មន្ត្រី​ទូត​អាមេរិក​បំភ្លឺ​រឿង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ធ្វើ​យុទ្ធនាការ​ខុស​កាលៈទេសៈ

ដោយ មួង ណារ៉េត
2020-12-02
RFA

មន្ត្រី​ទូត​អាមេរិក​បំភ្លឺ​រឿង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ធ្វើ​យុទ្ធនាការ​ខុស​កាលៈទេសៈ

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន។ រូប​ពី​ហ្វេសប៊ុក


មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បំភ្លឺ​រឿង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន ចោទ​ប្រកាន់ ថា​ស្ថានទូត​នេះ ធ្វើ​យុទ្ធនាការ​ទាមទារ​សំឡេង​ប្រជាធិបតេយ្យ​ខុស​កាលៈទេសៈ ព្រោះ​ពេល​នេះ កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​សហគមន៍ ជា​លើក​ដំបូង។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ឆែត រ៉ូដឹម៉ៃយើរ (Chad Roedemeier) ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិច កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ថា សហរដ្ឋអាមេរិក បាន​បញ្ជាក់​ជំហរ​ដដែល​របស់​ខ្លួន ជុំវិញ​ការ​ព្រួយ​បារម្ភ អំពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បន្ត​ស្នើ​ដោយ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​បើកឱកាស ឱ្យ​មាន​លំហ​សេរីភាព​ឡើងវិញ ទាំង​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ។

មន្ត្រី​ទូត​អាមេរិក​ដដែល​បន្ថែម​ថា សហរដ្ឋអាមេរិក តាំងតែ​ពី​ដើម​រៀងមក តែងតែ​លើកស្ទួយ​ឱកាស ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​។ ម្យ៉ាងវិញទៀត ដើម្បី​អបអរ​សារ​ទរ​ខួប​ទី ៧០ ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា លោក​ថា ស្ថានទូត​អាមេរិក កាលពី​ខែ មករា ឆ្នាំ ២០២០ បាន​ប្រកាស​នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ​ធុរកិច្ច យុវជន និង​ពលរដ្ឋ​ជាច្រើន​ទៀត អំពី​ប្រធានបទ​ប្រចាំខែ ដែល​ទូត​សហរដ្ឋអាមេរិក​នឹង​ផ្ដោត​ការ​យកចិត្តទុកដាក់ ធ្វើ​យ៉ាងណា​បង្ហាញ​ឱ្យ​ឃើញ​ភាពជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ​ច្រើន​ផ្នែក រវាង​ប្រជាពលរដ្ឋ​អាមេរិក និង​ប្រជាពលរដ្ឋ​ខ្មែរ។

កាលវិភាគ​របស់​ស្ថានទូត ដែល​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ កាល​ពី​ដើម​ឆ្នាំនេះ​មក ឱ្យ​ដឹង​ថា ប្រធាន​បទ​សម្រាប់​ខែ​ធ្នូ នេះ គឺ​ត្រូវ​ប៉ះចំ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

លោក ឆែត រ៉ូដឹម៉ៃយើរ បញ្ជាក់​ថា ប្រធានបទ​ប្រចាំ​ខែ​ធ្នូ ស្តី​អំពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ គឺ​តំណាង​ឱ្យ​ភាព​សំខាន់​មួយ នៃ​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក ដែល​ជា​ផ្នែក​សំខាន់​មួយ នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​នៃ​ប្រទេស​ទាំងពីរ និង​ម្យ៉ាងទៀត ខែ​ធ្នូ​នេះ មាន​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១០ គឺ​ទិវា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។

ផ្ទុយ​ពី​អ្វី​ដែល​មន្ត្រី​ស្ថានទូត​អាមេរិក បញ្ជាក់​អំពី​កាលវិភាគ​នៃ​ប្រធានបទ​ប្រចាំខែ​ជាក់លាក់ និង​បាន​ប្រកាស​តាំងពី​ខែ មករា​នោះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន ទំនងជា​គិត​ថា ស្ថានទូត​អាមេរិក ទើបតែ​បង្កើត​ព្រឹត្តិការណ៍​នេះ នៅ​ពេល​នេះ​តែប៉ុណ្ណោះ​។ លោក​បាន​សរសេរ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី១ ខែ​ធ្នូ ដោយ​ហៅ​ប្រធានបទ​ប្រចាំខែ​នោះ ថា​ជា​យុទ្ធនាការ​ធ្វើ​ខុស​កាលៈទេសៈ​។​

លោក ជិន ម៉ាលីន បន្ត​ថា ពេលនេះ​ជា​កាលៈទេសៈ​ដ៏​លំបាក​មួយ ដែល​កម្ពុជា​កំពុង​ទទួលរង​ការវាយប្រហារ​ពី​ជំងឺ​កូ​វីដ​-១៩ និង​គួរតែ​ជា​ពេល ដែល​ស្ថានទូត​អាមេរិក រួម​ទាំង​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ផ្សេង​ទៀត​ផង រួមគ្នា​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធ្វើ​សកម្មភាព​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ចូល​ដល់​សហគមន៍ ដើម្បី​ទទួល​បាន​ការ​គាំទ្រ និង​ស្វាគមន៍​ពី​ប្រជា​ជាតិខ្មែរ​ទូទាំង​ប្រទេស។

លោក ជិន ម៉ា​លីន អះអាងថា សិទ្ធិ​រស់រាន​មាន​ជីវិត សំខាន់​ជាង​សិទ្ធិ​ណាៗ​ទាំងអស់​។​

សារ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​វាយប្រហារ​លើ​សកម្មភាព​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ របស់​សហរដ្ឋអាមេរិក​បែបនេះ ហាក់​ដូចជា​ផ្ទុយ​ទៅ​នឹង​ជំហរ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ បាន​ឆ្លើយ​ឆ្លងតាម​លិខិត​ទៅវិញទៅមក ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ដោយ​បញ្ជាក់​អំពី​បំណង​ពង្រឹង​ចំណង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ ដែល​មាន​ភាព​រកាំរកូស​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

លោក ហ៊ុន សែន កាលណោះ ថា​លោក​នឹង​ឱ្យ​ក្រុមការងារ​កិច្ចការ​បរទេស​របស់​កម្ពុជា ធ្វើការ​ជាមួយ​នឹង​ក្រុមការងារ​កិច្ច​ការបរទេស​របស់​សហរដ្ឋអាមេរិក ដើម្បី​ស្តារ​ទំនុកចិត្ត និង​ភាព​ជឿជាក់​ឡើងវិញ និង​កសាង​ឡើងវិញ នូវ​ចំណងមិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ តាំងពី​នោះ​មក មន្ត្រី​របប​ក្រុងភ្នំពេញ រួម​ទាំង​អ្នកនាំពាក្យ​នៃ​របប​នេះ​ផង គឺ​លោក ផៃ ស៊ីផាន ផង ហាក់ដូច​ជា​កាត់បន្ថយ​វោ​ហោ​សាស្ត្រ​នយោបាយ ដែល​វាយប្រហារ​សហរដ្ឋអាមេរិក​។​

ជុំវិញ​សារ​របស់​លោក ជិន ម៉ាលីន នេះ អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ​។ ចំណែក​ឯ​លោក ជិន ម៉ា​លីន​វិញ នៅ​ពេល​នេះ កំពុងតែ​ស្ថិត​ក្នុង​ការ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡឺស័ក ១៤ ថ្ងៃ ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារលោក ឆែម សាវុធ ដែល​ផ្ទុក​ជំងឺ​កូវីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​ចម្លង​ក្នុង​សហគមន៍ ២៨ វិច្ឆិកា​។ អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជិន ម៉ាលីន ដែរ ដោយសារតែ​លោក​ជ្រើសរើស មិន​ឆ្លើយតប​នឹង​សំណួរ​របស់​អាស៊ីសេរី អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដោយ​មិន​បញ្ជាក់​អំពី​មូលហេតុ។

ទោះជា​មានការ​ចោទប្រកាន់​ពី​មន្ត្រី​របប​ក្រុងភ្នំពេញ ទៅលើ​សកម្មភាព​របស់​ស្ថានទូត​អាមេរិក​បែបនេះ​ក្ដី ក៏​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​លោក ឆែត រ៉ូដឹម៉ៃយើរ សង្កត់ធ្ងន់​ថា សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា សុទ្ធ​តែ​មាន​រដ្ឋធម្មនុញ្ញ​រៀងៗ​ខ្លួន ដែល​ចែង​អំពី​ទម្រង់​រដ្ឋាភិបាល​ដើរ​តាម​លទ្ធិ​ប្រជាធិបតេយ្យ និង​មាន​កាតព្វកិច្ច ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​មន្ត្រី​ស្ថានទូត​អាមេរិក​នេះ របប​ក្រុងភ្នំពេញ រង​ការរិះគន់ ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ជុំ​ទិស ដោយសារតែ​មិនបាន​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​នេះ​។ ទណ្ឌកម្ម​ដែល​លេចធ្លោ​ជាងគេ ចេញពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ សហរដ្ឋអាមេរិក បាន​កាត់​ផ្តាច់​ជំនួយ​ទាំងអស់ លើកលែងតែ​ជំនួយ​មនុស្សធម៌ និង​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​គ្រាក់ៗ នៃ​របប​ក្រុងភ្នំពេញ ជាច្រើន​នាក់​។ ឯ​សហភាព​អឺរ៉ុប បាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ជា​ការ​ព្រមាន​ទៅ​នឹង​ភាព​មានះ​នៃ​របប​នេះ ដែល​មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​ទូត​អាមេរិក​បំភ្លឺ​រឿង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ធ្វើ​យុទ្ធនាការ​ខុស​កាលៈទេសៈ"

  1. Anonymous says:

    YES … right now they start to kick US ash