2020-12-01
RFA

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅរាជធានីភ្នំពេញ រូប៖ ពលរដ្ឋ
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣នាក់ថ្មីថែមទៀត ដែលនាំឲ្យតួលេខឆ្លងនៅក្នុងសហគមន៍កើនឡើងដល់ ១៧នាក់ហើយ ក្នុងរយៈពេល ៣ថ្ងៃនេះ។ ជាមួយគ្នានេះពលរដ្ឋមួយចំនួន នៅតែមិនសូវការពារខ្លួន និងភ័យខ្លាចពីការរាតត្បាតជំងឺរលាតផ្លូវដង្ហើមថ្មីនេះដដែល។ មន្ត្រីសង្គមស៊ីវិលយល់ថា ជំងឺនេះអាចនឹងរាតត្បាតទ្រង់ទ្រាយធំ ប្រសិនបើប្រជាពលរដ្ឋមិនបានការពារខ្លួនឱ្យបានត្រឹមត្រូវ។
សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១ ធ្នូ ឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ករណីថ្មីបន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ដែលជាករណីចម្លងនៅក្នុងសហគមន៍ ហើយពួកគេមានទីលំនៅរាជធានីភ្នំពេញទាំងអស់គ្នា ក្នុងនោះមានទារកអាយុ ៧ខែម្នាក់ផង។ ដូច្នេះ ធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងសហគមន៍កើនឡើងចំនួន ១៧នាក់ហើយ គិតចាប់ពីថ្ងៃទី២៨ វិច្ឆិកា មកដល់ព្រឹកថ្ងៃទី១ ធ្នូ។ បច្ចុប្បន្ន ពួកគេ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅក្រុងភ្នំពេញ។ ការរកឃើញនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលធ្វើតេស្ដលើមនុស្សចំនួនជិត ៥ពាន់នាក់ (៤.៨៦៤) នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ៧ទៀត។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានប្រកាសស្នើសុំឲ្យថ្នាក់ដឹកនាំរដ្ឋសភា សមាជិករដ្ឋសភា និងមន្ត្រីរាជការនៅក្នុងរដ្ឋសភាជិត ១០០នាក់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក បន្ទាប់មានពីមានតំណាងរាស្ត្រម្នាក់ ឈ្មោះ ឡូយ សុផាត បានប៉ះពាល់ផ្ទាល់ជាមួយប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ហើយលោក ឡូយ សុផាត បានចូលរួមប្រជុំក្នុងរដ្ឋសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ក្រសួងរកឃើញថា មន្ត្រីដែលមានហានិភ័យមធ្យមឆ្លងជំងឺកូវីដមានចំនួន ៣១នាក់ ក្នុងនោះ មានប្រធានរដ្ឋសភា លោក ហេង សំរិន អនុប្រធានរដ្ឋសភាទី១ លោក ងួន ញ៉ិល រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត។ ចំណែកមន្ត្រីក្នុងរដ្ឋសភា ដែលមានហានិភ័យទាបក្នុងការឆ្លងជំងឺកូវីដ មានចំនួន ៣៥នាក់។ លោក ហេង សំរិន ប្រកាសនៅលើទំព័រហ្វេសប៊ុក (Facebook) ថា លោក និងភរិយា រួមទាំងសមាជិកក្នុងគ្រួសារ បានចាប់ផ្ដើមធ្វើចត្តាឡីស័ក ក្នុងគេហដ្ឋាន ចាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញពីការឆ្លងជំងឺកូវីដ១៩ នេះបានទេ នៅថ្ងៃទី១ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណាក្ដី នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាមួយប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ធ្វើតេស្ដសុខភាព និងធ្វើចត្តាឡឺស័កឱ្យបានទាំងអស់គ្នា និងអំពាវនាវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់លាងដៃនិងសាប៊ូឬទឹកអាល់កុលឱ្យបានញឹកញាប់ ហើយប្រញាប់រាយការណ៍ដល់អាជ្ញាធរប្រសិនបើមានពលរដ្ឋណាសង្ស័យឆ្លងជំងឺកូវីដ១៩។
ទោះជាបែបនេះក្ដី ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួន ហាក់មិនខ្វល់ពីការរាតត្បាតជំងឺកូវិដ១៩នេះទេ គឺពួកគាត់ភាគច្រើនខ្វល់ខ្វាយពីការខំប្រឹងរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារជាធម្មតា។
