លោក កឹម សុខា ថា ការ​បង្រួបបង្រួម​ខ្មែរ គឺ​ជា​កាតព្វកិច្ច និង​ជា​កិត្តិយស​មេ​ដឹក​នាំ​ខ្មែរ​គ្រប់​រូប

2020-12-01
RFA

លោក កឹម សុខា ថា ការ​បង្រួបបង្រួម​ខ្មែរ គឺ​ជា​កាតព្វកិច្ច និង​ជា​កិត្តិយស​មេ​ដឹក​នាំ​ខ្មែរ​គ្រប់​រូប

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ Photo: RFA


លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​សេរសរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ការ​បង្រួបបង្រួម​ខ្មែរ គឺ​ជា​កាតព្វកិច្ច និង​ជា​កិត្តិយស​របស់​ខ្មែរ ជា​ពិសេស​របស់​អ្នក​ដឹក​នាំ​គ្រប់​រូប។ ការ​កម្ចាត់​គ្នា «នាំ​ឲ្យ​បាត់បង់​ពេល​វេលា និង​ធនធាន ដើម្បី​បម្រើ ការពារ និង​កសាង​មាតុភូមិ​កម្ពុជា ដើម្បី​ខ្មែរ​ទាំង​អស់​គ្នា»។

លោក កឹម សុខា បញ្ជាក់​ថា បើ​យើង​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រើសអើង សងសឹក​គ្នា​នោះ​ទេ ខ្មែរ​អាច​រស់​នៅ​ដោយ ឯករាជភាព ដោយ​សុខដុមរមនា និង​ដោយ​វឌ្ឍនភាព​សម្រាប់​ខ្មែរ​ដូច​គ្នា​គ្រប់​រូប។

ការ​លើក​ឡើង​របស់​លោក កឹម សុខា នៅថ្ងៃទី១ធ្នូនេះ នៅ​ស្រប​ពេល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និរទេស​ខ្លួន ប្រកាស​ពី​ផែនការ​វិល​ចូល​ស្រុក​វិញ នៅ​ដើម​ខែមករា ឆ្នាំ២០២១ ខាង​មុខ។

លោក កឹម សុខា បាន​សរសេរ​ថា ក្នុង​កាលៈទេសៈ​នេះ លោក​យល់​ច្បាស់​ថា លោក​មិន​មាន​សិទ្ធិ សេរីភាព​ពេញលេញ​ចង់​ធ្វើ​អ្វី ចង់​និយាយ​ស្តី​អ្វី ដើម្បី​ជា​ប្រយោជន៍ឲ្យ​បាន​ច្រើន​សម្រាប់​មាតុភូមិ​កម្ពុជា សង្គម​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឡើយ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន ដោយ​មិន​រំលោភ​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ ឬ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​នោះ គឺ​​លោក​​ព្យាយាម​​ធ្វើ​​តាម​​លទ្ធភាព ដើម្បី​ខ្មែរ ទោះ​បី​មាន​សមត្ថកិច្ច​នៅ​កន្លែង​ខ្លះ​បាន​សហការ​ល្អ​បង្ក​លក្ខណៈ​​ងាយ​ស្រួល និង​កន្លែង​ខ្លះ​ទៀត​មាន​ការ​តាម​ដាន ឃ្លាំមើល ថតរូប ថតសម្លេង សូម្បី​តែ​ក្នុង​សកម្មភាព​មនុស្សធម៌ សកម្មភាព​ឯកជន​ជាមួយ​ក្រុម​គ្រួសារ កន្លែង​ស្នាក់​នៅ និង​ពេល​ទៅ​ធ្វើ​ចម្ការ​ផ្ទាល់​ខ្លួន​របស់​លោក​ក៏​ដោយ។

លោក កឹម សុខា សរសេរ​បន្ថែម​ថា លោក​ដឹង​ច្បាស់​ថា «អ្វី​ដែល​លោក​អាច​ធ្វើ​បាន អ្វី​ដែល​មិន​អាច​ធ្វើ​បាន ទោះ​បី​មាន​អ្នក​ខ្លះ​ប្រឹង​រុញ​ច្រាន​ឲ្យ​លោក​ចូល​ក្នុង​អន្ទាក់​គេ​ក៏​ដោយ ក៏​លោក​នៅ​តែ​រក្សា​ជំហរ អហិង្សា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ មិន​បង្ក​ជម្លោះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​ប្រទេស​ជាតិ​ខ្លួន​ឡើយ»។ លោក កឹម សុខា អះអាង​ថា លោក​បាន​កំណត់​ហើយ​ថា «ប្រជាពលរដ្ឋ​ខ្មែរ ជា​ជន​រួម​ជាតិ ជា​ជន​រួម​ឈាម ជា​បងប្អូន​របស់​លោក» ហើយ «ប្រទេស​កម្ពុជា ជា​មាតុភូមិ ជា​ទឹក​ដី​កំណើត ជា​កន្លែង​ដែល​លោក កើត រស់ និង​ស្លាប់» ដែល​លោក​មិន​អាច​បោះបង់ និង​មិន​គាំទ្រ​អ្នក​ណា ដែល​បង្ក​រង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​មាតុភូមិ​កម្ពុជា​ឡើយ ទោះ​បី​លោក​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ចុះ។

លោក កឹម សុខា បាន​រៀបរាប់​ពី​សកម្មភាព​របស់​លោក​នៅ​ក្នុង​ស្រុក​ថា ក្នុង​រយៈ​ពេល​ប្រមាណ​បី​ខែ​ចុង​ក្រោយ​នេះ លោក​អាច​ធ្វើ​ដំណើរ​ទៅ​តាម​មូលដ្ឋាន​ខ្លះ ដើម្បី​ចូលរួម​ក្នុង​ពិធី​ទំនៀម​ទម្លាប់​ប្រពៃណី សាសនា​ខ្មែរ បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ និង​បាន​ស្វែង​យល់​ពី​ជីវភាព​​រស់​នៅ​​របស់​​បង​​ប្អូន​​ជន​រួម​ជាតិ​ដោយ​ផ្ទាល់ គឺ​កាន់​តែ​ធ្វើ​ឲ្យ​លោក​អាណិត​ស្រឡាញ់ និង​ដឹង​គុណ​បំផុត ចំពោះ​មាតុភូមិ​កម្ពុជា និង​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ មិន​អាច​បោះបង់​បាន​ឡើយ។ លោក កឹម សុខា សង្កត់​ធ្ងន់​ថា ទឹក​ដី​យើង មាន​ភូមិសាស្ត្រ និង​ធនធាន​ធម្មជាតិ​អំណោយ​ផល​ល្អ​ណាស់ ឲ្យ​តែ​គ្រប់គ្រង​បាន​ត្រឹមត្រូវ មិន​បំផ្លិចបំផ្លាញ រី​ឯ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជា​ទូទៅ​មាន​ទឹក​ចិត្ត​ល្អ​គួរ​ឲ្យ​គោរព​ស្រឡាញ់​ណាស់។

តុលាការ​របប​លោក ហ៊ុន សែន បាន​ដក​សិទ្ធិ លោក កឹម សុខា មិនឲ្យធ្វើនយោបាយជាង៣ឆ្នាំ មក​ហើយ គិត​ចាប់​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក កាល​ពី​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ថា ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ មក​ទល់​ពេល​នេះ តុលាការ​នៅ​មិន​ទាន់​យក​សំណុំ​រឿង​លោក កឹម សុខា មក​ជំនុំជម្រះ​ជា​ថ្មី​ទៀត​នៅ​ឡើយ ទោះ​បី​ជា​ក្រុម​មេធាវី​របស់​លោក​បាន​ស្នើសុំ​ឲ្យ​ពន្លឿន​យ៉ាង​ណា​ក៏​ក្ដី ដោយ​តុលាការ​លើក​ហេតុផល​ថា មក​ពី​ជំងឺ​កូវីដ១៩ មិន​អាច​ជួបជុំ​គ្នា​ច្រើន​បាន ខណៈ​តុលាការ​បាន​បើក​សវនាការ​ជា​ទ្រង់ទ្រាយ​ធំ​ជំនុំ​ជម្រះ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០នាក់​កាល​ពី​ពេល​ថ្មីៗ នេះ។

សហរដ្ឋអាមេរិក ធ្លាប់​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អះអាង​ថា មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ជា​មនុស្ស​ស្អាតស្អំ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​លោក កឹម សុខា ឡើងវិញ ដោយ​ឥត​លក្ខខ័ណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក កឹម សុខា ថា ការ​បង្រួបបង្រួម​ខ្មែរ គឺ​ជា​កាតព្វកិច្ច និង​ជា​កិត្តិយស​មេ​ដឹក​នាំ​ខ្មែរ​គ្រប់​រូប"

  1. Anonymous says:

    YES … it is true as what you are speaking but?? my question is when till the pig can fly ?? Cambodian word said the winner is the king the loser is the enemy this is what HUN SEN doing how about you ?? KIM SOKHA patent from HUN SEN is enough for your own peace ?? let come to reality KIM SOKHA can be a great leader unless you showing us your true action.

  2. so socheath says:

    វាគ្មានបានការក្តអីទេអាក្តឆ្កែ កឹមសុខា !
    អ្នកណាក៏ចេះនិយាយដែរ ងាពាក្យថា មិនយកខ្មែរណាធ្វើសត្រូវហ្នឹងនោះ !
    តែវាសំខាន់ថា អ្ហែងនិយាយ បែបភ្លេចគឹត ក្នុងពេលអ្ហែង ធ្វើសកម្មភាពបដិវត្តន៍ពណ៍
    ហ៊ុនសែនអើយចុះចេញទៅ បើមិនចុះ សំពងទម្លា់ក់ ជាមួយនឹងពាក្យ អ្នកមិនបោះ
    ឆ្នោតឲ្យសង្គ្រោះជាតិជាយួនហើយ អាឡប់ !
    ហេស! ហេ
    ពិនឹត្យសម្តីអ្ហែងឡើងវិញ អាក្តឆ្កែ តើវាត្រូវត្រូវដូចអ្ហែងនិយាយឬអត់ ?