តុលាការ​​សម្រេច​​លើក​លែង​​ការ​ចោទ​ប្រកាន់​​អតីត​​អ្នក​កាសែត​ ខេម​បូ​ឌា​ ដេលី​ ក្រោយ​​ដើម​ចោទ​​ប្រកាស​​ឈប់​​ប្ដឹង​​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សេរីភាពសារព័ត៌មាន
លោក សូរ្យ ជ័យឧត្ដម | ២៤ វិច្ឆិកា ២០២០ |ម៉ោង ១៨:០៩
VOD

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព អ្នក​កាសែត​ The​ Cambodia​ Daily​។ (Ben Woods)


មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នកកាសែត​ ខេម​បូ​ឌា ដេលី (The Cambodia Daily​) បានឱ្យ​ដឹង​ថា តុលាការខេត្ត​រតនគិរី បានសម្រេច​ទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើ​អតីត​អ្នកកាសែត​ទាំងពីរ​រូប បន្ទាប់ពី​ដើមបណ្ដឹង​បានសម្រេច​ដក​ពាក្យបណ្ដឹង​ទៅវិញ។

សំណុំរឿង​ចោទប្រកាន់​ពី​បទ ​«ញុះញង់» ប្រឆាំង​អតីត​អ្នករាយការណ៍​ព័ត៌មាន​របស់​កាសែត ខេម​បូ​ឌា ដេលី (The Cambodia Daily​) លោក អូន ភាព និង​លោក Zsombor Peter ដែល​ត្រូវ​បាន​ប្ដឹង​តាំងពី​ជាង៣ឆ្នាំមុន​នោះ ត្រូវ​បាន​សាលាដំបូង​ខេត្តរតនគិរី​បើកសវនាការ​ជំនុំជម្រះ​នៅ​រសៀល​ថ្ងៃនេះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​អ្នកសារព័ត៌មាន​ទាំងពីរ​រូប​នេះ គឺ​លោក សេក សោភ័ណ្ឌ បាន​ប្រាប់​វី​អូ​ឌី​នៅ​ក្រោយ​បញ្ចប់​សវនាការ​នៅ​រសៀល​ថ្ងៃនេះ​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក គង់ តាំង​ម៉េង បានសម្រេច​លើកលែង​ការចោទប្រកាន់​ទាំងស្រុង​ទៅលើ​កូនក្ដី​របស់​លោក។

លោក សេក សោភ័ណ្ឌ ប្រាប់​ថា៖ «តាមខ្ញុំ​ស្ដាប់​ហ្នឹង គាត់​សម្រេច​ឱ្យឈ្មោះ អូន ភាព និង Zsombor Peter ហ្នឹង រួចផុត​ពី​បទ​ចោទ​ទាំងស្រុង ហើយ​សាលក្រម​ហ្នឹង​ប្រកាស​ជា​សាធារណៈ»។

មេធាវី​រូប​នេះបានឱ្យ​ដឹង​ថា តុលាការខេត្ត​រតនគិរី បានសម្រេច​បែបនេះ បន្ទាប់ពី​ដើមចោទ លោក រម៉ាំ យ៉ូ​ត បានសម្រេច​ដក​ពាក្យបណ្ដឹង​វិញ។ លោក រម៉ាំ យ៉ូ​ត គឺជា​អតីត​មេឃុំ​ប៉ាតេ​កូតា​គណបក្ស សម រង្ស៊ី ចន្លោះ​ពីឆ្នាំ២០១២ ដល់​ឆ្នាំ២០១៧។

នៅពេល​សាកសួរ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ដើមបណ្ដឹង​សម្រេច​ដក​ពាក្យបណ្ដឹង​នោះ លោក សេក សោភ័ណ្ឌ បាន​ប្រាប់​ថា៖ «អត់មាន​ហេតុផល​អី​ទេ គាត់​លើក​ហេតុផល​ថា ឈប់​ប្ដឹង​ហើយ យូរហើយ ដូច​ចង់​ភ្លេច​អស់ហើយ គាត់​លើកឡើង​អ៊ីចឹង ហើយ​គាត់​លើក​ប៉ុណ្ណឹង​ទៅ។ ចៅក្រម​សួរ​បញ្ជាក់​ទៀត​ថា ឱ្យ​ច្បាស់​ណា​ថាឈប់​ប្ដឹង​មែន​ក៏​អី។ គាត់ ​[រម៉ាំ យ៉ូ​ត] បាទ​! ឈប់​ហើយ»។

លោក សោភ័ណ្ឌ ប្រាប់​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូនក្ដី​លោក​ហើយ ហើយ​លោក​ត្រេកអរ​ចំពោះ​សេចក្ដីសម្រេច​បែបនេះ។

លោក អូន ភាព និង​លោក Zsombor Peter ដែល​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ​នោះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ បន្ទាប់ពី​ពួក​គេ​ធ្វើដំណើរ​ទៅ​រាយការណ៍​ព័ត៌មាន​នៅមុន​ការបោះឆ្នោត​ឃុំ​-សង្កាត់ ​នៅ​ខែមិថុនា ​ឆ្នាំ២០១៧កន្លងមក។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់​ថា តុលាការ​ពិតជា​បានសម្រេច​បែបនេះ​មែន ក្រោយពី​ដើមបណ្ដឹង​សម្រេច​ដក​ពាក្យបណ្ដឹង។

នៅពេល​សាកសួរ​អំពី​ហេតុផល​នាំ​ឱ្យ​ដក​ពាក្យបណ្ដឹង លោក កែវ ពិសុទ្ធ ប្រាប់​ថា លោក​មិនបាន​ដឹងពី​មូលហេតុ​នោះ​ឡើយ។

