កម្ពុជា-នយោបាយ
25/11/2020 – 07:55
ដោយ៖ វណ្ណ សុគន្ធា
RFI

នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលើសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍លើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាង១០០នាក់។ ម្សិលមិញ គណៈមេធាវីកម្ពុជាបានសម្រេចផ្តល់មេធាវីចំនួន៦រូប ដើម្បីចូលរួមការពារក្តីដល់ពួកគេ។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងនៅក្រៅប្រទេសបដិសេធក្រុមមេធាវីទាំងនេះ ដោយអះអាងថា ពួកគេមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯង។
គឺនៅក្នុងលិខិតបដិសេធនៅថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិមានជាអាទិ៍ លោកស្រី ជូឡុង សូមូរ៉ា លោកស្រី មួរ សុខហូរ លោកអេង ឆៃអ៊ាង និងលោក ហូរ វណ្ណ ជាដើម បានបដិសេធមិនទទួលយកក្រុមមេធាវីដែលចាត់តាំងមកចូលរួមការពារក្តីដល់ពួកគេពីសំណាក់គណៈមេធាវីកម្ពុជានោះទេ។ បើតាមពួកគេ គឺពួកគេមានសិទ្ធិ និងមានលទ្ធភាពក្នុងការពឹងពាក់មេធាវីដោយខ្លួនឯងបាន ដើម្បីការពារនៅក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់ពួកគេ។
គណៈមេធាវីកម្ពុជាកាលពីថ្ងៃទី២៤ ខែវិច្ឆិកាតាមរយៈសេចក្តីប្រកាសព័ត៌មានបានសម្រេចផ្តល់មេធាវីចំនួន៦រូប ដើម្បីចូលរួមការពារក្តីដល់មន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិនៅក្នុងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកា។ គណៈមេធាវីកម្ពុជាបានអះអាងថា ការផ្តល់មេធាវីនេះ គឺធ្វើឡើងតាមការស្នើសុំរបស់សាលាដំបូងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែ ក្រុមមន្រ្តីជាន់ខ្ពស់នៃអតីតបក្សប្រឆាំងមិនពេញចិត្តនឹងការចាត់ចែងនេះឡើយ។ ពួកគេបានគូសបញ្ជាក់ថា ការយឺតយ៉ាវរកមេធាវីការពារក្តីរបស់ពួកគេ គឺបណ្តាលមកពីតុលាការមិនបានកោះហៅពួកគេតាមពេលវេលាដែលបានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ហើយថា ពួកគេមិនបានដឹងពីបទចោទមកលើខ្លួនថែមទៀត។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ក្រុមមេធាវីរបស់គណៈមេធាវីកម្ពុជាគួរតែដកខ្លួនចេញពីសំណុំរឿងនេះ ព្រោះកូនក្តីបានបដិសេធមិនទទួលយកទៅហើយ។ លោកបន្តថា បើសិនពួកគេ នៅតែបន្តចូលរួមការពារក្តីទាំងដែលកូនក្តីមិនបានពឹងពាក់នោះ គឺនឹងនាំសវនាការប្រព្រឹត្តទៅដោយមិនត្រឹមត្រូវ និងមិនអាចផ្តល់យុត្តិធម៌ដល់កូនក្តី។ យ៉ាងណាក៏ដោយ លោកមេធាវីសំ សុគង់ បានគូសបញ្ជាក់ថា បើសិនពួកគេនៅចូលរួមនៅក្នុងសវនាការនោះ គឺរូបលោកនឹងស្នើទៅកាន់តុលាការដោយផ្ទាល់ឱ្យពួកគេដកខ្លួនចេញតាមការចង់បានរបស់កូនក្តីរបស់លោក។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកាស្អែក តុលាការសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាកាសួរឆ្លើយលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិពាក់ព័ន្ធនឹងសំណុំរឿង «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ។ គិតដល់ពេលនេះ គឺមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងប្រមាណ១៤០នាក់ហើយត្រូវបានតុលាការប្រកាសកោះហៅឱ្យចូលមកតុលាការ។ ពួកគេទាំងនេះ ខ្លះនៅក្រៅប្រទេស និងខ្លះនៅតាមខេត្តនានានៅក្នុងប្រទេសកម្ពុជា៕
ហាស ! ហាស
មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ?
ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
ដូចនេះនៅឬទៅ វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
(បង្វែរជំនួយជាង២០លានដុល្លារអាមេរិកពីការជួយរដ្ឋាភិបាលកម្ពុជា មកជួយ
អង្គការសង្គមស៊ីវិល នេះជា សម្តីនាង ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
(អង្គការសង្គមស៊ីវិលការពារចោរ)