ព្រឹត្តិការណ៍រត់ជាន់គ្នាកាលពីមួយទសវត្សមុន៖ អ្នករួចរស់ជីវិតនៅតែក្ដុកក្ដួលជាប់ជានិច្ចរាល់ពេលដែលរឭកដល់

បទយកការណ៍
21/11/2020 – 09:07
ដោយ៖ អេង គីមហុង
RFI

អ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាកាលពី១០ឆ្នាំមុន
អ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាកាលពី១០ឆ្នាំមុន © រ៉យទ័រ

២២​វិច្ឆិកា​ឆ្នាំ​២០១០​ដល់​២២​វិច្ឆិកា​ឆ្នាំ​២០២០ គឺជា​ខួប​១០​ឆ្នាំ​គត់​នៃ​ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​ទីក្រុងរណប​កោះ​ពេជ្រ។ ហេតុការណ៍​នៅ​រាត្រីថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នោះ បាន​សម្លាប់​មនុស្ស​៣៦៥នាក់ និងរបួស៥៥៥នាក់។ ជន​រង​គ្រោះ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ទាញ​ចេញ​ពី​គំនរ​មនុស្ស​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំងអន្តរជាតិ​ដោយ​ក្ដី​តក់​ស្លុត​ថា គេ​នៅ​មាន​ជីវិត​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​បាន​គុណ​បុណ្យ​ទឹក​ដោះម្ដាយ​ថ្លៃ ជួយ​សង្គ្រោះ​កូន​ថ្លៃពីកណ្ដាប់​ដៃ​យមរាជ​នៅ​វិនាទី​ចុង​ក្រោយ។

ប៉ូលីសបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ
ប៉ូលីសបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ © រ៉យទ័រ

«បង​ប្អូន​នៅ​ឲ្យ​ស្ងៀម​កម្លាំង​យើង​នឹង​ទាញ​អ្នក​អស់​គ្នា​ពី​ក្រោយ​មក​វិញ ជួយ​បាន​មួយ​យក​មក​មួយ​ ទាញ​ឡើង​មក​ អូស​អាមួយនោះ​ចេញ​សិន​មក  ប្រឹង​ឡើង!  ពូពូ សុំ​ទឹក​ផឹក​តិច​មក ជួយ​ខ្ញុំ​ផង ខ្ញុំ​ស្លា​ប់ឥលូវ​ហើយ ស្រេក​ទឹក​ណាស់​បោះ​ទឹក​ឲ្យ​ខ្ញុំ​ផង» នេះជា​ហេតុ​ការណ៍​ដ៏​រន្ធត់​នៃ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់ នៅ​លើ​ស្ពាន​ពេជ្រ​កោះ​១០​ឆ្នាំ​មុន នៅ​រាត្រី​នៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យអុំ​ទូក​កាល​ពី​ឆ្នាំ​២០១០ ហើយ​ពេល​នោះ​រថយន្ត​សារ៉ែន​សង្គ្រោះ​មនុស្ស​បាន​បន្លឺ​លាន់​ឮ​ពេញ​ទីក្រុង​ភ្នំពេញ​ជាមួយ​នឹងអារម្មណ៍​សោក​សង្រេង​ជាទី​បំផុត ក្នុង​នាម​ជា​មនុស្ស​ជាតិ​ដូច​គ្នា។

១០​ឆ្នាំ​មុន នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នានេះ ជន​រងគ្រោះ​ខ្លះ​បញ្ឈរ​ភ្នែក អ្នក​ខ្លះ​លា​ដៃ​សុំ​ជំនួយ​ឲ្យ​ទាញ​ខ្លួន​ចេញ​ពី​គំនរមនុស្ស​ដែល​ស្អិត​ដូច​កែវ​វិទ្យា​សាស្ត្រ ខ្លះ​ទៀត​បាន​ស្លាប់ និង​សន្លប់​បាត់​ទៅ​ហើយ។ នៅ​ចំពោះ​មុខ​គំនរ​មនុស្ស​ស្រែកឲ្យជួយ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ដុត​ដៃដុត ស្រែក​ឡើង​ស្អក​បំពង់​ក​ក៏​មាន ដើម្បី​ជួយ​ពួក​គេ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សាកសព​ជន​រង​គ្រោះ​ ក្នុង​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ
សាកសព​ជន​រង​គ្រោះ​ ក្នុង​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ © រ៉យទ័រ

«ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្លួន​ឯង​បាន​រួច​ផុត​ពី​សោកនាដកម្ម​ដ៏​រន្ធត់​នោះ​ទេ​ រយៈ​ពេល​១០​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ វា​ដក់ក្នុង​អារម្មណ៍​ខ្ញុំ​រហូត ។ នៅ​ពេល​ខ្ញុំ​ជាប់​នឹង​គំនរ​មនុស្ស ខ្ញុំ​គិត​ថា ខ្លួន​ឯង​ស្លាប់​ហើយ ដោយ​គ្មាន​សង្ឃឹម​ថា នឹង​រស់​ដូច​រាល់​ថ្ងៃនេះ​ទេ ដក​ដង្ហើម​លែង​រួច តោង​ដៃ​ស្ពាន​ឡើង​ស្ពឹក​ដៃ​ស្ពឹក​ជើង​អស់​ហើយ​ អ្នក​ខ្លះ​ជាប់​គរ​លើ​គ្នា​ពី​កន្លះ​ម៉ោង​ទៅ​បួន​ម៉ោង​ក៏​មាន​។»  នេះ​ជា​ការ​ថ្លែង​ដោយ​តក់​ស្លុត​របស់​បុរស​វ័យ​២៧​ឆ្នាំ​ម្នាក់ ដែល​គាត់​ឲ្យ​វិទ្យុ​បារាំង​ដាក់​ឈ្មោះ​ក្រៅ​ថា «មាន​ជីវិត​រស់​ជាថ្មី»

ប្រៀប​ដូច​ជា​ត្រី​រួច​ចេញ​ពីទ្រូ លោក​មាន​ជីវិត​រស់​ជាថ្មី រៀប​រាប់​បន្ត​ដោយ​រលីង​រលោង​ទឹក​ភ្នែក​ថា «ទឹក​ដោះ​ម្ដាយ​ខ្ញុំ​ថ្លៃ​ណាស់ ធ្វើ​ឲ្យ​ខ្ញុំ​រស់​មក​ដល់​ឥលូវ អ្វី​ក៏​ខ្ញុំ​លែង​ចង់​បាន​ដែរ​កុំ​ថា​ឡើយ​អំណោយ។ អំឡុង​ពេល​ជាប់ គិត​ថា បើ​ស្លាប់​ពាក្យ​ចុង​ក្រោយ​ក៏មិន​បាន​និយាយ​ទៅ​កាន់​ម៉ែ​ពុក។ បើ​មិន​បាន​គុណ​បុណ្យ​អ្នក​ម្ដាយ​ថ្លៃ​ទេ តែ​បើ​បណ្ដោយ​ឲ្យ​ជាប់​ខ្លួន​២០​នាទី គឺ​ដឹង​តែ​ស្លាប់ហ្មង​។ គ្រាន់​តែ​ចេញ​រួច​ពី​គំនរ​មនុស្ស​ភ្លាម ជីវិត​ខ្ញុំ​ប្រៀប​ដូច​ត្រី​រួច​ចេញ​ពី​ទ្រូ​អ៊ី​ចឹង!។»

ក្រោយ​រួច​ខ្លួន​ការ​សង្កត់​សង្កិន រស់​ជា​ថ្មី និយាយ​ថា គេ​ដើរ​អូស​ជើង​បណ្ដើរ​ឈប់​បណ្ដើរ​ភ័យ​បណ្ដើរ​ប្រៀប​សត្វ​មាន់​រួច​ចេញពី​ខ្ទះ​ទឹក​ពុះ «អ្នក​ដែល​មាន​ជីវិត​លុះត្រា​ជា​មនុស្ស​មាន​កម្លាំង​និង​នៅ​ពី​លើក​គេ ហើយ​លទ្ធភាព​ដែល​អាច​រស់​បាន​ទៀត​ លុះត្រាតែ [នៅ] ក្រោម​បាត​ស្ពាន​បំផុត។ ដូច​ខ្ញុំ​អី បន្ទាប់​ពី​រើ​ខ្លួន​រួច រត់ផង ដើរផង ដួលផង ខោ​អាវ​ដាច់​រហែក ឡើង​សង្វេគ​ខ្លួន​ឯង ហើយ​សប្បាយ​ចិត្ត​ពេល​ឃើញ​អ្នក​រើ​ខ្លួន​ផ្សេង​ទៀត​រត់​មក​ជា​មួយ​គ្នា។»

