កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​៣​ករណី​​បន្ថែម​​ទៀត​​ចំ​​ពេល​​មាន​​ក្ដី​​បារម្ភ​​ពី​​ការ​​ឆ្លង​​រីក​​រាល​ដាល​​ក្នុង​​សហ​គមន៍​​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា | ០២ ធ្នូ ២០២០ |ម៉ោង ១០:៣២
VOD

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមុខមណ្ឌលសុខភាពចាក់អង្រែ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមុខមណ្ឌលសុខភាពចាក់អង្រែ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


កម្ពុជា​បាន​រក​ឃើញ​មនុស្ស៣នាក់​ទៀត​ឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​សរុប​កើនឡើង​ដល់៣២៩នាក់ ខណៈ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ព្រឹក​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ករណី៣ថ្មីនេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បុរស​កម្ពុជា២នាក់ និង​ស្ត្រី​កម្ពុជា​ម្នាក់។

ក្រសួង​បញ្ជាក់​ថា បុរស​កម្ពុជា​ អាយុ២៦ឆ្នាំ ដែល​ជា​ពលរដ្ឋ​មាន​លំនៅឋាន​នៅ​ស្រុក​ដងទង់ ខេត្តកំពត​ និង​បុរស​កម្ពុជា​ម្នាក់ទៀត​ អាយុ៤៦ឆ្នាំ បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ជប៉ុន មកដល់​កម្ពុជា​កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា។

បើ​តាម​ក្រសួង ពលរដ្ឋ​កម្ពុជា​ទាំងពីរ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើតេស្ត​លើក​ទី២ នៃ​ថ្ងៃទី១៣ អំឡុង​ពេល​ធ្វើ​ចត្តាឡីស័​កនោះ រក​ឃើញ​លទ្ធផល​វិជ្ជមាន។

ទន្ទឹមគ្នា​នេះ ក្រសួង​បញ្ជាក់​ទៀត​ថា អ្នកដំណើរ៤៨នាក់​ផ្សេងទៀត​ដែល​រួម​ដំណើរ​ក្នុង​ជើងហោះហើរ​ជាមួយ​បុរស​កម្ពុជា​ទាំង២រូប​នេះ ត្រូវ​បាន​ធ្វើតេស្ត​សុខភាព​រួចហើយ​ដែរ ហើយ​លទ្ធផល​ពួក​គេ​អវិជ្ជមាន​ទាំងអស់ ប៉ុន្តែត្រូវ​បន្ត​រក្សាខ្លួន​ដាច់​ដោយ​បន្ត​ទៀត​នៅ​មណ្ឌល​ទ័ពអាកាស និង​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

ចំណែក​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩មួយ​រូប​នេះ ក្រសួង​បញ្ជាក់​ថា គឺជា​ស្ត្រី​វ័យ៣៥ឆ្នាំ មាន​ទីលំនៅ​នៅ​ឯស្រុក​ទឹកឈូ ខេត្តកំពត ហើយ​បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ចិន ដល់​កម្ពុជា ​កាលពី​ថ្ងៃទី១៨ ខែ​វិច្ឆិ​កាដែ​រ។

បើ​តាម​ក្រសួងសុខាភិបាល ស្ត្រី​កម្ពុជា​រូប​នេះ​ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ឯមណ្ឌលសុខភាព​ចាក់​អង្រែ​ផង​ដែរ ហើយ​អ្នកដំណើរ១៦១នាក់​ផ្សេងទៀត​ដែល​រួម​ដំណើរ​ក្នុង​ជើងហោះហើរ​ជាមួយ​ស្ត្រី​កម្ពុជា​រូប​នេះ ត្រូវ​បាន​តេ​ស្ត​សុខភាព​រួចហើយ​ដែរ តែ​លទ្ធផល​អវិជ្ជមាន ហើយ​បន្ត​ធ្វើ​ចត្តាឡីស័​កបន្ថែម​ទៀត។

គិត​មកដល់​ថ្ងៃនេះ មនុស្ស​ដល់ទៅ៣២៩នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ១៩នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែក្រសួងសុខាភិបាល​អះអាង​ថា អ្នកជំងឺ​កូ​វីដ១៩ ចំនួន៣០៤នាក់​ហើយត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ខណៈ​អ្នកជំងឺ២៥នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត ក្នុង​នោះ៥នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ។

កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ជាបន្តបន្ទាប់ ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​នេះ​នៅក្នុង​សហគមន៍។

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍​ជាលើកដំបូង​កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ បន្ទាប់ពី​រក​ឃើញថា ស្ត្រី​កម្ពុជា​ម្នាក់​វ័យ៥៦ឆ្នាំ ដែល​ជា​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ លោក ឆែម សា​វុធ បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា។ គិត​រហូតមកដល់​ថ្ងៃនេះ ប្រភព​នៃ​ការ​ឆ្លង​ទៅលើ​ស្ត្រី​កម្ពុជា​រូប​នេះ មិន​ត្រូវ​បាន​គេ​រក​ឃើញ​នៅឡើយ​ទេ។

ក្រសួងសុខាភិបាល បាន​និយាយ​ថា ក្រសួង​បាន​ប្រមូល​សំណាក​ពី​មនុស្ស​ដល់ទៅ៨ ២១២នាក់​ហើយ ​គិត​ចាប់តាំងពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន​មក ប៉ុន្តែក្រសួង​ថា សំណាក​របស់​ពលរដ្ឋ៧ ១៣១នាក់ ត្រូវ​បាន​ធ្វើតេស្ត​រួចរាល់​ហើយ​នៅ​ត្រឹម​ថ្ងៃម្សិលមិញ​នេះ។

លទ្ធផល​នៃ​ការ​ធ្វើតេស្ត​លើ​សំណាក​ទាំ​ងនេះ បង្ហាញថា មនុស្ស១៧នាក់បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ហើយ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​សំណាក​ដទៃទៀត រក​ឃើញថា អវិជ្ជមាន ឬមិន​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ហាមឃាត់​ការ​ជួបជុំ​មនុស្ស​ចាប់ពី២០នាក់​ឡើង បិទ​សាលារៀន សារមន្ទីរ រោងភាពយន្ត និង​ទីធ្លា​សាធារណៈ​សម្រាប់​ការហាត់ប្រាណ និង​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​កុំឱ្យ​ចេញពីផ្ទះ​នៅ​អំឡុង​រយៈពេល១៥ថ្ងៃ​នៃ​ខែធ្នូ​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នេះ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles