មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​រត់​គេច​ពី​ការ​ធ្វើ​បាប ក្រោយ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច

ដោយ សុជីវី
2020-12-02
RFA

មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​រត់​គេច​ពី​ការ​ធ្វើ​បាប ក្រោយ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច

សមាជិក​ជាប់ឆ្នោត​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍សែនជ័យ គណបក្ស​សង្គ្រោះ​ជាតិ លោក ហង្ស ស៊ីសុវត្ថិ។ Photo Provided


សមាជិក​ជាប់ឆ្នោត​ក្រុមប្រឹក្សា​ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ក្រោយ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​តាម​ការ​អូសទាញ​និង​ព្រមាន​ធ្វើ​បាប​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា នេះ​គ្រាន់តែ​ជា​លេស​របស់​មន្ត្រី​បក្ស​ដែល​រត់​ចោល​ស្រុក​ព្រោះ​ចង់បាន​សិទ្ធិ​ទៅ​រស់​នៅ​ប្រទេស​ទី​៣។

សមាជិក​ជាប់ឆ្នោត​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែនជ័យ គណបក្ស​សង្គ្រោះ​ជាតិ លោក ហង្ស ស៊ីសុវត្ថិ បាន​រត់​ចេញពី​ប្រទេស​កម្ពុជា​ទាំង​ប្រពន្ធ​កំពុង​ពពោះ​ជិត​គ្រប់​ខែ ព្រោះ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហង្ស ស៊ីសុវត្ថិ ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា មន្ត្រី​បក្ស​កាន់​អំណាច និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៅ​ដល់​ផ្ទះ​បញ្ចុះបញ្ចូល​លោក​ឱ្យ​យល់ព្រម​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អាច​អាច​ទទួល​បាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ឡើងវិញ ឬ​តួនាទី​ធំ​ជាង​នេះ​។ សមាជិក​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា មន្ត្រី​បក្ស​កាន់អំណាច បាន​ព្រមាន​ថា បើ​លោក​មិន​ព្រម​ចុះចូល​ទេ ពួកគេ​មិន​ធានា​សុវត្ថិភាព​នោះ​ទេ ឬក៏​អាច​ត្រូវ​តុលាការ​កោះហៅ​ថែម​ទៀត​ផង៖ «របប​ខុសច្បាប់​ក្រុងភ្នំពេញ​តាម​គំរាមកំហែង​ឱ្យ​ខ្ញុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ប៉ុន្តែ​ដោយសារ​ខ្ញុំ​មិន​លក់​ឆន្ទៈ​របស់ខ្ញុំ​ពេលនេះ​ខ្ញុំ​ភៀសខ្លួន​មួយ​រយៈ​ដើម្បី​គេច​ចេញ​ពី​របប​នេះ»។

​ក្រោយ​ពេល​បដិសេធ​មិន​ចុះ​តាម​អូសទាញ​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ខណ្ឌ​ពោធិសែនជ័យ​ដែល​ជា​ក្រុមការងារ​លោក​ដែរ​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ស្ទាក់​បង្ក​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ។

​លោក ហង្ស ស៊ីសុវត្ថិ ឱ្យដឹង​ថា មន្ត្រី​បក្ស​កាន់អំណាច បាន​យក​ពាក្យសុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បំពេញ ប៉ុន្តែ​លោក​មិន​យល់ព្រម និង​បានសម្រេច​រត់​ភៀសខ្លួន​មក​ប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន​ដោយ​ខុសច្បាប់ ខណៈ​ព្រំដែន​ប្រទេស​ទាំងពីរ​មិនទាន់​បើក​វិញ​នៅ​ឡើយ។

​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចានត្រា ដែល​កំពុង​ភៀសខ្លួន នៅ​ប្រទេស​ថៃ​ដែរ​នោះ​ឱ្យ​ដឹង​ថា សព្វថ្ងៃ​មាន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៦៤​នាក់​ដែល​បាន​រត់​ទៅ​ប្រទេស​ថៃ គេច​ចេញពី​ការ​ទុក្ខ​បុក​ម្នេញ និង​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា ឆន្ទៈ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​គឺ​សុខចិត្ត​ភៀសខ្លួន និង​លំបាក​គ្រប់​បែប​យ៉ាង ដើម្បី​រក្សា​កម្លាំង​តស៊ូ​នយោបាយ​តទៅ​ទៀត ដោយ​មិន​ព្រម​លក់​ឧត្តមគតិ​នោះ​ទេ៖ «ក្រៅពី​ហ្នឹង​យើង​ឃើញ​ថា មានការ​គំរាមកំហែង​ក្រៅពី​តុលាការ​គឺ​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​គឺ​បាតដៃ​ទី​៣​តែម្ដង»។

​កាលពី​ថ្មីៗ​នេះ​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី លី ស្រីវីណា បាន​សម្រេច​សុំ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​គ្លីនិក​អ្នកស្រី​ត្រូវ​ក្រសួងសុខាភិបាល​សម្រេច​បិទ បន្ទាប់​មាន​អ្នកជំងឺ​ម្នាក់​ស្លាប់​នៅ​ទីនោះ​។ ទោះ​យ៉ាងណា ពេល​អ្នកស្រី​យល់ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​រួច ក្រសួង​ក៏​អនុញ្ញាត​ឱ្យ​គ្លីនិក​នោះ​អាច​ដំណើរ​ឡើង​វិញ។

