អាជ្ញាធរ​លើក​ពេល​ធ្វើ​បុណ្យ​ខួប​១០​ឆ្នាំ នៃ​ការ​ជាន់គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ ដោយសារ​វិបត្តិ​កូវីដ-១៩

ដោយ វ៉ែន សុមេធ
2020-11-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ចំណុច​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​ការ​ជាន់​គ្នា​ នៅ​​ទីតាំង​ស្ពាន​ពេជ្រ​ដែល​ត្រូវ​បាន​វាយកម្ទេច​ចោល។ រូប​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

ទិដ្ឋភាព​ចំណុច​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​ការ​ជាន់​គ្នា​ នៅ​​ទីតាំង​ស្ពាន​ពេជ្រ​ដែល​ត្រូវ​បាន​វាយកម្ទេច​ចោល។ រូប​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

 Photo courtesy


ជនរងគ្រោះ សោកស្ដាយ​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្នុង​ការ​លើក​ពេល​ធ្វើ​បុណ្យខួប ១០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់ នៅ​ស្ពាន​ពេជ្រ ដោយសារ​ហេតុផល​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19)។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល ធ្វើបុណ្យ​ខួប​នេះ ឲ្យ​បាន​ទៀងទាត់​ជា​រៀងរាល់​ឆ្នាំ និង​ត្រូវ​អញ្ជើញ​សាច់ញាតិ​របស់​ជនរងគ្រោះ​មក​ចូលរួម​ផង។

យុវជន​រងគ្រោះ​ម្នាក់​នៅ​លើ​ស្ពាន​ពេជ្រ កាលពី​ឆ្នាំ​២០១០ លោក ឃី ពិសី ជឿ​ថា អាជ្ញាធរ​អាច​គ្រប់គ្រង និង​ប្រារព្ធ​ពិធី​បុណ្យខួប​គម្រប់​១០​ឆ្នាំ​បាន ប្រសិន​បើ​មាន​ឆន្ទៈ ព្រោះ​អាជ្ញាធរ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ​១៩​។ លោក​សង្ស័យ​ថា អាជ្ញា​ធរមាន​ចេតនា​ចង់​បន្សាប​ព្រឹត្តិការណ៍​នេះ​ឲ្យ​តូច​ទៅ ៗ ទើប​លែង​ចង់​ប្រារព្ធ​ខួប​នេះ។

លោក ឃី ពិសី ដែល​មាន​បងថ្លៃ​ស្រី​ម្នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ និយាយ​ថា លោក​នៅតែ​មិន​អស់ចិត្ត និង​ចង់​ឃើញ​អ្នកទទួលខុសត្រូវ ក្នុង​ព្រឹត្តិការណ៍​នោះ ព្រោះ ករណី​នេះ ជា​រឿង​ធំ​ដែល​មាន​មនុស្ស​រាប់​រយ​នាក់ ស្លាប់ និង​របួស៖ «ការ​ស្លាប់​នេះ​ជា​ការ​ស្លាប់​ធំ លំដាប់​ទី​១​ហើយ បន្ទាប់ពី​របប​ប៉ុលពត ដួល​ទៅ។ អ៊ីចឹង ការ​ស្លាប់​ហ្នឹង គួរតែ​រៀបចំ​ជា​ព្រឹត្តិការណ៍​ណាមួយ ដែល​ជា​ការ​ចងចាំ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​តែម្ដង​ទៅ​ណា ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ហ្នឹង​កើតឡើង​ដោយ​ការ​ធ្វេស​ប្រហែល​របស់​អាជ្ញាធរ​ជា​អ្នក​រៀបចំ សណ្ដាប់ធ្នាប់​ក្រុង​។ អ៊ីចឹង អត់​គួរណា ធ្វើ​ព្រឹត្តិការណ៍​នេះ ឲ្យ​តូច​ទៅៗ ទេ​។ អ៊ីចឹង ខ្ញុំ​មើល​ឃើញ​ថា អា​ចេតនា​ហ្នឹង​វា​ហាក់ដូចជា​ចង់​បំភ្លេច​ការ​ចងចាំ​របស់​អ្នក​ជំនាន់​ក្រោយ​ថា រឿងហេតុ​ការណ៍​ហ្នឹង កើតឡើង​ដោយ​កំហុស​របស់​ខ្លួន»។

នៅ​ខួប​ទី​១០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់ លើ​ស្ពាន​ពេជ្រ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​បាន​ប្រារព្ធ​ពិធី​សូត្រមន្ត រាប់បាត្រ បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ៣៥០​នាក់ ដូច​រាល់​ឆ្នាំ​ទេ ដោយ​សំអាង​ថា ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (Thmeythmey.com) ថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា​ទើបតែ​បញ្ចប់ ដូច្នេះ​សាលា​រាជធានី​មិន​រៀបចំ​ពិធីបុណ្យ​ឡើយ ដោយ​ចាត់តាំង​ឲ្យ​រដ្ឋបាល​ខណ្ឌ​ជា​អ្នក​រៀបចំ​វិញ តែ​ក្នុង​ទ្រង់ទ្រាយ​តូច​។ លោក​ថា អាជ្ញាធរ លើក​ពេល​ប្រារព្ធ​ខួប​១០​ឆ្នាំនេះ ជា​ទ្រង់ទ្រាយ​ធំ ទៅ​ពេល​ខាងមុខ ប៉ុន្តែ​មិនទាន់​កំណត់​ថ្ងៃ​រៀបចំ​ច្បាស់លាស់​ឡើយ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ម៉េត មាសភក្ដី បានទេ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ដោយសារ​លេខ​ទូរស័ព្ទ​របស់​លោក មិន​អាច​ទំនាក់ទំនង​បាន

ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ខួប ១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ជាន់គ្នា​នៅ​លើ​ស្ពាន​ពេជ្រ ឆ្លង​ទៅ​កោះ​ពេជ្រ ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ​២០១០។ ហេតុការណ៍​កាលណោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ៣៥៣​នាក់​ស្លាប់ និង ៣៩៥​នាក់​រង​របួស​។ រហូតមកដល់​ពេលនេះ ក្រៅពី​ឧបត្ថម្ភ​ជា​ទឹកប្រាក់​នោះ មិន​មាន​អាជ្ញាធរ ឬ​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​នេះ​ទេ គឺ​ឃើញ​តែ​សម្ដែង​ការ​សោកស្ដាយ​នូវ​អ្វី​ដែល​បាន​កើតឡើង​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ប្រាប់​អាស៊ីសេរី​មុន​នេះ​មួយថ្ងៃ​ថា អាជ្ញាធរ​រដ្ឋ​បាន​ទទួល​ខុសត្រូវ ជា​សាធារណៈ​រួចរាល់​អស់ហើយ ខណៈ​រដ្ឋាភិបាល​ក៏បាន​បង្កើន​ការគ្រប់គ្រង​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ​ឲ្យ​មាន​ភាព​ប្រសើរ។

នាយករង ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍ ថា ការ​ធ្វើ​បុណ្យខួប​ជា​រៀងរាល់​ឆ្នាំ ដើម្បី​រំលឹក​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់ នៅ​លើ​ស្ពាន​ពេជ្រ ថ្ងៃទី​២២ វិច្ឆិកា ជា​រឿង​ល្អ ព្រោះ​ជា​ការ​ដាស់​ស្មារតី​និង​រំលឹក​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​។ លោក អំ សំអាត​យល់​ថា ការ​ធ្វើ​បុណ្យ​តាម​បែប​សាសនា​ផ្សេងៗ ក្នុង​ទម្រង់​បែប​ណា គឺ​អាស្រ័យ​លើ​ថវិកា​របស់​រដ្ឋាភិបាល។ ប៉ុន្តែ លោក​ចង់​ឲ្យ​មានការ​ចូលរួម​ពី​សាច់ញាតិ​របស់​ជនរងគ្រោះ៖ «ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​ជំនួស​រដ្ឋាភិបាល​ទេ ទាក់ទង​នឹង​ការ​ធ្វើ​ហ្នឹង វា​អាស្រ័យ​ទៅ​លើ​ថវិកា​ឬក៏​អ្វី​ផ្សេង​។ ក៏ប៉ុន្តែ​យើង​ជា​សង្គម​ស៊ីវិល​យើង​ចង់​ឲ្យ​ធ្វើ​យ៉ាងណា គឺ​ក្រុម​គ្រួសារ​អ្វី​ទាំង​អស់ហ្នឹង ដែល​តាម​ប្រពៃណី ដែល​គាត់​អាច​ចូលរួម​នៅ​ក្នុង​រំលឹក​វិញ្ញាណក្ខន្ធ​(​ជនរងគ្រោះ​របស់​ពួកគាត់​ហ្នឹង ហើយ​និង​ធ្វើ​ឲ្យ​មាន​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អាច​នឹង​ចងចាំ និង​អាច​ចូលរួម ធ្វើ​យ៉ាងណា​ទប់ស្កាត់​អំពើ​ទាំងអស់​ហ្នឹង»។

រាល់​ឆ្នាំ ឲ្យ​តែ​ដល់​ថ្ងៃ​ខួប​២២ វិច្ឆិកា អាជ្ញាធរ​រាជធានី​ភ្នំពេញ តែង​និមន្ត​ព្រះសង្ឃ​រៀបចំ​ពិធីបុណ្យ​បង្សុកូល សូត្រ​មន្ត​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ និង​បាន​អញ្ជើញ​សាច់ញាតិ មក​ចូលរួម​ពិធីបុណ្យ​ដើម្បី​រំលឹក​ដល់​ឧបទ្ទវហេតុ នៃ​ការ​ជាន់គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ ។ អាជ្ញាធរ បាន​ធ្វើ​បុណ្យ​នៅ​ចំណុច​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ ជំនួស​ឲ្យ​ទីតាំង​ស្ពាន​ពេជ្រ​ដែល​ត្រូវ​បាន​វាយកម្ទេច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment