ក្រុមហ៊ុន​ចិន​ឈ្នះ​ការ​ដេញថ្លៃកែលម្អ​​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ ពី​ក្រុមហ៊ុន​បារាំង

ដោយ ហេង រស្មី
2020-12-02
RFA

ក្រុមហ៊ុន​ចិន​ឈ្នះ​ការ​ដេញថ្លៃកែលម្អ​​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ ពី​ក្រុមហ៊ុន​បារាំង

យន្តហោះ​​របស់​ក្រុមហ៊ុន ជេស៊ី អ៊ិនធើណេសិនណល់ អែរឡាញ (JC International Airline) ដែល​ចត​នៅ​អាកាសយនដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០២០។ រូប​ពី​ពលរដ្ឋ


អ្នកវិភាគ​សង្ស័យ​ថា ក្រុមហ៊ុន​ចិន​ដែល​ឈ្នះ​ការ​ដេញ​ថ្លៃ​ក្នុង​ការ​កែលំអ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ ពី​ក្រុមហ៊ុន​បារាំង​អាច​មក​ពី​ខ្វះ​តម្លាភាព​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​។ មន្ត្រី​រដ្ឋាភិបាល​បាន​ការពារ​ចំពោះ​សេចក្ដី​សម្រេច​នេះ​ហើយ​ថា ការ​លើកឡើង​របស់​អ្នកវិភាគ មាន​ភាព​លម្អៀង និង​ខ្វះ​មូលដ្ឋាន។

អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន​ដែល​ឈ្នះ​ការ​ដេញ​ថ្លៃ​ក្នុង​ការ​កែលំអ​ព្រលាន​យន្តហោះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គ្មាន​អ្វី​ចម្លែក​ទេ ពីព្រោះ​វា​បាន​កើតមានឡើង នៅ​គ្រប់​ទីកន្លែង​នៅ​ក្នុង​វិស័យ​ជំនួញ​។ លោក​ថា ទោះជា​ក្រុមហ៊ុន​មក​ពី​អឺរ៉ុប ឬ​មកពី​ប្រទេស​ចិន​ក្តី រាល់​ការ​ឈ្នះ​ការ​ដេញថ្លៃ​នីមួយៗ គឺ​គួរតែ​អាស្រ័យ​ទៅ​លើ​តម្លាភាព និង​សុចរិត​ភាព​នៅ​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​ការ​ដេញ​ថ្លៃ តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា សម្រាប់​ពលរដ្ឋ​កម្ពុជា​វិញ អាច​សាទរ​ចំពោះ​ក្រុមហ៊ុន​មក​ពី​ប្រទេស​បារាំង ក្នុង​ករណី​ដែល​បារាំង​ទទួល​បាន​គម្រោង​សាងសង់​ព្រលាន​យន្តហោះ ពីព្រោះ​វា​ទាក់ទង​នឹង​ទំនុក​ចិត្ត​គុណភាព​សេវា របស់​ប្រទេស​នីមួយៗ។ លោក​ថា កន្លង​មក​ពលរដ្ឋ​កម្ពុជា ពេញចិត្ត​ទៅ​លើ​គុណភាព និង​សេវា​របស់​ប្រទេស​បារាំង​ជាង​ប្រទេស​ចិន ដោយសារ​ប្រទេស​ចិន​ទាំង​សេវា និង​គុណភាព​នៅ​មាន​កម្រិត​នៅ​ឡើយ៖ «ទោះបីជា​យ៉ាងណាក៏ដោយ ការ​ដេញ​ថ្លៃ​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​ភ្នំពេញ នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន​ទទួល​បាន​សិទ្ធិ​នៅ​ក្នុង​ការអភិវឌ្ឍន៍​នេះ​គឺ កាន់តែ​ធ្វើ​ឱ្យ​សង្គម​ស៊ីវិល ក៏ដូចជា​អន្តរជាតិ និង​មហាជន​មានការ​បារម្ភ និង​សង្ស័យ​អំពី តម្លាភាព និង​សុចរិត​ភាព បន្ថែម​ទៀត​។ ក្នុងពេលដែល​ស្ថានភាព​មិន​ទុកចិត្ត​គ្នា​រវាង ពលរដ្ឋ​ជាមួយ​នឹង​រដ្ឋាភិបាល ជាពិសេស​ពលរដ្ឋ មើល​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​ចិន​នេះ​គឺ ប៉ះពាល់​ដល់​ឯករាជ្យ​ភាព និង​សន្តិសុខ​ជាតិ​របស់​កម្ពុជា»។

សារព័ត៌មាន យូរ៉ា អេស៊ា ថែមយ៍ ( The Eura Asia Times) កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា បាន​ផ្សាយ​ថា​ក្រុមហ៊ុន​បារាំង​ឈ្មោះ វីនស៊ី អ៊ែរផត​( Vinci Airports) ត្រូវ​បាន​គេ​រុញ​ឱ្យ​ទៅ​ម្ខាង ខណៈ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន​ឡើង​ចូល​មក​ប្រទេស​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ក្រុមហ៊ុន​សាជីវកម្ម​ចិន​មួយ​ឈ្មោះ មេតាលូជីខល​( Metallurgical Corporation) ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​បាន​ឈ្នះ ការ​ដេញ​ថ្លៃ និង​បាន​ចុះ​កិច្ច​សន្យា ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ២,៦៧ ពាន់​លាន​យ័ន គឺ​ស្មើ​ចំនួន ៤០៥ លាន​ដុល្លារ ដើម្បី​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ថ្មី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​អាកាសយានដ្ឋាន​ចំនួន​៣ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះថា ខាំប៊ូឌៀ អ៊​ផត (Cambodia Airports) ដែល​ក្រុមហ៊ុន​បារាំង វីស៊ី (Vinci) មើល​ការខុសត្រូវ រាល់​ប្រតិបត្តិការ​របស់​ពួកគេ។

កាសែត​ដដែល​បាន​ផ្សាយ​ថា ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ប្រទេស​កម្ពុជា​បាន​ទទួល​ទឹកប្រាក់​កម្ចី រាប់ពាន់​លាន​ដុល្លារ ពី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​របស់​ប្រទេស​ចិន​។

អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​លោក ជា អូន មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​ថា ចិន​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា មិន​ត្រឹមត្រូវ​ទេ។ លោក​អះអាង​ថា នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ក៏​មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​បាន​ដេញថ្លៃ ដែល​ទទួល​បាន​ការសាងសង់​ដែរ​។ តើ​បណ្ដា​ប្រទេស​ទាំងនោះ​ទទួល​សម្ពាធ​ពី​ចិន​ដែរ ឬ​យ៉ាងណា?

លោក​បន្ដ​ថា កម្ពុជា​ត្រូវការ​ពង្រីក​ព្រលាន​យន្តហោះ​ឱ្យ​ប្រកបដោយ​គុណភាព និង​ស្តង់ដារ អន្តរជាតិ​។ នៅ​ពេល​សួរ​ថា តើ​ក្រុមហ៊ុន​ចិន​សាងសង់​ល្អ​ជាង មានគុណ​ភាព​ល្អ​ជាង​ក្រុមហ៊ុន​បារាំង​ឬទេ​? លោក ជា អូន ថា ប្រទេស​ចិន​មាន​ព្រលាន​យន្តហោះ​ធំៗ​ខ្នាត​អន្តរជាតិ​ជាច្រើន ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​ជឿ​ទុកចិត្ត​ចំពោះ​គុណភាព​សំណង់​មក​ពី​ប្រទេស​ចិន៖ «ព្រលាន​យន្តហោះ គេ​ធ្វើ​សម្រាប់​យន្តហោះ​ចុះ ហើយ​យន្តហោះ​ហ្នឹង​មិនមែន​ជា​យន្តហោះ​ធម្មតា​ទេ។ យន្តហោះ​ដែល​ហោះ​មកពី​ប្រទេស​នានា ក្នុង​ពិភពលោក​ហ្នឹង​។ ប្រទេស​ទាំងអស់​ហ្នឹង​គឺជា​ប្រទេស​ដែល​មាន​ស្តង់ដារ បើ​ព្រលាន​យន្តហោះ ហ្នឹង​ធ្វើ​អត់​ស្តង់ដារ ត្រឹម​ត្រូវ​គេ​មិន​ហោះ​មក​ទេ។ អាហ្នឹង​ត្រូវ​យល់​អ៊ីចឹង»។

