តុលាការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត ខេមបូឌា ដេលី ពីរ​នាក់

ដោយ ខែ សុណង
2020-11-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បុគ្គលិក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុង​នេះ​មាន​លោក អូន ភាព (នៅ​ជួរ​មុខ​ពី​ស្ដាំ​មកឆ្វេងទី៣) ដែល​ជាប់​បណ្ដឹង​ពី​បទ “ញុះញង់​" នៅ​តុលាការ​ខេត្ត​រតនគិរី លើក​បដា​ស្វែង​រក​ការ​ជួយ​សង្គ្រោះ​កាសែត​នេះ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of The Cambodia Daily

បុគ្គលិក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុង​នេះ​មាន​លោក អូន ភាព (នៅ​ជួរ​មុខ​ពី​ស្ដាំ​មកឆ្វេងទី៣) ដែល​ជាប់​បណ្ដឹង​ពី​បទ “ញុះញង់​” នៅ​តុលាការ​ខេត្ត​រតនគិរី លើក​បដា​ស្វែង​រក​ការ​ជួយ​សង្គ្រោះ​កាសែត​នេះ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of The Cambodia DailyPhoto courtesy of The Cambodia Daily


មន្ត្រីសង្គម​ស៊ីវិល​ ស្នើឱ្យ​​តុលាការ​ទម្លាក់​ចោល​បទចោទលើ​អ្នក​កាសែត…


តុលាការ​ខេត្ត​រតនគិរី​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់ ក្រោយ​បញ្ចប់​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី២៤ វិច្ឆិកា។ មន្ត្រី​សិទ្ធិមនុស្ស​សាទរ​ ចំពោះ​សេចក្ដី​សម្រេច​នេះ និង​ស្នើ​ឱ្យ​​តុលាការ​ពិចារណា​ទម្លាក់​ចោល​បទ​លើ​អ្នក​កាសែត​មួយ​ចំនួន​ទៀត ដែល​កំពុង​ជាប់​បណ្ដឹង ដោយសារ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី លោក សេក សោភ័ណ ប្រាប់​អាស៊ី​សេរី​ថា តុលាការ​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​នេះ ដោយ​ពិចារណា​លើ​ចម្លើយ​របស់​ភាគី​ដើម​បណ្ដឹង និង​ចម្លើយ​របស់​កូន​ក្តី​លោក​ក្នុង​ដំណាក់​កាល​អយ្យការ។ លោក​ចាត់​ទុក​សាលក្រម​នេះ​ថា ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក «ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​ឱ្យ​លោក ភីធ័រ ជាមួយ​លោក អូន ភាព ហ្នឹង រួច​ផុត​ពី​បទ​ចោទ​ទាំងស្រុង ហើយ​សវនាការ​នេះ​ប្រកាស​ជា​សាធារណៈ​រួច​ហើយ។ តុលាការ​បាន​ពិចារណា​គ្រប់ជ្រុងជ្រោយ ហើយ​​ផ្តល់​ភាព​​យុត្តិធម៌​ដល់​កូន​ក្ដី​ខ្ញុំ»

សាលាដំបូង​​ខេត្ត​រតនគិរី​បាន​ចោទ​ប្រកាន់​អតីត​អ្នក​កាសែត ខេមបូឌា ដេលី លោក អូន ភាព ជន​ជាតិ​ខ្មែរ និង​លោក លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) ជន​ជាតិ​កាណាដា ពី​បទ “ញុះញង់​​ឱ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍”។ ការ​ចោទប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​អ្នក​កាសែត​ទាំងពីរ​រូប​បាន​ចុះទៅ​សម្ភាស​ពលរដ្ឋ​​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ខែ​សីហា ឆ្នាំ២០១៧ ទាក់ទង​នឹង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នកកាសែត​ទាំងពីរ​រូប​នេះ ធ្វើឡើង​មួយ​សប្ដាហ៍​មុន​ពេល​ស្ថាប័ន​របស់​ពួកគេ គឺ​កាសែត​ភាសា​អង់គ្លេស​ ខេមបូឌា ដេលី បង្ខំចិត្ត​បិទទ្វារ​លែង​ដំណើរការ​នៅ​កម្ពុជា ដោយសារ​បញ្ហា​ពន្ធដារ​ដ៏​ចម្រូងចម្រាស។ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ លោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ បាន​បង្ខំ​ចិត្ត​​រស់​ភៀស​ខ្លួន​ទៅក្រៅ​​ប្រទេស ដើម្បី​​គេច​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​​ពីសំណាក់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក​ អំ សំអាត សាទរ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នេះ ប៉ុន្តែ​លោក​ថា តុលាការ​ខេត្ត​រតនគិរី​មិន​គួរ​ចោទ​ប្រកាន់​អ្នក​កាសែត​ទាំង​ពីរ​រូប​តាំងពី​ដំបូង​មក​ម្ល៉េះ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។ លោក​​ជំរុញ​ឱ្យ​តុលាការ​ដទៃ​ទៀត ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន ​ដែល​កំពុង​រង​បណ្ដឹង​ដោយសារ​តែ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន មាន​ជាអាទិ៍ អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ដែល​កំពុង​ជាប់​ចោទ​ពាក់ព័ន្ធ​នឹង​អំពើ​ចារកម្ម ជាដើម​ «ជា​អង្គការ​ផ្នែក​សិទ្ធិមនុស្ស​ យើង​គ្រាន់​តែ​ទទូច​ឱ្យ​​ពិនិត្យ​ និង​ពិចារណា​ថា អ្វី​​ជា​សេរីភាព​នៃ​សារ​ព័ត៌មាន អ្វី​ជា​វិជ្ជាជីវៈ​នៃ​សារព័ត៌មាន។ ធ្វើ​យ៉ាង​ណា​យើង​ត្រូវ​តែ​គិត​គូរ​ឱ្យ​បាន​ដិត​ដល់ កុំ​ឱ្យ​ប៉ះពាល់ ឬក៏​រំលោភ​ទៅលើ​សេរីភាព​នៃ​អ្នក​សារព័ត៌មាន ឬក៏​វិជ្ជាជីវៈ។ វា​អាច​ធ្វើ​ឱ្យ​មាន​ការ​រិះគន់ ហើយ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ដំណើរការ​នៃ​សារ​ព័ត៌មាន»

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា ខេមបូចា (CamboJA) ពិនិត្យ​ឃើញ​ថា ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​ និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន​ នៅតែ​កើត​ឡើង​ជា​បន្ត​បន្ទាប់។ គិត​ពី​ខែ​មករា ដល់​ខែតុលា ឆ្នាំ២០២០ នេះ ខេមបូចា រក​ឃើញ​ថា មាន​អ្នក​សារព័ត៌មាន​សរុប ៥៩នាក់ បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​រូបភាព​ផ្សេងៗ​ រួម​មាន ការ​ប្រើ​ហិង្សា ការ​ចាប់​ខ្លួន ការ​បាត់​បង់​ជីវិត និង​ការ​រង​បណ្ដឹង​ពី​តុលាការ។ នេះ​មិន​រាប់​បញ្ចូល​ករណី​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​យ៉ាង​ហោច​ណាស់ ១៥នាក់ គិត​ពី​ឆ្នាំ១៩៩៤ នោះ​នៅ​ឡើយ​ទេ។

ខេមបូចា អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ផ្ដន្ទាទោស​ជន​ល្មើស​ដែល​បង្ក​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារព័ត៌មាន ព្រម​ទាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធានា​សុវត្ថិភាព និង​សន្តិសុខ​ជូន​អ្នក​សារព័ត៌មាន​គ្រប់រូប ដើម្បី​ឱ្យ​ពួក​គេ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព និង​ចូល​រួម​រាយការណ៍​ព័ត៌មាន​ ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "តុលាការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត ខេមបូឌា ដេលី ពីរ​នាក់"

  1. so socheath says:

