ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ៣នាក់​ទៀត ជា​ករណី​មក​ពី​បរទេស

ដោយ ជីវិតា
2020-12-01
RFA

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ៣នាក់​ទៀត ជា​ករណី​មក​ពី​បរទេស

សកម្មភាព​រង់ចាំ​ធ្វើតេស្ត​រក​ជំងឺ​កូវីដ-១៩ កាល​ពី​ពេល​កន្លង​ទៅ។ រូប​ពី​ហ្វេសប៊ុក


ក្រសួង​សុខាភិបាល​​រក​ឃើញ​​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ៣​នាក់​​ថ្មី​ទៀត​ដែល​ជា​ករណី​នាំ​ចូល​ពី​បរទេស។ ដោយឡែក ការ​ឆ្លង​នៅ​ក្នុង​សហគមន៍ ក្រសួង​​មិន​ទាន់​រក​ឃើញ​ករណី​ថ្មី​ទៀត​នៅ​ឡើយ​ទេ គិត​ត្រឹម​ព្រឹ​កថ្ងៃទី២ ធ្នូ។

ក្រសួង​ឱ្យដឹង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា គិត​ចាប់​តាំង​ពី​ថ្ងៃទី២៩ វិច្ឆិកា ដល់​ថ្ងៃទី០១ ធ្នូ ក្រសួង​​បាន​ធ្វើតេស្ត​សំណាក​វិភាគ​របស់​មនុស្សជាង ៨​ពាន់នាក់ហើយ (៨.២១២)  ដែល​ពាក់ព័ន្ធ​នឹងព្រឹត្តិការ​រីក​រាលដាល​ក្នុង​សហគមន៍ ២៨ វិច្ឆិកា ក្នុង​នោះរក​ឃើញ១៧ នាក់ កើត​ជំងឺកូវីដ-១៩។

ក្រសួង​សុខាភិបាល​បាន​ជ្រើស​យក​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​តេស្ត​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ឆ្លង​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា រួមមាន ក្រសួង​មហាផ្ទៃ សម្រាប់​មន្ត្រី​រាជការ បរិវេណ​ផ្សារ​អ៊ីអន១ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត សម្រាប់​គ្រូ សិស្ស និង​អាណាព្យាបាល​សាលា​អន្តរទ្វីប​អាមេរិកាំង​សាខា​ចាក់​អង្រែ​ក្រោម និង​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​ដើម។

ទោះជាយ៉ាងណា ក្រសួង​សុខាភិបាល​បាន​សម្រេច​បើក​ដំណើរ​ការ​ផ្សារទំនើបអ៊ីអន១​ (AEON) ទីដែល​អ្នក​ជំងឺម្នាក់​បាន​ទៅញ៉ាំអាហារ និងទិញអីវ៉ាន់ នោះ​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​ទី០២ ធ្នូ  ក្រោយ​ពី​ធ្វើ​តេស្តលើ​មនុស្ស​ជាង​៣ ពាន់​នាក់ តែ​មិន​មាន​អ្នក​ឆ្លង។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២ ខែ​ធ្នូ កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ៣២៩នាក់ ក្នុង​នោះ​អ្នក​បាន​ជា​សះ​ស្បើយ​មាន​ចំនួន ៣០៤នាក់ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យាបាល​មានចំនួន ២៥នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles