បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា លោក ហ៊ុន សែន អាច​កាន់​អំណាច​ជាង​៣០​ឆ្នាំ ដោយសារ​ទង្វើ​ទុច្ចរិត

ដោយ សេក បណ្ឌិត
2020-12-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា លោក ហ៊ុន សែន អាច​កាន់​អំណាច​ជាង​៣០​ឆ្នាំ ដោយសារ​ទង្វើ​ទុច្ចរិត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប​ហ្វេសប៊ុក


មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដែល​លើក​សរសើរ​ខ្លួនឯង​ថា ជា​មេដឹកនាំ​ប៉ិនប្រសប់ និង​មាន​បារមី​ខ្ពស់ ទើប​អាច​ដឹកនាំ​កម្ពុជា​រយៈពេល​ជាង​៣០ ឆ្នាំ​។ មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា ការដឹកនាំ​រយៈពេល​យូរ​ឆ្នាំនេះ គឺ​ដោយសារ​លោក ហ៊ុន សែន ពូកែ​ខាង​ប្រើ​អំណាច​ផ្ដាច់ការ រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ និង​បំបិទ​សំឡេង​គណបក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​លើកឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មេដឹកនាំ​ប៉ិនប្រសប់ ខាង​កម្ចាត់​ដៃគូ​ប្រកួត​ប្រជែង និង​បង្ក្រាប​អ្នក​រិះគន់​ដោយ​ខុសច្បាប់ ដើម្បី​ក្ដោបក្ដាប់​អំណាច។

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​ធ្លាប់​ត្រូវ​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​រិះគន់​រឿង​ព្រំដែន មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន អាច​កាន់​អំណាច​បាន​តាំងពី​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៨០ រហូត​មក​ដល់​សព្វថ្ងៃ ដោយសារតែ​ល្បិចកល​ទុច្ចរិត ការ​ប្រើ​អំណាច​ផ្ដាច់ការ និង​រដ្ឋប្រហារ​។ លោក​បញ្ជាក់​ថា លោក​មិន​ជឿ​លើ​រឿង​ថា លោក ហ៊ុន សែន មាន​បារមី​អ្វី​នោះ​ទេ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​លោក ហ៊ុន សែន ហ៊ាន​ប្រើ​គ្រប់​ល្បិចកល ដើម្បី​កម្ចាត់​ដៃគូ​ប្រជែង ទាំង​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង៖ «គាត់​ឈ្នះ​ឆ្នោត​រហូត​មែន ប៉ុន្តែ​គាត់​ឈ្នះ​ឆ្នោត​ហ្នឹង​តាម​របៀប​ទុច្ចរិត តាម​បៀ​ប​លួច​សន្លឹកឆ្នោត តាម​របៀប​ផ្ដាច់ការ មិន​តាម​លក្ខណៈ​ប្រជាធិបតេយ្យ មិន​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទេ ដូច្នេះ​យើង​និយាយ​ឱ្យ​ខ្លី គាត់​ខ្លាំង​មែន ខ្លាំង​របៀប​ល្បិច​ខូច»។

ប្រតិកម្ម​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ដោយ​លើក​សរសើរ​ខ្លួនឯង​ថា លោក​ជា​មេដឹកនាំ​ដែល​មាន​ភាព​ប៉ិនប្រសប់ ស្របតាម​សុភាសិត​ខ្មែរ​ដែល​ថា «​ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ​»​។ ជាង​នេះ​ទៅ​ទៀត លោក​អួតអាង​ថា លោក​ជា​មនុស្ស​មាន​បារមី ទើប​អាច​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​បាន​រហូតដល់​ទៅជា​ង​៣០ ឆ្នាំ ផ្ទុយ​ពី​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​គ្មាន​បារមី អាច​កាន់​តួនាទី​នាយករដ្ឋមន្ត្រី​បានតែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ៖ «គួរ​ជឿ​ខ្លះ​ទៅ បារមី​របស់​មនុស្ស​នោះ ស្រុក​ខ្មែរ​ប្រហែលជា​ស៊ី​នាយករដ្ឋមន្ត្រី​សម្បើម​ណាស់​។ ប៉ុន្តែ​និយាយ​យ៉ាង​ដូច្នេះ មិនមែន​ឱ្យ​គោរព​បារមី​ខ្ញុំ​នោះ​ទេ ក៏ប៉ុន្តែ​បើ​មនុស្ស​បើ​គ្មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទេ វា​ក៏​មិន​អាច​រស់រាន​បាន​ដែរ​។ អាហ្នឹង​និយាយ​ឱ្យ​ពិត អាគម​ផ្សំ​អាយុ​។ រឿង​ពិត​វា​អ៊ីចឹង បារមី​មិន​ដល់ ក្រែង​អង្គុយ​វា​មិន​ជាប់​។ ខ្ញុំ​ចេះ​វា​មិន​គ្រប់​នោះ​ទេ ប៉ុន្តែ​ពាក្យ​ខ្មែរ​ថា “​អ្នកចេះ​ដប់ មិន​ស្មើ​អ្នក​ប្រសព្វ​មួយ​” ទេ​។ ខ្ញុំ​មិនមែន​អ្នកចេះ​ទេ ក៏ប៉ុន្តែ​អាច​ស្ថិត​នៅ​ក្នុង​ផ្នែក​ជា​អ្នក​ប្រសព្វ»។