លោក ជា អូន បន្ត​ថា ទោះបីជា​ក្រុមហ៊ុន​ចិន​ឈ្នះ​ការ​ដេញថ្លៃ នេះ​ក៏​ពិតមែន ក៏​លោក​ថា រដ្ឋាភិបាល​មិន​បាន​ដេញ​ក្រុមហ៊ុន​របស់​បារាំង​ចេញ​នោះ​ទេ ពោល​គឺ​ទាំង​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​របស់​ប្រទេស​បារាំង​នៅ​ធ្វើការ​ជាមួយគ្នា​នៅឡើយ​។ តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា រវាង​ក្រុមហ៊ុន​បារាំង និង​ក្រុមហ៊ុន​ចិន តើ​ពួកគេ​ធ្វើការ​ជាមួយគ្នា​បាន​យ៉ាងដូចម្ដេច​នោះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន វីនស៊ី អ៊ែរផត​( Vinci Airports) របស់​បារាំង តាមរយៈ​អ៊ីមែល​កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា តែ​តំណាង​ក្រុមហ៊ុន បាន​ឱ្យ​យើង​ទាក់ទង អគ្គនាយក​ផ្នែក​ទំនាក់ទំនង​ព្រលាន​យន្តហោះ​ប្រចាំ​នៅ​កម្ពុជា គឺ​លោក ខែក នរីនដា វិញ។

​ទោះជា​យ៉ាងណា​លោក ខែក នរីនដា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ៖ «អ្នកការ​សែត​អ៊ីម៉ែល​មក​ខ្ញុំ​មក​អត់​ឆ្លើយ​តាម​ទូរស័ព្ទ​ទេ»។

អាស៊ីសេរី​ក៏បាន​អ៊ីម៉ែល​ទៅ​លោក ខែក នរីនដា ប៉ុន្តែ​លោក​បែរជា​ឆ្លើយ​ថា រាល់​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​មិន​ត្រូវ​ផ្សាយ​ចេញ​ជា​សាធារណៈ​ទេ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក អាកាសយានដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គ្រប់គ្រង​ដោយ​ក្រុមហ៊ុន វីនស៊ី អ៊ែរផត របស់​បារាំង ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​ជួល​ឱ្យ​រយៈពេល ៤៥​ឆ្នាំ ដើម្បី​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​៣ គឺ​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​អន្តរជាតិ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ។

ការស្ថាបនា​កែលំអ​អាកាសយានដ្ឋាន​ភ្នំពេញ អន្តរជាតិ​ដែល​នឹង​ត្រូវ​ធ្វើឡើង​វិញ ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន សៀងហៃ បោយគ្រុប​( Shanghai Baoye Group) នឹង​រួមបញ្ចូល​ទាំង​ផ្លូវ​យន្តហោះ​រត់​ចម្ងាយ ៤០០០ ម៉ែត្រ​ទទឹង ៦០ ម៉ែត្រ ផ្លូវ​ឡាន​តាក់ស៊ី​ចូល​មក​ដឹក​អ្នកដំណើរ និង បំពាក់​គ្រឿង​បរិក្ខារ ទំនើបៗ​ជាច្រើន​ទៀត​។ ការស្ថាបនា​នេះ​ទំនងជា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០២២ ខាងមុខនេះ។

ក្រុមហ៊ុន វីនស៊ី អ៊ែរផត របស់​បារាំង​បាន​កាន់កាប់​ភាគហ៊ុន​ប្រមាណ ៧០% និង​ក្រុមហ៊ុន​វិនិយោគ​ម៉ាឡេស៊ី – កម្ពុជា ឈ្មោះ មូហ៊ីបា ម៉ាស្ទ៊ើរ៉ន (Muhibbah Masteron) បាន​កាន់​កាប់​ភាគហ៊ុន​ប្រមាណ ៣០% នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រុមហ៊ុន​ចិន​ឈ្នះ​ការ​ដេញថ្លៃកែលម្អ​​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ ពី​ក្រុមហ៊ុន​បារាំង"

  1. Anonymous says:

    HAS…communist is always going to communist because they hated Democracy