សម្លៀក​បំពាក់​ជន​រង​គ្រោះ​បន្សល់​ទុក​នៅ​លើ​ស្ពាន​ពេជ្រ
សម្លៀក​បំពាក់​ជន​រង​គ្រោះ​បន្សល់​ទុក​នៅ​លើ​ស្ពាន​ពេជ្រ © រ៉យទ័រ

កាល​ណោះ រស់​ជា​ថ្មី ជា​កីឡាករ​អុំ​ទូក វ័យ​១៧​ឆ្នាំ មក​ពី​ខេត្ត​កណ្ដាល។ ជាធម្មតា ក្រោយ​សំរាក​ពី​ការ​ប្រកួត​អុំ​ទូក កី​ឡាករ​មក​ពី​ជនបទ​រូប​នេះ​ស្រវេ​ស្រវា ដើរ​កំសាន្ត​មើល​សម្រស់​ទីក្រុង។ ទីក្រុង​ដែល​ពេល​នោះ នរណា​មិនល្បី ភាព​ស៊ីវីល័យ​ទីតាំងថ្មី​នៃ​រមណីយដ្ឋាន​កោះពេជ្រ។ ចាត់​ទុក​ថា​ជា​សាក្សី​រស់​ម្នាក់​ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត​ជាង​៥០០​នាក់​ផ្សេង​ទៀត រស់ជាថ្មី យល់ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តការណ៍​ជាន់​គ្នា​ស្លាប់​ដោយ​សារ​បញ្ហា​បច្ចេកទេស​ជា​ធំ។ «ស្ពាន​តូច​ផ្ទុកមនុស្ស​លើស​ចំណុះ ហើយ​មនុស្ស​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត ហើយ​អ្នក​ខាង​ក្រោយ​រុញ​ទៅ​ខាង​មុខ​ដោយ​អត់​យល់​កាលៈទេសៈថា ខាង​មុខ​ទៅ​លែង​រួចអត់! គិត​តែ​រុញ។» បើ​តាម​រស់​ជា​ថ្មី ទាំង​គាត់​ទាំង​គេ ដំបូងគិត​ថា គេ​រុញ​គ្នា​លេង​តាម​ទម្លាប់សប្បាយ​ធម្មតា តែដូច​ពាក្យ​ចាស់​ថា សប្បាយ​ក្លាយ​ជា​ទុក្ខ​។

បន្ទាប់​ពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​បាន​មួយ​ថ្ងៃ ពោល​គឺ​នៅ​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា​ឆ្នាំ​២០១០ ព្រះសង្ឃ​បាន​និមន្ត​មក​សូត្រ​ធម៌ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ស្លាប់ ខណៈ​សាច់​ញាតិ​អ្នក​ស្លាប់​ស្រែក​ទ្រហោ​យំ​ទាំង​ទឹក​ភ្នែក​និង​ភាពសោក​សង្រេង ឡើង​មកយក​សព កូន ប្អូន ប្រពន្ធ ឬប្ដី ទៅ​ធ្វើ​បុណ្យ។ ហើយ​អ្នក​ស្លាប់​ទាំង​នោះ​បន្សល់​ទុក​ស្លាក​ស្នាម​ស្បែក​ជើង​រាប់​រយ​គូ រួម​នឹង​សម្លៀក​បំពាក់​មួយ​ចំនួន​ផង នៅ​រាយប៉ាយ​ពាស​ពេញ​ស្ពាន។

សាកសព​ជន​រង​គ្រោះ​ រកឃើញ​នៅ​យប់​ថ្ងៃ​ចន្ទ ទី ២២ វិច្ឆិកា ២០១០
សាកសព​ជន​រង​គ្រោះ​ រកឃើញ​នៅ​យប់​ថ្ងៃ​ចន្ទ ទី ២២ វិច្ឆិកា ២០១០ © រ៉យទ័រ

៤​ឆ្នាំ​ក្រោយ​ក្រោយ​ព្រឹត្តការណ៍​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ ទើប រស់ជាថ្មី ត្រឡប់​មក​ជាន់​ដី​ក្រុង​ជាថ្មី។ បទ​ពិសោធន៍​នេះ​ធ្វើ​ឲ្យ​រស់​ជា​ថ្មី ខ្លាច​រអា​នឹង​កន្លែង​ជួប​ជុំ​ប្រមូល​ផ្ដុំ និង​បាន​ប្រាប់​កូន​តូច​របស់​គេ​ឲ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​ប្រមូល​ផ្ដុំ​ដែល​មនុស្ស​ច្រើន។ «គេ​បបួល​ទៅ​មើល​បាល់​ជុំ​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ ខ្ញុំ​រា​ដៃ​អត់​ទៅ​ទេ គឺ​រាង​តែ​ម្ដង សូម្បី​ដេក​នៅ​ផ្ទះ​ដាច់​ភ្លើង​ម្ដងៗ​ក៏​ភ័យ​ដែរ។»

