទើប​ជា​ការ​មួយ​ដែល​ផ្ដល់​យុត្តិធម៌ ពេញលេញ និង​ទប់ស្កាត់ កុំ​ឲ្យ​មាន​តទៅទៀត»។

ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០១០ នោះ មាន​លោក កែប ជុតិមា ធ្វើជា​អភិបាលក្រុង និង​លោក ទូច ណារ័ត្ន ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ ក្រោយ​ព្រឹត្តិការណ៍​នេះ មាន​មតិ​ជាច្រើន​លើកឡើង​ថា អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​ជា​អ្នក​រៀបចំ​ចាត់ចែង​ពិធីបុណ្យ និង​ជា​អ្នកធានា​នូវ​សុខ​សុវត្ថិភាព​ពលរដ្ឋ គួរ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​ដែល​បាន​កើត​ឡើង ដូចជា​ត្រូវ​ក្លាហាន​ប្រកាស​ចុះ​ចេញពី​តំណែង ដូច​នៅ​បរទេស ឬមួយ​រដ្ឋាភិបាល ត្រូវ​ហ៊ាន​ដាក់​ពិន័យ​រដ្ឋបាល​ចំពោះ​ការ​ធ្វេស​ប្រហែស​របស់​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​ជាដើម។

ជនរងគ្រោះ លោក រស់ គង់ និយាយ​ថា លោក​មិន​ហ៊ាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដាក់​ពិន័យ ឬ​ផ្ដន្ទាទោស ចំពោះ​អ្នកទទួលខុសត្រូវ​ក្នុង​ព្រឹត្តិការណ៍​នោះ​ទេ តែ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល រំឭក​បុណ្យខួប​ព្រឹត្តិការណ៍​សោកនាដកម្ម ២២ វិច្ឆិកា ឆ្នាំ​២០១០ ឲ្យ​បាន​ធំដុំ​ជាង ត្រឹម​ការ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ។ ម្យ៉ាង​ទៀត លោក រស់ គង់ សោកស្ដាយ​ចំពោះ​ការ​វាយកម្ទេច​ស្ពាន​ពេជ្រ​ចោល ដោយ​ជំនួស​មកវិញ​នូវ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles