តុលាការ​​បន្ត​លើក​ពេល​​​សវនាការ​​រឿង​បទ​ឧបឃាត​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​​ ព្រោះ​អវត្តមាន​មេធាវី

ដោយ ម៉ៅ សុធានី
2020-11-25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​​ទី១៩ ខែ​កញ្ញា ឆ្នាំ២០១៩។

សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​​ទី១៩ ខែ​កញ្ញា ឆ្នាំ២០១៩។

 រូប៖ ពលរដ្ឋ


ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​លើក​ពេល​សវនាការ​សំណុំ​រឿង​បទ​ឧបឃាត​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៩នាក់ ទៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ដោយសារ​អវត្តមាន​មេធាវី។

មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ៩នាក់ លោក សំ សុគង់ ឲ្យ​ដឹង​ថា លោក​​មិន​បាន​ចូលរួម​សវនាការ​ថ្ងៃ​ទី២៥ វិច្ឆិកា​ទេ ដោយសារ​លោក​បាន​បញ្ជូន​អាសយដ្ឋាន​របស់​កូនក្ដី ​ឲ្យ​មន្ត្រី​តុលាការ​តាម​ផ្លូវ​ច្បាប់​រួចរាល់​អស់​ហើយ។

លោក​អះអាង​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ធ្លាប់​បង្គាប់​ថា បើ​មេធាវី​បញ្ជូន​អាសយដ្ឋាន​កូន​ក្ដី​នៅ​ក្រៅ​ប្រទេស​ឲ្យ​តុលាការ​ នោះ​សវនាការ​នឹង​លើក​ពេល​ហួស​ថ្ងៃ​ទី២៥ វិច្ឆិកា។ ម្យ៉ាង​ទៀត លោក​មេធាវី​ប្រាប់​ថា ការ​មិន​ចូល​សវនាការ​ថ្ងៃ​ទី ២៥ វិច្ឆិកា ក៏​ជា​ឆន្ទៈ​របស់​​កូន​ក្ដី​ទាំង ៩នាក់ របស់​លោក​ដែរ៖ «ខ្ញុំ​គោរព​ទៅ​តាម​ការ​សម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ពី​ព្រោះ​សវនាការ អ្នក​ដែល​សម្រេច តួអង្គ​សំខាន់​នៅ​ក្នុង​សវនាការ​ គឺ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ឬក៏​ចៅក្រម​ជំនុំ​ជម្រះ​ហ្នឹង ដែល​ជា​អ្នក​ដឹកនាំ​សវនាការ​ជំនុំ​ជម្រះ​ ហើយ​ទី២ ខ្ញុំ​​គោរព​ទៅ​តាម​ឆន្ទៈ​របស់​​កូន​ក្ដី​​​ខ្ញុំ​បាទ ដោយសារ​កូន​ក្ដី​ខ្ញុំ ​ហ្នឹង ក៏​គាត់​មាន​បំណង​ចូលរួម​សវនាការ​ ហើយ​គាត់​ចង់​បាន​ទទួល​ដីកា​កោះ ឲ្យ​ទៅ​តាម​រយៈ​ពេល​កំណត់​នៅ​ក្នុង​ច្បាប់​ដែរ។ អ៊ីចឹង ខ្ញុំ​ជា​អ្នក​ការពារ​ឲ្យ​ពួក​គាត់​ ក៏​ពួកគាត់​មាន​ឆន្ទៈ​នេះ យើង​ត្រូវ​គោរព​ឆន្ទៈ​របស់​ពួក​គាត់ ហើយ​សម្រេច​នេះ​​លើក​ពេល ឬ​មិន​លើក​ពេល វា​អាស្រ័យ​ទៅ​លើ​តុលាការ គាត់​ជា​អ្នក​សម្រេច​ទេ។ នេះ​ជា​ឆន្ទានុសិទ្ធិ ការ​សម្រេច​របស់​តុលាការ»

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ៩​នាក់ ដែល​ជាប់​ចោទ​ក្នុង​បទ​ចោទ​ឧបឃាត​ ឬ​​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នេះ រួមមាន​ប្រធាន​ស្ដីទី​​ លោក សម រង្ស៊ី និង​ភរិយា អ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ចន្ទ័ប្ញទិ្ធ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង​លោក នុត រំដួល។ អ្នក​ទាំង ៩នាក់​នោះ កំពុង​រស់​នៅ​និរទេស​ខ្លួន​ ​​ខ្លះ​​រស់​នៅ​ប្រទេស​បារាំង និង​ខ្លះ​ទៀត រស់​នៅ​សហរដ្ឋ​អាមេរិក។