អ្វី​ដែល​លោក​រស់​ជាថ្មី មិន​ទាន់​អស់​ចិត្ត​នោះ គឺ​គេ​មិន​ទាន់​ដឹង​ឡើយ​ថា មិត្តភក្ដិ​ស្គាល់​គ្នា​ពេល​ឡើង​មក​អុំទូក​និង​ដឹក​ដៃ​គ្នាមកលេង​ស្ពាន​ពេជ្រ​នេះ​រស់​ឬ​ស្លាប់​ឡើយ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ។

សូមជ​ម្រាប​ជូនថា កាល​ពី​១០​ឆ្នាំ​មុន ស្ពាន​ពេជ្រ​រំលេច​ដោយ​ព័ណ៌​លឿង​ទុំ បាន​ទាញ​អារម្មណ៍​មហាជន​ឲ្យ​ដើរ​ឆ្លង​កាត់ មិនថា ពេលថ្ងៃ​ ឬ​ពេល​រាត្រី​ឡើយ។ ពេល​រាត្រី ស្ពាន​ពេជ្រ​មាន​សម្រស់កាន់​តែ​លេច​ធ្លោ​ថែម​មួយ​កម្រិ​តទៀត ដោយ​សារ​ភ្លើងបំភ្លឺ​ចែង​ចាំង​រត់​ប្រដេញ​គ្នា​។ តែអនិច្ចា គ្មាន​នរណា​ដឹង​ឡើយ​ថា ស្ពាន​ពេជ្រ​ដ៏​ស្រស់​ស្អាត​នេះ នៅ​ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១០ បាន​ក្លាយ​ជា​កន្លែង​សោកនាដកម្ម​តែ​មួយ​ប៉ព្រិច​ភ្នែក។  ភ្លាមៗ​ក្រោយ​ហេតុការណ៍​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់ អាជ្ញាធរ​បាន​វាយ​កម្ទេច​ស្ពាន​នេះ​ចោល​ដោយ​មិន​បង្អង់​យូរ​ឡើយ ដោយ​ជំនួស​មក​វិញ​នូវ​ស្ពាន​ថ្ម​ពីរ​សម្រាប់​ធ្វើ​ដំណើរ​ទៅវិញ​ទៅ​មក​។ បច្ចុប្បន្ន ទី​តាំង​នេះ​បាន​ក្លាយ​ជា​កន្លែង​ជួប​ជុំ​ដ៏ពេញ​និយម ដោយ​ហាង​អាហារ​ត្រៀប​ត្រា​ពាស​ពេញ​ ខ្លះ​លក់​ម្ហូប​ចិន កូរ៉េ និង​ម្ហូប​ខ្មែរ​ក៏​មាន។

ស្ពានពេជ្រមួយថ្ងៃក្រោយរត់ជាន់គ្នា
ស្ពានពេជ្រមួយថ្ងៃក្រោយរត់ជាន់គ្នា © រ៉យទ័រ

រស់​ជាថ្មី ជឿថា បើកាល​ពី​១០​ឆ្នាំ​មុន​មាន​ស្ពាន​ថ្ម​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ដូច​រាល់​ថ្ងៃ​នេះ ម្ល៉េះ​កម្ពុជា​មិន​ជួប​ហេតុការណ៍​រត់ជាន់​គ្នា​ស្លាប់​៣៦៥​នាក់ និង​របួស​៥៥៥​នាក់​ឡើយ។ បើ​តាម​លោក​រស់​ជាថ្មី ពេល​នោះ​មាន​អ្នក​ខ្លះ​បង្ខំ​ចិត្ត​លោត​ពី​លើ​ស្ពានចូល​ក្នុង​ទឹក អ្នក​មាន​សំណាង​បាន​រស់​ជា​ថ្មី​ដូច​គាត់ អ្នក​ខ្លះ​ទៀត អភ័ព្វ​លិច​ស្លាប់​ក៏​មាន។

