ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា |០១ ធ្នូ ២០២០ |ម៉ោង ១៨:៣៣
VOD

លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានជួបពិភាក្សាការងារជាមួយការិយាល័យផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា និងអ្នកសម្របសម្រួលប្រចាំប្រទេសនៃអង្គការសហប្រជាជាតិនៅកម្ពុជា អ្នកស្រី Pauline Tamesis ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ប្រតិកម្មទៅនឹងជំនួបរវាងអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយចាត់ទុកប្រធានបទប្រចាំខែធ្នូ និយាយអំពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ថាជា «យុទ្ធនាការខុសកាលៈទេសៈ»។
ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ បានបង្ហោះសារកាលពី២ថ្ងៃមុនថា អគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy បានជួបពិភាក្សាជាមួយអ្នកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយរៀបរាប់ថា អ្នកទាំងពីរបានជជែកអំពីកិច្ចសហការផ្នែកអប់រំ អាហារូបត្ថម្ភ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងក្ដីសង្ឃឹមសម្រាប់កម្ពុជាទាំងអស់មានសំឡេងផ្នែកប្រជាធិបតេយ្យនាពេលអនាគត។
នៅថ្ងៃនេះវិញ ស្ថានទូតអាមេរិកក៏បានបង្ហោះវីដេអូរយៈពេល២នាទីដែលនិយាយអំពីការលើកកម្ពស់តួនាទីស្ត្រីនិងយុវជនកម្ពុជានៅក្នុងការដឹកនាំ និងការរួមចំណែកដល់ការរីកចម្រើនរបស់ពួកគេ។
ស្ថានទូតអាមេរិកបានរៀបរាប់ថា វីដេអូនេះជាផ្នែកមួយនៃកម្មវិធីប្រចាំខែធ្នូនេះ ដែលស្ថានទូតអាមេរិកផ្ដោតលើប្រធានបទប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស សម្រាប់អបអរខួប៧០ឆ្នាំនៃទំនាក់ទំនងអាមេរិក-កម្ពុជា។
នៅលើទំព័រហ្វេសប៊ុករបស់លោក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានហៅអ្វីដែលស្ថានទូតអាមេរិកកំពុងធ្វើនេះ ថាជា «យុទ្ធនាការខុសកាលៈទេសៈ»។
អ្នកនាំពាក្យរូបនេះបានរៀបរាប់ថា៖ «ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពីជំងឺកូវីដ១៩នោះ ស្ថានទូតអាមេរិក រួមទាំងអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិផ្សេងទៀត គួរតែរួមគ្នាចូលរួមជាមួយរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃការឆ្លងកូវីដ១៩នេះចូលដល់សហគមន៍ ដើម្បីទទួលបានការគាំទ្រនិងស្វាគមន៍ពីប្រជាជាតិខ្មែរទូទាំងប្រទេស»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់បន្ថែមថា កម្មវិធីរបស់ស្ថានទូតអាមេរិកល្អ ប៉ុន្តែធ្វើនេះខុសកាលៈទេសៈតែប៉ុណ្ណោះ។
លោក ជិន ម៉ាលីន ប្រាប់ថា៖ «កម្មវិធីទូតអាមេរិកល្អហើយ តែវាអត់ត្រូវកាលៈទេស ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដោត គឺផ្ដោតទៅលើកម្មវិធីអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិមួយចំនួន បម្រុងធ្វើការប្រមូលផ្ដុំក្នុងការលើកស្ទួយសិទ្ធិសេរីភាព ទិវាសិទ្ធិមនុស្ស១០ ធ្នូ។ល។ »។
វីអូឌីបានស្វែងរកការបកស្រាយពីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនឹងសំណួររបស់វីអូឌីនៅឡើយទេ នៅត្រឹមម៉ោង៦ល្ងាចថ្ងៃនេះ។
ទោះជាយ៉ាងណា ក្រោយមកដល់កម្ពុជាដើម្បីកាន់តំណែងរបស់លោកកាលពីចុងឆ្នាំមុន អគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy បានកំណត់ដាក់ចេញនូវកម្មវិធីប្រចាំខែនីមួយៗ ដោយផ្តោតលើប្រធានបទផ្សេងៗពីគ្នា ក្នុងនោះរាប់ចាប់តាំងពីវិស័យកសិកម្មនៅក្នុងខែមករា រហូតដល់ប្រធានបទប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងខែធ្នូនេះ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។