កម្ពុជារំលឹកខួប១០ឆ្នាំនៃព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នៅកោះពេជ្រ ក្នុងសភាស្ងប់ស្ងាត់

កម្ពុជា
11/2020 – 08:28
ដោយ៖ វ៉ា សំណព្វ
RFI

ព្រះសង្ឃសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០។
ព្រះសង្ឃសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧបទ្ទវហេតុអតីតស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០។ © សហការី

ថ្ងៃទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ២០២០​នេះ​ គឺជាខួប​គម្រប់​១០ឆ្នាំគត់​នៃ​ព្រឹត្តិការណ៍​រត់ជាន់គ្នាស្លាប់​​នៅលើ​ស្ពានកោះពេជ្រ​នៅយប់ចុងក្រោយ​នៃពិធី​បុណ្យ​អុំទូក​កាលពី​ឆ្នាំ២០១០​។​ ព្រឹត្តិការណ៍​រត់ជាន់គ្នា​ស្លាប់​នៅលើស្ពានកោះពេជ្រ​កាលពី១០​ឆ្នាំមុន​ ដែលបាន​បណ្តាល​​អោយ​មនុស្ស​៣៥៣នាក់ស្លាប់​បាត់បង់ជីវិត​ និង​ជាង​៤០០នាក់​បាន​រងរបួស។

ដូចការ​គ្រោងទុក​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​តំណាង​ដោយរដ្ឋបាល​ខណ្ឌចំកាមន ​ដឹកនាំ​ដោយ​លោក ស៊ុន សិទ្ធី ​តំណាង​លោក ថេង សុថុល ​អភិបាល​នៃ​គណៈអភិបាល​ខណ្ឌចំការមន​ បានចូលរួម​ពិធី​សូត្រមន្តបង្សុកូល​ ដើម្បី​ឧទ្ទិសកុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ​ក្នុងឧបទ្ទវហេតុ​អតីត​ស្ពានពេជ្រ ​នៃទីក្រុងកោះពេជ្រ ​កាលពីថ្ងៃទី ​២២ ​ខែ វិច្ឆិកា​ ឆ្នាំ ​២០១០​។​

ពិធីនេះ ​ត្រូវបានធ្វើឡើង​នៅស្តូប​របស់​ជនរងគ្រោះ ​ស្ថិតនៅ​គល់ស្ពាន​នាគ​នៃទីក្រុង​កោះពេជ្រ ​ដោយមាន​ការចូលរួម​ពីអាជ្ញាធរ​ ព្រះសង្ឃ ​និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ផងដែរ។​ ប៉ុន្តែ​អ្វីជាការកត់សំគាល់​ពិធីរំលឹក​ខួប​១០​ឆ្នាំនេះ ​ហាក់បានធ្វើឡើង​ដោយស្ងប់ស្ងាត់​ និង​មិនមាន​អ្នកចូលរួម​ច្រើនកុសករ​នោះទេ។​ កន្លង​មកនិង​ជា​រៀង​រាល់​ឆ្នាំដែរ អាជ្ញាធរ​រាជធានី​ភ្នំពេញ តែងតែ​ធ្វើ​ពិធីសូត្រមន្ត​បង្សុកូល ​និង​រាប់បាត្រ​ព្រះសង្ឃ​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​នៃ​ទីក្រុង​កោះ​ពេជ្រ រៀងរាល់ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ តែងតែ​មក​ចូលរួម និង​បាន​ទទួល​អំណោយ​ជា​ថវិកាសម្រាប់​ជា​សោហ៊ុយ​ត្រឡប់​ទៅ​វិញ​ផង​ដែរ។ ប៉ុន្តែបើតាមអាជ្ញាធររាជធានីភ្នំពេញ ទោះបី​រាជធានី​ភ្នំពេញបានជួប​​ស្ថានភាព​លំបាក​ផ្ទួន​ៗ​គ្នា​ ដូច​ជា បញ្ហាទឹកជំនន់​ និងជំងឺ​កូ​វី​ដ​១៩ក្តី​ ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​បាន​ភ្លេច និង​បោះបង់​ចោល​នូវ​កម្មវិធី​សូត្រ​មន្ត បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​គម្រប់​ខួប​១០​ឆ្នាំ​ ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​អតីត​ស្ពាន​ពេជ្រ​ កាលពី​យប់​ថ្ងៃ​ទី​២២ ​វិច្ឆិកា​ ២០១០​ នោះឡើ​យ។

គួរ​រំលឹក​ថា នៅក្នុងរាត្រីចុងក្រោយនៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ កាលពី​ថ្ងៃ​ទី ​២២​ ខែវិច្ឆិកា ​ឆ្នាំ​២០១០​ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ដែលហេតុការណ៍ដ៏រន្ធត់នេះបានបណ្តាល​ឲ្យ​មនុស្ស​​៣៥៣​នាក់ស្លាប់បាត់​បង់​ជីវិត​​ និង​ជាង​៤០០​នាក់បានរង​របួស៕

What Next?

Recent Articles