កងទ័ព​វៀតណាម​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​១៩៨៥ រហូត​ដល់​ឆ្នាំ​១៩៩១​។ ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ត្រូវ​បាន​រៀបចំឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) នៅ​ឆ្នាំ​១៩៩៣​។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់​ឆ្នោត​នៅ​គ្រា​នោះ ក៏ប៉ុន្តែ​លោក ហ៊ុន សែន មិន​សុខចិត្ត ហើយ​គំរាម​បង្កើត​តំបន់​អបគមន៍​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​។ ក្រោយ​ការ​សម្របសម្រួល លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​១ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ លោក​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​តំណែង​នាយករដ្ឋមន្ត្រី​ទី​១​។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គណបក្ស​នេះ​បាន​បន្ត​ឈ្នះ​ឆ្នោត​រៀងរាល់​អាណត្តិ ប៉ុន្តែ​ជា​ការ​បោះឆ្នោត​ដែល​រង​ការ​រិះគន់​ថា មិន​សេរី មិន​យុត្តិធម៌ និង​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

ទោះជា​យ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​គំហុក​ក្នុង​ការ​បោះឆ្នោត​សភា ឆ្នាំ​២០១៣ និង​ជាពិសេស ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​គាំទ្រ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ពី​ពលរដ្ឋ​ជិត​ពាក់​កណ្ដាល​ប្រទេស​។ នៅ​ចុង​ឆ្នាំ​២០១៧ តុលាការ​កំពូល​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យក​អាសនៈ​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូលដ្ឋាន​របស់​បក្ស​នេះ ទៅ​ចែក​គ្នា​កាន់កាប់ ព្រមទាំង​បំបិទ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន​១១៨ នាក់​ថែមទៀត​។ ជា​លទ្ធផល គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រមូល​យក​អាសនៈ​ទាំងស្រុង​ចំនួន​១២៥ អាសនៈ មកកាន់​កាប់​តែម្នាក់​ឯង​នៅ​ឆ្នាំ​២០១៨ ធ្វើ​ឱ្យ​កម្ពុជា​ប្រែ​ក្លាយ​ជា​របប​ឯកបក្ស ប្រាស់​ចាក​រដ្ឋធម្មនុញ្ញ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក មើលឃើញ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន រាប់​សិប​ឆ្នាំ​មកនេះ មិន​ដែល​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ​។ លោក​បន្ត​ថា លោក ហ៊ុន សែន តែង​ប្រើ​វិធី​បំបែកបំបាក់ និង​កម្ចាត់​ដៃគូ​ប្រកួត​ប្រជែង ព្រមទាំង​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ ក្នុង​ទិសដៅ​រក្សា​អំណាច​ឱ្យ​គង់វង្ស​។ លោក​បន្ថែម​ថា ការ​បន្ត​កាន់អំណាច​យូរ​តទៅមុខ​ទៀត មិនមែន​ជា​បច្ច័យ​ល្អ​សម្រាប់​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​បច្ចុប្បន្ន​លោក​បាន​ជាប់​ឈ្មោះ​ក្នុង​ចង្កោម​មេដឹកនាំ​ផ្ដាច់ការ​លើ​ពិភពលោក​រួច​ទៅ​ហើយ៖ «​ការ​កាន់អំណាច​របស់​គាត់​ហ្នឹង គឺ​ពាក់ព័ន្ធ​ទៅលើ​ការ​បង្ក្រាប ការ​បំបែកបំបាក់​គូ​ប្រកួតប្រជែង ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ការ​បំបាត់​សំឡេង​វិទ្យុ​ឯករាជ្យ អ៊ីចឹង​នៅ​ពេល​ដែល​ការប្រព្រឹត្ត​អំពើ​អាក្រក់​កាន់តែ​ខ្លាំង គឺ​ធ្វើ​ឱ្យ​បារមី​ហ្នឹង កាន់តែ​សាបសូន្យ​ជាមិនខាន​នៅ​ពេល​ខាងមុខ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​លើកឡើង​ក្នុង​របាយការណ៍​កម្រាស់​ជាង​៧០ ទំព័រ ស្ដីពី​ការ​កាន់អំណាច​រយៈពេល​៣០ ឆ្នាំ​របស់​លោក ហ៊ុន សែន ថា លោក​គឺជា​មេដឹកនាំ​ដែល​កាន់អំណាច​បាន​យូរ​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា ការគាបសង្កត់ ការ​គៃបន្លំ​ការបោះឆ្នោត ការប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​វៀតណាម​។ យុទ្ធសាស្ត្រ​ចម្បង​ដែល​លោក ហ៊ុន សែន ចូលចិត្ត​ប្រើ គឺ​ការ​គំរាមកំហែង និង​ការប្រើប្រាស់​កម្លាំង ដែល​បង្កើត​ឱ្យ​មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា ការ​សម្លាប់​ក្រៅច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំខ្លួន​តាម​អំពើ​ចិត្ត ការរារាំង​សេរីភាព​ជួបជុំ និង​ការ​ប្រមូល​ផ្តុំ ព្រមទាំង​ការ​បង្កើត​បណ្ដាញ​ស៊ើបការណ៍ និង​រាយការណ៍​ពេញ​ប្រទេស ដើម្បី​បំភិតបំភ័យ និង​បំភ័ន្ត​សាធារណមតិ​។ ក្រោម​ការ​កាន់​អំណាច​រយៈ​ពេល​ជាង​៣០ ឆ្នាំ​មក​នេះ​របស់​លោក ហ៊ុន សែន មាន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារ​បរិស្ថាន និង​មេដឹកនាំ​សហជីព​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់ តែ​ឃាតក​ពិត និង​អ្នក​បញ្ជា​ពីក្រោយ​ខ្នង មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់ទោស​តាមច្បាប់​នោះ​ឡើយ។

ដោយឡែក នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​វិញ អង្គការ Human Rights Watch ពិនិត្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​តុលាការ​ដើម្បី​កម្ចាត់​សំណល់​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ នោះ​គឺ​ការ​លើក​យក​សំណុំរឿង​ពាក់ព័ន្ធ​នឹង​សកម្មជន​គណបក្សប្រឆាំង​ជាង​១០០ នាក់ ក្រោម​បទ​ចោទ ញុះញង់ និង​រួមគំនិត​ក្បត់ មក​ជំនុំជម្រះ ដោយ​គ្មាន​មូលដ្ឋាន​ផ្លូវច្បាប់​គ្រប់គ្រាន់។

ទន្ទឹម​នឹង​ការ​កម្ចាត់​គណបក្ស​ប្រឆាំង​នេះ លោក ហ៊ុន សែន ក៏​កំពុង​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​កូនប្រុស​ច្បង លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​តំណែង​ពី​លោក​ដែរ តាមរយៈ​ការ​ដំឡើង​តួនាទី​ជាន់ខ្ពស់ ជា​បន្តបន្ទាប់ ទាំង​នៅ​ក្នុង​ជួរ​គណបក្ស និង​ជួរ​កងទ័ព​។ លោក​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​រង់ចាំ​យ៉ាង​ហោចណាស់​ក៏​១០ ឆ្នាំ​ទៀត​ដែរ ព្រោះ​ពេល​នេះ​លោក​កំពុង​កាន់អំណាច​នៅ​ឡើយ។

ទោះជា​យ៉ាងណា លោក ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​១៥ ធ្នូ​ថា នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ច្រើនរូប ហើយ​ក្នុងចំណោម​នោះ ក៏​រួមមាន​ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ម្នាក់​ផង​ដែរ​។ លោក​ថ្លែង​បែបនេះ ស្រប​ទៅ​តាម​ការ​ចុះផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​បរទេស​ដែល​បាន​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ថា លោក អូន ព័ន្ធមុនីរ័ត្ន គឺជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ដ៏​មាន​សក្ដានុពល​របស់​គណបក្ស​កាន់អំណាច៖ «យើង​បណ្ដុះបណ្ដាល អូន ព័ន្ធមុនីរ័ត្ន តាំងពី​ធ្វើ​លេខា​ខ្ញុំ​ផ្ទាល់ រហូត​ដល់​ឡើង​ធ្វើ​ឧបនាយករដ្ឋមន្ត្រី ហើយ​ត្រូវ​ជំនួស​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​ប្រជុំ​អាស៊ាន តើ​នោះ​ជា​សារ​អ្វី​ទៅ​សូម​ជម្រាប​ជូន​ឱ្យ​ច្បាស់​នូវ​ការរៀបចំ កុំ​មួយ​ថ្ងៃៗ​ត្រៀម​តែ​ផ្ទេរ​អំណាច​ឱ្យ ហ៊ុន ម៉ា​ណែ​តៗ​ៗ​។ គណបក្ស​ប្រជាជន​ធនធានមនុស្ស​សម្បូរ​បែប ហើយ​បណ្ឌិត​មិន​តិច​នោះ​ទេ​។ អ្នកឯង​និយាយ​ត្រូវ ខ្ញុំ​ក៏​អូ​ខេ​ជាមួយ​អ្នកឯង (​អូន ព័ន្ធ​មុនីរ័ត្ន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​នៃ​បេក្ខជន​មនុស្ស​ផ្សេងទៀត»។

ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា នេះ​គ្រាន់តែ​ជា​​​​​​​​​​​​​ការ​និយាយ​បង្វែរ​ដាន​ប៉ុណ្ណោះ​។ លោក​នៅតែ​ជឿ​ថា លោក ហ៊ុន សែន កំពុង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ព្រោះ​បុរស​ខ្លាំង​រូប​នេះ​មិន​ទុកចិត្ត​អ្នក​ក្រៅ​នោះ​ទេ ដោយសារ​គាត់​ធ្លាប់​មាន​ប្រវត្តិ​បាតដៃ​ប្រឡាក់​ឈាម៖៖ «លោក អូន ព័ន្ធមុនីរ័ត្ន ហ្នឹង គ្រាន់តែ​ជាម​ន្ត្រី​ស្មោះត្រង់ ស្មោះស្ម័គ្រ​បម្រើ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​តែ​ប៉ុណ្ណឹង​ឯង ប៉ុន្តែ​គាត់​មិន​អាច​ទៅជា​នាយករដ្ឋមន្ត្រី​បន្ទាប់​ពី​លោក ហ៊ុន សែន ទេ​។ គាត់​និយាយ​រឿង​ហ្នឹង គឺ​បង្វែរ​យើង​ឱ្យ​ទៅ​ឆ្ងាយ ភ្លេច​គិត​រឿង​លោក ហ៊ុន ម៉ាណែត។ តាមពិត លោក ហ៊ុន សែន កាន់អំណាច​ផ្ដាច់ការ បាតដៃ​គាត់​ប្រឡាក់​ឈាម ដូច្នេះ​គាត់​មិន​អាច​ទុកចិត្ត​អ្នកណា​ផ្សេង ក្រៅពី​កូន​របស់​គាត់​នោះ​ទេ»។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​យល់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​នឹង​អនុគ្រោះ​ដល់​ទង្វើ​អាក្រក់​របស់​លោក ហ៊ុន សែន កាលពីមុន ហើយ​ចាត់​ទុក​លោក​ជា​វីរបុរស ប្រសិន​បើ​លោក​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ព្រមទាំង​លះបង់​ចោល​គំនិត​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល។ លោក​ថា លោក ហ៊ុន សែន អាច​រៀបចំ​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ ដើម្បី​ការពារ​ខ្លួន​ពី​ការ​កាត់ទោស ប្រសិនបើ​លោក​ខ្លាច​មាន​បញ្ហា​ពេល​ចូលនិវត្តន៍​។ ផ្ទុយទៅវិញ ប្រសិនបើ​លោក ហ៊ុន សែន បន្ត​ដឹកនាំ​ដូច​បច្ចុប្បន្ន​នេះ ហើយ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ទៀត នោះ​ប្រវត្តិសាស្ត្រ​នឹង​ចារឹក​ថា លោក​ជា​មេដឹកនាំ​ផ្ដាច់ការ​ត​វង្ស​ត្រកូល មិនមែន​ជា​វីរជន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ថា លោក ហ៊ុន សែន អាច​កាន់​អំណាច​ជាង​៣០​ឆ្នាំ ដោយសារ​ទង្វើ​ទុច្ចរិត"

  1. Anonymous says:

    YES ..AH… SDACH PEAL you are so evil look at you >> so ugly one eye devil man like you should not be human being . I’m felling sad to some handicap person but not you the reason is you are the ugly evil killer every thing was so evil that so many Cambodian hated you so much . I’m congratulation to you that the world give your mane as a world dictator in this century . in Cambodian history there are two devil leader one was CHHAIYATHA No2 and the second HUN NAL call HUN SEN next name CHHOUP SAMLAP . we know soon it will be your day to go hell without mercy

  2. Anonymous says:

    YES ;;AH CHHOUP SAMLAP four of KEM LEY sons will going to mature and will see you evil face direct and ask their question >>why did you murder my father >>>>??????????????????? will you felling sad at all or at lease what happen if it was my father . I do not think the person like you can think that fare the reason >>evil uneducated man in the history of Cambodian leaders