បរិស្ថាន | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ០២ ធ្នូ ២០២០ |ម៉ោង ១៦:៥៧
VOD

ឈើដែលកាប់ចេញពីតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ ត្រូវបានដឹកតាមគោយន្តចេញពីតំបន់ព្រៃឡង់យកទៅឱ្យឈ្មួញ កាលពីដើមខែមិថុនា ឆ្នាំ២០២០។ (បណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ)
សកម្មជនព្រៃឈើនៅខេត្តកំពង់ធំ អះអាងថា សកម្មភាពដឹកឈើចេញពីព្រៃឡង់កើនឡើង ខណៈអាជ្ញាធរពាក់ព័ន្ធរវល់រឿងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
បណ្តាលសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ លោក សុខ ប្លោក ប្រាប់វីអូឌីនៅពុធនេះថា តាមរយៈក្រុមរបស់លោកចុះល្បាតតាមតំបន់ជាយព្រៃឡង់នោះ ពួកគេសង្កេតឃើញសកម្មភាពដឹកឈើចេញពីតំបន់ព្រៃឡើងបានកើនឡើង ខណៈរដ្ឋាភិបាលនិងអាជ្ញាធរខេត្តកំពុងរវល់ជាមួយបញ្ហាជំងឺកូវីដ១៩។
លោកបន្តថា កាលពីសប្តាហ៍មុននេះ ក្រុមរបស់លោកចុះល្បាតក្រៅតំបន់ព្រៃឡង់ ក៏ឃាត់បានបទល្មើសដឹកឈើតាមគោយន្តនិងកាណូតចំនួនពីរទៅបីករណីផងដែរ និងបានប្រគល់វត្ថុតាងឱ្យមន្ត្រីបរិស្ថាន។
លោកបន្ថែមថា៖ «កាលពីសប្តាហ៍មុន ដែលខ្ញុំសាកចូលព្រៃឡង់ គឺឃើញថា បទល្មើសគ្រាន់តែមួយកន្លែងដែលខ្ញុំចូលទៅស៊ើបនោះ ម៉ាស៊ីន៥គ្រឿងអារនៅតំបន់នោះ ហើយផ្លូវវិញដឹកសឹកជាងថ្នល់កៅស៊ូទៀត។ បើប្រៀបពីមុន គឺសកម្មភាពដឹកឈើខ្លាំងជាងមុនទៀត»។
តំណាងក្រុមស្នូលបណ្តាញព្រៃឡង់ខេត្តកំពង់ធំ លោក ម៉ិញ នី និយាយថា ជនល្មើសបានប្រើមធ្យោបាយ ដូចជា គោយន្ត កាណូត និងម៉ូតូ ជាដើម ដើម្បីដឹកឈើចេញពីតំបន់ព្រៃឡង់ ដែលសកម្មភាពទាំងនេះអាចបញ្ជាក់បានថា ការដឹកឈើចេញពីតំបន់ព្រៃឡង់ពុំមានការថមថយទេ។
លោកបន្ថែមថា៖ «តាំងពីកូវីដដំបូង រហូតមកដល់កូវីដទី២ ទី៣ វាអត់មានសកម្មភាពអីដែលគេឈប់ដឹកទេ នៅតែបន្តដឹករហូត ទាំងការកាប់ឈើនិងការដឹកឈើចេញ មិនមានការថមថយទេ»។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា មានប្រសាសន៍ថា ក្នុងតំបន់ព្រៃឡង់ពុំមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំទៀតឡើយ គឺមានតែបទល្មើសទ្រង់ទ្រាយតូចៗដែលប្រជាពលរដ្ឋនៅជុំវិញតំបន់នោះលួចកាប់ដើម្បីយកទៅសង់លំនៅឋានប៉ុណ្ណោះ។
លោកអះអាងថា មន្ត្រីបរិស្ថានបានចុះល្បាតស្ទើររាល់ថ្ងៃ ដើម្បីទប់ស្កាត់រាល់បទល្មើសនានា ដែលកើតមាននៅតំបន់ការពារព្រៃឡង់។
លោកបន្ថែមថា៖ «សព្វថ្ងៃ វាមិនមានបទល្មើសទ្រង់ទ្រាយធំទេ វាមានតែល្មើស [តូចៗ] ប្រជាពលរដ្ឋនៅក្បែរតំបន់ហ្នឹង គាត់ដឹកតិចតួច ៤ទៅ១០សន្លឹក ចេញពីចម្ការរបស់គាត់ទេ។ បើរឿងថាបទល្មើសពីក្រៅទៅទ្រង់ទ្រាយធំ វាអត់មានទេ»។
របាយការណ៍ក្រសួងបរិស្ថានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ បានចុះល្បាតចំនួន១ ៨២៣លើក ក្នុងនោះ បានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន៩៥៤ករណី។
របាយការណ៍ឱ្យដឹងទៀតថា មន្ត្រីជំនាញបានកសាងនិងបញ្ជូនសំណុំរឿងចំនួន៤០ករណីទៅតុលាការ ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន៤២០ករណី និងពិន័យអន្តរការណ៍៤១ករណី។
ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានរឹបអូសរណារយន្តបានចំនួន៤៣៣គ្រឿង រថយន្ត៩គ្រឿង គោយន្តចំនួន១០៦គ្រឿង និងម៉ូតូ៤៦គ្រឿង, រឹបអូសឈើចំនួន៣០៣ម៉ែត្រគូប, ដោះអន្ទាក់បានចំនួន១ ៦៧៧អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន១០៣គ្រឿង៕

បណ្ដាញសហគមន៍ព្រៃឡង់អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់បានបន្ដកើតមានឥតឈប់ឈរ ដោយមួយផ្នែកមកពីវិធានការរឹតត្បិតសិទ្ធិសេរីភាពរបស់អាជ្ញាធរទៅលើបណ្ដាញសហគមន៍ព្រៃឡង់។
រយៈពេល៩ខែ ក្រសួងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់ព្រៃឡង់ជិត១ពាន់ករណី

ក្រសួងបរិស្ថានឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិបានជិត១ ០០០ករណី និងរឹបអូសបានវត្ថុតាងនៃបទល្មើសមួយចំនួនទៀត។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។