សវនាការ​លើ​លោក​ រ៉ុង ឈុន ត្រូវ​បាន​លើក​ពេល​ដោយ​សារកូវីដ​ឆ្លង​ក្នុង​សហគមន៍

សិទ្ធិ​មនុស្ស
02 ធ្នូ 2020
វីអូអេ​​ ខ្មែរ​
វីអូអេខ្មែរ

រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូប​របស់​លោក ហ៊ុន សែន និង​ភរិយា ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ឈរ​ជាមួយ​នឹង​បាតុករ​លើក​រូប​របស់​លោក ហ៊ុន សែន និង​ភរិយា ខណៈ​ដែល​ពួកគេ​ស្នើ​សុំ​អត្ថប្រយោជន៍​ការងារ​សម្រាប់​ជួយ​កម្មករ ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

វ៉ាស៊ីនតោន —  សវនាការ​លើប្រធាន​សហជីព​ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ឥត​សំចៃ​មាត់​គឺ​លោក​ រ៉ុង ឈុន ត្រូវ​បាន​លើក​ពេល​ដោយ​គ្មាន​ការ​បញ្ជាក់​ថ្ងៃ​ច្បាស់​លាស់​ ក្រោយ​ពី​មាន​ហេតុការណ៍​ឆ្លងជំងឺ​កូវីដ​១៩​ចូល​ក្នុង​សហគមន៍​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​យោង​តាម​សាលាដំបូង​រាជធានី​ភ្នំពេញនិង​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់​ចោទ។

តុលាការ​ក្រុង​ភ្នំពេញ បាន​គ្រោង​បើក​សវនាការ​លើ​លោក​ រ៉ុង ឈុន ដែល​ជា​មេដឹកនាំ​សហភាព​សហជីព​កម្ពុជា​នៅ​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២០ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​រៀបរាប់​ថា​សវនាការ​ដែល​បាន​គ្រោង​ទុក​នៅ​ចន្លោះ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ ឆ្នាំ​២០២០ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​មាន​ជន​ជាប់​ចោទ​ ត្រូវ​លើក «ទៅ​ពេល​ក្រោយ​វិញ» ប៉ុន្តែ មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ជាក់​លាក់​ទេ។

តុលាការ​លើក​ហេតុផល​ថា​ការ​នាំ​ជនជាប់ចោទ​មក​សវនាការ​«មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ» ដោយ​សារ​ខ្វះ​កងកម្លាំង​ការពារ​និង​ដើម្បី​ «បង្ការ​ការ​រីករាល​ដាល​ដល់​ជនជាប់ចោទ»

លោក ជូង ជូងី មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក រ៉ុង ឈុន បាន​ប្រាប់​វីអូអេ​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី​១ ​ខែ​ធ្នូ​នេះ​ថា៖ «[តុលាការ] អត់​ទាន់​បញ្ជាក់​ថាពន្យារ​ពេល​ទៅ​ដាក់​សវនាការ​ថ្ងៃ​ណា​ អត់​ទាន់​ដឹង​ទេ»

លោក ​រ៉ុង ឈុន ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​៣១ ​ខែ​កក្កដា​ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូង​ឃ្មុំ ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ដែល​អះអាង​ប្រាប់​លោក​ថា ​ដី​របស់​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ថា​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា៕

What Next?

Recent Articles