ពលរដ្ឋនៅបន្ទាយមានជ័យ លោក កើយ កាន ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋនៅតំបន់របស់លោកមិនសូវពាក់ម៉ាស់ការពារជំងឺកូវិដ១៩នោះទេ ដោយពួកលោកយល់ថា ជំងឺនេះមិនអាចរាលដាលដល់តំបន់ពួកគាត់ឡើយ៖ «និយាយរួមទៅគាត់អត់ការពារប៉ុន្មានទេ អ្វីដែលសំខាន់គាត់ខ្វល់ខ្ចាយទៅរឿងជីវភាពរបស់គាត់ ទាក់ទឹងនឹងស្រូវស្រែរបស់គាត់។ ខាងស្រូវហ្នឹងគឺពិបាក ឥឡូវប្រមូលផលហើយខ្វះម៉ាស៊ីនច្រូត ឡើងថ្លៃ ហើយតម្លៃស្រូវក៏ថយចុះទៀត។ គឺថាសំខាន់មានលុយចាយ ពីព្រោះដោយសារតែបញ្ហាហ្នឹងវាដដែលទៅ អីចឹងគាត់ជ្រើស បំផុតគឺជ្រើសរើសយកបញ្ហាក្រពះរបស់គាត់ ព្រោះបើសិនគាត់អត់មានការងារធ្វើអត់មានលុយចាយនិងដាច់បាយហើយ»។
ដូចគ្នានេះដែរ ក្រុមប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ចាម ប្រាប់ថា នៅតំបន់ពួកគាត់ប្រមាណ ២០ភាគរយប៉ុណ្ណោះ ដែលពាក់ម៉ាស់ការពារខ្លាចឆ្លងជំងឺកូវីដ១៩។ ពលរដ្ឋទាំងនេះឱ្យដឹងទៀតថា ប្រជាពលរដ្ឋភាគច្រើនភ័យខ្លាចគ្មានអង្ករច្រកឆ្នាំងជាងខ្លាចឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីនេះ៖ «ព្រោះកូវីដហ្នឹង គេអត់បារម្ភទេ ព្រោះវាអត់ឃើញថា មានការស្លាប់ដោយសារកូវីដហ្នឹង ដល់អីចឹងហើយគាត់អត់ខ្លាចទេ គាត់ភ័យបារម្ភខ្លាំងគឺការដាច់បាយហើយហ្នឹង សុខសុវត្ថិភាពនៅក្នុងសង្គម។ សព្វថ្ងៃនេះ សំខាន់ណាស់មួយណាក៏ដោយ បើសិនជាបើកឱ្យមានការសម្ភាសន៍ជាទូទៅវិញ គឺមួយណាក៏និយាយពីរឿងដាច់ពោះហ្នឹងដែរ ហើយចំពោះការការពារតាំងពីដើមឡើយមកហើយ មិនមែនទើបឥឡូវទេ គេគ្មានខ្វល់អីផង។ ឥឡូវពិធីអីផ្សេងខ្លះនៅមានការជួបជុំគ្នាដែរហ្នឹង ហើយនៅតាមផ្សារអីប្រជាពលរដ្ឋរស់នៅធម្មតា អត់ឃើញមានពាក់ម៉ាស់អីផង»។
ទោះជាយ៉ាងណា ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង ព្រួយបារម្ភនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះថា អាចនឹងធ្វើឱ្យជំងឺ កូវីដ១៩ផ្ទុះឡើងទ្រង់ទ្រាយធំប្រសិនបើបើអាជ្ញាធរពាក់ព័ន្ធមិនឆាប់ផ្សព្វផ្សាយពីរបៀបការពារកុំឱ្យឆ្លងជំងឺកូវីដឱ្យបានគ្រប់ទីកន្លែងជាពិសេសតាមសហគមន៍នៅទីជនបទ។ លោកថា រឿងនេះអាចដោយសារតែពលរដ្ឋមួយចំនួនខ្វះការយល់ដឹងអំពីការឆ្លងជំងឺកូវីដ១៩៖ «អីចឹងហើយវិធានការដែលល្អហ្នឹងត្រូវតែយើងប្រុងប្រយ័ត្នទាំងអស់គ្នា។ម្យ៉ាងវិញទៀតអ្វីដែលសំខាន់យើងត្រូវការព័ត៌មានឱ្យបានកាន់តែឆាប់ដែរ ព័ត៌មានដែលជាប់ពាក់នឹងការផ្ទុះឡើងនេះ ខ្ញុំឃើញមានព័ត៌មានច្រើនហើយ ដែលមានឈ្មោះនិងមានការកំណត់ទីតាំងអី តែសុំឱ្យផ្ដល់ព័ត៌មានបន្ថែមផ្សេងៗទៀត ដែលអាចប្រជាពលរដ្ឋលោកបានស្វែងយល់ហើយហ្នឹងបង្ការឱ្យបានទូលំទូលាយហើយកាន់តែមានប្រសិទ្ធភាព»។
មន្ត្រីសង្គមស៊ីវិលរូបនេះឱ្យដឹងថា នៅទីតាមទីក្រុងប្រជាពលរដ្ឋភាគច្រើនចាប់ផ្ដើមពាក់ម៉ាស់ការពារជំងឺកូវីដ ។ទោះជាយ៉ាងណាលោកសង្កេតឃើញមានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវមិនពាក់ម៉ាស់នៅតែមានចំនួនច្រើន ដែលជាហានិភ័យងាយចម្លងជំងឺកូវីដ ស្របពេលដែលក្រសួងសុខាភិបាលនៅមិនទាន់រកឃើញជំងឺនេះចម្លងមកពីប្រភពណាច្បាស់លាស់នៅឡើយ។ គិតត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៣២៦នាក់ ក្នុងនោះអ្នកបានជាសះស្បើយវិញ មានចំនួន ៣០៤នាក់ និងអ្នកកំពុងនៅសម្រាកព្យាបាលចំនួន ២២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។