តុលាការ និងច្បាប់ | ព័ត៌មានជាតិ
លោក ញឹម សុខន | ០២ ធ្នូ ២០២០ |ម៉ោង ១០:២៣
VOD

លោក រ៉ុង ឈុន ក្រោយចេញពីសវនាការនៅតុលាការកំពូល ពាក់ព័ន្ធនឹងបទចោទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ RONG CHHUN)
មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន និយាយថា សវនាការកូនក្តីលោកដែលគ្រោងធ្វើនៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃនេះ ត្រូវបានលើកពេលហើយ ដោយសារក្ដីបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោក សំ សុគង់ មេធាវីការពារក្ដីឱ្យមេដឹកនាំសហជីព លោក រ៉ុង ឈុន និយាយថា តុលាការមិនទាន់ប្រាប់ពេលជាក់លាក់សម្រាប់សវនាការលើកក្រោយនៅឡើយទេ ដោយគ្រាន់តែអះអាងថា មូលហេតុមកពីបញ្ហាកូវីដ-១៩។
លោក សំ សុគង់ ប្រាប់ថា៖ «គេលើកពេលៗ។ អត់ទាន់កំណត់ទេ ប្រហែលជាក្រោយថ្ងៃទី១៤ ឬ១៥ ឬ១៦ បានគេចេញដីកាថ្មី»។
តាមរយៈដីកាចុះថ្ងៃទី១២ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី២ ខែធ្នូ បើកសវនាការជម្រះសំណុំរឿងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលជាអតីតសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ។
លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចចាប់ខ្លួននៅគេហដ្ឋានរបស់លោកនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែកក្កដា ក្រោយពីលោកបង្ហោះសារលើហ្វេសប៊ុកនិយាយថា ពលរដ្ឋ១០៦គ្រួសារនៅខេត្តត្បូងឃ្មុំ ប្រឈមនឹងបាត់បង់ដីស្រែចម្ការដោយសារការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បើរដ្ឋាភិបាលមិនអន្តរាគមន៍ទាន់ពេល។
មួយថ្ងៃក្រោយមក លោក រ៉ុង ឈុន ត្រូវតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម» ហើយត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនរង់ចាំសវនាការនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។