មន្ត្រី​ស្ថាន​ទូត​ចិន​ និយាយ​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​-កម្ពុជា​ អាច​កើន​ឡើង​ដល់​ជាង​១០​ពាន់​លាន​ដុល្លារ ឆ្នាំ២០២៣

ហេង រស្មី
2020-11-20
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

រូប​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

Photo: RFA


មន្ត្រី​ការិយាល័យ​កិច្ច​ការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ចិន-កម្ពុជា​ ប្រចាំ​ស្ថាន​ទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ​លោក​ ហ្សាង ហ្ស៊ីន (Zhang Jin) មាន​ប្រសាសន៍​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ សេរី​រវាង​ចិន-កម្ពុជា​ គឺ​ជា​កិច្ច​ព្រមព្រៀង​ទី​មួយ​ដែល​បញ្ចប់ កិច្ច​ចរចា​ តាម​រយៈ​វីដេអូ ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ផ្ទុះ​នូវ​ជំងឺ​កូវិត១៩​។

លោក​ បន្ថែម​ថា​ តាម​រយៈ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កន្លង​ទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ អាចនឹង​កើន​ឡើង​ដល់​១០​ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​។​

លោក​ ហ្សាង ហ្ស៊ីន (Zhang Jin) មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ទូរទស្សន៍​ក្នុង​ស្រុក​ ឈ្មោះ​ ប៊ីធីវី (BTV)​ កាល​ពី​ថ្ងៃ​ទី​១៦​ វិច្ឆិកា​ថា​ ប្រទេស​ចិន​គឺ​ជា​ប្រភព​ទុន​មក​ពី​ក្រៅ​ប្រទេស​ និង​ជា​ប្រទេស​ដៃ​គូ​ ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍន៍ ​ដ៏​ធំ​ជាង​គេ​សម្រាប់​ប្រទេស​កម្ពុជា ដែល​អាច​ជួយ​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន៖​«​ការ​ចុះ​ហត្ថលេខា​នៃ​កិច្ច​ព្រមព្រៀង​ នេះ​បាន​កំណត់​បង្ហាញ​ពី​ការ​ឈាន​ចូល​នៃ​យុគសម័យ​ថ្មី នៃ​ទំនាក់​ទំនង​ភាគ​ជា​ដៃ​គូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ភាគី​ទាំង​ពីរ​ ហើយ​ជា​ព្រឹត្តិការ​ថ្មី​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ ដែល​ចាំ​បាច់​សម្រាប់​ជំរុញ​ ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេ​ភាគី​នេះ​ផង​ដែរ​ ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី​ មួយ​ទៀត។»

ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​ កន្លង​ទៅ​នេះ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន លោក វ៉ាង យី (Wang Yi) មក​កាន់​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​មួយ​គ្នា ហៅកាត់ថា CCFTA​។​ មន្ត្រីរដ្ឋាភិបាលធ្លាប់អះអាងថា តាមរយៈ​កិច្ច​ព្រមព្រៀង​នោះ​ ទំនិញ​កម្ពុជា​ចំនួន​ជាង​៣០០​ មុខ​ នឹង​នាំ​ទៅ​កាន់​ប្រទេស​ចិន​ដោយ​គ្មាន​ការ​បង់​ពន្ធ។ ចំណែក​ឯ​ទំនិញ​នាំ​ពី​​ចិន​​ចូល​មក​ប្រទេស​កម្ពុជា​ ត្រូវ​បង់​ពន្ធ​ជា​ធម្មតា។​ យ៉ាងណា ទាំងរដ្ឋាភិបាលកម្ពុជា និងទាំងរដ្ឋាភិបាលចិន មិនដែល​បញ្ចេញខ្លឹមសារលម្អិត​នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ជាសាធារណៈឡើយ។

​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក​ សៀង ថៃ ប្រាប់​អាស៊ីសេរី​ថា ​បន្ទាប់​ពី​កម្ពុជា​-ចិន​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មក​ មិន​ទាន់​មាន​ការ​ដោះ​ដូរ​ទំនិញ​ រវាង​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ​ទេ។​លោក​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​ភាគី​ទាំង​ពីរ​កំពុង​ ខិតខំ​បំពេញ​ នីតិវិធី​ផ្ទៃ​ក្នុង​តែ​រៀង​ៗ​ខ្លួន។ ​នៅ​ពេល​ណា​ចប់​សព្វ​គ្រប់​ ប្រទេស​ទាំង​ពីរ​អាច​ផ្លាស់​ប្ដូរ​លិខិត​ជាមួយ​គ្នា​ ហើយ​កិច្ច​ព្រមព្រៀង​នោះ​ចូល​ជាធរមាន ដែលនៅ​ពេល​នោះ​ប្រទេស​ទាំង​ពីរ​អាច​នាំ​ទំនិញ​ ចេញ​ចូល​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​បាន។​

លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា-​ចិន​ រំពឹង​ថា​ នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ចូល​ជា​ធរមាន​នោះ​ កិច្ច​ព្រមព្រៀង​នឹង​អាច​ជួយ​រុញ​ចំនួន​តួលេខ​កើន​ឡើង​តាម​ការ​រំពឹង​ទុក​ របស់​ប្រទេស​ទាំង​ពីរ​៖«ពីព្រោះ​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជាចិន​ គឺ​ជា​កិច្ច​ព្រមព្រៀង​ មួយ​ដែល​មាន​លក្ខណៈ​ ទូលំទូលាយ​ស្ទើរ​គ្រប់​ជ្រុង​ជ្រោយ​ មាន​ច្រើន​វិស័យ​នៅ​ជា​មួយ​គ្នា​ មាន​ពាណិជ្ជកម្ម​ផ្នែក​ទំនិញ​ ដែល​និយាយ​ពី​ការ​កាត់​ពន្ធ​ មាន​និយាយ​អំពី​វិធាន​ប្រភព​ដើម​ទំនិញ​ និយាយ​អំពី​កិច្ច​សហ​ប្រតិបត្តិការ​នានា​ និយាយ​អំពី​សេវា​កម្ម​ និយាយ​អំពី​វិនិយោគ​ និយាយ​អំពី​ភូតគាម​អនាម័យ​។ល។»

យោងតាមតួលេខក្រសួង​ពាណិជ្ជកម្ម​ចិន​ នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន-កម្ពុជា​ បាន​កើន​ឡើង​ដល់​ ជាង៩​ ពាន់​លាន​ដុល្លារ(៩០៤៣​លាន​ដុល្លារ) បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​ គឺ​បាន​កើន​ឡើង​ប្រមាណ​ ជិត​២៨​%( ២៧,៧%)​។​ បើ​គិត​ដល់​ចុង​ឆ្នាំ​២០២០ ទំហំ​វិនិយោគ​ទុន​ចិន​ មាន​ចំនួន​ជិត​ ៩ពាន់​លាន​ដុល្លារ។ ពាណិជ្ជកម្ម​នេះ​គឺ​​គ្រប​ដណ្ដប់​លើ​វិស័យ​អគ្គិសនី ឧស្សាហកម្ម​ ព័ត៌មាន​ កសិកម្ម​ និង​ទូរគមនាគមន៍។​

ទាក់​ទិន​នឹង​បញ្ហា​នេះ ​អ្នក​វិភាគ​នយោបាយ​ និង​សង្គម​លោក​បណ្ឌិត​ សេង សារី ចោទជាសំណួរថា បើ​ទោះ​បី​ជា​ទំហំ​ពាណិជ្ជកម្ម​ មាន​ទំហំ​ប៉ុណ្ណា​ក៏​ដោយ​ តើភាគី​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ទៅ​តាម​ស្តង់ដារ​ជំនួញ​ដែរ​ឬទេ?។

លោក​បន្ត​ថា​ បើ​និយាយ​ពី​ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​តិច​តួច​ពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន។​ ដូច្នេះ​លោក​ សេង​ សារី​ មិន​រំពឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​អាច​កើន​ឡើង​ដល់​ជាង​១០​ ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ​ទេ៖«​បើ​សិន​មើល​ពី​ទំហំ​សាច់​ប្រាក់​នៃ​ទំហំ​ពាណិជ្ជកម្ម​នេះ​គឺ ខ្ញុំ​មិន​ទាន់​ជោះ​១០០​%​ ទេ​គឺ​ដោយ​សារ​តែ​ វា​ទាក់ទង​ទៅ​នឹង​ស្ថានភាព​នយោបាយ​របស់​សហរដ្ឋ​អាមេរិក ពី​ព្រោះ​សហរដ្ឋ​អាមេរិកគឺ​ជា​ទីផ្សារ​ធំ​របស់​ចិន​ ហើយ​គឺ​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា​ផង​ដែរ។»

