សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​​ម្នាក់​ករណី​ជួញ​ដូរ​ថ្នាំ​ញៀន​ជិត​ ៥០​ គីឡូក្រាម

ហេង រស្មី
2020-11-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រឿងញៀនដែល​អាជ្ញាធរ​​នៃ​មន្ទីរប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ចាប់​បាន។

គ្រឿងញៀនដែល​អាជ្ញាធរ​​នៃ​មន្ទីរប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ចាប់​បាន។

 រូប៖ គេហតំព័រ​នគរបាលជាតិ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩


អគ្គស្នងការ​រង​នគរ​បាល​ជាតិ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿង​ញៀន​លោក​ ម៉ក់ ជីតូ ប្រាប់​អាស៊ីសេរី​ កាល​ពី​ថ្ងៃ​ទី​២១​ វិច្ឆិកា​ថា​ សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ ទៅ​តុលាការ​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​ជិត​៥០​គីឡូក្រាម​ ប៉ុន្តែ​ដោយ​សារ​តែ​សំណុំ​រឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ពេក​ តុលាការ​បាន​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជន​សង្ស័យ​មក​ឃុំ​ខ្លួន​បន្ត​នៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ដើម្បី​បន្ត​នីតិវិធី​របស់​ខ្លួន​ទៀត។​

លោក​បញ្ជាក់​ថា​ សមត្ថកិច្ច​ចាប់​ខ្លួនជនសង្ស័យ ​ឈ្មោះ​ ប៉ាន់ ប៉េរ៉ា​ អាយុ​ ៣៥​ ឆ្នាំ​​​កាល​ពី​ថ្ងៃ​ទី​១៨​ វិច្ឆិកា​ នៅ​ខណ្ឌ​សែន​សុខ​ ក្រុង​ភ្នំពេញ​ខណៈ​ជនសង្ស័យ បាន​នាំ​យក​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ ទឹកកក​ចំនួន​ជិត​៥០​ គីឡូក្រាម​ពី​ប្រទេស​ឡាវ​ មក​លក់​ដូរ​ក្នុង​ប្រទេស​កម្ពុជា។​លោកបន្ត​ថា​ នៅ​មាន​ជន​សង្ស័យ​ផ្សេង​ទៀត​សមត្ថកិច្ច​កំពុង​ស្វែង​រក​ចាប់​ខ្លួន។

សំឡេង«​គ្រឿង​ញៀន​ហ្នឹង​មាន​មេខ្លោង​នៅ​ឡាវ​ បញ្ជូន​ចេញ​មក​វេចខ្ចប់​សម្រាប់​លក់​ចេញ​ទៅ​ក្រៅ​នឹង​មួយ​ចំនួន​ទៀត​លក់​ក្នុង​ប្រទេស​»។

នគរ​បាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​រូប​ភាព​ជនសង្ស័យ​ និងភស្តុតាងថ្នាំ​ញៀន​ជិត​៥០​ គីឡូក្រាម ដែល​ជនសង្ស័យ​វេចខ្ចប់​ ដាក់​ថង់ ប្លាស្ទិក នឹង​បែង​ចែក​ជា​កញ្ចប់​តូច​ៗ ជា​ច្រើន​កញ្ចប់​ ក្នុង​គោល​បំណង​ចែក​ចាយ​ និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។​

ទាក់​ទិន​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ​ អនុប្រធាន​ផ្នែក​អង្គការ​លីកាដូ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​ អំ សំអាត​ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា​ លោក​សារ​ទរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​លោក​ថា​ បញ្ហា​គ្រឿង​ញៀន​នេះ​បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ​ប្រសិន​បើ​មិន​បាន​បង្ក្រាប​ឱ្យ​បាន​ដិតដល់​នោះ​ទេ។​