​ទោះ​បែបនេះ​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា រកតែ​កន្លែង​ការងារ​សម្រាប់​មន្ត្រី​របស់​ខ្លួន​ធ្វើ​ស្ទើរ​មិន​ចង់​បាន​ផង ដូច្នេះ​គ្មាន​តំណែង​ឬ​តួនាទី​សម្រាប់​ទុក​ឱ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ លោក​យល់​ថា នេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​ដើម្បី​ចង់បាន​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ទី​៣​ប៉ុណ្ណោះ៖ «ហេតុផល​អី​ត្រូវ​ទាក់ទាញ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ហ្នឹង​យក​មក​ចូលខ្លួន​អត់​មាន​ទេ បើ​មក​យើង​ស្វាគមន៍ ប៉ុន្តែ​បើ​មិន​មក​ទេ​អត់​មាន​ទាក់ទាញ​ទេ អត់​ឱ្យ​អស់​លុយ​អស់​ទឹកមាត់​ទេ»។

​ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែង​ប្រើ​យុទ្ធសាស្ត្រ​គំរាម និង​អូសទាញ​តាំងពី​ឆ្នាំ​១៩៩០​មក​ម្ល៉េះ​។ លោក​សង្កេត​ឃើញ​ទៀត​ថា សព្វថ្ងៃ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​យុទ្ធសាស្ត្រ​ដដែល​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខ្លាំង​ជាមុន​ទៅទៀត រហូត​មាន​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ថែម​ទៀត​ផង៖ «បង្ហាញ​អំពី​ការ​មិន​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​សម្រាប់​ការ​ជ្រើសរើស​កិច្ច​ការងារ​នយោបាយ​ពីព្រោះ​គណបក្ស​កាន់អំណាច​ប្រើប្រាស់​តុលាការ​ប្រើប្រាស់​យន្តការ​គ្រប់បែប​យ៉ាង​ឱ្យ​ដៃគូ​ប្រកួតប្រជែង​ឱ្យ​ ចូល​រួម​ជាមួយ​ខ្លួន តាមរយៈ​ការ​គំរាមកំហែង​នេះ​បង្ហាញ​ការ​ប្រើប្រាស់​អំណាច​ហួស​ដែន​ការ​ប្រើ​អំណាច​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ»។

មក​ដល់​ពេលនេះ​មាន​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់ខ្ពស់​របស់​គណ​បក្ស​ប្រឆាំង​ចំនួន ១៤​នាក់​ហើយ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុង​ចំណោម​អ្នក​ជាប់​បម្រាប​នយោបាយ​ចំនួន​១១៨​រូប​។ ចំណែក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត​ទាំង​៥០០៧ នាក់​វិញ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មានតែ​ប្រមាណ​២០%​ប៉ុណ្ណោះ ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តួនាទី​របស់​ខ្លួន​។ រីឯ​អ្នក​ដែល​នៅតែ​រក្សា​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ ហើយ​អ្នកខ្លះ​រត់​គេច​ខ្លួន និង​មាន​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ជិត​២០​នាក់​ទៀត ត្រូវ​ជន​មិន​ស្គាល់​លួច​វាយ​ធ្វើបាប​ក្នុង​ទម្រង់​ប្រហាក់ប្រហែល​គ្នា​បណ្តាល​ឱ្យរ​ងរ​បួស​ធ្ងន់ធ្ងរ ប៉ុន្តែ​សមត្ថកិច្ច​រក​ជន​ប្រព្រឹត្ត​មិនដែល​ឃើញ​ឡើយ​។ ជនរងគ្រោះ​ភាគច្រើន ឱ្យ​ដឹង​ថា មុន​ពេល​ពួកគេ​រងគ្រោះ​ធ្លាប់​មាន​មន្ត្រី​បក្ស​កាន់​មក​អូសទាញ​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើនលើក​ច្រើន​សា​ដែរ។

​បណ្ឌិត សេង សារី យល់ថា ទោះ​ការ​អូសទាញ​របស់​គណ​បក្ស​កាន់អំណាច អូសទាញ​ដោយ​ការ​បង្ខិត​បង្ខំ​បាន​មែន ប៉ុន្តែ​លោក​យល់ថា ទោះ​មន្ត្រី​ទាំងនោះ​ទៅជា​មួយ​គណបក្ស​កាន់អំណាច​មែន ប៉ុន្តែ​អ្នក​ទាំងនោះ​ទៅ​តែ​រូបរាង​ទេ តែ​ចិត្ត​បេះដូង​របស់​អ្នក​ទាំងនោះ​នៅតែ​ចង់​មាន​ការ​ផ្លាស់ប្ដូរ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​រត់​គេច​ពី​ការ​ធ្វើ​បាប ក្រោយ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច"

  1. so socheath says:

    ហាស ! ហាស
    អាធុនសំរ៉ាមបែបនេះ តើCPP ត្រូវការដែរ ?
    កូនមីសំផឹងកាដួងាយះស្ញេញ វានិយាយដូចCPP ខ្វះធនធានមនុស្ស ?