ដោយ មួង ណារ៉េត
2020-11-24
RFA

លោកមេធាវី សំ សុគង់ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

RFA/Brach Chev
មេធាវីការពារក្ដីឲ្យសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិលោក សំ សុគង់ ថា ការណ៍ដែលគណៈមេធាវីកម្ពុជា ទើបតែប្រញាប់ប្រញាល់ ចាត់តាំងមេធាវីនៅកៀកថ្ងៃសវនាការ គឺជាការធ្វើគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ គឺមិនអាចការពារសិទ្ធិ និងរកយុត្តិធម៌ជូនកូនក្តី ឲ្យបានត្រឹមត្រូវនោះឡើយ។
ប្រតិកម្មរបស់លោកមេធាវី សំ សុគង់ ធ្វើឡើង ក្រោយគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានប្រកាសចាត់តាំងមេធាវីស្ម័គ្រចិត្ត ៦ រូប ដើម្បីការពារក្ដីជនជាប់ចោទ ដោយមិនយកប្រាក់កម្រៃ ក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ ដែលត្រូវឡើងតុលាការនៅថ្ងៃទី២៦ ខែវិច្ឆិកា។ មេធាវីតែត្រូវបានចាត់តាំង ឲ្យជួយសកម្មជនគណបក្សប្រឆាំង ទាំងនេះរួមមាន លោក មេធាវី យុង ផានិត លោកស្រីមេធាវី ស៊ិន សុវ៉ន លោកមេធាវី ឆែ វិបុល លោកមេធាវី ជុំ អ៊ៀក លោកមេធាវី ញ៉ ញេន និងកញ្ញាមេធាវី លី រតនា។
ប៉ុន្តែ ការចាត់តាំងមេធាវី នៅកៀកថ្ងៃសវនាការបែបនេះ រងការរិះគន់ថា មិនមែនធ្វើដើម្បីប្រយោជន៍ការពារសិទ្ធិ និងយុត្តិធម៌ជូនកូនក្ដីនោះទេ។ លោកមេធាវី សំ សុគង់ ដែលកំពុងការពារក្ដីសកម្មជនគណបក្សសង្គ្រោះជាតិ តាំងពីដើមរៀងមកថា ក្នុងរឿងក្តីនីមួយៗ ជាពិសេស រឿងក្ដីព្រហ្មទណ្ឌ ដែលមានស្ថានទម្ងន់ធ្ងន់បែបនេះ តម្រូវឲ្យមេធាវី និងកូនក្តី មានពេលវេលាគ្រប់គ្រាន់ ដើម្បីសិក្សាសំណុំរឿង និងជួបពិគ្រោះយោបល់គ្នា ដូចជា យល់ដឹងអំពីអង្គហេតុស៊ីជម្រៅ និងយល់ពីឆន្ទៈរបស់កូនក្ដី ដើម្បីត្រៀមការពារក្ដីឲ្យបានត្រឹមត្រូវ មិនមែនធ្វើទាំងប្រថុចញ៉ុចដូច្នេះនោះទេ។ លោកថា មេធាវីទាំង ៦នាក់ ដែលគណៈមេធាវីចាត់តាំងមកនេះ អត់ដែលបានសួរកូនក្ដីម្ដងណាទេ ហើយកាន់រឿងក្ដី ដែលមិនមានការជួបពិគ្រោះកូនក្ដីបែបនេះ គឺប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទយ៉ាងដំណំ៖ «បើកាលណាគាត់ការពារក្ដី មិនបានជួបពិគ្រោះយោបល់ផ្លូវច្បាប់ ទាក់ទងនឹងសិទ្ធិរបស់កូនក្ដីហ្នឹង វាប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់ ជាពិសេសគឺការការពារក្ដីហ្នឹង គ្រាន់តែជាការពារបង្គ្រប់កិច្ច។ វាមិនបានយកចិត្តទុកដាក់ មិនបានការពារសិទ្ធិឲ្យជនជាប់ចោទទាំងអស់ ដែលមិនមែនជាប់ចោទក្នុងមជ្ឈិមធម្មតាទេ គឺជាបទឧក្រិដ្ឋដែលមានកម្រិតទោសធ្ងន់ ហើយវាប៉ះពាល់នឹងកេរ្តិ៍ឈ្មោះ និងកិត្តិយសពួគគាត់ទៀត។ អ៊ីចឹងវាប៉ះពាល់ទៅដល់នីតិវិធីផង ប៉ះពាល់ទៅដល់សិទ្ធិរបស់ជនជាប់ចោទ ដែលត្រូវបានទទួលបាននូវសិទ្ធិមួយ ហៅថាសិទ្ធិទួលបាននូវសវនាការមួយត្រឹមត្រូវ និងយុត្តិធម៌ និងមានលក្ខណៈស្តង់ដារអន្តរជាតិផងដែរ»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈមេធាវី ការចាត់តាំងនេះ ធ្វើឡើងតាមការស្នើសុំពីសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងការពារសិទ្ធិជនជាប់ចោទ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ គណៈមេធាវីអះអាងថា ការចាត់តាំងនេះ ធ្វើឡើងបន្ទាប់ពីបានទទួលសំណុំរឿងព្រហ្មទណ្ឌ ហើយមេធាវីទាំង ៦ នាក់នោះ សុទ្ធតែបានសិក្សា ពិភាក្សា និងរៀបចំមធ្យោបាយការពារក្តី តាមវិធានវិជ្ជាជីវៈមេធាវី យ៉ាងយកចិត្តទុកដាក់បំផុត។
ទោះជាយ៉ាងនេះក្តី លោក មេធាវី សំ សុគង់ ដែលធ្លាប់ការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា និងបច្ចុប្បន្នកំពុងការពារក្ដី ឲ្យប្រធានស្ដីទីគណបក្សនេះ គឺលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៃបក្សប្រឆាំងនេះដែរថា កូនក្ដីជាច្រើន នៅតែចង់ពឹងពាក់លោក ឲ្យជួយការពារក្ដី ពួកគាត់ ដោយមិនចង់បានមេធាវី ដែលចាត់តាំងដោយគណៈមេធាវីនោះឡើយ ព្រោះពួកគាត់ចង់ប្រើប្រាស់សិទ្ធិមានមេធាវីខ្លួនឯង ដែលមានចែងក្នុងច្បាប់៖ «មកដល់ពេលនេះ ពួកគាត់ដែលអត់មានមេធាវី ភាគច្រើនគាត់មកពឹងពាក់ខ្ញុំ ដើម្បីឲ្យខ្ញុំជួយការពារគាត់។ អ៊ីចឹងការណ៍ដែលគាត់មកពឹងពាក់ខ្ញុំហ្នឹង គាត់ចង់បង្ហាញអំពីឆន្ទៈគាត់ ចង់រកមេធាវីដោយខ្លួនឯង អត់ត្រូវការមេធាវីចាត់តាំងពីតុលាការ ឬការបញ្ជូនពីគណៈមេធាវីនោះទេ។ ការរកមេធាវីដោយខ្លួនឯង ក៏មានបញ្ញត្តិក្នុងច្បាប់ដែរ»។
នេះជាលើកទីមួយហើយ ដែលគណៈមេធាវីកម្ពុជា ដឹកនាំដោយមេធាវីរដ្ឋាភិបាលគឺ លោក លី ចាន់តុលា បានចាត់តាំងមេធាវី ឲ្យការពារក្ដីសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិ ដោយឥតយកប្រាក់។ លោក លី ចាន់តុលា រួមជាមួយលោក គី តិច បានការពាររបបក្រុងភ្នំពេញ ក្នុងសំណុំរឿងរម្លាយគណបក្សសង្គ្រោះជាតិ និងសំណុំរឿងចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងជាច្រើនទៀត។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីគណៈមេធាវីកម្ពុជា និងមេធាវីទាំងប្រាំមួយរូប ដែលត្រូវបានចាត់តាំងនោះនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ស្អែកនេះ មានសកម្មជន អ្នកគាំទ្រ និងសមាជិកគណបក្សសង្គ្រោះជាតិ យ៉ាងហោចណាស់ ១២៥ នាក់ ត្រូវបានតុលាការកោះហៅ ឲ្យចូលបំភ្លឺក្នុងករណីចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ ដោយសារតែអ្នកទាំងនោះ គាំទ្រដំណើរមាតុភូមិនិវត្តន៍ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ២០១៩ របស់លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ។ ដំណើរមាតុភូមិនិវត្តន៍នោះ មិនបានសម្រេចទេ ដោយសារតែលោក ហ៊ុន សែន បានរារាំងពួកគេមិនឱ្យចូល។
លោក សំ សុគង់ ប្រាប់អាស៊ីសេរី ថាសូម្បីតែលោកកាន់សំណុំរឿងនេះ ជាយូរមកហើយក្ដី ក៏លោកនៅតែមានការលំបាកក្នុងការការពារក្ដីឲ្យបានត្រឹមត្រូវ ព្រោះសំណុំរឿងស្មុគស្មាញ និងត្រូវការពេលវេលាច្រើន ចុះទម្រាំមេធាវីដែលគណៈមេធាវីចាត់តាំងឲ្យការពារក្តី ត្រឹមតែពីរថ្ងៃមុនថ្ងៃសវនាការនោះ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការក្រុងភ្នំពេញលើកពេលសវនាការសំណុំរឿងឧបឃាត ប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ៩នាក់
- អ្នកច្បាប់ថា ករណីលោក ហ៊ុន សែន លួចថតសំឡេងលោក ហូរ វ៉ាន់ មន្ត្រីបក្សប្រឆាំង ហើយបង្ហាញសាធារណៈជាអំពើខុសច្បាប់
- តុលាការកោះហៅក្រុមមេដឹកនាំបក្សប្រឆាំង កំពុងនិទ្ទេសខ្លួន ៩រូប ឱ្យចូលបំភ្លឺអំពីបទចោទឧបឃាត
- ប្រពន្ធសមាជិកបក្សប្រឆាំងប្ដឹងទៅតុលាការ និងអង្គការយូនីសេហ្វ រឿងអាជ្ញាធរឃុំខ្លួន និងធ្វើទារុណកម្មកុមារា កាក់ សុវណ្ណច្ឆ័យ
- មន្ត្រីបក្សប្រឆាំងស្នើឱ្យបញ្ឈប់សាងសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម
- តុលាការទម្លាក់បទចោទប្រឆាំងនឹងអតីតអ្នកកាសែត ខេមបូឌា ដេលី ពីរនាក់
- ប្រពន្ធសកម្មជនបក្សប្រឆាំងម្នាក់ស្លុតចិត្តបន្ទាប់ពីចូលសួរសុខទុក្ខឃើញប្ដីធ្លាក់ខ្លួនឈឺនៅពន្ធនាគារព្រៃស
- អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុករក្សាជំហរចូលបំភ្លឺនៅតុលាការថ្ងៃទី២៦ វិច្ឆិកាខាងមុខ
- មេធាវីថា ដីកាកោះហៅមនុស្សជាង១០០នាក់ ក្នុងរយៈពេលខ្លីធ្វើឲ្យពិបាកក្នុងការត្រៀមខ្លួន
- អង្គការជាតិ និងអន្តរជាតិស្នើឱ្យរបបភ្នំពេញលុបចោលបទញុះញង់ចេញពីក្រមព្រហ្មទណ្ឌ
ហាស ! ហាស
មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ?
ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
ដូចនេះនៅឬទៅ វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
(បង្វែរជំនួយជាង២០លានដុល្លារអាមេរិកពីការជួយរដ្ឋាភិបាលកម្ពុជា មកជួយ
អង្គការសង្គមស៊ីវិល នេះជា សម្តីនាង ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
(អង្គការសង្គមស៊ីវិលការពារចោរ)