មេធាវី​ថា ដីកា​កោះហៅ​មនុស្ស​ជាង​១០០​នាក់ ក្នុង​រយៈពេល​ខ្លី​ធ្វើ​ឲ្យ​​ពិបាក​ក្នុង​ការ​ត្រៀមខ្លួន

ដោយ ម៉ៅ សុធានី
2020-11-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត លោក សំ សុគង់ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ក្នុង​ចំណោម​មេធាវី​ដទៃ​ទៀត លោក សំ សុគង់ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦។

Photo: RFA


មេធាវី​ការពារ​ឱ្យ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា ការ​ដែល​តុលាការ​ចេញ​ដីកា​កោះហៅ​ពួកគាត់​មាន​ចំនួន​ច្រើន យ៉ាងហោចណាស់​១២៥​នាក់​ក្នុង​រយៈ​ខ្លី​បែបនេះ ធ្វើ​ឱ្យ​មេធាវី​និង​កូនក្ដី​ជួប​ការ​ពិបាក​ក្នុង​ការ​រៀបចំខ្លួន​ដើម្បី​ចូលរួម​សវនាការ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ខាងមុខ​។ ទន្ទឹម​នេះ​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​ត្រូវ​តុលាការ​កោះហៅ​ថា នឹង​ចូល​បំភ្លឺ​ទោះ​គ្មាន​ជំនឿ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ក្ដី។

មេធាវី​ដែល​តែងតែ​ការពារ​ក្ដី​ឱ្យ​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង លោក សំ សុគង់ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា ក្នុងចំណោម​មនុស្ស​ជាង​១២០​នាក់​ដែល​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ខាងមុខ​ភាគច្រើន​បាន​ពឹង​ពាក់​ឱ្យ​លោក​ធ្វើជា​មេធាវី​ការពារ​ក្ដី។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​មិន​ទាន់​មាន​កូនក្ដី​របស់​លោក​ណាមួយ​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​នេះ ក៏​មាន​កូនក្ដី​បួន ឬ​ប្រាំ​ករណី​បាន​មក​ជួប​លោក​ដើម្បី​ជជែក​ពី​ការ​ត្រៀម​ខ្លួន​ចូល​សវនាការ៖ «អ្នក​ដែល​បាន​ទទួល​បាន​ដីកាកោះ​ហ្នឹង​គាត់​បាន​ស្វះស្វែង​ពឹង​ពាក់​រក​មេធាវី​ជាពិសេស​គាត់​ពឹង​ពាក់​ខ្ញុំ​ឱ្យ​ជួយ​ការពារ​ឱ្យ​ពួកគាត់ ពួកគាត់​ខ្លះ​ទើប​ទទួល​ដីកាកោះ​ពី​ម្សិលមិញ​ខ្លះ ថ្ងៃនេះ​ខ្ញុំ​គិត​ថា បើ​យើង​និយាយ​ពី​ច្បាប់​ពួកគាត់​មិន​អាច​ត្រៀមខ្លួន ឬ​ពិគ្រោះ​ដើម្បី​តតាំង​ឬ​ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​បាន​ទេ»។

លោក​មេធាវី​ត្អូញត្អែរ​ថា តុលាការ​បាន​ចោទប្រកាន់​កូនក្ដី​របស់​លោក​សុទ្ធតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ៗ ប៉ុន្តែ​តុលាការ​មិន​បាន​ផ្ដល់​ពេលវេលា​ច្រើន​ឱ្យ​កូនក្ដី​លោក​សម្រាប់​ត្រៀមខ្លួន​នោះ​ទេ ខណៈ​សំណុំ​រឿង​នេះ​គឺ​ទាមទារ​ឱ្យ​មានការ​មេធាវី​ជួយ​ការពារ​ក្ដី​។ លោក​និយាយ​ទៀត​ថា ចំពោះ​ការ​ផ្ដល់​ដីកា​ក៏​តុលាការ​មិន​បាន​ផ្ដល់​ដល់​ដៃ​កូនក្ដី​លោក​នោះ​ទេ ដោយ​ភាគច្រើន​សមត្ថកិច្ច​បាន​យក​ដីកា​ទៅ​បិទ​ទីស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​អគារ​នេះ​សព្វថ្ងៃ​គ្មាន​មើលថែ ឬ​រស់នៅ៖ «ការដែល​គេ​យក​ទៅ​បិទ​នៅ​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ទីស្នាក់ការ​មួយ​ត្រូវ​បាន​ហាមឃាត់​ដោយ​តុលាការ​ដោយ​អាជ្ញាធរ​ដែល​គ្មាន​មនុស្ស​ស្នាក់នៅ​នេះ ក៏​មិន​មាន​ជា​ដីកា​អី​មាន​ព័ត៌មាន​លម្អិត​ជា​ដីកា​អម​បង្ហាញ​បញ្ជី​ឈ្មោះ​លិខិត​របស់​តុលាការ​ប៉ុណ្ណោះ»។

