ការ​ស្ទង់​មតិ​រក​ឃើញ​ថា អ្នក​ពុករលួយ​ជាងគេ គឺ​ប៉ូលិស មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​មន្ត្រី​តុលាការ

ដោយ មួង ណារ៉េត
2020-11-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦

Photo: RFA


របាយការណ៍​ស្ទង់​មតិ របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ឆ្នាំ ២០២០ នេះ រក​ឃើញ​ថា អំពើពុករលួយ​នៅ​កម្ពុជា នៅ​តែ​មាន​កម្រិត​ខ្ពស់​ស្ទើរ​គ្រប់​វិស័យ និង​ស្ថាប័ន​។ ក្នុង​នោះ អ្នក​ពុករលួយ​ជាងគេ គឺ​ប៉ូលិស មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​មន្ត្រី​តុលាការ។

របាយការណ៍​ស្ដីពី​ការវាស់វែង អំពី​អំពើពុករលួយ​ជា​សាកល​ឆ្នាំ២០២០ សម្រាប់​ទ្វីប​អាស៊ី ដោយ​ផ្តោត​លើ​ប្រទេស​ចំនួន​១៧ រួម​ទាំង​ប្រទេស​កម្ពុជា​មួយ​ផង និង​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២៤ ខែ វិច្ឆិកា រក​ឃើញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ១,០០០ នាក់ ដែល​ផ្ដល់​បទសម្ភាសន៍ មាន ៨៩% ថា អំពើពុករលួយ​មាន​ក្នុងចំណោម​មន្ត្រី​ប៉ូលិស ៧៧% ក្នុងចំណោម​ក្រុមប្រឹក្សា និង​មន្ត្រី​រដ្ឋាភិបាល​នៅ​មូលដ្ឋាន ៧២% យល់​ថា មាន​អំពើពុករលួយ​ក្នុង​ចំណោម​មន្ត្រី រដ្ឋាភិបាល ហើយ ៧២% គិត​ថា​មាន​អំពើពុករលួយ​ក្នុង​វិស័យ​តុលាការ។

ពលរដ្ឋ​ជាង ៦០% (៦២-៦៦%) យល់​ថា អំពើពុករលួយ កើតមាន​ក្នុង​ជួរ​មេបញ្ជាការ​កងទ័ព ការិយាល័យ​នាយករដ្ឋមន្ត្រី និង​សមាជិកសភា។ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ក្រុមហ៊ុន​ឯកជន រួម​ទាំង​មេដឹកនាំ​សាសនា និង​ខាង​ធនាគារ​ផង ក៏បាន​ពិន្ទុ​មិនល្អ នៅ​ក្នុង​ក្រសែភ្នែក​របស់​ពលរដ្ឋ​ដែរ ដោយ​ពលរដ្ឋ​ពាក់​កណ្តាល យល់​ថា ស្ថាប័ន​ទាំងនេះ ក៏​កើត​មាន​អំពើពុករលួយ​ខ្លាំង​ដែរ។

មិន​ត្រឹមតែ​យល់​ឃើញ​ថា អំពើពុករលួយ​កើតមាន​ក្នុង​ស្ថាប័ន​ទាំងនេះ​នោះ​ទេ ប្រជាពលរដ្ឋ​ដែល​ផ្ដល់​បទសម្ភាសន៍​ទាំងនោះ ថា ពួកគាត់​ធ្លាប់​សូកប៉ាន់​គេ​ទៀត​ផង។ ៣៧% ថា ពួកគាត់​ធ្លាប់​បាន​សូកប៉ាន់ ដើម្បី​ទទួល​បាន​សេវា​សាធារណៈ ក្នុង​រយៈពេល ១២ ខែ​កន្លង​មក​នេះ​។ ៤០% ថា ធ្លាប់​បាន​សូកប៉ាន់ ដើម្បី​បាន​ឯកសារ​អត្រានុកូលដ្ឋាន ដូចជា​អត្តសញ្ញាណប័ណ្ណ និង ៣៨% ថា ធ្លាប់​បាន​សូក​ប៉ាន់​ប៉ូលិស។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា ថា របាយការណ៍​អំពី​ការយល់ឃើញ និង​បទពិសោធន៍​ក្នុង​អំពើពុករលួយ​នេះ នៅតែ​ជា​ការ​គួរ​ឲ្យ​ព្រួយបារម្ភ​។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា អំពើពុករលួយ នៅតែ​បន្ត​យាយី​ដល់​នីតិរដ្ឋ ការ​ទទួល​បាន​យុត្តិធម៌ និង​ជា​ឧបសគ្គ​ចម្បង ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​របប​ក្រុងភ្នំពេញ មិន​យល់​ស្របតាម​ការស្ទង់មតិ​នេះ​ទេ។ ពួកគាត់​ថែមទាំង​ចោទ​ជា​សំណួរ អំពី​ចេតនា​ពិត​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ថែម​ទៀត​ផង។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន ចាត់​ទុក​របាយការណ៍​នោះ ថា ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​មាន​ចរិត​អាក្រក់​។ លោក​អះអាង​ថា ខាង​ប៉ូលិស គឺ​ស្អាតស្អំ អត់​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះ​ទេ៖ «បើ​និយាយ​ប៉ូលិស​មួយ​ម៉ាត់ អត់​មាន​ទេ​ស្ថាប័ន​ប៉ូលិស ខ្ញុំ​ការពារ​ស្ថាប័ន​ប៉ូលិស​ខ្ញុំ»។

