នយោបាយ
លោក អ៊ូច សូនី | ២៥ វិច្ឆិកា ២០២០ |ម៉ោង ១៦:៣០
VOD

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងសមាជិកគណបក្សសង្គ្រោះជាតិ (FB: លោក សម រង្សុី)
សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការជាថ្មី លើបណ្តឹងចោទប្រកាន់អតីតមេដឹកនាំជាន់ខ្ពស់៩រូប របស់អតីតគណបក្សប្រឆាំង ទៅពាក់កណ្តាលខែក្រោយ បន្ទាប់ពីអវត្តមានមេធាវីជនជាប់ចោទ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា តុលាការសាលាដំបូង បានបើកសវនការលើសំណុំរឿងរបស់ លោកសម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង ៨រូបទៀត ពាក់ព័ន្ធនឹងបទ «ឧបឃាត» ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ» ម្តងមកហើយ ប៉ុន្តែមេធាវីជនជាប់ចោទបានស្នើសុំពន្យាពេល ក្រោមហេតុផលថា ពុំមានពេលវេលាគ្រប់គ្រាន់សិក្សាស្រាវជ្រាវបន្ថែមលើសំណុំរឿងនេះ ទើបតុលាការសម្រេចលើកពេលសវនាការ មកថ្ងៃទី២៥ ខែវិច្ឆិកានេះវិញ។
ក្នុងសវនាការនៅព្រឹកថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឌុច សុខសារិន បានប្រកាសលើកពេលសវនាការ ទៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០វិញ ដោយសារតែអវត្តមានមេធាវីជនជាប់ចោទ គឺលោក សំ សុគង់។
លោកចៅក្រម មានប្រសាសន៍ថា៖ «ខ្ញុំនឹងធ្វើរបាយការណ៍ទៅគណៈមេធាវីអំពីអវត្តមានរបស់មេធាវី សំ សុខគង់»។
ក្រុមមេដឹកនាំ និងមន្ត្រីអតីតបក្សសង្គ្រោះជាតិចំនួន៩រូប ដែលរងការចោទពីបទ «ឧបឃាត»នោះ រួមមាន លោក សម រង្ស៉ី, លោក អេង ឆៃអ៊ាង, អ្នកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, អ្នកស្រី ជូឡុង សួមួរ៉ា និងលោក នុត រំដួល។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យអតីតមេដឹកនាំ និងមន្ត្រីអតីតបក្សប្រឆាំង មានប្រសាសន៍ថា លោកមិនបានទទួលដីកាឱ្យចូលរួមសវនាការនៅថ្ងៃពុធនេះទេ។
លោកបន្តថា អំឡុងសវនាការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានផ្តល់ជម្រើសដល់លោកថា ប្រសិនបើដាក់អសយដ្ឋានថ្មីសម្រាប់កូនក្តី តុលាការនឹងមិនបន្តសវនាការនៅថ្ងៃទី២៥ ខែវិច្ឆិកានេះទេ។
លោកថា៖ «ខ្ញុំបានដាក់អសយដ្ឋាន[ថ្មី]របស់កូនក្តីកាលពីសប្តាហ៍មុន។ ដូច្នេះខ្ញុំគិតថា ថ្ងៃនេះមិនចាំបាច់នោះទេ»។
លោកបន្ថែមថា តាមនីតិវិធីក្រមព្រហ្មទណ្ឌតម្រូវឱ្យបញ្ចូនដីកាទៅអយសដ្ឋានចុងក្រោយរបស់ជនជាប់ចោទ ប៉ុន្តែថា តុលាការបែរជាបញ្ចូនដីកាទៅអតីតទីស្នាក់ការគណបក្សដែលគ្មានមនុស្ស និងត្រូវបានហាមឃាត់ដោយតុលាការនោះ។
