ស្លាប់​៤​នាក់​និង​១០១​នាក់​កំពុង​សម្រាក​ព្យាបាល​ករណី​ពុល​ស្រា​នៅ​ខេត្ត​កំពង់ឆ្នាំង

កម្ពុជា
29/11/2020 – 06:45
ដោយ៖ វុធ ច័ន្ទតារា
RFI

រូបតំណាង
រូបតំណាង © @Internet

យ៉ាង​ហោច​ណាស់​មាន​មនុស្ស៤នាក់បានស្លាប់​និងចំនួន១០១នាក់ផ្សេងទៀត រងគ្រោះ​ដោយ​សារ​ពុល​ស្រា​ ដែល​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង សង្ស័យ​ថា​មាន​សារធាតុ​មេតាណុល (Metanol) ។ ករណី​នេះ​បាន​កើត​ឡើង​នៅ​ប្រមាណ​ជាង​​ម៉ោង​២​រសៀល ខណៈ​ពលរដ្ឋ​បាន​ទទួល​ទាន​ស្រា អំឡុង​ពេល​កំដរ​ពិធី​បុណ្យ​សព​មួយ​ក្នុង​ស្រុក​ទឹក​ផុស​ខេត្ត​កំពង់ឆ្នាំង។ នេះបើតាមការលើក​ឡើង​ពី​លោក ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃនេះ។

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី២៩​ខែ​វិច្ឆិកា​នេះ​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់​ដោយ​សារ​ពុល​ស្រា នៅខេត្តកំពង់ឆ្នាំង ដែល​ក្នុង​នោះ​២​នាក់​បាន​ស្លាប់​នៅ​ផ្ទះ និង​២​នាក់​ទៀត​ស្លាប់​អំឡុង​ពេល​បញ្ជូន​មក​សង្រ្គោះ​បន្ត​នៅមន្ទីរ​ពេទ្យ​ក្រុង​ភ្នំពេញ។  គួរ​បញ្ជាក់ដែរ​​ថា បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​សរុប ១០១នាក់ ស្រី៥នាក់ ដែល​ក្នុង​នោះ​៣​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។ បើ​តាម​លោក ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​អោយ​ដឹង​បន្ត​ថា ព្រឹក​នេះ​ក្រុម​គ្រូ​ពេទ្យ​ខេត្ត​បាន​បញ្ជូន​អ្នក​ជំងឺ​ចំនួន​២​នាក់បន្ថែម​ទៀត​មក​ភ្នំពេញ​ហើយ ដើម្បី​ធ្វើ​ការ​ពិនិត្យ​និង​ព្យាបាល​បន្ត។​

គួរ​ជម្រាប​ជូន​ថា សមត្ថកិច្ច និងគណៈអភិបាល​ខេត្តកំពង់ឆ្នាំង​បាន​និង​កំពុង​ស្រាវ​ជ្រាវ​រក​ប្រភព​នៃ​ស្រា​ដែល​បណ្តាល​ឲ្យ​ពុល​នេះ ដើម្បីបញ្ឈប់​ការ​លក់ និង​ចែកចាយ​ជា​បន្ទាន់​ផង​ដែរ។

គួរ​រំឭក​ដែរ​ថា ករណី​ពុល​ស្រា តែង​កើត​មាន​ជារឿយៗ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៨​ក៏​មាន​ករណី​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ក្នុង​ខេត្ត​ក្រចេះ​ដែរ ដែលពេលនោះ​បណ្ដាល​ឲ្យ​មនុស្ស​ជាង​១០​នាក់​បាន​ស្លាប់ និង​ជាង​២០០​នាក់​ផ្សេង​ទៀត​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ។

ជា​រឿយៗ​ក្រសួង​សុខាភិបាល​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ពិសា​ស្រាស ដែល​រៀប​ចំ​គ្មាន​បច្ចេកទេសត្រឹម​ត្រូវ ដើម្បី​ចៀស​ផុត​ពី​ការ​ពុល ហើយ​នឹង​អាច​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ថែម​ទៀត៕

What Next?

Recent Articles