បើ​តាម​លោក ពិសុទ្ធ តុលាការ​នឹង​ចេញ​សាលក្រម​ជា​ផ្លូវការ​នៅក្នុង​រយៈពេល១០ថ្ងៃ ក្រោយពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​បែបនេះ។

កាសែត​ ខេម​បូ​ឌា ដេលី បាន​បិទ​ការបោះផ្សាយ​របស់​ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់​រង​ការវាយប្រហារ​ជុំវិញ​ការ​ចោទ​ថា ជាប់ពន្ធ​រដ្ឋ​ជាច្រើន​លាន​ដុល្លារ ចំ​ពេល​ដែល​មានការ​បង្ក្រាប​យ៉ាង​រាលដាល​ទៅលើ​សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "តុលាការ​​សម្រេច​​លើក​លែង​​ការ​ចោទ​ប្រកាន់​​អតីត​​អ្នក​កាសែត​ ខេម​បូ​ឌា​ ដេលី​ ក្រោយ​​ដើម​ចោទ​​ប្រកាស​​ឈប់​​ប្ដឹង​​"

  1. so socheath says:

    វាសនាសមរង្ស៊ី នឹងបញ្ចប់ក្នុងពេលត្រូវបញ្ជូនចូលគុក !
    ***
    ប៉ុន្មានថ្ងៃមុននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
    នរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គទ្រង់បាន
    ឡាយព្រះហស្តលេខា ដាក់ឲ្យប្រេីប្រាស់រួចហេីយ ច្បាប់ធ្វេី
    បត្យាប័នអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និង
    សាធារណ:រដ្ឋបារាំង ហេីយដែលច្បាប់នេះ បានឈានចូល
    ក្នុងដំណេីរអនុវត្តន៍ជាធរមានរួចហេីយ។
    សម្រាប់សមរង្ស៊ី ច្បាប់ធ្វេីបត្យាប័ននេះ ហាក់ដូចជាអន្លូង
    ដែលសំពងចំកណ្តាលក្បាលសមរង្សុី ដែលកំពុងជាប់ក្តីក្តាំ នៅក្នុង
    តុលាការកម្ពុជាផង និងក្តីក្តាំបរិហារកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាល
    កម្ពុជានៅតុលាការបារាំងផង ។
    សម្រាប់សមរង្សុីការគេចវេសប្រកាសឈប់ទទួលយកសញ្ជាតិ
    ខ្មែរ វាជាចំណុចទី១ ដែលសមរង្សុីគឹតថា អាចជៀសវាងបាន
    ពីការចាប់បញ្ជូនខ្លួនសមរង្សុីមកកាត់ទោសនៅកម្ពុជាតាមរយះច្បាប់
    បត្យាប័នពីសំណាក់ភាគីបារាំងបាន។
    តែថាចំណុចនេះ នឹងធ្វេីឲ្យសមរង្សីបាត់បង់អ្វីទាំងអស់ដែលសមរង្សុីមាន
    នៅកម្ពុជាផងដែរ ។ (សមរង្សុីនិងភរិយាជាជនជាប់ពិរុទ្ធតាមផ្លូវតុលាការ)
    សម្រាប់ជាតិសាសន៍បារាំងដែលសមរង្ស៊ីត្រូវតែប្រកាន់យក
    ទៀតសោត សមរង្ស៊ីក៏មិនអាចមានពេលវេលាគ្រប់គ្រាន់
    ដែលអាចឲ្យសមរង្ស៊ីបានរស់នៅដោយក្តីសុខនោះក៏ទេដែរ ។
    សមរង្ស៊ីកំពុងជាប់ក្តីនៅបារាំង ដែលត្រូវបានប្តឹងដោយរាជ
    រដ្ឋាភិបាលកម្ពុជា ។ តេីមិនមានទេឬ ដែលសមរង្សុីមិនត្រូវការ
    មេធាវីបារាំងឲ្យឈរធ្វេីជាអ្នកការពារក្តីឲ្យខ្លួន ?
    ចំណុចនេះទាំងពេលវេលា ទាំងថវិកាទាមទារឲ្យសមរង្សុី
    ត្រូវលះបង់ដោយខានមិនបាន ។
    សម្រាប់សមរង្ស៊ី ទោះត្រឹមទទួលយកតែសញ្ជាតិបារាំង
    ក៏សមរង្ស៊ីមិនអាចគិតថា បានរួចខ្លួនពីការជាប់នូវពិរុទ្ធភាព
    តាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។
    ព្រោះថាស្ថានទម្ងន់ទោសបង្ករភាពអន្តរាយដល់ជាតិ ក្នុង
    ពេលដែលសមរង្សុីចាប់យកសញ្ជាតិខ្មែរ ហេីយឈរជេីង
    ធ្វេីជាអ្នកនយោបាយ ជាសមាជិកសភានៅកម្ពុជា ដែលចំណុចនេះ
    វាបានបង្ហាញនូវភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលរដ្ឋាភិបាល
    បារំាងអាចអនុវត្តន៍ច្បាប់បត្យាប័ន បញ្ជូនសមរង្ស៊ីឲ្យមក
    កាត់ទោសនៅស្រុកខ្មែរបានហេីយ ។
    ដូចនេះតេីវាសនាសមរង្ស៊ី មិនត្រូវចប់ដោយបរិបូរណ៍
    ក្នុងពេលដែលសមរង្ស៊ី ត្រូវមកសម្រាកលំហែកាយ
    ក្នុងគុកស្រុកខ្មែរ ជាមួយអាហារប៉ូវ សម្លរម្ជូរក្បាលត្រី
    កញ្ចុះជាមួយស្លឹកអំពិលចាស់ទេឬ ?