ទោះជាយ៉ាងណា អំឡុងពេលសវនាការរយៈជាង ៣៥នាទី លោកព្រះរាជអាជ្ញារង សេង ហៀង បានលើកឡើងថា ការដាក់លិខិតដោយបញ្ចូលអសយដ្ឋានថ្មីរបស់កូនក្តីមេធាវី សំ សុគង់ គឺមិនអាចទទួលយកបាន។
លោកថា នេះគ្រាន់តែជាចេតនាចង់គេចវេសពីសវនការ ហើយថា តុលាការបានបំពេញទៅតាមនីតិវិធីត្រឹមត្រូវ និងបានកំណត់យកអសយដ្ឋានចុងក្រោយរបស់ជនជាប់ចោទទាំងអស់ នៅក្នុងរាជធានីភ្នំពេញ តាំងពីដំណាក់កាលស៊ើបអង្កេត ដំណាក់កាលអយ្យការ និងដំណាក់កាលចៅក្រមស៊ើប។
លោកព្រះរាជអាជ្ញារង បានបន្ថែមថា ជនជាប់ចោទ ក៏មិនបានប្រកាសពីអសយដ្ឋានរបស់ខ្លួននៅទីតាំងណាផ្សេងដែរ ដូច្នេះតុលាការកំណត់យកអសយដ្ឋានក្នុងរាជធានីភ្នំពេញ ជាអសយដ្ឋានចុងក្រោយរបស់ជនជាប់ចោទ។
លោក សេង ហៀង ថ្លែងថា៖ «ខ្ញុំសុំទាត់ចោល [ លិខិត ] វាបង្ហាញពីចេតនាទុច្ចរិត»។
លោក សួង ចាន់ថន មេធាវីរាជរដ្ឋាភិបាល បានគាំទ្រការលើកឡើងរបស់លោកព្រះរាជអាជ្ញារង សេង ហៀង ដោយលោកអះអាងថា តុលាការបានបំពេញតាមនិតិវិធីគ្រប់ដំណាក់កាលដែលមានន័យថា អសយដ្ឋានចុងក្រោយរបស់ជនជាប់ចោទស្ថិតនៅរាជធានីភ្នំពេញ ហើយការភៀសខ្លួនទៅបរទេសជារឿងរបស់ជនជាប់ចោទ។
លោកថា៖ «យើងស្វាគមន៍ការចូលរួមរបស់គាត់ យើងអត់បិទសិទ្ធិទេ”។
ចំណែក លោកមេធាវី កៅ សីហា ដែលជាមេធាវីចាត់តាំងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារក្តីអតីតមេដឹកនាំនិងមន្ត្រីបក្សប្រឆាំងទាំង៩រូបនេះ ក៏បានស្នើឱ្យតុលាការបន្តសវនាការផងដែរ។ លោករិះគន់អវត្តមានរបស់ លោកមេធាវី សំ សុគង់ ថា នាំឱ្យប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយការកកស្ទះសំណុំរឿង ក៏ដូចជាប៉ះពាល់ដល់វិជ្ជាជីវៈមេធាវី។
លោកមានប្រសាសន៍ថា៖ «ខ្ញុំម្នាក់ឯងក៏មានសមត្ថភាពការពារអ្នកទាំង៩នេះដែរ»។
ក្រៅពីសំណុំរឿងនេះ មេដឹកនាំនិងមន្ត្រីអតីតបក្សសង្គ្រោះជាតិទាំង៩រូបនេះ រួមនឹងសកម្មជនគណបក្សនេះជាច្រើនរូបទៀត ក៏ត្រូវតំណាងអយ្យការអមសាលាដំបូង ចេញដីកាកោះឱ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ស្អែកនេះ ដើម្បីចូលរួមសវនាការពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ផងដែរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
it will be delayed until 2022 because by then, Hun maneth will have nothing to do with this case and also Hun Sen gangster will be out of loop regardless the outcome of the case, ultermately dictatorship will continue under Supreme Hun Maneth.