ទោះជា​យ៉ាង​នេះ​ក្តី ភ្លាម​នោះ លោក ឆាយ គឹមឃឿន ទទួល​ស្គាល់​ថា មាន​មន្ត្រី​ប៉ូលិស​ជា​លក្ខណៈ​បុគ្គល ធ្លាប់​ប្រព្រឹត្តិ​អំពើពុករលួយ​ដែរ ហើយ​អ្នក​ប្រព្រឹត្ត​ខុស​ទាំងនោះ លោក​អះអាង​ថា បាន​ទទួល​ពិន័យ ឬ​ដក​ពី​តំណែង​អស់ហើយ៖ «កំហុស​ឆ្គង​ទាំង​ការបម្រើ​សេវា​ប្រជាពលរដ្ឋ ទាំង​ការអនុវត្ត​ច្បាប់ មន្ត្រី​នគរបាល​តែងតែ​ទទួលរង​ការ​ពិន័យ អ្នកខ្លះ​ត្រូវ​ដក​សម្រក​ស័ក្ដិ​ទម្លាក់​តួនាទី អ្នកខ្លះ​ត្រូវ​បណ្ដេញ​ចេញ​ក្រៅ​ក្របខ័ណ្ឌ មួយ​ចំនួន​ទៀត​ត្រូវ​បាន​ជាប់ពន្ធនាគារ​ទៅតាម​ច្បាប់​កំណត់»។

ទោះជា​លោក​អះអាង​ថា មាន​មន្ត្រី​នគរបាល រង​ពិន័យ​ក៏ដោយ ក៏​លោក​មិន​ដឹង​អំពី​តួលេខ​ពិត​ប្រាកដ ថា តើ​មាន​មន្ត្រី​ប៉ុន្មាន​នាក់ ឬ​ប៉ុន្មាន​ករណី ដែល​ត្រូវ​បាន​ដក​ស័ក្ដិ​ទម្លាក់​តួនាទី ឬ​បណ្ដេញ​ចេញ​ក្រៅ​ក្របខ័ណ្ឌ ឬ​ជាប់ពន្ធនាគារ​នោះ​ទេ ទោះជា​ចំនួន​ស្មាន​ក៏ដោយ។

ចំណែក​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ឯណោះ ក៏​មិន​ជឿ​លើ​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​ដែរ​។ ប៉ុន្តែ​លោក មិន​បដិសេធ​អំពើពុករលួយ​នោះ​ទេ គ្រាន់តែ​លោក​ថា អំពើ​សូកប៉ាន់​នេះ គឺ​គេ​ធ្វើ​ដោយ​សម្ងាត់ និង​លាក់បាំង មិន​ឲ្យ​នរណា​ដឹង​ងាយ​នោះ​ដែរ។

បើ​ទោះ​បី​ជា​លោក​គ្មាន​តួលេខ​បញ្ជាក់​អំពី​ការ​ថយចុះ​នៃ​អំពើពុករលួយ​ក្ដី ក៏​លោក ផៃ ស៊ី​ផាន អះអាង​ថា អំពើពុករលួយ​បាន​ថយ​ចុះ​ច្រើន​ណាស់ ហើយ​ដោយ​សារ​ចំណាត់ការ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​នេះ ដោយ​លោក​លើក​យក​ឧទាហរណ៍​នៃ​កំណែទម្រង់​នៃ​ក្រសួងយុត្តិធម៌ និង​របៀប​ដោះស្រាយ​បណ្ដឹង​តាម​យន្តការ​បណ្ដាញ​សង្គម Facebook របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជាដើម៖ «គេ​កំណែទម្រង់​តាំងពី​ការ​ដាក់​ពិន័យ​ទៅលើ​ចៅក្រម ការ​តាមដាន​ចៅក្រម ការ​ទទួល​ពាក្យ​បណ្ដឹង​។ រឿង​ទី​ពីរ រាល់​ការរំលោភ ដោយ​ទទួល​បាន​លទ្ធផល​តប​មកវិញ ដោយ​ការ​ចាត់​វិធានការ​។ អាស្រ័យ​ដោយ​សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន និង​សម្ដេច​ក្រឡាហោម​លោក​បង្កើត page ហើយ​លោក​មាន​គណៈកម្មការ​តាមមើល​។ ដូច្នេះ​រឿង​រំលោភ​មួយ​ចំនួន តាមរយៈ​អំពើពុករលួយ​ហ្នឹង​ត្រូវ​បាន ទប់ស្កាត់​និង​ដោះស្រាយ​ជា​បន្តបន្ទាប់»។

ស្របតាម​ការ​អះអាង​ដោយ​ផ្នែក​របស់​លោក ផៃ ស៊ីផាន របាយការណ៍​ស្ទង់​មតិ បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២០​នេះ ប្រជាពលរដ្ឋ ដែល​ផ្ដល់​សម្ភាសន៍ ៥៥% យល់​ឃើញ​ថា អំពើពុករលួយ​នៅ​កម្ពុជា មានការ​ថយ​ចុះ ស្រប​ពេល​ដែល ៤១% យល់ថា​អំពើពុករលួយ​នៅ​តែ​មាន និង​កើន​ឡើង​ដដែល​។ តួលេខ​នេះ ប្រសើរ​ជាង​កាល​ពី​ឆ្នាំ ២០១៦ ដែល​កាលណោះ មាន​ប្រជាពលរដ្ឋ​ខ្មែរ ត្រឹមតែ ២៨% ប៉ុណ្ណោះ យល់ថា​អំពើពុករលួយ មានការ​ថយ​ចុះ និង​ប្រមាណ ៦៦% យល់ថា​អំពើពុករលួយ​នៅតែ​មាន និង​បន្ត​កើន​ឡើង។

លោក ផៃ ស៊ីផាន អះអាង​បន្ថែម​ទៀត​ថា ពលរដ្ឋ​ចាប់ផ្ដើម​ខ្លាច​ក្នុង​ការ​ប្រព្រឹត្តិ​អំពើពុករលួយ ដោយសារតែ​យន្តការ​ទាំងនេះ និង​ម្យ៉ាង​ដោយសារ​សម័យ​ហ្វេសប៊ុក​នេះ ឲ្យ​តែ​មាន​រឿង​អ្វី​កើតឡើង គឺ​នឹង​ល្បី​ខ្ចរខ្ចាយ​ដល់​សមត្ថកិច្ច ដែល​ចាត់ការ​ភ្លាមៗ។

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ផៃ ស៊ីផាន លទ្ធផល​ស្ទង់​មតិ បង្ហាញ​ថា ពលរដ្ឋ​មិនមែន​ភ័យខ្លាច​នឹង​ការ​​ប្រព្រឹត្តិ​អំពើពុករលួយ​នោះ​ទេ ប៉ុន្តែ​បន្ត​ខ្លាច​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ប្រឆាំង​នឹង​អំពើពុករលួយ​។ ជាក់ស្ដែង​មាន​តែ ២,៥% ប៉ុណ្ណោះ នៃ​អ្នក​ដែល​បាន​សូកប៉ាន់ ដើម្បី​ទទួល​បាន​សេវា​សាធារណៈ ឆ្លើយ​ថា ខ្លួន​ធ្លាប់​រាយការណ៍​អំពី​អំពើពុករលួយ​នេះ​។ បន្ថែម​ពី​នេះ មាន​អ្នក​ផ្ដល់​ចម្លើយ​តែ ៣៨% ប៉ុណ្ណោះ ដែល​យល់ថា​ពលរដ្ឋ អាច​ផ្ដល់​ព័ត៌មាន​អំពី​អំពើពុករលួយ ដោយ​គ្មាន​ការភ័យខ្លាច ស្រប​ពេល​ដែល ៥៧% ទៀត​យល់ថា​ពលរដ្ឋ មានការ​ភ័យខ្លាច​នៅ​ក្នុង​រឿង​នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង យល់ស្រប​ថា អំពើពុករលួយ​ក្លាយ​ជា​វប្បធម៌ ដូច​វប្បធម៌​និទ្ទណ្ឌភាព ឬ​ការ​ប្រព្រឹត្តិ​ខុស​គ្មាន​ទោសពៃរ៍​នោះ​ដែរ ដែល​ពលរដ្ឋ​ពិត​ជា​មានការ​ភ័យខ្លាច ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​របប​ក្រុងភ្នំពេញ លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ភាព​ខ្វះ​សុចរិត​ភាព​របស់​ស្ថាប័ន​តុលាការ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ ថា​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ និង​ជា​ឧបករណ៍​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​អំពើពុករលួយ មិន​អាច​ស្បើយ​បាន៖ «បើសិនជា​ពេល​ប្រជាពលរដ្ឋ​ហ៊ាន​តិទៀន បង្ហាញ​អំពើពុករលួយ​ណាមួយ ឬ​មន្ត្រី​ពុករលួយ​ណាមួយ ប្រជាពលរដ្ឋ​មិន​ទុកចិត្ត​ប្រព័ន្ធ​តុលាការ​ថា អាច​ការពារ​ពួកគាត់​បានទេ នោះ​អំពើពុករលួយ មិន​ថយ​ទេ»។

អ្នកស្រី មូរ សុខហួរ ថា​ករណី​ពុករលួយ​ច្រើន​ណាស់ ដែល​បង្ហាញ​ច្បាស់​នឹង​ភ្នែក ដូច​ករណី​មន្ត្រី​របប​ក្រុង​ភ្នំពេញ ទ្រព្យសម្បត្តិ​មហាសាល ទោះ​ប្រាក់ខែ​តិចតួច ដូច​លោក ហ៊ុន សែន ជាដើម ដែល​មាន​នាឡិកាដៃ​តម្លៃ​រាប់​លាន​ដុល្លារ​ពាក់ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ស៊ើបអង្កេត ឬ​ស្រាវជ្រាវ​ប្រភព​លុយ​របស់​គាត់​នោះ​ឡើយ។

របាយការណ៍​ស្ដីពី​ការវាស់វែង​អំពី​អំពើពុករលួយ​សាកល​ឆ្នាំ ២០២០ នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី១៩ ខែ មិថុនា ដល់​ថ្ងៃ​ទី២៥ ខែ​កក្កដា ឆ្នាំ ២០២០​។ អ្នកចូលរួម​ឆ្លើយ​សំណួរ​ទាំង ១,០០០ នាក់​នោះ ផ្ដល់​សម្ភាសន៍​តាម​ទូរស័ព្ទ​។ ពួកគាត់ ៦៨% ជឿជាក់​ថា គេ​អាច​កាត់បន្ថយ​អំពើពុករលួយ​នេះ​បាន បើសិនជា​មានការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ទូទៅ។

អ្នកឃ្លាំមើល​សង្គម យល់ស្រប​នឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​នេះ​។ លោក​បណ្ឌិត សេង សារី ថា​មធ្យោបាយ​មួយ ដែល​មាន​ប្រសិទ្ធភាព និង​អាច​អនុវត្ត​បាន​ដោយ​ងាយស្រួល គឺ​ការកាត់បន្ថយ​នូវ​គម្លាត ឬ​ការ​លុបបំបាត់​ឱកាស​ក្នុង​ការ​ប្រព្រឹត្តិ​អំពើពុករលួយ ទាំង​ក្នុង​ស្ថាប័នរដ្ឋ គ្រួសារ និង​ក្រុមហ៊ុន​ឯកជន៖ «ដូច្នេះ​វា​ត្រូវការ​យន្តការ​គ្រប់​ភាគី ដើម្បី​ចូលរួម ឆ្លើយតប​ទៅ​នឹង​ការ​ទប់​ស្កាត់​អំពើពុករលួយ​នេះ»។

អង្គការ​តម្លាភាព​កម្ពុ​ជា បាន​ផ្តល់​ជា​អនុសាសន៍​ផង​ដែរ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យក​ទៅ​អនុវត្ត ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​នេះ ដោយ​ក្នុង​នោះ រួមមាន​ការធានា​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន និង​លើក​កម្ពស់​វប្បធម៌​សុចរិត​ភាព តម្លាភាព និង​គណនេយ្យ​ភាព លើ​គ្រប់​ស្រទាប់​នៃ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles