បរិស្ថាន | ព័ត៌មានជាតិ
ដោយ វីអូឌី | ០២ ធ្នូ ២០២០ |ម៉ោង ០៧:៥៥
VOD

បុរសម្នាក់ឈរនៅត្រង់ភ្លូវលិចទឹកក្នុងបុរីពិភពថ្មីវេងស្រេង កាលពីខែតុលាឆ្នាំ២០២០។ រូបពីហ្វេសប៊ុក សន ជ័យ
ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីវេងស្រេងនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពាវនាវឱ្យអាជ្ញាធរពន្លឿនការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យល្អ ព្រោះថា ឱ្យតែមានភ្លៀងទោះតិចឬច្រើន តែងតែលិចផ្ទះរបស់ពួកគាត់។
ពលរដ្ឋម្នាក់រស់នៅបុរីពិភពថ្មីផ្លូវវេងស្រេងក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ លោក ម៉ៅ ជុំ លើកឡើងថា នៅពេលដែលមេឃងងឹតរកភ្លៀងលោក មិនហ៊ានចេញក្រៅផ្ទះទេព្រោះខ្លាចទឹកលិចខូចឥវ៉ាន់។ លោកស្នើឱ្យអាជ្ញាធរ ពន្លឿនរៀបចំ លូ ឬ ប្រឡាយ ដើម្បីបង្ហូរទឹកមានភ្លៀង។
លោក សន ជ័យ ជាមន្ត្រីអង្គការសង្គមស៊ីវិលមួយរូបដែលរស់នៅក្នុងបុរីនេះដែរ លើកឡើងថា នៅពេលដែលមាន មេឃងងឹត រឺក៏ មេឃភ្លៀងធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍ ច្របូកច្របល់ ដោយសារខ្លាច ទឹកលិចផ្ទះ។
លោក សន ជ័យ៖ «ប្រជាជន ចាប់ផ្តើម ខ្វល់ខ្វាយ ពីផ្ទះសំបែង នៅពេលដែលមានភ្លៀង ធ្លាក់ម្តងៗ ពិព្រោះពេលមានភ្លៀងធ្វើអោយពួកគាត់ បាត់បង់ ចំណូល ជាច្រើន ហើយត្រូវ ខូចខាត របស់របប និង ធ្វើអោយ ប៉ះពាល់ដល់ អ្នករកស៊ី ដែល អ្នកខ្លះមាន អាជីវកម្ម ជាលក្ខណ:គ្រួសារ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មេត មាសភក្តី មានប្រសាសន៍ថា អាជ្ញាធរកំពុងដោះស្រាយបញ្ហាផ្សេងៗក្រោយទឹកជំនន់ ហើយថា ផែនការដោះស្រាយគឺទូទាំងរាជធានីមិនមែនតែបុរីពិភពថ្មីវេងស្រេងនេះមួយទេ។
លោក មេត មាសភក្តី៖ «បន្ទាប់ពីទឹកជំនន់បញ្ចប់អាជ្ញាធរ បានលាងសម្អាត តាំងពីការជួយរឿងអនាម័យ បរិស្ថានហើយរឿងបាញ់ថ្នាំ កំចាត់មេរោគអីហ្នឹងថែមទៀត។ដោយឡែករឿងជំនន់ដោយសារបញ្ហាទឹកភ្លៀងវាមានទីតាំងខ្លះដែលយើងកំពុងតែមានផែនការរំដោះទឹកជារួម ក្នុងការគិតគូរំដោះទឹកក្នុងរាជធានីភ្នំពេញរបស់យើង។ យើងមានមានយន្តការដែលកំពុងតែធ្វើក្នុងការងារដោះស្រាយបញ្ហាទឹកហ្នឹងហើយមិនមែនតែតំបន់ហ្នឹងទេ គឺជារួមនៃផែនការរំដោះទឹកនៅរាជធានីភ្នំពេញរបស់យើង»។
បើតាមលោក សន ជ័យ គឺផ្ទះប្រជាពលរដ្ឋរស់នៅតំបន់នោះមានជាង២០០ល្វែង ហើយតែងតែជួបការលំបាកនៅពេលមានភ្លៀងធ្លាក់ ដែលទឹកលិចជាប្រភេទទឹកស្អុយលិចចូលក្នុងផ្ទះច្រើនថ្ងៃ៕
អត្ថបទដោយ ម៉ិច ជូឡាយ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
living in hell