នៅ​រយៈពេល​ចុងក្រោយ​នេះ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកាកោះ​ជា​បន្តបន្ទាប់​កោះហៅ​មេដឹកនាំ មន្ត្រី និង​សកម្មជន​គណបក្ស​យ៉ាង​ហោច​ណាស់ ១២៥​នាក់​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា​ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ សកម្មជន​បក្ស​ប្រឆាំង​ខ្លះ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ថា ពួកគេ​មិន​ចាប់​អារម្មណ៍​នឹង​ដីកា​នេះ​ទេ ព្រោះ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​សព្វថ្ងៃ​។ ប៉ុន្តែ​ក៏​មាន​មន្ត្រី​គណបក្ស​នេះ និង​អ្នក​ធ្វើ​ការងារ​សង្គម​ដែល​ត្រូវ​តុលាការ​កោះហៅ​ដែល​អ្នក​ទាំងនោះ​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​អះអាង​ថា នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ។

សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ឱ្យ​ដឹង​ថា តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​កាលពី​អំឡុង​ឆ្នាំ​២០១៩​។ លោក ថាច់ សេដ្ឋា សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា ទោះ​ក្នុង​ដីកា​របស់​តុលាការ​សរសេរ​ថ្ងៃកំណើត​និង​អាសយដ្ឋាន​លោក​ខុស​ក្ដី ប៉ុន្តែ​លោក​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ខាងមុខ​។ លោក​ថា ការ​ចូល​បំភ្លឺ​នេះ​ដើម្បី​បង្ហាញ​ពី​ភាព​បរិសុទ្ធ ស្មោះត្រង់​នឹង​ជាតិ សាសនា ព្រះមហាក្សត្រ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ជំហរ​ចុងក្រោយ និង​ការ​ត្រៀមខ្លួន​តតាំង​តាម​ផ្លូវ​ច្បាប់​ពី​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោក ថាច់ សេដ្ឋា។

រីឯ​កញ្ញា សេង ធារី ជា​មេធាវី និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ដែល​មិនមែន​ជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​កោះហៅ​ដែរ​នោះ បាន​កាត់សក់​ខ្លួន​ចោល និង​ត្រៀមខ្លួន​ដើរចូល​គុក បើ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ខាង​មុខ។ ទោះ​កញ្ញា​យល់​ថា ការ​ចោទប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ជា​ការ​បំភ្លៃ​ការ​ពិត ជា​ការ​គំរាមកំហែង​ធ្វើបាប​ដល់​អ្នកគាំទ្រ​គណបក្សប្រឆាំង​ក្ដី៖ «ស៊ូ​ចូល​ពន្ធនាគារ​ហើយ​ខ្ញុំ​រៀបខ្លួន​ស្រេច​ហើយ​បន្តិចទៀត​ខ្ញុំ​កាត់សក់​ខ្លី​ជាង​នេះ​ទៀត ព្រោះ​ខ្ញុំ​អត់​ចង់​មាន​ចៃ​ហើយ​ខ្ញុំ​អត់​ចង់​ថែរក្សា ខ្ញុំ​ចង់​គិតតែ​អំពី​ការ​ឆ្លើយ​តប​ការ​ប្រយុទ្ធ​ឱ្យ​ប្រទេស​យើង​មាន​ភាព​រុងរឿង​យើង​អត់​អាច​ចូល​ក្នុង​របប​ខ្មែរក្រហម​ទី​២​បាន​ទៀត​ទេ»។

ទោះ​យ៉ាងណា​អ្នក​ធ្វើ​ការងារ​សង្គម​មួយ​នេះ បាន​សរសេរ​អំពាវនាវ​តាម​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ដោយ​ស្នើ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់​លើ​កញ្ញា​ដោយ​ឥត​លក្ខខណ្ឌ។

ទម្លាក់​ចោល​បទចោទប្រកាន់​លើ​មនុស្ស​ទាំងអស់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​សវនាការ​ថ្ងៃ​ទី២៦ វិច្ឆិកា​។ អនុញ្ញាត​ឱ្យ​មាន​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ដើម្បី​បាន​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើក​បម្រាម​ធ្វើ​នយោបាយ​និង​ផ្ដល់​នីតិសម្បទា​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ចំណុច​ក្រោយ​មួយ​ទៀត​គឺ​ស្នើ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់។

អ្នកវិភាគ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា កញ្ញា សេង ធារី ដែល​ជា​មេធាវី​មកពី​សហរដ្ឋ​អាមេរិក កញ្ញា​ដឹង​ថា ជនជាប់ចោទ​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់ទោស​ដោយ​តុលាការ​ឯករាជ្យ​។ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ ចោទ​ជា​សំណួរ​ថា បើ​តុលាការ​អត់​ឯករាជ្យ តើ​កញ្ញា សេង ធារី ការពារ​ខ្លួន​យ៉ាងម៉េច​? លោក​បណ្ឌិត​រម្លឹក​ថា មាត្រា ១៤ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចែងថា ជន​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់ទោស​ដោយ​តុលាការ​ឯករាជ្យ និង​ឥត​លំអៀង។

តុលាការ​កម្ពុជា​រង​ការ​ចោទប្រកាន់​ថា ស្ថិត​នៅ​ក្រោម​ឥទ្ធិ​គណបក្ស​កាន់អំណាច និង​បាន​បម្រើ​នយោបាយ​គណបក្ស​នេះ​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀតៗ​ទៀត​។ គណបក្ស​ប្រឆាំង តែងតែ​ហៅ​តុលាការ​នៅ​កម្ពុជា ថា ជា​តុលាការ​តេឡេ ដែល​ចាំតែ​ស្ដាប់​បញ្ជា​ពី​លោក ហ៊ុន សែន។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ការ​កោះ​ហៅ​មន្ត្រី សកម្មជន និង​អ្នក​ធ្វើ​ការងារ​សង្គម​ទាំង​ក្រុម អាច​ជាប់​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ​សំខាន់ៗ​ពីរ​គឺ​ការប្រកាស​វិល​ចូល​ស្រុក​លើក​ទី​២​របស់​លោក សម រង្ស៊ី ឬក៏​អាច​ជា​ការ​បញ្ចប់​ជម្លោះ​សាច់រឿង​នយោបាយ​រ៉ាំរ៉ៃ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មេធាវី​ថា ដីកា​កោះហៅ​មនុស្ស​ជាង​១០០​នាក់ ក្នុង​រយៈពេល​ខ្លី​ធ្វើ​ឲ្យ​​ពិបាក​ក្នុង​ការ​ត្រៀមខ្លួន"

  1. Anonymous says:

    communist trick that all

  2. so socheath says:

    Seng Theary Where is your American lawyer?
    We want to see his ability , Want to know the ability of American lawyer jared Genser,
    how good is it?
    But when it comes to losing a case, do not shout that losing comes from the court as a puppet of the telecom court like the ah ! Cheaper than a dog of the rescue party, Vaginal rescue Penis rescue , finally save the ashes!
    Because the profession as a lawyer must dare to admit defeat, then it deserves to be honored.
    Want to defend the case, take the law to see, study and find out for sure before coming to court.
    Cambodia is not an American country, nor is it a country under American colonization.
    Must understand!

  3. so socheath says:

    អតីតសកម្មជនបក្សសង្គ្រោះជាតិ ជាក្រុមគម្រង់នយោបាយគួរឲ្យស្អប់ខ្ពើម !
    ភូតភរ បោកប្រាស ញុះញង់ លាបពណ៍ ជាជំនាញរបស់ពួកគេ ។
    ពិតប្រាកដណាស់ មេដឹកនាំរបស់ពួកគេជាជនក្បត់ជាតិ ។
    សមរង្ស៊ី-កឹមសុខា ជាជនក្បត់ជាតិ ។ ដូចនេះពួកគេ គឺជាអ្នករួមឃុបឃឹតក្បត់ជាតិ
    ដែលច្បាប់មិនអាចអត់ឱនបាន ។
    Former Activist CNRP is Political stink group Disgusting
    Lies Cheat Incite Painted is Their skills . Of course Their leader is A traitor ,
    Sam Rainsy – Kem Sokha is A traitor , Like this They are conspirators is A traitor Which law
    could not Have patience .

Leave a Reply

Submit Comment