ចំណែក​ឯអ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម សុវណ្ណារ៉ា វិញ​មើល​ឃើញ​ថា​ ភាគ​ច្រើន​ពាណិជ្ជករ​​ដែល​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​ គឺ​សុទ្ធសឹង​ជា​​ក្រុម​ហ៊ុន​ចិន​ដែល​បាន​មក​បើក​ក្រុម​ហ៊ុន​ និង​សិប្បកម្ម​កែច្នៃ​​នៅ​កម្ពុជា ហេតុ​ដូច្នេះ​ហើយ​អត្ថប្រយោជន៍​នៃ​ការ​នាំ​ចេញ​ និង​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម កម្ពុជា​កើន​ឡើង​តិចតួច​​ ដោយ​សារ​ពាណិជ្ជករ​ជនជាតិ​ចិន​ អាច​មក​បង្កើន​ទុន​វិនិយោគ​នៅ​កម្ពុជា​ផ្ទាល់​ដូច​ជា​ ដាំ​ចេក​ ចិញ្ចឹម​ត្រី​ ជា​ដើម​។​ លោក​បន្ថែម​ថា​ កម្ពុជា​ត្រូវ​ការ​បច្ចេកទេស​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​បាន​ទៅ​ស្តង់ដារ​អន្តរជាតិ៖«​នៅ​មាន​កង្វះខាត​ទុន​ និង​កង្វះ​ខាត​បច្ចេកទេស​ មិន​អាច​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ ឬក៏​នាំ​ចេញ​ទៅ​តាម​ស្តង់ដារ​ទីផ្សារ​ចិន​បាន​ទេ​ មាន​តែ​ពួក​ក្រុម​ចិន​គេ​មក​បាន​។ អញ្ចឹង​យើង​អាច​មើល​ឃើញ​មាន​ការ​កើន​ឡើង​ ប៉ុន្តែ​អត្ថប្រយោជន៍​នៃ​ការ​ទទួល​បាន​ហ្នឹង យើង​មិន​សង្ឃឹម​កើន​ច្រើន​តាម​ទំហំ​នៃ​ការ​នាំ​ចេញ​ នាំ​ចូល​នោះ​ទេ​។»

អ្នកជំនាញធ្លាប់ព្រមានថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា និង​ប្រទេស​ចិន មិន​អាច​ជួយសង្គ្រោះ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​បានទេ​ ដោយ​សារ​តែ​កម្ពុជា​ នៅ​ខ្វះ​បច្ចេកទេស​ ហើយ​កសិករ​នៅ​ខ្វះ​ដើម​ទុន​នៅ​ក្នុង​ការ​ផលិត​ កសិកម្ម​កែច្នៃ​ និង​វេច​ខ្ចប់​ដើម្បី​នាំ​ចេញជាដើម​។ ពួក​គេ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បន្ទន់​ឥរិយាបថ ស្តា​សិទ្ធិមនុស្ស និង​គោរព​លិទ្ធ​ប្រជាធិបតេយ្យ ដើម្បី បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​ឡើងវិញ​ ប្រសើរ​ជាង​ មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី​ជាមួយ​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មន្ត្រី​ស្ថាន​ទូត​ចិន​ និយាយ​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​-កម្ពុជា​ អាច​កើន​ឡើង​ដល់​ជាង​១០​ពាន់​លាន​ដុល្លារ ឆ្នាំ២០២៣"

  1. Anonymous says:

    YES ..Chinese ambassador in Cambodia mean 2023 they will take over Cambodia . I’m still well strong and healthy enough to wideness that day

  2. សំណួរ​សួរ​ថា​:​ តេី​ក្នុង​ការ​រំពឹង​គិត​ថា​ទំហំ​ពានិជ្ជកម្ម​រវាង​ ចិន-កម្ពុជា​ ជាង​១០​ពាន់​លាន​ដុល្លារអាមេរិក​នោះ​តេី​ចិន​និង​នាំ​ពានិជ្ជកម្ម​ចូលមក​កម្ពុជា​មាន​ទំហំ​បុណា្ណ​ ហេីយតេី​ចិននឹង​នាំ​យក​ពានិជ្ជកម្ម​ពី​កម្ពុជា​វិញ​ នឹង​មាន​ចំនួន​បុន្មាន​ដែរ​? ចិន​កំពុង​តែ​ធ្វើ​នំ​អត់​ម្សៅ​មក​លេី​កម្ពុជា​ហេីយ។

  3. Anonymous says:

    I’m half Chinese do not lie to me my gran escaped from CHINA they have nothing not too long after landing in Cambodia a few years they are already better then Cambodian my question is what is the deference ?? HAS….HAS….HA…………….. see if AH CHESSTU ..HUN NAL smarter then CHINA ……….GOD forbit me that guy not even comparing to Chinese poop

Leave a Reply

Submit Comment