សារព័ត៌មាន​ក្នុង​ស្រុក (VOD) បាន​ស្រង់​សំដី​​​របស់​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក ឌុច សារិន ​ថា ការ​លើក​ពេល​សវនាការ​ ទៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូវិញ​ ដោយសារ​អវត្តមាន​លោក​មេធាវី សំ សុគង់ ហើយ​លោក​នឹង​ធ្វើ​របាយការណ៍​នេះ បញ្ជូន​ទៅ​គណៈ​មេធាវី អំពី​អវត្តមាន​របស់ លោក​ សំ សុគង់ ក្នុង​សវនាការ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត តំណាង​អយ្យការ លោក សេង ហៀង បាន​ប្រកាស​ទាត់​ចោល​លិខិត​អាសយដ្ឋាន​ជន​ត្រូវ​ចោទ​របស់​​មេធាវី សំ សុគង់ ព្រោះ​លិខិត​នោះ បង្ហាញ​​ពី​ចេតនា​ទុច្ចរិត។

មេធាវី​តំណាង​រដ្ឋាភិបាល លោក សួង ចាន់ថន ប្រាប់​អាស៊ី​សេរី ជា​នីតិវិធី​ ខាង​តុលាការ​ និង​នគរបាល​ បាន​បញ្ជូន​ដីកា​នេះ ត្រឹមត្រូវ​តាម​ច្បាប់ និង​គ្រប់ជ្រុងជ្រោយ​អស់​ហើយ។ តែ​យ៉ាង​ណា លោក​​សុំ​​​មិន​អត្ថាធិប្បាយ​​សំណុំ​រឿង​នេះ​ទេ ដោយសារ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ធ្លាប់​បក​ស្រាយ​ករណី​នេះ​រួច​ហើយ៖ «ជា​យោបល់​ខ្ញុំ ការ​ចាត់ចែង​កន្លង​មក គឺ​គ្រប់​ជ្រុងជ្រោយ​អស់​ហើយ មាន​របាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​បញ្ជូន​ដីកា​កោះ​អញ្ជើញ​គ្រប់​ជ្រុងជ្រោយ​អស់​ហើយ។ អ៊ីចឹង​ណា»

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ដំណើរ​ការ​នីតិវិធី និង​ការ​សម្រេច​បែប​ណា ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ ចំណែក​ការ​បើក​ផ្លូវ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង មាន​លទ្ធភាព​​វិល​ចូល​ប្រទេស​បាន​វិញ​ ដើម្បី​តតាំង​ក្ដី​ក្នុង​តុលាការ ឬ​អត់ គឺ​អាស្រ័យ​ឆន្ទៈ​ចៅក្រម ឬ​ប្រមុខ​រដ្ឋាភិបាល។

ក្នុង​សំណុំ​រឿង​បទ​ឧបឃាត​នេះ គណៈ​មេធាវី ក៏​បាន​ចាត់តាំង​លោក​មេធាវី កៅ សីហា ឲ្យ​ធ្វើ​ជា​អ្នក​ការពារ​ក្ដី​ឲ្យ​​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ៩​នាក់​នេះ​ដែរ។ លោក​មេធាវី កៅ សីហា មិន​​ផ្ដល់​បទ​សម្ភាសន៍​ទេ ដោយ​លោក​​និយាយ​ថា ជាប់​រវល់​បើក​ឡាន​។ តែ​យ៉ាង​ណា ក្នុង​បន្ទប់​សវនាការ លោក​បាន​រិះគន់​អវត្តមាន​លោក សំ សុគង់ ថា ប៉ះពាល់​ដល់​ដំណើរ​ការ​រឿង​ក្ដី។ លោក​មាន​ប្រសាសន៍​ថា លោក​តែ​ម្នាក់​ឯង ក៏​មាន​សមត្ថភាព​​ការពារ​​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​៩នាក់​នោះ។

ប៉ុន្តែ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង បាន​សរសេរ​លិខិត​បដិសេធ​មិន​ទទួល​យក​មេធាវី​ចាត់​តាំង​រូប​នេះ​ឡើយ។ លោក​មេធាវី សំ សុគង់ ប្រាប់​ថា ​កូន​ក្ដី​ទាំង ​៩នាក់ មិន​ដែល​ទំនាក់ទំនង​ និង​មិន​សហការ​ ជាមួយ​មេធាវី ដែល​ចាត់​តាំង​ដោយ​គណៈ​មេធាវី​ទេ។

អ្នក​វិភាគ​នយោបាយ​ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​បើក​ច្រក​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ចូល​ប្រទេស​តតាំង​ក្ដី​ក្នុង​តុលាការ​វិញ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​សម្របសម្រួល​គ្នា ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​​​ជា​ការ​ទុក​ពេល​ឲ្យ​គណបក្ស​ប្រឆាំង បាន​រៀបចំ​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រកួត​ប្រជែង​នៅ​អាណត្តិ​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "តុលាការ​​បន្ត​លើក​ពេល​​​សវនាការ​​រឿង​បទ​ឧបឃាត​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​​ ព្រោះ​អវត្តមាន​មេធាវី"

  1. Anonymous says:

    OH…I understand that evil order his court but right now those person are felling shameful to come that what it is. HAS,,,,, that mean no one listening to that evil any more they are fighting back now. come on you guy if you think you love your mother just do not let her felling sorry by worked too hart paid for your education OK .

  2. so socheath says:

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
    តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
    អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
    «ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
    កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