គ្រួសារ​ជន​រង​គ្រោះ​ខ្មែរ​ក្រោម ដែល​នគរបាល​បាញ់​សម្លាប់ បន្ត​ទាមទារ​យុត្តិធម៌

ដោយ ទីន ហ្សាការីយ៉ា
2020-11-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកស្រី ឆាយ សុខ​ម៉េង ប្រពន្ធ​ជន​រង​គ្រោះ​ខ្មែរ​ក្រោម ដែល​មន្ត្រី​នគរបាល​នៃ​សង្កាត់​វត្តភ្នំ​បាញ់​សម្លាប់ នៅ​យប់​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

លោកស្រី ឆាយ សុខ​ម៉េង ប្រពន្ធ​ជន​រង​គ្រោះ​ខ្មែរ​ក្រោម ដែល​មន្ត្រី​នគរបាល​នៃ​សង្កាត់​វត្តភ្នំ​បាញ់​សម្លាប់ នៅ​យប់​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

 រូប៖ កាសែត​ព្រៃនគរ


គ្រួសារ​បុរស​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​មន្ត្រី​នគរបាល​បាញ់​សម្លាប់ កាលពី​ជិត ២ខែ​មុន​នៅ​ក្នុង​ទី​ក្រុង​​ភ្នំពេញ ​ទទូច​ឲ្យ​អាជ្ញាធរ ​ចាប់​ខ្លួន​ជន​ដៃដល់​ផ្ដន្ទាទោស​តាម​ច្បាប់ ​ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ពួក គាត់។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​ករណី​នេះ​ ដើម្បី​កុំឲ្យ​សាធារណជន ​រិះគន់​ថា ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ​ឬ​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​សំណុំ​រឿង ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​នគរបាល​គ្នា​ឯង។

បើ​ទោះ​បី​ជា​អំពើ​ឃាតកម្ម​លើ​បុរស​ខ្មែរ​ក្រោម ​នៅសង្កាត់បឹងកក់២ ​ខណ្ឌ​ទូល​គោក ​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជិត ២ខែ​កន្លង​ទៅ​ហើយ​ក្តី ក៏​ជន​ដៃ​ដល់​មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ នៅ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឲ្យ​គ្រួ​សារ​ជនរងគ្រោះ ​សោកស្ដាយ​ និង​បន្ត​ឈឺ​ចាប់​ក្នុង​ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌។

ភរិយា​ជនរងគ្រោះ​ គឺ​លោកស្រី​ ឆាយ​ សុខ​ម៉េង អាយុ​ ៤០​ឆ្នាំ ​រៀបរាប់​ថា ​លោកស្រី ​ហាក់​លែង​ទុក​ចិត្ត​ទៅ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ ព្រោះ​មក​ទល់​ពេល​នេះ​ មិនដែល​មាន​អាជ្ញាធរ ​ឬ​ប៉ូលិស​ណា ម្នាក់​ មក​សួរ​នាំ​ ឬ​ផ្តល់​ដំណឹង​អំពី​ដំណើរ​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ឃាតកម្ម​ប្ដី​លោកស្រី​ឡើយ។ លោកស្រី​បន្ត​ថា ​នៅ​ពេល​ទូរស័ព្ទ​ទៅ​សួរ​ប៉ូលិស​នៅ​ខណ្ឌ​ទួល​គោក​ម្តងៗ គឺ​ប៉ូលិស​ចេះតែ​ឆ្លើយ ថា​ កំពុង​ស៊ើប​អង្កេត​រហូត ​ប៉ុន្តែ​ពុំ​មាន​តម្រុយ​អ្វី​ទាំង​អស់ ​ដោយ​អះអាង​ថា ​ជន​ដៃ​ដល់​បន្ត​រត់គេច​ខ្លួន​តាំង​ពី​ពេលនោះ៖ «ខ្ញុំ​សួរ​ថា ចុះ​អ្នក​បាញ់​ប្ដី​ខ្ញុំ គាត់​រត់​បាត់​ហើយ ចុះ​អ្នក​ពាក់ព័ន្ធ​អ្នក​ឲ្យ​ដៃ​ឲ្យ​ជើង​ឲ្យ​ម៉ូតូ​ជិះ​រត់​អី។ ចង់​និយាយ​ថា ប្រពន្ធ​គាត់​អី ស៊ុមគ្រលុំ​នឹង​អ្វី​ដែល​ប្ដី​គាត់​ធ្វើ តើ​គិត​ម៉េចគេ​ថា អត់​មាន​ពាក់ព័ន្ធ​រឿង​ហ្នឹង​ទេ ព្រោះ​អ្នក​ណា​ធ្វើ​អ្នក​នោះ​ទទួល។ ខ្ញុំ​ថា អត់​មាន​ពាក់ព័ន្ធ​យ៉ាង​ម៉េច បើ​ពេល​នោះ​ប្រពន្ធ​គាត់​នៅ​ទីនោះ​ដែរ គាត់​អត់​ចេញ​មក​ឃាត់​ប្ដី​គាត់​ថា កុំ​ឲ្យ​បាញ់​កុំ​ឲ្យ​អី​ទេ។ បើ​ប្រពន្ធ​គាត់​ឃាត់ ក៏​ប្ដី​ទៅ​វិញ​ដែរ តែ​ប្រពន្ធ​គាត់ ក៏​ចូលរួម​គំនិត​ដែរ​ហ្នឹង ហើយ​ប្អូន​ស្រី ជា​អ្នក​ឲ្យ​ម៉ូតូ​ម្នាក់​ប្រុស​ហ្នឹង​ជិះ​រត់​ទៀត»

លោកស្រី​ ឆាយ​ សុខ​ម៉េង​ រំលឹក​ថា ​ប្តី​លោក​ស្រី ​មានឈ្មោះ ​សុខ ​សុធន ​ហៅ ​កេន មាន​មុខ​របរ​ជា​ជាង​កាត់សក់ ​អាយុ ៣៤ឆ្នាំ ​ត្រូវ​បាន​ជន​ដៃ​ដល់ ​ដែល​ជា​មន្ត្រី​នគរបាល​នៃ​សង្កាត់​វត្ត​ភ្នំ ​បាញ់​ចំនួន​មួយ​គ្រាប់​ចំ​ដើមទ្រូង​ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ​ កាលពី​វេលា​ម៉ោង ១០យប់ ថ្ងៃ​ទី ​២៦ ​ខែកញ្ញា ​ឆ្នាំ​ ២០២០ ​នៅ​មុខ​ផ្ទះ​ជួល ​និង​ជា​ហាង​កាត់សក់​ ក្នុង​សង្កាត់​បឹង​កក់​២ ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។ ក្រោយ​ការ​បាញ់​ប្រហារ​នោះ​ ជន​ដៃដល់​បាន​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​​ដល់​សព្វ​ថ្ងៃ។

លោក សុខ សុធន ជា​ខ្មែរ​ក្រោម ដែល​មន្ត្រី​នគរបាល​នៃ​សង្កាត់​វត្តភ្នំ​បាញ់​សម្លាប់ នៅ​យប់​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ កាសែត​ព្រៃនគរ

លោក សុខ សុធន ជា​ខ្មែរ​ក្រោម ដែល​មន្ត្រី​នគរបាល​នៃ​សង្កាត់​វត្តភ្នំ​បាញ់​សម្លាប់ នៅ​យប់​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ កាសែត​ព្រៃនគរ


ភរិយា​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា ​គ្រួសារ​លោកស្រី ​និង​គ្រួសារ​ជន​បង្ក​មាន​ផ្ទះ​ជិត​គ្នា​ ហើយ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​គ្នា​ជាយូរមកហើយ​ពាក់ព័ន្ធ​នឹង​ការ​ចត​ឡាន​មុខ​ផ្ទះ ​និង​ការ​ទុក​ដាក់​សំរាម ប៉ុន្តែ​ក្រោយមក​មិនដែល​មាន​រឿង​អ្វី​ទៀត​ឡើយ ​គ្រាន់តែ​មិន​និយាយ​រក​គ្នា។ លោកស្រី ​បន្ត​ថា​ លុះដល់​ថ្ងៃ​កើត​ហេតុ​នោះ ​គឺ​ជន​ដៃ​ដល់​ បាន​ដើរ​សំដៅ​មក​ផ្ទះ​លោកស្រី ​ហើយ​បាន​ដក​កាំភ្លើង​បាញ់​ប្ដី​លោកស្រី​តែ​ម្ដង។

ក្រោយមក​ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook) បាន​លាត​ត្រដាង​អត្តសញ្ញាណ​ជន​ដៃ​ដល់​រូប​នោះ​ថា ជា​កង​កម្លាំង​នគរបាល​ជាតិ ​និង​មាន​ឋានន្តរ​ជា​អនុសេនីយ៍ត្រី​ពាក់​ស័ក្ដិ ១ ឈ្មោះ លី ថារិយ។

ទាក់ទងនឹង​ករណី​នេះ ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ ឆាយ​ គឹម​ខឿន ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​កំពុង​តាមដាន​ចាប់​ជន​ល្មើស​នៅ​ឡើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា កំពុង​លាក់​ខ្លួន​នៅ​ទី ណា​នោះ​ទេ។ លោក​ ឆាយ​ គឹម​ខឿន បញ្ជាក់​ថា ជន​ល្មើស​រូប​នោះ ​គឺជា​មន្ត្រី​នគរបាល​នៃ​សង្កាត់​វត្តភ្នំ ក្នុង​ខណ្ឌ​ដូនពេញ ហើយ​ជន​ដៃដល់​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ​ផង​ដែរ៖ «គ្រួសារ​គាត់​ជា​ជន​រង​គ្រោះ​គាត់​ឈឺ​ចាប់​អ៊ីចឹង​ហើយ តែ​សមត្ថកិច្ច កំពុង​ស្វែង​រក​ចាប់​ខ្លួន។ យើង​បាន​កំណត់​អត្តសញ្ញាណ​រួច​ហើយ​អ្នក​បាញ់​នេះ តែ​គាត់​កំពុង​រត់​គេច​ខ្លួន។ បើ​យើង​ចាប់​អត់​ទាន់​បាន ធ្វើ​ម៉េច​យើង​រក​យុត្តិធម៌​ឲ្យ​គាត់​បាន ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​រក​យុត្តិធម៌​ជូន​ពួក​គាត់​ហើយ»

រីឯ​អគ្គ​លេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​ និង​ជា​មេធាវី​ការពារ​ក្តី ឲ្យ​ជនរងគ្រោះ គឺ លោក​ សឺន ​ជុំ​ជួន​ ឲ្យ​ដឹង​ថា ​ក្រោយ​កើត​ហេតុ​ គឺ​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ជន​ល្មើស​រូប​នោះ ​ប៉ុន្តែ​ដីកា​មួយ​នេះ​បាន​ផុត​កំណត់ ពេល​រួចហើយ ​ដូច្នេះ​លោក ​សង្ឃឹមថា ​សមត្ថកិច្ច​ នឹង​ស្នើសុំ​ដីកា​តាម​ចាប់​ខ្លួន​ជនល្មើស​តែ​ម្តង។ មេធាវី​រូប​នេះ​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​រឿង​នេះ​ឲ្យ​បាន​ឆាប់​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ​ព្រោះ​ករណី​នេះ​ គឺ​ជា​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​ប្រព្រឹត្ត​ដោយ​មន្ត្រី​នគរបាល​ថែមទៀត៖ «ពិបាក​សន្និដ្ឋាន​បន្តិច​ប្អូន​ទាក់ទង​នឹង​ចំណាត់​ការ​របស់​សមត្ថកិច្ច ប៉ុន្តែ​ខ្ញុំ​ជា​មេធាវី ជឿជាក់​ថា សមត្ថកិច្ច​នឹង​ខិតខំ​រក​ជន​ដៃដល់​នេះ មក​ឲ្យ​ទាល់​តែ​បាន ព្រោះថា ជន​ដៃ​ដល់​នេះ​គឺ​ជា​មន្ត្រី​សាធារណៈ​ផង ដើម្បី​ស្ដារ​កិត្តិយស និង​កសាង​ស្នាដៃ​របស់​សមត្ថកិច្ច»

កាល​ពី​ថ្ងៃ​ទី១៥ ខែតុលា លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ នៅ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ដៃ​ដល់ ដែល​បាន​បាញ់សម្លាប់​លោក សុខ សុធន មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​។ អង្គការ​ខ្មែរ​ក្រោម​មួយ​នេះ លើកឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា ពួក​គេ ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង​នា​ពេល​អនាគត អាច​នឹង​មាន​ការ​កើត​ឡើងជា​បន្ត​បន្ទាប់​ទៀត ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​មាន​វិធានការ​ណាមួយ​ ទៅតាម​នីតិវិធី​ឱ្យ​បាន​ទាន់​ពេល​នោះ​ទេ ពីព្រោះ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ មាន​ខ្មែរ​ក្រោម​ជាច្រើន​នាក់​ហើយ​ ដែល​ត្រូវ​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​សោក​ស្ដាយ ​និង​គ្មាន​យុត្តិធម៌​ពេញលេញ។

ទាក់ទង​ករណី​នេះ​ដែរ ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក ​ស៊ឹង ​សែន​ករុណា ថ្លែង​ថា ​ជនល្មើស ​ត្រូវ​បាន​លាតត្រដាង​មុខមាត់ ​និង​អត្តសញ្ញាណ​ទៅ​ហើយ​ ដូច្នេះ​សមត្ថកិច្ច ​គួរតែ អនុវត្ត​ច្បាប់​ឲ្យបាន​ឆាប់​រហ័ស ​ដើម្បី​ផ្តល់​យុត្តិធម៌​ពេញ​ដល់​គ្រួសារ​ជន​រង​គ្រោះ​ និង​បញ្ចប់​វប្បធម៌​និទណ្ឌភាព៖ «ធ្វើ​យ៉ាង​ណា​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ ជឿ​ទុក​ចិត្ត​ថា  សមត្ថកិច្ច​ពិត​ជា​មាន​ការ​ចាត់​វិធានការ​លើ​ជន​ប្រព្រឹត្ត​ពិត​ប្រាកដ មិន​មែន​គ្រាន់​តែ​ចេះ និយាយ​ថា ខ្លួន​បាន​ចាត់​វិធានការ ប៉ុន្តែ​អ្វីៗ ទាំង​អស់​នោះ ហាក់​ដូច​ជា​អត់​មាន​ធ្វើ​សកម្មភាព​អ្វីៗ ទាល់​តែ​សោះ»

ភរិយា​ជនរងគ្រោះ​ គឺ​លោកស្រី​ ឆាយ​ សុខ​ម៉េង ឲ្យ​ដឹង​ថា ក្រោយ​បាត់បង់​ប្ដី​ដែល​ជា​បង្គោល​សំខាន់​បំផុត ​នៅ​ក្នុង​គ្រួសារ​ ធ្វើ​ឱ្យ​គ្រួសារ​របស់​លោកស្រី​ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយ​ខ្វះខាត​លុយ​បង់ ថ្លៃ​ឈ្នួល​ផ្ទះ​ជួល​ និង​បង់​សង​ធនាគារ​ ​ព្រមទាំង​គ្មាន​សមត្ថភាព​ឲ្យ​កូន​ទៅ​រៀន​ឯកជន​ដូចមុន​ឡើយ។ បច្ចុប្បន្ន​នេះ ​លោកស្រី​ កំពុង​តស៊ូ​តែ​ម្នាក់​ឯង​ចិញ្ចឹម​កូន​ស្រី​តូចៗ ចំនួន ​៤នាក់ដែល​មាន​អាយុ ១ឆ្នាំ​ដល់​អាយុ​ ១១ឆ្នាំ។ លោកស្រី​ទទូច​ដល់​សមត្ថកិច្ច​ជំនាញ ឱ្យ​ជួយ​ពន្លឿន​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត ដើម្បីឲ្យ​លោកស្រី ទទួល​បាន​សំណង​សមរម្យ​សម្រាប់​ចិញ្ចឹម​កូន និង​ស្នើ​សុំ​ឲ្យ​តាម​ចាប់​ខ្លួន​ជន​ដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់​​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​លោកស្រី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "គ្រួសារ​ជន​រង​គ្រោះ​ខ្មែរ​ក្រោម ដែល​នគរបាល​បាញ់​សម្លាប់ បន្ត​ទាមទារ​យុត្តិធម៌"

  1. Anonymous says:

    Sorry’ you live in the cage of beast regime ‘you can’t get justice ‘ That no justice for ordinery people ‘

  2. so socheath says:

    វាសនាសមរង្ស៊ី នឹងបញ្ចប់ក្នុងពេលត្រូវបញ្ជូនចូលគុក !
    ***
    ប៉ុន្មានថ្ងៃមុននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
    នរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គទ្រង់បាន
    ឡាយព្រះហស្តលេខា ដាក់ឲ្យប្រេីប្រាស់រួចហេីយ ច្បាប់ធ្វេី
    បត្យាប័នអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និង
    សាធារណ:រដ្ឋបារាំង ហេីយដែលច្បាប់នេះ បានឈានចូល
    ក្នុងដំណេីរអនុវត្តន៍ជាធរមានរួចហេីយ។
    សម្រាប់សមរង្ស៊ី ច្បាប់ធ្វេីបត្យាប័ននេះ ហាក់ដូចជាអន្លូង
    ដែលសំពងចំកណ្តាលក្បាលសមរង្សុី ដែលកំពុងជាប់ក្តីក្តាំ នៅក្នុង
    តុលាការកម្ពុជាផង និងក្តីក្តាំបរិហារកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាល
    កម្ពុជានៅតុលាការបារាំងផង ។
    សម្រាប់សមរង្សុីការគេចវេសប្រកាសឈប់ទទួលយកសញ្ជាតិ
    ខ្មែរ វាជាចំណុចទី១ ដែលសមរង្សុីគឹតថា អាចជៀសវាងបាន
    ពីការចាប់បញ្ជូនខ្លួនសមរង្សុីមកកាត់ទោសនៅកម្ពុជាតាមរយះច្បាប់
    បត្យាប័នពីសំណាក់ភាគីបារាំងបាន។
    តែថាចំណុចនេះ នឹងធ្វេីឲ្យសមរង្សីបាត់បង់អ្វីទាំងអស់ដែលសមរង្សុីមាន
    នៅកម្ពុជាផងដែរ ។ (សមរង្សុីនិងភរិយាជាជនជាប់ពិរុទ្ធតាមផ្លូវតុលាការ)
    សម្រាប់ជាតិសាសន៍បារាំងដែលសមរង្ស៊ីត្រូវតែប្រកាន់យក
    ទៀតសោត សមរង្ស៊ីក៏មិនអាចមានពេលវេលាគ្រប់គ្រាន់
    ដែលអាចឲ្យសមរង្ស៊ីបានរស់នៅដោយក្តីសុខនោះក៏ទេដែរ ។
    សមរង្ស៊ីកំពុងជាប់ក្តីនៅបារាំង ដែលត្រូវបានប្តឹងដោយរាជ
    រដ្ឋាភិបាលកម្ពុជា ។ តេីមិនមានទេឬ ដែលសមរង្សុីមិនត្រូវការ
    មេធាវីបារាំងឲ្យឈរធ្វេីជាអ្នកការពារក្តីឲ្យខ្លួន ?
    ចំណុចនេះទាំងពេលវេលា ទាំងថវិកាទាមទារឲ្យសមរង្សុី
    ត្រូវលះបង់ដោយខានមិនបាន ។
    សម្រាប់សមរង្ស៊ី ទោះត្រឹមទទួលយកតែសញ្ជាតិបារាំង
    ក៏សមរង្ស៊ីមិនអាចគិតថា បានរួចខ្លួនពីការជាប់នូវពិរុទ្ធភាព
    តាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។
    ព្រោះថាស្ថានទម្ងន់ទោសបង្ករភាពអន្តរាយដល់ជាតិ ក្នុង
    ពេលដែលសមរង្សុីចាប់យកសញ្ជាតិខ្មែរ ហេីយឈរជេីង
    ធ្វេីជាអ្នកនយោបាយ ជាសមាជិកសភានៅកម្ពុជា ដែលចំណុចនេះ
    វាបានបង្ហាញនូវភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលរដ្ឋាភិបាល
    បារំាងអាចអនុវត្តន៍ច្បាប់បត្យាប័ន បញ្ជូនសមរង្ស៊ីឲ្យមក
    កាត់ទោសនៅស្រុកខ្មែរបានហេីយ ។
    ដូចនេះតេីវាសនាសមរង្ស៊ី មិនត្រូវចប់ដោយបរិបូរណ៍
    ក្នុងពេលដែលសមរង្ស៊ី ត្រូវមកសម្រាកលំហែកាយ
    ក្នុងគុកស្រុកខ្មែរ ជាមួយអាហារប៉ូវ សម្លរម្ជូរក្បាលត្រី
    កញ្ចុះជាមួយស្លឹកអំពិលចាស់ទេឬ ?