    វាសនាសមរង្ស៊ី នឹងបញ្ចប់ក្នុងពេលត្រូវបញ្ជូនចូលគុក !
    ***
    ប៉ុន្មានថ្ងៃមុននេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ
    នរោត្តមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គទ្រង់បាន
    ឡាយព្រះហស្តលេខា ដាក់ឲ្យប្រេីប្រាស់រួចហេីយ ច្បាប់ធ្វេី
    បត្យាប័នអ្នកទោស រវាងព្រះរាជាណាចក្រកម្ពុជា និង
    សាធារណ:រដ្ឋបារាំង ហេីយដែលច្បាប់នេះ បានឈានចូល
    ក្នុងដំណេីរអនុវត្តន៍ជាធរមានរួចហេីយ។
    សម្រាប់សមរង្ស៊ី ច្បាប់ធ្វេីបត្យាប័ននេះ ហាក់ដូចជាអន្លូង
    ដែលសំពងចំកណ្តាលក្បាលសមរង្សុី ដែលកំពុងជាប់ក្តីក្តាំ នៅក្នុង
    តុលាការកម្ពុជាផង និងក្តីក្តាំបរិហារកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាល
    កម្ពុជានៅតុលាការបារាំងផង ។
    សម្រាប់សមរង្សុីការគេចវេសប្រកាសឈប់ទទួលយកសញ្ជាតិ
    ខ្មែរ វាជាចំណុចទី១ ដែលសមរង្សុីគឹតថា អាចជៀសវាងបាន
    ពីការចាប់បញ្ជូនខ្លួនសមរង្សុីមកកាត់ទោសនៅកម្ពុជាតាមរយះច្បាប់
    បត្យាប័នពីសំណាក់ភាគីបារាំងបាន។
    តែថាចំណុចនេះ នឹងធ្វេីឲ្យសមរង្សីបាត់បង់អ្វីទាំងអស់ដែលសមរង្សុីមាន
    នៅកម្ពុជាផងដែរ ។ (សមរង្សុីនិងភរិយាជាជនជាប់ពិរុទ្ធតាមផ្លូវតុលាការ)
    សម្រាប់ជាតិសាសន៍បារាំងដែលសមរង្ស៊ីត្រូវតែប្រកាន់យក
    ទៀតសោត សមរង្ស៊ីក៏មិនអាចមានពេលវេលាគ្រប់គ្រាន់
    ដែលអាចឲ្យសមរង្ស៊ីបានរស់នៅដោយក្តីសុខនោះក៏ទេដែរ ។
    សមរង្ស៊ីកំពុងជាប់ក្តីនៅបារាំង ដែលត្រូវបានប្តឹងដោយរាជ
    រដ្ឋាភិបាលកម្ពុជា ។ តេីមិនមានទេឬ ដែលសមរង្សុីមិនត្រូវការ
    មេធាវីបារាំងឲ្យឈរធ្វេីជាអ្នកការពារក្តីឲ្យខ្លួន ?
    ចំណុចនេះទាំងពេលវេលា ទាំងថវិកាទាមទារឲ្យសមរង្សុី
    ត្រូវលះបង់ដោយខានមិនបាន ។
    សម្រាប់សមរង្ស៊ី ទោះត្រឹមទទួលយកតែសញ្ជាតិបារាំង
    ក៏សមរង្ស៊ីមិនអាចគិតថា បានរួចខ្លួនពីការជាប់នូវពិរុទ្ធភាព
    តាមផ្លូវច្បាប់របស់តុលាការកម្ពុជា ។
    ព្រោះថាស្ថានទម្ងន់ទោសបង្ករភាពអន្តរាយដល់ជាតិ ក្នុង
    ពេលដែលសមរង្សុីចាប់យកសញ្ជាតិខ្មែរ ហេីយឈរជេីង
    ធ្វេីជាអ្នកនយោបាយ ជាសមាជិកសភានៅកម្ពុជា ដែលចំណុចនេះ
    វាបានបង្ហាញនូវភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលរដ្ឋាភិបាល
    បារំាងអាចអនុវត្តន៍ច្បាប់បត្យាប័ន បញ្ជូនសមរង្ស៊ីឲ្យមក
    កាត់ទោសនៅស្រុកខ្មែរបានហេីយ ។
    ដូចនេះតេីវាសនាសមរង្ស៊ី មិនត្រូវចប់ដោយបរិបូរណ៍
    ក្នុងពេលដែលសមរង្ស៊ី ត្រូវមកសម្រាកលំហែកាយ
    ក្នុងគុកស្រុកខ្មែរ ជាមួយអាហារប៉ូវ សម្លរម្ជូរក្បាលត្រី
    កញ្ចុះជាមួយស្លឹកអំពិលចាស់ទេឬ ?