ដើម្បី​ជា​ការ​ចង​ចាំ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​បានសាងសង​ស្ដូប​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​តាំង​ស្ពានពេជ្រ ដែល​ឥលូវ​ប្រែ​មក​ជា​ស្ពាន​ថ្ម។ រៀង​រាល់​ឆ្នាំ ក្រុម​គ្រួសារ​ជន​គ្រោះ​អ្នក​ស្លាប់​បាន​នាំ​គ្នា​មក​ធ្វើ​ពិធី​បង្សុ​កូល​នៅ​ទី​នេះ។

ស្តបរំឮកវិញ្ញាណក្ខន្ធ
ស្តបរំឮកវិញ្ញាណក្ខន្ធ © រ៉យទ័រ

២២​វិច្ឆិកា​ឆ្នាំ២០១០​ដល់​២២​វិច្ឆិកា​ឆ្នាំ​២០២០ គឺ​ជា​ខួប​១០​ឆ្នាំ​គត់​នៃ​ហេតុការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​នៃ​ទីក្រុង​រណប​កោះ​ពេជ្រ ដែល​ជា​រាត្រី​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​អុំ​ទូក។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះថា ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កម្ពុជា​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី​ក្រោយ​ការ​ដួលរលំ​​របប​ខ្មែរ​ក្រហម​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាលកម្ពុជា​​បាន​យក​ថ្ងៃព្រហស្ប​តិ៍ ទី២៥វិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​កាន់​ទុក្ខ​ជាតិ។

គួរ​កត់​សម្គាល់​ថា កាល​ណោះ មតិ​ខ្លះ​បាន​​ស្ដីប​ន្ទោស​ទៅ​លើ​អាជ្ញាធរ ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ឲ្យ​បាន​ល្អ បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​មាន​ផង​ដែរ ការ​ទាញ​ភ្ជាប់​ព្រឹត្តការណ៍​រត់​ជាន់​គ្នា​ស្លាប់​នឹងជំនឿ​អរូបិយ​នានា ក៏​ដូច​ជា​អំពើ​ភេរវកម្ម​ជា​ដើម​។ យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ផ្នែក​គូរ​ប្លង់​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​ដ៍​អកុសល​នេះ កើត​ឡើង​ដោយ​សារ​ការ​រប្រមូល​ម្ដុំ​នៃ​ការ​ប្រគុំ​តន្ត្រី​សម្បូរ​បែប​នានា​នៅ​កោះពេជ្រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​ឡើង​ពី​ជន​បទ​សម្រុក​ទី​នោះ ខណៈ​ការ​រៀប​ចំ​របស់​អាជ្ញាធរ​មិន​បាន​នឹក​គិត​ដល់​ចំណុច​នេះ៕ 

What Next?

Related Articles

One Response to "ព្រឹត្តិការណ៍រត់ជាន់គ្នាកាលពីមួយទសវត្សមុន៖ អ្នករួចរស់ជីវិតនៅតែក្ដុកក្ដួលជាប់ជានិច្ចរាល់ពេលដែលរឭកដល់"

  1. Anonymous says:

    we Cambodian should understood every thing was set up by VIETCONG and this regime. HUN SEN was the killer indeed there was so many Cambodian life was lost started from 1979 up to this day. I’m felling sad to see this HUN SEN evil killer still doing his evil trick to murder more Cambodian and our nationalist . the evil HUN SEN pointing his finger to every one saying they are KBOTH CHEATH but it just his evil act to murder all our nationalist . how can HUN SEN love his own nation he said he have been recue this nation from POL POT killer . I knew every Cambodian knew the two main policy player was only two communist Khmer Rue and communist VIETCONG what was always bring bad thing to our nation was VIETCONG who wanted to take over CAMBODIA for century. VIETCONG took so many young Cambodian to train form another party beside Cambodian leader since 1951 that was HUN SEN party this day from 1970 up to this day I knew VIETCONG leadership have been order CPP witch was sponsoring by them to kill more Cambodian so they can bring their people to live in Cambodian land. Cambodian inside the country should know by now how many Vietnamese are in Cambodia right now ?? the future is not looking good the country is getting smaller and VIETCONG trying to get more land their slave HUN SEN is trying to murder more Cambodian this evil did not even care about the border and he let Vietnamese come into Cambodia freely . at last I just want to say GOD bless Cambodia that all

Leave a Reply

Submit Comment