លោក យ៉ង សាំងកុមារ៖ ការសម្រុកលក់ស្រូវទៅវៀតណាមហើយនាំអង្ករ ជី ចំណីសត្វមកវិញ គឺអវិជ្ជមានច្រើនជាងវិជ្ជមាន

កម្ពុជា សង្គម
21/11/2020 – 08:39
ដោយ៖ វណ្ណ សុគន្ធា
RFI

Yang Saing Komar
Yang Saing Komar © Facebook

អ្នកជំនាញផ្នែកកសិកម្មកម្ពុជា លោក យ៉ង សាំងកុមារ បានលើកឡើងថា ការសម្រុកលក់ស្រូវនៅខែច្រូតកាត់ទៅឱ្យវៀតណាមហើយទិញអង្ករ ជី ចំណីសត្វពីវៀតណាមវិញ គឺនាំមកនូវផលអវិជ្ជមានច្រើនជាងវិជ្ជមាន។ ការលើកឡើងនេះ ធ្វើឡើងស្របពេលឈ្មួញស្រូវកម្ពុជាបានសម្រុកនាំស្រូវទៅលក់ដល់ទឹកដីវៀតណាមតាមច្រកទ្វារក្នុងខេត្តព្រៃវែងយ៉ាងសន្ធឹកសន្ធាប់ទាំងយប់ទាំងថ្ងៃ។ ការទៅលក់ដល់ទឹកដីវៀតណាមនេះ គឺបន្ទាប់ពីអាជ្ញាធរនៃប្រទេសវៀតណាមបានរឹតបន្តឹងការចេញចូលព្រំដែនដោយសារតែជំងឺកូវីដ១៩។

បើតាមសារព័ត៌មានក្នុងស្រុក គឺនៅរយៈពេលនេះឈ្មួញស្រូវរបស់កម្ពុជាបានសម្រុកនាំស្រូវទាំងឡានៗទៅលក់ដល់ទឹកដីរបស់វៀតណាមតែម្តង គឺទៅតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សកម្មភាពទាំងនេះ គឺខុសពីឆ្នាំមុនៗដែលឈ្មួញស្រូវធំៗរបស់វៀតណាមអាចចូលទិញស្រូវនៅក្នុងប្រទេសកម្ពុជាបាន តែឆ្នាំនេះ ដោយ​សារមានវិបត្តិជំងឺកូវីដ១៩ ទើបឈ្មួញស្រូវកម្ពុជាសម្រេចនាំយកស្រូវទៅលក់ដល់ប្រទេសវៀតណាមបែបនេះ។

សកម្មភាពសម្រុកនាំស្រូវយកទៅលក់ប្រទេសវៀតណាមនេះ ត្រូវបានលោក យ៉ង សាំងកុមារ ដែលជាអ្នកជំនាញផ្នែកកសិកម្មមើលឃើញពីផលអវិជ្ជមានដែលអាចនឹងប៉ះពាល់វិស័យកសិកម្មនៅកម្ពុជា។ លោកបានគូសបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះថា ការសម្រុកលក់ស្រូវនៅខែច្រូតទៅឱ្យវៀតណាមហើយទិញអង្ករ ជី ចំណីសត្វពីវៀតណាមវិញ គឺនាំមកនូវផលអវិជ្ជមានច្រើនជាងវិជ្ជមាន។ បើតាមលោក យ៉ង សាំងកុមារ ផលអវិជ្ជមានខ្លាំងជាងគេនៃបញ្ហានេះ គឺតម្លៃស្រូវលក់មានការធ្លាក់តម្លៃខ្លាំង។

លោកបានគូសបញ្ជាក់បន្ថែមថា គោលនយោបាយស្រូវអង្ករដែលមានការគិតវែងឆ្ងាយដល់ផលប្រយោជន៍កសិករ និងសេដ្ឋកិច្ចជាតិត្រូវមានវិធានការដូចជាការពង្រឹងការផលិតពូជក្នុងស្រុកដែលឆ្លើយតបតម្រូវការទីផ្សារ ការពង្រីកទីតាំងសម្ងួត ស្តុកនិងកែច្នៃក្នុងស្រុក ការរៀបចំឱ្យមានទុនសម្រាប់វិស័យស្រូវអង្ករ ការពង្រឹងពង្រីកសហគមន៍ និងការសហការរវាងសហគមន៍និងរោងម៉ាស៊ីនក្នុងស្រុកជាដើម នឹងជួយដោះស្រាយបញ្ហាបានច្រើន។ សម្រាប់លោកយ៉ង សាំងកមារ ការកែច្នៃក្នុងស្រុក គឺសល់វត្ថុធាតុដើម ដូចជាអង្កាមសម្រាប់បង្កើនជីវជាតិដី កន្ទក់ និងចុងអង្ករសម្រាប់ចិញ្ចឹមសត្វ និងបង្កើតការងារបន្ថែមដល់កូនខ្មែរ។

ចំណែក លោក​បណ្ឌិត​ ឆេង​ គីមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជាធិបតេយ្យ​របស់​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ីក៏យល់ឃើញមិនជាខុសគ្នានឹងលោក យ៉ង សាំងកុមារ នេះដែរ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះមើលឃើញថា ដើម្បីអាចធ្វើការកែច្នៃក្នុងស្រុកបាន គឺកម្ពុជាត្រូវការទាក់ទាញការវិនិយោគលើផ្នែកកសិកម្មនេះបន្ថែមទៀត។ ប៉ុន្តែ លោកក៏បានលើកឡើងផងដែរថា កម្ពុជាអាចត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីសម្រេចបានកិច្ចការនេះ ព្រោះថា បើប្រៀបធៀបថៃ និងវៀតណាម គឺកម្ពុជានៅដើរក្រោយឆ្ងាយណាស់៕

What Next?

Recent Articles

2 Responses to "លោក យ៉ង សាំងកុមារ៖ ការសម្រុកលក់ស្រូវទៅវៀតណាមហើយនាំអង្ករ ជី ចំណីសត្វមកវិញ គឺអវិជ្ជមានច្រើនជាងវិជ្ជមាន"

  1. so socheath says:

    has !has
    Growing garlic, they sell a portion , Not all
    They are not stupid!

  2. Anonymous says:

    WELL … after you got rice just send it to CHINA trade for military truck , B21weapon, and un quality production from CHINA then you see you will get richer then ever .