សំឡេង​«​អញ្ចឹង​បញ្ហា​ដែល​ទាក់​ទង​នឹង​ការ​ព្រួយ​បារម្ភ​ដែល​ទាក់​ទង​នឹង​គ្រឿងញៀន​នេះ​ នឹង​វាយ​លុក​សម្រាប់​ប្រជាពលរដ្ឋ​​ជា​ពិសេស​ស្រទាប់​យុវជន​ ដែល​ធ្វើ​ឱ្យ​សង្គម​ជាតិ​យើង​ហ្នឹង​ទៅ​ជា​ សង្គម​មួយ​ដែល​ពោរពេញ​ ទៅ​ដោយ​បញ្ហា​ភ័យ​ខ្លាច រឿងគ្រឿង​ញៀន​ ហើយ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ ធនធាន​មនុស្ស​ជា​ពិសេស​គឺ​ យុវជន​ដែល​ជា​អនាគត​ក្នុង​ការ​ដឹក​នាំ​ ឬ​ក៏​អភិវឌ្ឍន៍​ប្រទេស​ទៅ​ថ្ងៃ​ក្រោយ​ទៀត។»​​​​​​​​​

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ក្នុង​រយៈពេល​២១ ថ្ងៃក្នុងខែ​វិច្ឆិកា​នេះ​ បាន​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ជា​បន្ត​បន្ទាប់​ មាន​ពេល​ខ្លះ​មួយ​ថ្ងៃ​ចាប់​ខ្លួន​មនុស្ស​រហូត​ដល់​ជាង​៧០​ នាក់​ និង​ដក​ហូត​ថ្នាំ​ញៀន​គ្រប់​ប្រទេស​ជាង​ច្រើន។​​​

ជនសង្ស័យ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​នេះ​ រួមមាន ​ជនជាតិ​ខ្មែរ និង​ជនបរទេស​ ដូចជា​ ជនជាតិ​ឡាវ និង​ជន​ជាតិ​ចិន…​ផង​ដែរ។​

ទាក់ទងបញ្ហាគ្រឿញៀននេះដែរ តុលាការ​ក្រុង​ភ្នំពេញ​កំពុង​សាក​សួរ​ជនជាតិ​ចិន​​ពីរ​នាក់​ ក្រោយ​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ កន្លង​ទៅ​នៅ​ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ ពី​បទ​ជួញ​ដូរ​ថ្នាំ​ ញៀន​ចំនួន​១​គីឡូក្រាម។​

គេហទំព័រ​ របស់​អគ្គស្នងការ​ នគរ​បាល​ជាតិ​ ឱ្យ​ដឹង​ថា​ ជនជាតិ​ចិន​ទាំង​ពីរ​នាក់នោះត្រូវ​​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន​ បាន​ភ្លាមៗ​ បន្ទាប់​ពី​ជន​សង្ស័យ​បាន​យក​ថ្នាំ​ញៀន​ចំនួន​ ជាង​១​ គីឡូក្រាម​(១,០៦៦គក្រ)​​ ប្រភេទ​មេតំហ្វេតាមីន ដាក់​នៅ​ក្នុង​ថង់​ប្លាស្ទិក​ មួយ​ យក​មក​លក់​​នៅ​ក្នុង​សង្កាត់​ទន្លេ​ បាសាក់​ ខណ្ឌ​ចំការមន។

​​​​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ឲ្យ​ដឹងថា​ នៅក្នុង​ឆមាសទី១ ​ឆ្នាំ​២០២០ ​នេះ​ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​​ចំនួន​ជាង ​៥​ពាន់​ករណី (​៥៤៦៣​ករណី)​ គឺ​កើន​ឡើង​​ចំនួន​ជាង​ ១​ពាន់​ករណី (១២៨៨​ករណី)​ ស្មើ​នឹង​ជាង​ ៣០​ភាគរយ ​(៣០,៨ភាគរយ)​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​​ម្នាក់​ករណី​ជួញ​ដូរ​ថ្នាំ​ញៀន​ជិត​ ៥០​ គីឡូក្រាម"

  1. Anonymous says:

    YES …I understand my country will be fast to get any thing that they never have known . if it get to the war this nation must be a good killer , go to fashion if they wear short Cambodia can be naked, please take a look after killing field the country so poor and Vietnamese people said Cambodia is the LECUS country, if it come to the drug it can be the best of all in the world.

Leave a Reply

Submit Comment