ដោយ ខែ សុណង
2020-11-25
RFA

លោក ថាច់ សេដ្ឋា សមាជិកព្រឹទ្ធសភាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យទៅបំភ្លឺពីបទ រួមគំនិតក្បត់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

រូប៖ ពលរដ្ឋ
លោក ថាច់ សេដ្ឋា ថា លោកមិនដែលមានគំនិតក្បត់ជាតិ ដូចការចោទប្រកាន់របស់តុលាការ
អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង និងជានាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ប្រកាសជំហរថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ស្អែកនេះ បើទោះបីជាលោកគ្មានជំនឿលើប្រព័ន្ធតុលាការនេះក្ដី។
តុលាការបានចោទប្រកាន់លោកពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីអំឡុងឆ្នាំ២០១៩។
លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃទី២៤ វិច្ឆិកា ថា លោកនឹងចូលទៅបំភ្លឺតាមការកោះរបស់តុលាការ បើទោះជាក្នុងដីការបស់តុលាការសរសេរថ្ងៃកំណើត និងអាសយដ្ឋានរបស់លោកខុសក្ដី។ លោកថា ការចូលបំភ្លឺនេះដើម្បីបង្ហាញពីភាពបរិសុទ្ធ ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ ដែលលោកហ៊ានអះអាងថា លោកមិនបានក្បត់ជាតិនោះទេ៖ «ខ្ញុំមិនដឹងថា រួមគំនិតក្បត់នេះ រួមជាមួយនរណាផង យើងមិនដឹងនរណាអ្នកក្បត់លឺតែក្បត់ៗគ្រប់តែគ្នា ខ្ញុំមិនដឹងថា ខ្ញុំរួមគំនិតក្បត់ជាមួយនរណា ព្រោះខ្ញុំឈឺផង ខ្ញុំគ្មានមធ្យោបាយអីដែលទៅរួមជាមួយគេហ្នឹងផង ខ្ញុំក៏មិនដែលទៅជួបប្រជុំញុះញង់អីនរណា ឲ្យធ្វើស្អីមួយនោះដែរ។ ដូច្នេះយើងមិនដឹងថា គេសំដៅទៅលើអីទេ ទាល់តែចូលតុលាការបានយើងអាចដឹង»។
នៅថ្ងៃទី២៤ វិច្ឆិកា សហគមន៍ខ្មែរកម្ពុជាក្រោមបានចេញសេចក្ដីថ្លែងការណ៍មួយ ស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញទម្លាក់ចោលការចោទប្រកាន់ លោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ និងអំពាវនាវឲ្យអង្គការជាតិ និងអន្តរជាតិចូលរួមតាមដានសវនាការនេះ ដើម្បីផ្ដល់យុត្តិធម៌ដល់លោក។
នៅរយៈពេលចុងក្រោយនេះ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាកោះជាបន្តបន្ទាប់កោះហៅមេដឹកនាំ មន្ត្រី និងសកម្មជនគណបក្សយ៉ាងហោចណាស់ ១២៥នាក់ឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២៦ វិច្ឆិកាដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ សកម្មជនបក្សប្រឆាំងខ្លះដែលកំពុងភៀសខ្លួននៅក្រៅប្រទេសថា ពួកគេមិនចាប់អារម្មណ៍នឹងដីកានេះទេ ព្រោះគ្មានជំនឿលើប្រព័ន្ធតុលាការសព្វថ្ងៃ។ ប៉ុន្តែក៏មានមន្ត្រីគណបក្សនេះ និងអ្នកធ្វើការងារសង្គមដែលត្រូវតុលាការកោះហៅដែលអ្នកទាំងនោះកំពុងរស់នៅប្រទេសកម្ពុជាអះអាងថា នឹងចូលបំភ្លឺតាមការកោះហៅដែរ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើអាចនឹងមានជនត្រូវចោទប៉ុន្មាននាក់ពិតប្រាកដទៅបង្ហាញខ្លួនតាមដីកាកោះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោកមេធាវី សំ សុគង់ ថា ការចាត់តាំងមេធាវីនៅកៀកថ្ងៃសវនាការ គឺជាការធ្វើគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ
- តុលាការក្រុងភ្នំពេញលើកពេលសវនាការសំណុំរឿងឧបឃាត ប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ៩នាក់
- អ្នកច្បាប់ថា ករណីលោក ហ៊ុន សែន លួចថតសំឡេងលោក ហូរ វ៉ាន់ មន្ត្រីបក្សប្រឆាំង ហើយបង្ហាញសាធារណៈជាអំពើខុសច្បាប់
- តុលាការកោះហៅក្រុមមេដឹកនាំបក្សប្រឆាំង កំពុងនិទ្ទេសខ្លួន ៩រូប ឱ្យចូលបំភ្លឺអំពីបទចោទឧបឃាត
- តុលាការបន្តលើកពេលសវនាការរឿងបទឧបឃាតរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ព្រោះអវត្តមានមេធាវី
- មន្ត្រីបក្សប្រឆាំងស្នើឱ្យបញ្ឈប់សាងសង់ស្តូបមិត្តភាពកម្ពុជាវៀតណាម
- តុលាការទម្លាក់បទចោទប្រឆាំងនឹងអតីតអ្នកកាសែត ខេមបូឌា ដេលី ពីរនាក់
- ប្រពន្ធសកម្មជនបក្សប្រឆាំងម្នាក់ស្លុតចិត្តបន្ទាប់ពីចូលសួរសុខទុក្ខឃើញប្ដីធ្លាក់ខ្លួនឈឺនៅពន្ធនាគារព្រៃស
- អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុករក្សាជំហរចូលបំភ្លឺនៅតុលាការថ្ងៃទី២៦ វិច្ឆិកាខាងមុខ
- មេធាវីថា ដីកាកោះហៅមនុស្សជាង១០០នាក់ ក្នុងរយៈពេលខ្លីធ្វើឲ្យពិបាកក្នុងការត្រៀមខ្លួន