អាជ្ញាធរ​ខេត្ត​កំពត​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​វិញ ក្រោយ​ចាប់ខ្លួន​សាកសួរ​៥​ម៉ោង​ដោយ​គ្មាន​មូលហេតុ

ដោយ អាស៊ីសេរី
2020-11-22
RFA

ស្នង​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ។

ស្នង​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ។

 រូប​ហ្វេសប៊ុក​ស្នងការ​ខេត្ត​កំពត


អាជ្ញាធរ​ក្នុង​ខេត្ត​កំពត ដោះលែង​សមាជិក​បក្ស​ប្រឆាំង​ម្នាក់​នៅ​ស្រុក​ឈូក ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ចាប់ខ្លួន​សាកសួរ ៥​ម៉ោង ដោយ​គ្មាន​ដីកា និង​គ្មាន​មូលហេតុ​ច្បាស់លាស់។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ឈូក ខេត្ត​កំពត លោក ង៉ៃ យ៉ុង ប្រាប់​អាស៊ីសេរី​ថា នគរបាល​ស្រុក​ឈូក បាន​ចាប់ខ្លួន​លោក កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ហើយ​បាន​ដោះលែង​វិញ នៅ​ម៉ោង​៥​រសៀល​ថ្ងៃ​ដដែល​។ លោក​បញ្ជាក់​ថា ដំបូង​ឡើយ អាជ្ញាធរ បាន​សួរ​ឈ្មោះ​របស់​លោក និង​បាន​វៃ​ខ្នោះដៃ ហើយ​បាន​នាំ​ខ្លួន​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​តាកែន ពាក់ព័ន្ធ​នឹង​ករណី​បាញ់​បោះ និង​ការ​លាក់​អាវុធ ប៉ុន្តែ​លោក​អះអាង​ថា មិន​បាន​ដឹង​អ្វី​ទាំងអស់​។ បន្ទាប់​មក​នៅ​ម៉ោង​៥​ល្ងាច សមត្ថកិច្ច បែរជា​ធ្វើ​កំណត់​ហេតុ​ថា លោក​លេង​ល្បែង​ទៅវិញ និង​បាន​ដោះលែង​វិញ​។ សមាជិក​បក្ស​ប្រឆាំង​រូប​នេះ យល់​ថា ការ​ចាប់ខ្លួន​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើនជាង ព្រោះ​សមត្ថកិច្ច ចាប់ខ្លួន​លោក​ដោយ​គ្មាន​ដីកា និង​គ្មាន​មូលហេតុ​ច្បាស់លាស់៖ «ចាប់ខ្លួន​ដោយ​អត់​មាន​ដីកា ហើយ​ដល់​ពេល​ធ្វើ​កំណត់ហេតុ​អំពី​ល្បែង​វិញ ខ្ញុំ​ក៏​ថា ខ្ញុំ​បាន​ទៅ​អង្គុយ​ជាមួយ​នឹង​គេ​មែន កន្លែង​លែង​ល្បែង​នោះ តែ​ចុះ​ហេតុ​អី​គេ​មិន​ចាប់​ដែរ មក​ចាប់​អី​តែ​ខ្ញុំ​ម្នាក់ឯង វិញ​។ ក្នុង​កំណត់ហេតុ​នោះ គេ​ថា លេង​ល្បែង​ប៉ុណ្ណឹង​វា​អត់​ទោស​ធ្ងន់​ទេ ត្រឹមតែ​លេង​បៀរ​ស៊ីគួ​ទឹក​ថៃ​អីហ្នឹង ហើយ​គេ​ដោះលែង​មកវិញ​។ ក្នុង​អារម្មណ៍​របស់ខ្ញុំ​ថា គេ​បំភិតបំភ័យ​ខ្ញុំ​តែម្ដង ព្រោះ ដំបូង​សួរ​រឿង​កាំភ្លើង ហើយ​ទី​បញ្ចប់​មក​ធ្វើ​កំណត់ហេតុ​លេង​ល្បែង​វិញ»។

ឆ្លើយតប​ចំពោះ​ករណី​នេះ ស្នង​នគរបាល​ខេត្ត​កំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ អះអាង​ថា សមត្ថកិច្ច បាន​ឃាត់ខ្លួន​លោក ង៉ៃ យ៉ុង ពាក់ព័ន្ធ​នឹង​រឿង​លេង​ល្បែងស៊ីសង​តាម​បណ្ដឹង​របស់​ពលរដ្ឋ ។ លោក អះអាង​ទៀត​ថា សមត្ថកិច្ច មិន​បាន​ចោទសួរ​អំពី​រឿង​លាក់​អាវុធ និង​មិន​បាន​បំភិតបំភ័យ​ដោយសារ​មូលហេតុ​នយោបាយ ដូច​ការចោទប្រកាន់​ឡើយ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច អប់រំ​កុំ​ឲ្យ​គាត់​លេង​ល្បែង និង​ដោះលែង​វិញ​៖ «អត់​ទេ គឺ​យើង​ធ្វើ​រឿង​លេង​ល្បែងស៊ីសង ហើយ​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​ថា រឿង​នេះ គឺ​ល្បែងស៊ីសង​ហ្មង ហើយ​កុំ​សួរ​សំណួរ​រឿង​ផ្សេង​។ យើង​អត់​មាន​ធ្វើ​រឿង​អី​បំភិតបំភ័យ រឿង​កាំភ្លើង​រឿង​កាំ​ភ្លាំង​ហ្នឹង​ទេ គឺ​យើង​ធ្វើ​រឿង​ល្បែងស៊ីសង»។

សមាជិក​បក្ស​ប្រឆាំង លោក ង៉ៃ យ៉ុង ចាត់​ទុក​ការ​លើកឡើង​របស់​មេ​ប៉ូលិស​ខេត្ត​កំពត​នេះ គឺជា​លេស​ដោះសា។

ចាប់​តាំង​ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​វិល​ចូល​កម្ពុជា​ជា​លើក​ទី​២​មក គឺ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ផ្ដើម​បង្កើន​យុទ្ធនាការ​បង្ក្រាប និង​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង​ឡើងវិញ​ជា​បន្តបន្ទាប់​។ មក​ទល់​ពេល​នេះ មេដឹកនាំ មន្ត្រី និង​សកម្មជន​គណបក្ស​យ៉ាងហោចណាស់ ១២៥​នាក់​ហើយ ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ដោយឡែក មាន​សកម្មជន​ជាច្រើន​នាក់​ទៀត ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ហើយ​អ្នក​ខ្លះ​ទៀត ត្រូវ​រង​ការ​វាយដំ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​។​

មន្ត្រី​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន រួម​ទាំង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ផង បាន​ថ្កោលទោស​រឿង​ទាំងនេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ច្រើនជាង​ការ​អនុវត្ត​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment